សេចក្តី​ស្នើច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្លងផុត​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិកាំង

រូបឯកសារ៖ អគារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩។

វ៉ាស៊ីនតោន — គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កាលពី​ថ្ងៃអង្គារលើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១​បន្ទាប់​ពី​មាន​ការទន្ទឹង​រង់ចាំ​ជាយូរ។

សេចក្តី​ស្នើច្បាប់​S-3052​នេះ​ត្រូវ​បាន​ស្នើឡើង​ដោយ​លោក​ Ed Markey ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋMassachusetts ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ២០២១​ក្នុង​គោលបំណង​លើក​កម្ពស់​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​ដាក់ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការបង្កក​ទ្រព្យ​សម្បត្តិដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការមិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​និង​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។​

លោក Bob Menendez ​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​អនុម័ត​សេចក្តី​ស្នើច្បាប់​នេះ​ថា៖

«ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ធំ​សម្បើម​ក្នុង​ការជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការកសាង​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​ស្វែងរក​សន្តិភាព​។ វាក៏​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​នេះ​ផងដែរ»។

រូបឯកសារ៖ លោក Bob Menendez ​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​ ស្ថិត​ក្នុង​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។

សេចក្តី​ស្នើច្បាប់​S-3052​នេះ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​ដាន​ពិនិត្យ​មើល​សកម្មភាព​របស់​យោធា​ចិន​នៅ​កម្ពុជា​ផងដែរ​ ក្នុងនោះ​មាន​ការសាងសង់​ពង្រីក​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ​និង​នៅ​អាកាស​យានដ្ឋាន​តារាសាគរ​នៅ​ក្នុង​ខេត្ត​កោះកុង។ការណ៍​នេះ​ដោយសារ​អ្នកតាក់តែង​ច្បាប់​បារម្ភ​ថា​វា​អាច​នឹង​មាន​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។

សេចក្តី​ស្នើច្បាប់​នេះមាន​សមាជិក​ព្រឹទ្ធសភា​ដែល​ចូល​ជា​សហ​ស្ថាបនិកចំនួន១៥​នាក់​មកពី​គណបក្សនយោបាយ​ធំៗ​ទាំងពីរ ដែល​មាន​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពលជាច្រើន​ដូចជា​លោកMarco Rubio​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​Florida ​លោក​Dick Durbin ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យនៃ​រដ្ឋ​IllinoisលោកPatrick Leahy ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​Vermont លោកស្រី​Elizabeth Warren សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​Massachusetts ​ និង​លោកស្រី​Dianne Feinstein ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋCalifornia ​និង​លោកស្រី​Susan Collins ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​Maine​ជាដើម។

នេះ​គឺ​ជាលើក​ទី​១​ហើយ​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​នេះ​គឺ​តាំង​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សេចក្តី​ស្នើ​ច្បាប់​បែប​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​យក​មក​ពិភាក្សា​និង​អនុម័ត។​ សេចក្តី​ស្នើ​ច្បាប់​ជាច្រើន​កន្លងមក​បាន​នៅ​គាំង​ត្រឹមតែ​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​ដោយ​គ្មាន​ឱកាស​បាន​យក​មក​ពិភាក្សា​ឡើយ​បើទោះ​បី​ខាង​រដ្ឋសភា​បាន​អនុម័ត​ហើយ​ក៏ដោយ។ ក្នុងនោះ​មាន​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជាដែល​បាន​ស្នើឡើង​ដោយ​លោកSteve Chabot​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​Ohio​និង​លោកAlan Lowenthal​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋCalifornia​និង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​(Cambodia Trade Act of 2019) ​ដែល​ស្នើឡើង​ដោយ​លោកChris Coons សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Delaware ​និង​លោក​Ted Cruz​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ Texas។​

លោក ​Bob Menendez ​សង្ឃឹម​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា៖ ​

«សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​យើង​នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់​ដែល​យើង​ហៅថា​ខ្សែផ្ទាល់(Hotline) ​គឺ​ត្រូវ​មាន​ការយល់ព្រម​ពី​បក្ស​ទាំងពីរ​ហើយ​នៅ​ពេល​ណា​ដែល​ទទួលបាន​ការយល់ព្រម​គឺ​អាច​អនុម័ត​បាន​ដោយ​ការឯកភាពគ្នា»។

អ្នកស្រី​ធិត គឹមហ៊ុន​ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​និង​ក្រៅ​ប្រទេស​បាន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​ផ្ទាល់​ដើម្បី​តាម​ដាន​មើល​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​បន្ទាប់​ពី​ដឹកនាំ​សកម្មភាព​បញ្ចុះ​បញ្ចូល​សមាជិក​ព្រឹទ្ធសភា​អស់​ជាច្រើន​ខែ។ អ្នកស្រីចាត់ទុក​ថានេះ​គឺជា«ជោគជ័យ​ដ៏ធំ»​សម្រាប់​ពលរដ្ឋ​ខ្មែរ​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​ ធិត គឹមហ៊ុន ជាប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិកនិងក្រៅប្រទេស។ (ម៉ែន គឹមសេង/វីអូអ)

អ្នកស្រី​ធិត គឹមហ៊ុន​បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​ថា៖

«មាន​ការរំភើប​ចិត្ត​និង​សប្បាយ​រីករាយ​មែនទែន​។​ រំភើប​នេះ​គឺ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ក៏​ដូចជា​ថ្នាក់​ដឹកនាំ​នៅ​ក្រៅ​ប្រទេស​ទាំងអស់​ដែល​កំពុង​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ»។

អ្នកស្រី​ងឹម វិសិដ្ឋ​ ប្រធាន​សាខាគណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​ប្រចាំ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ផ្តាំផ្ញើ​ដល់​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាថា​៖

«សូម​ឲ្យ​បងប្អូន​ជឿ​ទុកចិត្ត​នៅ​លើ​លទ្ធិប្រជាធិបតេយ្យ​ហើយ​នៅ​សហរដ្ឋ​អាមេរិក​នេះ​បើសិន​ជា​ច្បាប់​នេះ​គេ​ឲ្យ​ដំណើរការ​ហើយ​គេ​មិន​យក​ទៅ​ទុក​ចោល​ទេ​គេ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សូម​ឲ្យ​បងប្អូន​ជឿ​ទុកចិត្ត​ហើយ​ពួក​យើង​នឹង​ខិតខំ​បន្តទៅទៀត»។​ ​

រដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ជាង​ ១,៥​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ជួល​ក្រុមហ៊ុន​បញ្ចុះ​បញ្ចូល​ចំនួន​ពីរ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ភាពវិជ្ជមាន​នៃការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​និង​ផ្លាស់ប្តូរ​ទស្សនៈ​របស់​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកតាក់តែង​ច្បាប់​អាមេរិកាំង។ ក្រុមហ៊ុន​ទាំងពីរ​នោះ​គឺក្រុមហ៊ុន ​Akin Gump ដែល​ជា​ក្រុមហ៊ុន​ច្បាប់​ដ៏ធំ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្រុមហ៊ុន​មួយ​ទៀត​គឺ​ក្រុមហ៊ុន ​Qorvis Communications​ ដែល​មាន​ជំនាញ​ខាង​ទំនាក់ទំនង​និង​ផ្សព្វផ្សាយ។

លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រិះគន់​ចំណាត់ការ​របស់​ព្រឹទ្ធសភា​អាមេរិកាំង​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​យល់​ថា​ការចង់​ធ្វើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​និង​មន្ត្រី​កម្ពុជា​ ខ្ញុំ​យល់​ថា​កម្ពុជា​អត់​មាន​សិទ្ធិ​អ្វី​ទៅ​ហាមឃាត់​គេទេ​ពីព្រោះ​គណៈកម្មការ​ការបរទេស​អាមេរិក​គាត់​គួរតែ​ធ្វើការ​សម្រាប់​អាមេរិក​មិនមែន​ធ្វើការ​សម្រាប់​កម្ពុជា​ទេ​។​នេះ​ទី១។​ទី២​ខ្ញុំ​យល់​ថា​គាត់​ធ្វើនេះ​វា​ផ្អែក​ទៅ​លើ​និន្នាការ​នយោបាយ​ហើយ​ពីព្រោះ​បើប្រៀបធៀប​ពី​ការចោទ​ប្រកាន់​និង​ការជាក់ស្តែង​វាអត់​ដូច​គ្នា​ទេ»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

