អាមេរិក​ជំរុញ​អាស៊ាន​ងើប​តតាំង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ​ខណៈ​កម្ពុជា​ជំរុញ​ចរចា​ដោយ​សន្តិវិធី

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អាស៊ាន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​បរិហារ​ប្រទេស​ចិន​ចំពោះ​សកម្មភាព​យោធា​ និង​ស៊ីវិល​នា​រយៈ​ពេល​ចុងក្រោយ​នេះ​ នៅ​លើ​តំបន់​ទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​នានា​ ងើប​ឡើង​ប្រឆាំង​នឹង​ទង្វើ​របស់​ចិន។​

ស្រប​ពេល​គ្នា​នេះ​ផង​ដែរ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ភាព​តាន​តឹង​ និង​បាន​អំពាវនាវ​ឱ្យ​បណ្ដា​គូ​ភាគី​នានា​រាប់​ទាំង​ចិន​ផង​ ត្រូវ​ជជែក​គ្នា​ដោយ​សន្តិវិធី​ចៀស​វាង​ការ​ឈាន​ទៅ​រក​អំពើ​ហិង្សា​និង​ការ​ផ្ទុះ​អាវុធ។​

លោក​ប្រមុខ​ការទូត​អាមេរិក​ Mike Pompeo ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​បណ្ដា​សមភាគី​អាស៊ាន​យ៉ាង​ដូច្នេះ​ថា៖​

«សហ​រដ្ឋ​អាមេរិក​សូម​សម្ដែង​ការ​ជំទាស់​ដ៏ខ្លាំងក្លា​របស់​ខ្លួន​ ទៅ​នឹង​ទង្វើ​រំខាន​យាយី​របស់​ចិន​ ហើយ​យើង​សង្ឃឹម​ថា​ បណ្ដា​ប្រជាជាតិ​ដទៃ​ទៀត​នឹង​មូលមតិ​គ្នា​ទាមទារ​ឱ្យ​ចិន​មាន​ការ​ទទួល​ខុសត្រូវ​[ចំពោះ​ទង្វើ​របស់​ខ្លួន]»។​

កងឆ្មាំ​សមុទ្រ​របស់​ចិន​ត្រូវ​បាន​រាយ​ការណ៍​ថា​ បុក​ពន្លិច​ទូក​នេសាទ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មេសា​ ដោយ​ចោទ​ទូក​នេសាទ​វៀតណាម​ថា ​ព្យាយាម​ហ៊ុមព័ទ្ធ​នាវា​ល្បាត​របស់​ខ្លួន ​ហើយ​នៅ​ថ្ងៃ​ទី​១៩​ ខែ​មេសា ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​បាន​ចាត់​បញ្ចូល​បណ្ដុំ​កោះ​ប៉ារ៉ាសែល​ និង​ស្ប៉ាតលី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដែនដី​ក្នុង​បញ្ជី​រដ្ឋបាល​ផ្លូវការ​ចំណុះ​ខេត្ត​ហៃណាន​របស់​ខ្លួន។​

កង​នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន ​ក៏​បាន​រំកិល​ទៅ​បង្ហាញ​វត្តមាន​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​ក្នុង​ដែន​ទឹក ​ដែល​កាន់​កាប់​ដោយ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។​

លោក​ Mike Pompeo​ បាន​បរិយាយ​ទង្វើ​របស់​ចិន​ថា​ជា ​«ការ​គំរាម​កំហែង​រយៈ​កាល​វែង​លើ​សន្តិសុខ​រួម»​ របស់​សហ​រដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​អាស៊ាន ​ហើយ​ថា ​ក្នុង​ពេល​ដែល​បណ្ដា​ប្រទេស​នានា​កំពុង​ជាប់​ដៃ​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ ប្រទេស​ចិន​ឆ្លៀត​កេង​ចំណេញ​ស្ថាន​ការណ៍​បំពាន​យក​ប្រៀប​ក្នុង​ជម្លោះ​ភូមិ​សាស្ត្រ​ដ៏​ក្ដៅ ​និង​រសើប​មួយ​នេះ។

រូបឯកសារ៖ នាវាយាមល្បាតរបស់ចិន (ពណ៌ស) បើកកាត់មុខនាវាយាមល្បាតរបស់វៀតណាម នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០១៤។​

