សមាជិក​សភា​អាមេរិកាំង​រិះគន់​លើ​ភាព​យឺតយ៉ាវ​នៅ​សាលាក្តី​ខ្មែរ​ក្រហម

អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​ អៀង សារី (ជួរ​ទី​២​រាប់​ពី​មុខ ខាង​ឆ្វេង) និង​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច អៀង ធីរិទ្ធ (ជួរ​ទី​២​រាប់​ពី​មុខ ទី​២​រាប់​ពី​ស្តាំ) អង្គុយ​នៅ​ក្នុង​សាល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (សាលាក

សមាជិក​សភា​អាមេរិកាំង​ម្នាក់​បាន​ស្តី​បន្ទោស​សាលាក្តី​ខ្មែរក្រហម​ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ហើយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​វា​អាច​ជា​ការ​បដិសេធ​ចោល​នូវ​យុត្តិធម៌។

ថ្វីត្បិតតែ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​បាន​ចាប់ផ្តើម​ជំនុំជម្រះទោស​សំណុំរឿង​០០២​ជាបឋម​បន្ទាប់ពី​សំណុំរឿង​០០១​មែន​ ប៉ុន្តែ​សមាជិក​សភា​អាមេរិកាំង​ម្នាក់​គឺ​លោក​ Ed Royce​ បាន​សម្តែង​ការខកចិត្ត​ចំពោះ​ដំណើរការកាត់ទោស​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយយោង​ថា​មាន​ការចំណាយ​ពេលជា​ច្រើនឆ្នាំ​ផង​និង​ ចំណាយ​លុយ​អស់ច្រើន​ផង​ហើយ​គឺ​មានតែ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ គឺ​កាំង ហ្កេកអ៊ាវ ​ហៅឌុច​ដែល​ត្រូវ​នាំខ្លួន​មកកាត់​ទោស។

លោក​ Ed Royce​ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​មណ្ឌល​៤០​ នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​មាន​ពលរដ្ឋខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើននោះ​ បានថ្លែង ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​តាម​រយៈ​អ៊ីម៉េល​កាលពី​ចុង​សប្តាហ៍​មុនថា​ ជារឿង​ស្រងាកចិត្ត​ដែលរហូត​មកទល់​ពេលនេះ​មាន​ជន​ជាប់ចោទ​តែម្នាក់​គត់​គឺ​កាំង ហ្កេកអ៊ាវ​ ហៅឌុច​នៃរបប​ឃោរឃៅ​ត្រូវគេ​កាត់ទោស។​ លោក​បាន​ថ្លែងថា៖

«រឿងនេះ​ជា​ដំណើរការ​រីកចម្រើន​យ៉ាងយឺត​ណាស់​សម្រាប់​តុលាការ​ដែល​ចំណាយ​ពេលវេលា​៨ឆ្នាំ​ ហើយ​ទទួលបាន​ថវិកា​ជាច្រើន​រយលាន​ដុល្លារ​ពី​ សហគមន៍​អន្តរជាតិ។​ សភា​ស.រ.អា​បាន​សម្តែង​ក្តីបារម្ភ​របស់ខ្លួន​លើអំពើ​ពុករលួយ​និង​ការ​គ្រប់គ្រង​បែបមិន​សមរម្យ។​ ជា​អកុសល​ តុលាការ​នេះ​កំពុង​រង​នូវ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុង​លំដាប់​ខ្ពស់បំផុត​ផងដែរ»។

សាលាក្តី​ខ្មែរក្រហម​ចំណាយ​ថវិកា​ជាង​១៥០​លាន​ដុល្លារ​ហើយមក​ទល់ពេល នេះ​ចាប់តាំងពី​តុលាការ​នេះ​កើតឡើង​កាលពីឆ្នាំ​២០០៣។ ការ​កាត់ទោស​ ឌុច ក្នុង​សំណុំរឿង​០០១​នៅ​សាលាដំបូង​ឲ្យជាប់គុក​៣៥ឆ្នាំ​បានកើត​ឡើង​កាលពី​ចុង​ខែ​មិថុនា​ឆ្នាំ​២០១០​ពី​បទ​ដែលឌុច​ត្រូវគេ​ចោទថា​បានជាប់​ទាក់ទិន​នឹង​ការស្លាប់​មនុស្ស​ជាង១២.០០០​នាក់​ពេលឌុច​កាន់កាប់​ជាប្រធាន​គុក​ទួលស្លែង​ឬ​ហៅថា​មន្ទីរ​ស២១។​ សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​ដំណើរការ​ប្តឹង​ឧទ្ធរណ៍​នៅឡើយ។ តុលាការ​ខ្មែរក្រហម​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​រឿង​អំពើ​ពុករលួយ​កាត់ប្រាក់ ខែ​បុគ្គលិក​សូកបាន់​ អ្នកមាន​អំណាច​ ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដែល រដ្ឋាភិបាល​ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន​ការចោទ​ប្រកាន់​ទោស​បន្ថែមលើ​ជន ជាប់ចោទ​បន្ថែមទៀត​ ការមិន​អនុញ្ញាត​ឲ្យ​សាក្សី​សំខាន់ៗ​៦នាក់​ក្នុង​រដ្ឋាភិបាល បច្ចុប្បន្ន​ហើយជា​អតីត​មេដឹកនាំ​ខ្មែក្រហម​ផងនោះ​ទៅ​បំភ្លឺ​នៅ​តុលាការ។

