ការ​​បោះឆ្នោត​​ប្រធានាធិបតី​​​​ឆ្នាំ២០២០​​អាច​ខុស​ពី​ការ​​បោះឆ្នោត​​មុនៗ​ក្នុង​​ប្រវត្តិសាស្ត្រ​អាមេរិក

អ្នក​បោះឆ្នោត​ពីរ​នាក់​បំពេញ​សន្លឹក​ឆ្នោត​ក្នុង​អំឡុង​ពេល​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ​​​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​​ក្នុង​ទី​ក្រុង Cleveland រដ្ឋ Ohio។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បានជិត​ដល់​ទីបញ្ចប់​ហើយ​ដោយអ្នក​បោះឆ្នោត​ខ្លះ​បានបោះឆ្នោតរួច​ស្រេច​ហើយ​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ឬទៅ​បោះឆ្នោតនៅ​ឯ​ការិយាល័យ​បោះឆ្នោត​មុន​ថ្ងៃបោះឆ្នោតផ្លូវការ​នៅ​ថ្ងៃទី៣ ខែវិច្ឆិកា។

ហើយ​នៅ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោតឱ្យ​លោក ប្រធានាធិបតី​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋនិងគូប្រជែងរបស់លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden បានឈាន​ដល់ការ​ជំរុញចុង​ក្រោយ​បង្អស់​ដើម្បីស្វែងរក​ការ​គាំទ្រ ពួក​មន្ត្រី​ខាង​សន្តិសុខ​នៃ​ការបោះឆ្នោតបានបង្ហាញ​សញ្ញាថាការ​បោះឆ្នោត​លើក​នេះមិន​ដូចការ​បោះឆ្នោតឯ​ទៀតៗក្នុង​ប្រវត្តិសាស្ត្រកាលពី​ពេល​ថ្មីៗ​នេះទេ។

ដោយសារ​មាន​ការ​រាត្បាតជា​សាកល​នៃ​ជំងឺកូវីដ​១៩​ពួក​អ្នកជំនាញ​ខ្លះទស្សន៍​ទាយ​ថា​មាន​មនុស្ស​៨០លាននាក់ក្នុង​ប្រទេស​អាមេរិកនឹង​បោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​បើ​ប្រៀប​ធៀប​នឹង​ប្រមាណ​៣៣​លាន​នាក់ដែល​បាន​បោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ឬ​ការ​បោះឆ្នោត​ដោយ​អវត្តមាននៅ​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦។

លោក Christopher Krebs ជា​នាយកនៃ​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនា​សម្ព័ន្ធ​ហៅ​កាត់​ថា​CISA។ នៅ​ក្នុង​ការ​ពិភាក្សាមួយ​នៅ​ក្រុមហ៊ុន​អប់រំ​អំពី​សន្តិសុខ​អនឡាញ Billington CyberSecurity កាល​ពី​ខែ​កញ្ញា​លោក​បាននិយាយថា៖ «សូម​ឲ្យ​មាន​ការអត់ធ្មត់​បន្តិច។ ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​លើក​នេះ ប្រហែល​ជានឹង​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​មុន​បន្តិច​ហើយ»។

ការ​ព្រមានរបស់​លោក Krebs បានត្រូវ​បន្ទរដោយ​ពួក​មន្ត្រី​ឯទៀតៗ​ក្នុង​ថ្នាក់​ជាតិ រដ្ឋ​និង​មូលដ្ឋាន​ដែល​បានសុំ​ដល់​ក្រុមអ្នក​បោះឆ្នោត​អាមេរិកាំង​និង​បណ្តាញ​ផ្សាយព័ត៌មាន​ឱ្យ​សម្រប​សម្រួល​ការ​រំពឹង​របស់​ពួក​គេ។

នៅ​ពេលនិយាយ​ត្រួសៗ​ប្រាប់​ពួក​អ្នក​កាសែតកាល​ពី​ខែ​សីហាមន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ថ្លែង​ថា៖ «ការ​ពិត​ថ្ងៃ​បោះឆ្នោត​លែង​ជា​ថ្ងៃ​សំខាន់​ទៀត​ហើយ។ អ្វីដែល​សំខាន់គឺ​រយៈពេល​នៃ​ការ​បោះឆ្នោត»។