ពិត​ណាស់​រដ្ឋ​ភាគី​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដូច​ជា វៀតណាម ​និង​ហ្វីលីពីន​ សុទ្ធ​តែ​បាន​បញ្ចេញ​សំឡេង​ជំទាស់​ទៅ​នឹង​ដំណើរ​រំកិល​ថ្មី​របស់​ចិន​ក្នុង​ជម្លោះ​នេះ​ ហើយ​អាច​នឹង​តប​ត​នឹង​ចិន​តាម​វិធី​នានា​បាន​ខ្លះ។​ តែ​ថា​ តើ​ប្រទេស​នានា​ក្រៅ​ពីនេះ​អាច​ចូលរួម​ប្រកៀក​ស្មា​ នឹង​អាមេរិក​ត​ទល់​ជាមួយ​ចិន​បាន​ដល់​កម្រិត​ណា​នោះ វា​នៅ​ជា​ការ​សង្ស័យ​មួយ។​

ក្តី​សង្ស័យ​ជា​រឿង​សម​ហេតុផល​ពីព្រោះ​ថា​ សូម្បីតែ​ម៉ាឡេស៊ី​ដែល​មាន​កង​ទ័ព​ជើង​ទឹក​កំពុង​ប្រឈម​មុខ​នឹង​កង​នាវា​ឆ្មាំ​សមុទ្រ​ចិន​ ហើយនិង​ប្រទេស​ព្រុយណេ ​ក៏​មិន​ទាន់​ឆ្លើយ​តប​ជា​សម្ដី​ធំ​សម្ដី​តូច​អ្វី​ដាក់​ចិន​នៅ​ឡើយ​ កុំ​ថា​ឡើយ​ប្រទេស​ដទៃ។​

ដំបូង​គេ​គួរ​ពិនិត្យ​មើល​សិន​ទៅ​លើ​ចេតនា​របស់​អ្នក​យុទ្ធសាស្ត្រ​ចិន​ នៅ​ប៉េកាំង​ អំពី​វត្ថុ​បំណង​នៃ​ការ​ពង្រីក​សកម្ម​ភាព​បន្ត​បន្ទាប់​គ្នា​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បញ្ជា​ក្រុម​នាវា​ធ្វើ​ដំណើរ​ក្បែរ​កោះ​តៃវ៉ាន់ ​ដែល​គ្រប់គ្រង​ស្វយ័ត​ផង​ដែរ។​

លោកស្រី​ Nadège Rolland ​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​នៅ​មន្ទីរ​ជាតិ​ស្រាវជ្រាវ​កិច្ចការ​អាស៊ី​ (NBAR)​ សហ​រដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ លោកស្រី​យល់ស្រប​នឹង​លោក ​Pompeo​ ដែល​បរិយាយ​អំពី​កាល​វេលា​នៃ​សកម្ម​ភាព​និង​វត្ថុ​បំណង​របស់​ចិន។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​យ៉ាង​ដូច្នេះ​ថា៖​

«ស្ថាន​ការណ៍​នៃ​កាលៈទេសៈ​ដែល​មាន​រោគ​ឆ្លង​ជា​សាកល​នេះ​ ត្រូវ​បាន​ថ្នាក់​ដឹកនាំចិន​មើល​ឃើញ​ថាជា​ឱកាស​មួយ​ក្នុង​ការ​បង្កើន​សន្ទុះ​ពង្រីក​នូវ​សកម្ម​ភាព​របស់​ខ្លួន​ ខណៈ​បណ្ដា​រដ្ឋ​ដទៃ​កំពុង​វល់វក់​ផ្ដោត​នឹង​បញ្ហា​ខាង​ក្នុង​ប្រទេស ​មិន​ចាប់​អារម្មណ៍​អើពើ ​[នឹង​សមុទ្រ​ចិន​ខាង​ត្បូង] ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​រៀប​រយ»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ​Geng Shuang ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ដោយ​គូស​បញ្ជាក់​ជាថ្មី​អំពី​សិទ្ធិ​អធិបតេយ្យ​ជា​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន​ នៅ​តំបន់​ទឹក​មាន​ជម្លោះ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​ឱប​ប្រមូល​ស្ទើរតែ​ទាំង​ស្រុង​នៃ​ដែន​ទឹក​ ដែល​ជា​ច្រក​នាវាចរណ៍​ដ៏​សំខាន់ ​និង​មមាញឹក​បំផុត​របស់​ពិភពលោក។​