លោក​សុខ​ ឥសាន​បន្ថែម​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ទូលាយ​ដល់​ការចូលរួម​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការរារាំង​ទេ។ លោក​ថា​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី៥ ខែមិថុនាដែល​មាន​គណបក្ស​ចំនួន​៩​ឈ្នះ​បាន​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

លោកសុខ ឥសាន​ក៏​បាន​បញ្ជាក់​ដែរ​ថាបញ្ហា​មូលដ្ឋាន​កងទ័ពជើង​ទឹករាម​ក៏​កម្ពុជា​បាន​បើកចំហរ​ឲ្យ​ដឹង​ដោយ​គ្មាន​ការលាក់លៀម​ទេ​ក្នុង​ការទទួល​យក​ជំនួយ​ពីចិន​សម្រាប់​អភិវឌ្ឍ៖

«ខ្ញុំ​យល់​ថា​ហ្នឹង​វា​រំលោភ​សិទ្ធិ​និង​អធិបតេយ្យ​ភាព​កម្ពុជា​ខ្លាំង​ណាស់​ពីព្រោះ​យើង​អត់​ជួយ​ហើយ​យើង​ទៅ​រារាំង​មិន​ឲ្យ​អ្នកដទៃ​ជួយ។​ នេះ​បាន​សេចក្តី​ថា​វា​យ៉ាងម៉េច​ហ្នឹង? វា​មាន​លក្ខណៈ​មិន​ល្អ​ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​តូចតាច​ហើយ​ទន់ខ្សោយ»។​

ការវិវត្ត​ថ្មីៗ​នេះ​ដែល​មាន​ការកាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​និង​អតីត​សកម្មជន​នយោបាយ​ប្រឆាំង​បាន​នាំ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សម្តែង​ការព្រួយ​បារម្ភ។ ក្នុង​នោះ​មាន​សំណុំរឿង​

អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​ម្នាក់​និង​ជា​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​គឺ​កញ្ញា​សេង ធារី​ ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃទី១៤ ខែមិថុនា​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ​ ពី​បទញុះញង់​និងរួម​គំនិត​ក្បត់។ ការកាត់ទោស​នេះ​ជាប់ពាក់ព័ន្ធ​នឹង​ផែន​ការ​មាតុភូមិនិវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី​កាល​ពី​ថ្ងៃទី៩ ​ខែវិច្ឆិកាឆ្នាំ​២០១៩។ ​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៤០នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​និង​កាត់ទោស​ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រឡប់​ចូល​មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី​ផងដែរ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី១៥​ខែមិថុនា​បានទទូច​ឲ្យ​ដោះលែង​អ្នក​ទាំង​នេះ​និង​បាន​បន្ថែម​ថា៖ «សកម្មភាព​ទាំងនេះ​ធ្វើ​ឲ្យ​ខូចដល់​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​និង​នីតិរដ្ឋ»។

នៅពេល​ដែល​ព្រឹទ្ធសភា​អនុម័ត​រួចហើយ ​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​មក​រដ្ឋសភា​ដើម្បី​ពិនិត្យ​និង​អនុម័ត​សិន​មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​ដើម្បី​អនុម័ត​ឲ្យ​ក្លាយ​ជា​ច្បាប់។

បច្ចុប្បន្ន​នេះ ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ក៏​កំពុង​មាន​ក្នុង​ដៃ​នូវ​សេចក្តី​ស្នើច្បាប់​មួយ​ទៀត​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២១​គឺ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១ ​ឬ ​HR-4686​ដែល​មាន​គោលបំណង​ស្រដៀងគ្នា​នឹង​សេចក្តី​ស្នើច្បាប់S-3052​ដែរ៕