ទោះ​ជា​យ៉ាងនេះ​ក៏ដោយ ក៏​លោក​ប្រធានាធិបតី Trump មិន​បានបង្ហាញ​ការអត់​ធ្មត់​បែប​នេះ​ទេ។

លោក Trump បាននិយាយ​ប្រាប់​ពួកអ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ខែ​កក្កដា​ថា៖ «ខ្ញុំ​ចង់​បាន​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ខ្ញុំ​មិន​ចង់​រង់ចាំ​រាប់​សប្តាហ៍ ឬ​រាប់ខែ​ទេ»។

លោក​ប្រធានាធិបតី​ក៏​មិន​ព្រម​និយាយ​ថា​តើលោក​នឹងទទួល​យក​លទ្ធផលនៃ​ការ​បោះឆ្នោត​នេះ​ឬ​ទេ​ប្រសិន​បើ​លោក​ចាញ់​ឆ្នោត។

លោក Trump បាននិយាយ​ប្រាប់ពួក​អ្នក​កាសែតនៅ​មុន​ពេល​ចាក​ចេញ​ពី​សេតវិមានទៅ​កាន់ការ​ឃោសនា​បោះឆ្នោតមួយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា​ថា៖ «យើងចង់ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​បោះឆ្នោតនេះមាន​ភាព​ទៀង​ត្រង់ហើយ​ខ្ញុំ​មិន​ប្រាកដថាការ​បោះឆ្នោតនេះអាច​មានភាព​ទៀងត្រង់ទេ»។

ការ​ចំណាយ​ពេល​ច្រើន​ដើម្បី​បញ្ជាក់ឲ្យ​ច្បាស់​ថា​លទ្ធផលនៃការ​បោះឆ្នោតមាន​ភាព​ត្រឹមត្រូវ​មិនមែន​ជា​រឿង​ចម្លែក​ទេ។ ឧទាហរណ៍​សភាមិន​បាន​បញ្ជាក់​ថាលទ្ធផល​នៃជ័យជម្នះ​របស់​លោក Trump នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែវិច្ឆិកា​២០១៦ជា​ការត្រឹមត្រូវរហូត​ដល់​ថ្ងៃទី៦​ខែ​មករា​ឆ្នាំ​២០១៧។

ដោយផ្អែក​លើ​លទ្ធផល​ដំបូងៗ លោក​ Trump បានប្រកាស​ជ័យជម្នះហើយ​លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការបរទេស​និង​ជា​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យបានសុខ​ចិត្ត​ចុះចាញ់ជា​ផ្លូវការ​មុន​ប្រជារាស្ត្រ​អាមេរិកាំង​ភាគ​ច្រើន​ភ្ញាក់​ពី​ដំណេក​ក្រោយ​ថ្ងៃបោះឆ្នោត។

ក៏​ប៉ុន្តែប្រសិន​បើ​ដូចការ​ទស្សន៍ទាយ​របស់​ពួក​មន្ត្រី​ចាត់​ចែង​ការ​បោះឆ្នោតលើកនេះ​ហើយពួក​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​តែ​រាប់​សន្លឹក​ឆ្នោតនៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នោះ នេះ​នឹង​ជា​លើក​ដំបូងហើយចាប់​តាំងពី​ការ​បោះឆ្នោតប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០០០​ដែល​ពលរដ្ឋ​អាមេរិកាំងនឹង​ត្រូវ​រង់ចាំ​មួយ​រយៈមុននឹង​បាន​ដឹងថា​នរណា​ឈ្នះ​ឆ្នោត។ កាលពីឆ្នាំ​២០០០លោក​ប្រធានាធិបតី George W. Bush បានទទួលជ័យជម្នះនៅ​ក្រោយដំណើរការ​ខាង​ច្បាប់​យ៉ាង​យូរទាក់ទិន​នឹង​ការ​រាប់សន្លឹក​ឆ្នោត​ជា​ថ្មី​ក្នុង​រដ្ឋ​Florida។