ទោះ​ជា​ចិន​ព្យាយាម​បង្ហាញ​ជំហរ​ចង់​សន្ទនា​ និង​ពិគ្រោះ​យោបល់​លើ​បញ្ហា​នេះ​ក៏​ដោយ លោក​ Geng Shuang​ ក៏​បាន​លើក​ឡើង​អំពី​ការ​តាំង​ចិត្ត​ដាច់​ណាត់​របស់​ចិន​ ការពារ​ទឹកដី​របស់​ខ្លួន​ ហើយ​បរិហារ​វោហាស័ព្ទ​របស់​សហ​រដ្ឋ​អាមេរិក ​ថា​ជា​រឿង​ «កុហក» ​និង​ជា ​«ពាក្យ​ចចាម​អារ៉ាម​» ​ប្រុង​បំបែក​ទំនាក់​ទំនង​រវាង​ចិន ​និង​ប្រទេស​ជិត​ខាង។​

ដំណាល​គ្នា​នេះ​ដែរ ​លោកស្រី ​Elina Noor​ សាស្ត្រាចារ្យ​រង​ជំនាញ​សន្តិសុខ​អន្តរជាតិ​នៅ​មជ្ឈមណ្ឌល​ដានីញែល​ខេ​អ៊ីនូយីអាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​ការ​សិក្សា​កិច្ចការ​សន្តិសុខ​នៃ​ក្រសួង​ការពារជាតិ​អាមេរិកាំង​ បាន​ឱ្យ​ដឹង​ថា ​ទង្វើ​ថ្មីៗ​របស់​ចិន​ជា​ប្រការ​ដែល​ «គួរឱ្យ​ខក​ចិត្ត»​ ទោះ​បី​ការណ៍​នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ចិន​ធ្វើ​ដូច្នេះ​ក៏​ដោយ។​

លោកស្រី​បាន​ប្រាប់ ​VOA ​ថា៖​ «ជា​អកុសល ​វា​បាន​នាំឱ្យ​មាន​សំណួរ​សង្ស័យ​ទៅលើ​ការ​តាំង​ចិត្ត​របស់​ប្រទេស​ចិន ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង ​ប្រកប​ដោយ​សន្តិវិធី​ដោយ​ស្រប​ទៅ​តាម​ក្របខណ្ឌ​គតិយុត្តិ​អន្តរជាតិ​នានា»។

សេចក្ដី​ស្នើ​របស់​លោក ​Mike Pompeo​ ទទួល​បាន​ការ​យល់​ស្រប​ពេញ​ចិត្ត​ពេញ​ថ្លើម​ភ្លាមៗ​ពី​លោក​ Pham Binh Minh​ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ ជា​ប្រទេស​ដែល​បាន​សាង​ទំនាក់​ទំនង​សន្តិសុខ​ជិត​ស្និទ្ធ​ទៅៗ​ជាមួយ​អាមេរិក​ និង​លោក​ខាង​លិច​ ខណៈ​វៀតណាម​មាន​ប្រទេស​ចិន​ទំហំ​ធំ​ជាង​នៅ​ជាប់​របង​ផ្ទះ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​ជំនួប​អាស៊ាន​អាមេរិក​លោក ​Pham​Binh Minh ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ ​«អំឡុង​ពេល​អាសន្ន​អន់​ក្រ​នេះ ​អ្វី​ដែល​យើង​ត្រូវការ​បំផុត​នោះ ​គឺ​បរិយាកាស​ដែល​ប្រកប​ដោយ​សន្តិភាព​និង​សន្តិសុខ។​ ខណៈ​ដែល​គ្រប់​គ្នា​កំពុង​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ទ្វេ​ដង​បន្ថែម​ទៀត ​ដើម្បី​ទប់​ទល់​នឹង​ការរីក​រាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ យើង​ពុំ​គួរ​គប្បី​ធ្វេស​ប្រហែស​ពុំ​អើពើ​លើ​បណ្ដា​កិច្ចការ ​ដែល​មាន​ផល​វិបាក​រយៈ​ពេល​យូរ​ចំពោះ​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​តំបន់​នោះ​ទេ»។​

យ៉ាងណា​ក៏​ដោយ​អ្នកស្រី ​Elina Noor ​បាន​ឱ្យ​ដឹង​ថា ​ការ​អំពាវនាវ​ពី​សហរដ្ឋ​អាមេរិក​ឱ្យ​អាស៊ាន​ទាំង​មូល​ចូលរួម​តទល់​នឹង​ចិន​ នេះ​ជា​វិញ្ញាសា​ដែល​មាន​ឧបសគ្គ​ច្រើន​ ដោយ​សារ​តែ​បណ្ដា​រដ្ឋ​ជា​សមាជិក​នីមួយៗ ​មាន​ផល​ប្រយោជន៍​ជាតិ​នៅ​បាំង​មុខ​ ហើយ​មាន​គោល​គំនិត​ផ្សេងៗ​គ្នា​ទៅ​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។​