លោក​ Ed Royce​ ជា​សមាជិក​គណៈកម្មា​ធិការ​ការបរទេស​និង​ហិរញ្ញវត្ថុ​របស់ សភា​អាមេរិក​បាន​អះអាង​ថា​ ខ្មែរក្រហម​ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់ បាត់​បង់​ជីវិត​ពលរដ្ឋ​ខ្មែរ​២លាន​នាក់។​ ហើយអ្នក​នៅរស់រាន​ជីវិត​ពីរបប​ខ្មែរក្រហម​មាន​សេចក្តី​ប៉ងប្រាថ្នា​ច្បាស់លាស់​ថានឹង​យក​អ្នកដឹកនាំ​របបកាប់​សម្លាប់​នោះ​មក​កាត់ទោស​វិញ។ លោកបាន​បន្ថែមថា៖

«ការ​កាប់​សម្លាប់​នេះ​គឺជា​ឧក្រិដ្ឋកម្ម​ដ៏គួរ​ឲ្យ​តក់ស្លុត​ត្រូវ​ប្រព្រឹត្ត​ឡើង​ប្រឆាំង​នឹង​ពលរដ្ឋ​កម្ពុជា​ ក៏ប៉ុន្តែ​យើង​គ្រប់គ្នា​មាន​ចំណាប់​អារម្មណ៍​ចង់ឃើញ​យុត្តិធម៌​កើត​មាន​ឡើង»។

លោក​បាន​បន្ថែម​សេចក្តី​ថា៖

«នៅ​ស.រ.អា​មាន​ពាក្យ​ស្លោក​មួយ​ថា​ យុត្តិធម៌​ដែល​ត្រូវ​ពន្យារពេល​ គឺ​ជា​យុត្តិធម៌​ដែល​គេ​បដិសេធ។​ ហើយ​ខ្ញុំ​បារម្ភ​ខ្លាចថា​ករណី​នេះ​ជា​ករណី​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ ហ៊ុយ វណ្ណៈ​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានទទួល​ស្គាល់ថា​មាន​ការ​ ចោទ​ប្រកាន់​ច្រើនមក​លើ​សាលាក្តី​ខ្មែរក្រហម​ ទាក់ទង​នឹង​ការ​យឺតយ៉ាវ​ ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​និង​អំពើ​ពុករលួយ​មែន​ ក៏ប៉ុន្តែ​ការណ៍​ពិត​ជាក់ស្តែង​ មិនមែន​កើតមាន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ លោក​ ហ៊ុយ វណ្ណៈ​ បានពន្យល់ ថា​ ក្រុម​អ្នកជំនាញ​បាន​ស្រាវជ្រាវ​ហើយ​តែ​ពុំបាន​បញ្ជាក់​ពី​អំពើ​ពុករលួយ​ទេ​ ហើយ​មួយ​វិញ​ទៀត​តុលាការ​ខ្មែរ​ក្រហម​ដំណើរការ​ទៅ​តាម​ច្បាប់​ មិនមាន​ការ​ ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​និង​អ.ស.ប​ឡើយ​ ពីព្រោះ​លោក​អះអាង ​ថា​ទាំង​អ.ស.ប​និង​រដ្ឋាភិបាល​ជា​ស្ថាប័ន​ផ្សេង​ពី​តុលាការ។ ដោយឡែក​ទាក់ទង​នឹង​ការ​លើកឡើង​ពី​ភាព​យឺតយ៉ាវ​របស់​សាលាក្តី​ខ្មែរក្រហម​វិញ​លោក​ ហ៊ុយ វណ្ណៈ​បាន​អះអាង​ថា​សាលាក្តី​ខ្មែរក្រហម​កំពុង​ធ្វើ​ដំណើរ​ទៅ​លឿន​ជាង​សាលាក្តី​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដោយសារ​អ្វីៗ​ស្ថិត​នៅ​ក្នុង​ប្រទេស។

«ហើយ​ដំណើរការ​សាលាក្តី​មកដល់​ពេល​នេះ​វាជា​នីតិវិធី​ដែល​យើង​មិនអាច​គេច វេស​ពី​នីតិវិធី​បានទេ។​ យើង​មិនអាច​ធ្វើលឿន​ដូចអ្វី​ដែល​យើង​គិតទុក​ក៏ប៉ុន្តែ​យើង ​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ដែលជា​ការតម្រូវ​របស់ច្បាប់​ក៏ដូចជា​ការទាមទារ​របស់ ​ភាគី​នីមួយៗ។​ បើយើង​ ធ្វេស​ប្រហែស​ណាមួយ​មត៌ក​ហ្នឹង​ នឹង​ត្រឡប់​មក​វិញ។​ ដូច្នេះ​មន្ត្រីច្បាប់​បំពេញ​ទៅ​តាម​អ្វី​ដែលជា​នីតិវិធី​ ការលើក​ឡើង​របស់​ភាគី នីមួយៗ។​ ហើយ​ទាំងអស់​នេះហើយ​ដែលគេ​ហៅថា​ ដំណើរការ​នីតិរដ្ឋ»។

