សមាជិកព្រឹទ្ធសភាអាមេរិក ៤ ​រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាម​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស ខណៈលោកចូល​រួមកិច្ចប្រជុំកំពូលអាស៊ាននៅវ៉ាស៊ីនតោន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូពាណិជ្ជកម្មអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

វ៉ាស៊ីនតោន — សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ៤ ​រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គោរព​តាម​ «ការ​សន្យា​ខាង​លទ្ធិប្រជាធិបតេយ្យ» ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ខណៈ​លោក​ ហ៊ុន សែន​ កំពុង​លេច​មុខ​លេច​មាត់ ចូល​រួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ នៅ​រដ្ឋធានីរបស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ​ ២០២២ ដែល​ជា​ថ្ងៃ​ទី​ ១ ​នៃ​កិច្ចប្រជុំ​កំពូលនៅ​សេតវិមាន​នេះ លោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts​ លោក Mitt Romney សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Utah លោក​ Bob Menendez សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New Jersey និង​លោក Jim Risch សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Idaho បាន​ស្វាគមន៍​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំពោះ​សំណើ​ច្បាប់​ស្តី​ពី​ការ​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា ដែល​មាន​ប្រទេស​ ១៩ ជា​ហត្ថលេខី កាល​ពី​ជាង​៣០ ​ឆ្នាំ​មុន និង​ជា​មូលដ្ឋាន​មួយ​សម្រាប់​កសាង​សន្តិភាព​និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែសេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា ការ​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​គំរាម​កំហែង​ដោយ​សកម្មភាព​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។

សមាជិក​ព្រឹទ្ធសភា​ លោក Edward Markey ដែល​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី​បូព៌ា​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​អាមេរិក ដែល​ជា​អ្នក​ផ្តួចផ្តើម​សំណើ​ច្បាប់​នេះ បាន​ថ្លែង​ថា៖ «ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​មិន​អាច​ប្រកែក​បាន​ ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​របស់​កម្ពុជា​ថា រដ្ឋាភិបាល​របស់​លោក​ដាច់ខាត​ត្រូវ​ឱ្យ​បាន​សម្រេច​តាម​ការ​សន្យា​ខាង​ប្រជាធិបតេយ្យ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​មិនមែន​ដើរ​ថយ​ក្រោយ​ចេញ​ពី​សន្តិភាព​វិញ​ទេ»។

លោក​បាន​បន្ត​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ទាំង​លោក​ ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ខកខាន​មិន​បាន​ធ្វើ​តាម​មូលដ្ឋាន​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ការ​គោរព​សិទ្ធិមនុស្ស និង​អព្យាក្រឹតភាព​ ដែល​ជា​ការ​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ចំណែក​លោក សមាជិក​ព្រឹទ្ធសភា Jim Risch បាន​អបអរ​សាទរ​ចំពោះ​ព្រឹទ្ធសភា​អាមេរិក​ដែល​បាន​អនុម័តច្បាប់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​មុន គឺ​ចំ​ខួប​៣០ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា៖ «រដ្ឋាភិបាល​កម្ពុជា​បន្ត​រំលោភ​សិទ្ធិមនុស្ស​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​របស់​ពលរដ្ឋខ្លួន និង​អនុញ្ញាត​ឱ្យ​យោធា​ចិន​បង្កើត​វត្តមាន​នៅក្នុង​ទឹកដី​កម្ពុជា​ ថ្វីបើ​ខ្លួន​បាន​ធ្វើ​ការ​សន្យា​[អំពី​អព្យាក្រឹតភាព]​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ កាលពី​ ៣០​ ឆ្នាំ​មុន​ក្តី»។

លោក Markey ក៏​បាន​អំពាវនាវ​ឱ្យ​សភា​អាមេរិក​អនុម័ត​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា (Cambodia Democracy and Human Rights Act )​ ដែល​លោក​បាន​ស្នើ​ឡើងសមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ Florida គឺ​លោក Marco Rubio

គួ​បញ្ជាក់​ថា​ នៅ​ថ្ងៃព្រហស្បតិ៍ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ចេញ​មក​ធ្វើបាតុកម្មតវ៉ាតាម​ដង​ផ្លូវ​នៅ​ជិត​កន្លែងប្រជុំ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ទាមទារ​ឱ្យ​លោក​ ហ៊ុន សែន​ ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​មួយ​ថ្ងៃ​ក្រោយ​ពី លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បានជួបជុំ​ជាមួយ​អ្នក​គាំទ្រ​រូបលោកប្រមាណ​ ២.០០០​ នាក់ កាល​ពី​ថ្ងៃ​ពុធ នៅ​សណ្ឋាគារ​មិន​ប្រាប់​ឱ្យ​ដឹងមួយ​កន្លែង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