ចំពោះ​បណ្ដា​ប្រទេស​ជា​សមាជិក​ដទៃ​ដែល​ជោគជាំ​ទៅ​ដោយ​ជំនួយ ការ​វិនិយោគ​ឯកជន​និង​ការ​ផ្ដល់​ជំនួយ​គ្មាន​លក្ខខណ្ឌ​នយោបាយ ​ដើម្បី​កែ​ទម្រង់​ផ្ទៃ​ក្នុង​ដូច​យ៉ាង ​កម្ពុជា ​ឡាវ ​និង​មីយ៉ាន់ម៉ា​នោះ​ ការនិយាយ​ជំទាស់​នឹង​ចិន​ត្រូវ​បាន​មើល​ឃើញ​ថា​ មិន​ងាយ​នឹង​កើត​ឡើង​ទេកុំ​ថា​ឡើយ​ងើប​ឡើង​ប្រឆាំង​ចិន​ក្នុង​រូបភាព​ផ្សេង​ទៀត​នោះ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ជំហររបស់កម្ពុជា

គេ​មិន​ច្បាស់​ទេ ថា​តើ​លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​លោក​ Mike Pompeo ​បាន​លើក​ឡើង​ ឬ​អត់​ ឬ​បង្ហាញ​ជំហរ​បែប​ណា​ទៅ​លើ​ភាព​តានតឹង​នៅ​ក្នុង​ជម្លោះ​នេះ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា ​និង​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រួម​ទាំង​ចិន​ផង ​ផ្ដោត​ជា​អាទិភាព​លើ​ការ​ជជែក​ដោះ​ស្រាយ​បញ្ហា ​ដោយ​សន្តិវិធី។

លោក​បាន​ប្រាប់​ VOA ​ថា៖​«កម្ពុជា​មិន​មាន​អ្វី​ដែល​ជាប់​នៅ​ក្នុង​ភាគី​ទំនាស់​នោះ​ផង​ទេ​ ហើយ​យើង​នៅ​តែ​លើក​ទឹក​ចិត្ត​សុំ​ឱ្យ​មាន​ការ​ចរចា​ការ​ជជែក​គ្នា​ ជាជាង​ការ​ប្រើ​អំពើ​ហិង្សា»។

កម្ពុជា​ត្រូវ​បាន​ក្រុម​សារ​ព័ត៌មាន​និង​បញ្ញវ័ន្ត​លោក​ខាង​លិច​រាយ​ការណ៍​ថា​ បាន​ជិត​ស្និទ្ធ​នឹង​ចិន​ជាង​គេ​ជាង​ឯង​ក្នុង​តំបន់ ​និង​បាន​បង្ហាញ​ការ​ល្អូក​ល្អឺន​ជាមួយ​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ទៅ​សួរ​សុខ​ទុក្ខ​មេ​ដឹកនាំ​ចិន​មុន​គេ​ ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩​ នៅ​ដើម​ខែ​កុម្ភៈ។ ​ចំណែក​ចិន​ក៏​បាន​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជាច្រើន​ក្រាស់​ក្រែល​ដែរ​ សម្រាប់​ប្រឆាំង​ជំងឺ​កូវីដ១៩។​

យ៉ាងណា​ក៏ដោយ ​កម្ពុជា​ក៏​ឆ្លៀត​ស្ទាបស្ទង់​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ម្ដងៗ​ដែរ​ ដូច​ជា​បាន​ព្យាយាម​ជួយ​អ្នក​ដំណើរ​អាមេរិក​ចេញ​ពី​កប៉ាល់ ​Westerdam ​និង​បាន​សន្ទនា​គ្នា​ជា​បន្តបន្ទាប់​នៅ​កម្រិត​ថ្នាក់​ដឹកនាំ​រដ្ឋ​ ក្នុង​នោះ​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ Mike Pompeo ​និង​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា បន្ទាប់​ពី​កម្ពុជា​មាន​ភាព​រកាំ​រកូស​ជាមួយ​សហ​រដ្ឋ​អាមេរិក​។

លោក​ ប៉ូ សុវីនដា ​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Griffith ​ប្រទេស​អូស្ត្រាលី​ មាន​ប្រសាសន៍​ថា​ បណ្ដា​ប្រទេស​អាស៊ាន​ក្រៅ​ពី​ប្រទេស​ ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ក៏​មាន​ជំហរ​ស្រដៀង​គ្នា​នឹង​កម្ពុជា​ផង​ដែរ ​ដែល​ចង់​ឃើញ​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី។