ក្រៅ​ពី​ការ​អាច​មានការ​ច្របូក​ច្របល់​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​មាន​រឿង​មួយទៀត​គឺ​ថា​អាច​នឹង​មាន​ការ​ប្តឹង​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោតដែល​បានត្រូវ​បញ្ជាក់​ថា​ត្រឹមត្រូវ​ហើយ​នោះ។ ពួក​មន្ត្រីចាត់​ចែង​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​និង​ក្នុង​មូលដ្ឋាន​បានប្រុងប្រៀប​ស្រេច​ហើយ​សម្រាប់ការ​ប្តឹងប្តល់។

ទិន្នន័យពី​គណៈកម្មការរៀប​ចំ​ការ​បោះឆ្នោត​សហព័ន្ធបង្ហាញ​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump និង​លោក Biden​បាន​ចំណាយ​ប្រាក់​រាប់សែន​ដុល្លារ​សម្រាប់​ពួក​មេធាវី​ក្នុង​ការ​ប្រុងប្រៀបសម្រាប់​ការ​តវ៉ា​ខាងផ្លូវ​ច្បាប់។

ការរង់ចាំលទ្ធផល​នៃ​ការ​បោះឆ្នោត​គ្រាន់តែ​ជា​ផ្នែក​មួយ​តែប៉ុណ្ណោះ។

ត​ទៅ​នេះ​ជាហេតុផល​ប្រាំ​ទៀតដែលធ្វើ​ឱ្យ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៣​វិច្ឆិកា​ឆ្នាំ២០២០មិន​ដូចការ​បោះឆ្នោត​ឯ​ទៀតៗកាល​ពី​ពេល​មុនៗ៖

វីរុស​កូរ៉ូណា

កាល​ពីថ្ងៃទី១៣​ខែ​មីនា​ដោយមាន​របាយការណ៍​អំពីករណីអ្នក​មាន​ជំងឺ​កូវីដ១៩​ជាង​១.១០០​នាក់នៅ​ក្នុង​រដ្ឋ​៤៩​ក្នុង​បណ្តា​រដ្ឋ​ទាំង​អស់​៥០ក្នុង​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី Trump បាន​ប្រកាស​ភាព​អាសន្ននៅ​ទូទាំង​ប្រទេស។

រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ដូចជា​រដ្ឋ Louisiana ជាដើមបាន​ឆ្លើយតប​ដោយ​បាន​ពន្យាររ​ពេល​លើក​ការ​បោះឆ្នោត​ទៅ​ធ្វើ​នៅ​ពេល​ក្រោយវិញដោយ​មាន​ការ​បារម្ភ​អំពីការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​នៅ​ទី​នោះមិន​អាចមាន​ការ​ឈរ​ឃ្លាត​ពី​គ្នា​ពីរ​ម៉ែត្រ​ទេ។

រូបឯកសារ៖ អ្នក​បោះឆ្នោត​ម្នាក់​ចូលរួម​ការ​បោះឆ្នោត​បឋម​នៅ​ទីក្រុង Louisville រដ្ឋ Kentucky កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០។

រដ្ឋ​ឯ​ទៀតៗដូចជារដ្ឋ New York រដ្ឋ New Jersey រដ្ឋ Ohio រដ្ឋ Maryland​និង​រដ្ឋ Kentucky ហើយ​បន្ទាប់មក​ទៀត​រដ្ឋ​ដទៃ​ទៀតបាន​ពន្យារ​ពេល​លើក​ការបោះឆ្នោតរបស់​ពួកគេ​ទៅ​ធ្វើ​នៅ​ពេល​ក្រោយវិញ​ដែរ។

ទោះ​ណារដ្ឋ​ខ្លះ​បាន​បើកឱ្យ​មាន​សកម្មភាព​ឡើងវិញ​ខ្លះៗចាប់​តាំងពី​ពេល​នោះ​មក​ក៏​ដោយ ក៏រដ្ឋ​ជា​ច្រើន​បានលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតីក្នុង​ខែ​វិច្ឆិកា​ដើម្បីកាត់បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍

សូម្បី​តែ​នៅ​មុន​ការរាតត្បាតជា​សាកល​នៃ​ជំងឺ​កូវីដ១៩​រដ្ឋ​ខ្លះ​ក្នង​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​មាន​ការបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ រួចស្រេច​ទៅ​ហើយ។

បើ​តាម​សមាគម​ក្រុម​ប្រឹក្សា​ជាតិនៃអង្គនីតិ​បញ្ញត្តិរដ្ឋ​ថា​រដ្ឋ​៥​ក្នុង​សហរដ្ឋ​អាមេរិកគឺ Colorado រដ្ឋ Hawaii រដ្ឋ Oregon រដ្ឋ Utah និង រដ្ឋ​ ​Washington បាន​ធ្វើ «ការ​បោះឆ្នោតទាំងអស់​តាម​រយៈ​ការ​ផ្ញើ​តាម​ប្រៃសណីយ៍» ដែលអនុញ្ញាត​មនុស្ស​ទាំង​អស់​ដែល​បាន​ចុះឈ្មោះបោះឆ្នោត​ឱ្យ​បោះឆ្នោតផ្ញើ​តាម​ប្រៃសណីយ៍។

រូបឯកសារ៖ អ្នក​បោះឆ្នោត​ម្នាក់ទម្លាក់​សន្លឹកឆ្នោតចូល​ក្នុង​ប្រអប់​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក​មួយ​កន្លែង​នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០។

រដ្ឋ​៣៣​ទៀតអនុញ្ញាត​ឱ្យ​អ្នក​បោះឆ្នោតសុំ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដោយ​មិន​ចាំបាច់មាន​ហេតុផល​ណាមួយ​ឡើយ។

ក៏​ប៉ុន្តែជា​ការឆ្លើយ​តប​នឹងការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​រដ្ឋ​ខ្លះ​ក្នុង​បណ្តា​រដ្ឋ​ទាំង​នេះបាន​សម្រេច​ធ្វើឲ្យ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​កាន់​តែ​ងាយ​ស្រួលជាងមុន​ថែមទៀត។ ឧទាហរណ៍​ រដ្ឋ California បានប្រកាស​កាល​ពីខែ​ឧសភា​ថាខ្លួន​នឹងផ្ញើ​សន្លឹកឆ្នោតតាម​ប្រៃសណីយ៍​ទៅ​ឱ្យក្រុម​អ្នក​បោះឆ្នោត​ទាំង​អស់​ដែល​បានចុះ​ឈ្មោះ​សម្រាប់ការ​បោះឆ្នោតប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។

ក៏​ប៉ុន្តែការ​ជំរុញ​ធ្វើឲ្យការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​មាន​លក្ខណៈ​ងាយ​ស្រួលជាងមុន​បាន​រង​ការរិះគន់​ពី​លោក​ប្រធានាធិបតី Trump។

កាល​ពី​ខែ​មិថុនា​លោក Trump បាន​ tweet ថាការប្រើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នឹង​នាំ​ឱ្យ​មាន«ការ​បោះឆ្នោតមានការគៃ​បន្លំច្រើន​បំផុតក្នុង​ប្រវត្តិសាស្ត្រ​នៃប្រទេសជាតិ​យើង​ប្រសិន​បើភាព​ភ្លីភ្លើ​នេះមិន​ត្រូវ​បញ្ឈប់​ទេ​នោះ»។

ជា​ការ​ឆ្លើយ​តប​ស្ត្រីអ្នកនាំ​ពាក្យរបស់​សមាគម​ក្រុម​ប្រឹក្សា​ជាតិនៃអង្គ​នីតិបញ្ញត្តិរដ្ឋ​ហៅ​កាត់​ថា NASS​បាន​ប្រាប់​វីអូអេ​ថា៖ «យើងមិន​បាន​ដឹង​អំពី​ភស្តុតាងណា​មួយ​គាំទ្រ​ការ​និយាយ​អះអាង​របស់​ប្រធានាធិបតី Trump ទេ»។​ពួកសមាជិក​នៃ​សមាគម NASS​ចាត់​ចែង​ការ​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​នីមួយៗក្នុង​បណ្តា​រដ្ឋ​ទាំង​អស់​៥០​ក្នុង​ប្រទេស​អាមេរិក។