ទោះជា​យ៉ាងក៏​ដោយ​លោក​ សមាជិកសភា​ Ed Royce ​បាន​អះអាង​ថា​ពលរដ្ឋ​ ខ្មែរ​អាមេរិកាំង​ចង់ឃើញ​អតីត​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត​ត្រូវនាំយក​មក កាត់ទោស​ក្រៅពី​ការ​អះអាង​ថាពួកគេ​មានការ​មិន​សប្បាយ​ចិត្តចំពោះ​ការ​មិន​ អនុញ្ញាត​ឲ្យមាន​ការចូលរួម​ច្រើនជា​សាធារណៈ។

«ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​បំផុតដែល​ខ្ញុំបាន​និយាយ​ជាមួយនោះ​ សម្តែង ភាពតប់​ប្រម៉ល់​ចំពោះ​សាលាក្តី​ខ្មែរក្រហម​ដែលពុំបាន​បើកទូលាយ​ ដល់​សាធារណជន។​ ហើយគ្មាន​ជនជាប់ចោទ​បន្ថែមទៀត​ត្រូវនាំខ្លួន​មកកាត់ទោស​ រួមទាំង​មន្ត្រីខ្លះ​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ផងដែរ»។

លោក​ ហ៊ុយ វណ្ណៈ​វិញបាន​ថ្លែងថា​សាលាក្តី​ខ្មែរ​ក្រហម​កើត​ឡើង​៣០ឆ្នាំ​ក្រោយ​ ពី​របប​ខ្មែរក្រហម​បានដួលរលំ​ ដូច្នេះមាន​ខ្មែរក្រហមខ្លះ​បានស្លាប់​ បើពុំដូច្នោះ​ទេ ចំនួន​នៃជនជាប់​ចោទអាច​នឹងកើន​ឡើង។

«យើង​នៅចាំ​បានថា​នៅមុនពេល​ដែល​ដំណើរការ​នេះកើតឡើង​ យើងក៏​ដឹង ហើយ​ថា​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ដូចជា​ប៉ុល ពត​ក៏ស្លាប់​ កែ ពក​ក៏ស្លាប់​ សុន សេន​ ក៏ស្លាប់​ តាម៉ុក​ក៏ស្លាប់។​ ហើយ​យើងគិត​មើល​ប្រសិនបើ​អ្នក​ទាំងអស់ ហ្នឹង​នៅរស់​ប្រហែលជា​ ឬក៏ច្បាស់​ណាស់ថា​អ្នកទាំងអស់​នោះ​គឺជា​ចំនួន​បន្ថែម ទៀត​នៅ​ក្នុង​សំណុំរឿង​ហើយ។​ តែធ្វើ​ដូចម្តេច​បើអ្នក​ទាំងអស់​នោះ​ស្លាប់បាត់ ទៅ​ហើយ។​ ហើយចំនួន​ដែលមាន​នៅសល់​គឺមានតែ​ចំនួនដែល​យើងឃើញ​ជាក់ស្តែង​ ដែល​ដំណើរការ​រហូត​មកដល់​ពេលនេះ​គឺ​សំណុំរឿង​០០១ ​និងសំណុំ​រឿង​០០២»។

សាលាក្តី​ខ្មែរក្រហម​គ្រោងនឹង​កាត់ទោស​សំណុំរឿង​០០២​ដែលមាន​ពួកអតីត​មេដឹកនាំ​ខ្មែរក្រហម​បួន​នាក់​ទៀត​លើ​អង្គ​សេចក្តី​នៅ​ចុងឆ្នាំ​នេះ​ គឺ​នួន ជា​ បងធំ​ទី២​ ខៀវ សំផន ​ប្រមុខរដ្ឋ អៀង សារី​ រដ្ឋមន្ត្រី​ការបរទេស​ អៀង ធិរិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ពីបទ​ឧក្រិដ្ឋកម្ម​សង្គា្រម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ដែល​សង្ស័យថា​មាន​ជាប់ទាក់​ទិននឹងការ​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់ឆ្នាំ​១៩៧៩។ សាលាក្តី​នេះ​កំពុងមាន​ការប្រទាញ​ប្រទង់​គ្នា​ក្នុងការ​នាំខ្លួន​ជនសង្ស័យ​៥នាក់​បន្ថែមទៀត​មកជំនុំ​ជម្រះទោស​គឺ​សំណុំ​រឿង​០០៣​ និង​០០៤៕