«មេ​ដឹកនាំ​អាស៊ាន​មិន​ដែល​យល់​ថា អាស៊ាន​ជា​វេទិកា​សម្រាប់​កាត់​ក្ដី​ទេ ​តែ​ជា​កន្លែង​មួយ​ដែល​អាច​ប្រមូល​ផ្ដុំ​នូវ​ភាគីពាក់​ព័ន្ធ​ទាំង​ឡាយ​ ដើម្បី​មក​អង្គុយ​តុ​រួម​គ្នា​ហើយ​ជជែក​គ្នា ​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា»។​


តួនាទីរបស់សហរដ្ឋអាមេរិក

ទន្ទឹម​គ្នា​នេះ​ដែរ ​លទ្ធភាព​នៃ​ការ​ចូល​រួម​របស់​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ចំហ​ សម្រាប់​ជា​ជម្រើស​របស់​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន។​ នេះ​បើ​យោង​តាម​លោកស្រី​ Nadège Rolland ​នៃ​មន្ទីរ​ជាតិ​ស្រាវជ្រាវ​កិច្ចការ​អាស៊ី​ (NBAR) ​ដែល​មើល​ឃើញ​ថា ​អាមេរិក​បណ្ដែត​បណ្ដោយ​ឱ្យ​ចិន​ពង្រីក​ការ​វាត​ទី​ជា​យុទ្ធសាស្ត្រ​អស់​មួយ​ទស​វត្សរ៍​មក​ហើយ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «និយាយ​ក្នុង​សំឡេង​តែ​មួយ​បន្ទរ​នូវ​ការ​ទាម​ទារ​ដូចគ្នា​ និង​ឆ្លើយ​តប​ព្រម​គ្នា​ទៅ​នឹង​ការ​រំខាន​យាយី។​ រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​គួរ​ណាស់​ តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​អាស៊ាន​នៅ​ឯកភាព​គ្នា​ ហើយ​ផ្ដល់​នូវ​ការ​គាំទ្រ​ជំនួយ​ផ្នែក​ការទូត​នយោបាយ​ និង​យោធា​តាម​ដែល​អាស៊ាន​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ឈរ​ជើង​នៅ​សមរភូមិ​មុខ»។​

យ៉ាងណា​ក៏​ដោយ​លោកស្រី ​Elina Noor ​នៃ​មជ្ឈមណ្ឌល​ដានីញែល​ខេអ៊ីនូយី​អាស៊ីប៉ាស៊ីហ្វិក​ ដើម្បី​ការ​សិក្សា​កិច្ចការ​សន្តិសុខ​ បាន​លើក​ឡើង​ថា ​ប្រសិទ្ធ​ភាព​នៃ​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​មាន​ដល់​កម្រិត​ណា ​វា​អាស្រ័យ​លើ​សមាជិក​អាស៊ាន ​ដែល​ត្រូវ​វិភាគ​គន់គូរ​ និង​សម្រេច​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អាមេរិក ​និង​ចិន។​

លោក ប៉ូ សុវីនដា​ នៃ​សាកល​វិទ្យាល័យ ​Griffith ​ប្រទេស​អូស្ត្រាលី​បាន​ចោទ​ជា​សំណួរ​លើ​ប្រសិទ្ធ​ភាព​នៃ​អំណាច​សហ​រដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក ​Donald Trump ​ដែល​ជា​រឿយៗ​បាត់​មុខ​គ្មាន​វត្តមាន​ក្នុង​ជំនួប​នានា​ នៅ​អាស៊ី​អាគ្នេយ៍​ដែល​ផ្ដួច​ផ្ដើម​ដោយ​អាស៊ាន។

«ឥទ្ធិពល​របស់​អាមេរិក​ថ្វី​ដ្បិតតែ​វា​មិន​ធ្លាក់​ចុះ តែ​ វា​នៅ​ទ្រឹង។ ​នៅ​ទ្រឹង​នៅ​ត្រង់​ន័យ​ថា ​ចិន​កំពុង​រីក​ត្រដែត​ខ្លាំង​នៅ​លើ​វិស័យ​យោធា​ និង​សេដ្ឋកិច្ច​ដែល​កំពុង​តែ​ប្រកៀក​ប្រកិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ដែល​នាំ​ឱ្យ​ឥទ្ធិពល​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក៏​វា​ថម​ថយ​ចុះ​ទៅ​តាម​នឹង​ដែរ»៕