កាលពី​ខែ​សីហា​ពួក​មន្ត្រីជាន់​ខ្ពស់ខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​និងខាងការ​ពង្រឹង​ច្បាប់បាននិយាយ​ប្រាប់ក្រុម​អ្នក​កាសែត​ថា​ពួក​គេ​«គ្មាន​ព័ត៌មានឬ​ព័ត៌មាន​សម្ងាត់​ណាមួយ»​ដើម្បីគាំទ្រការនិយាយ​អះអាង​ថាពួក​តួអង្គបរទេសឬ​តួអង្គ​ក្នុង​ប្រទេស​ណា​មួយ​កំពុង​ព្យាយាម​ប្រើការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​ដើម្បី​ធ្វើឱ្យមានផល​ប៉ះពាល់​ដល់លទ្ធផល​នៃ​ការ​បោះឆ្នោតក្នុង​ពេល​ខាង​មុខ​នេះទេ។

លោក Christopher Wray នាយកការិយាល័យ FBI ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​យ៉ាង​ដូច្នេះ​ដែរ។

លោក Wrayបាននិយាយ​ប្រាប់ពួក​សមាជិកសភានៅ​ក្នុង​សវនាការមួយអំពី​ការ​គំរាមកំហែង​ដល់​សន្តិសុខ​មាតុភូមិសហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១៧​ខែ​កញ្ញា​ថា៖​«រហូតដល់​ថ្ងៃ​នេះយើងមិន​បាន​ឃើញ​មានកិច្ច​ខិតខំ​ប្រឹងប្រែងនៅ​ទូទាំងប្រទេស​ដើម្បី​គៃ​បន្លំ​សន្លឹក​ឆ្នោតនៅ​ក្នុង​ការ​បោះឆ្នោត​ធំណា​មួយ​ទេ» ទោះ​ជានៅ​ពេល​បន្ទាប់​មកលោក​បាន​សារភាព​ថាមានឧប្បត្តិហេតុនៃការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​កម្រិត​មូលដ្ឋាន «ម្តង​ម្កាល»ក៏ដោយ។

ការ​ជ្រៀតជ្រែក​របស់រុស្ស៊ី

ទីភ្នាក់ងារ​ស៊ើប​ការណ៍ណ៍​សម្ងាត់របស់​សហរដ្ឋ​អាមេរិក បាន​ព្រមានអំពី​កិច្ច​ប្រឹង​ប្រែង​របស់រុស្ស៊ីដើម្បី​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោតក្នុង​ប្រទេស​អាមេរិកតាំងពី​មុន​ការ​បោះឆ្នោតប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​២០១៦ ទៅទៀត។

ក៏ប៉ុន្តែ​ចាប់​តាំងពីពេល​នោះ​មក លោក Trump បាន​ច្រាន​ចោល​ច្រើន​ដង​នូវ​របាយការណ៍និង​ការ​ចោទប្រកាន់​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោកបាន​ទទួលជំនួយ​ពី​ប្រទេសរុស្ស៊ី​ថា​ជា«ការបញ្ឆោត»។

ក៏ប៉ុន្តែនៅ​តែ​មាន​ការ​ព្រមានថែមទៀត។

កាល​ពី​ខែ​សីហា​ពួក​មន្ត្រីជាន់​ខ្ពស់ខាងការប្រឆាំង​នឹងចារកម្ម​សហរដ្ឋ​អាមេរិកបានចេញ​សេចក្តី​ថ្លែងការណ៍សាធារណៈដោយ​កម្រ​មួយព្រមានទៀត​ថាអាជ្ញាធរ​ក្រឹមឡាំងជ្រៀតជ្រែកទៀត​ហើយ។

លោក William Evanina ជានាយកមជ្ឈមណ្ឌល​ជាតិ​ប្រឆាំងចារកម្ម​និង​សន្តិសុខ។ លោកបាន​និយាយ​ថា៖ «យើង​វាយ​តម្លៃ​ថាប្រទេសរុស្ស៊ី​ប្រើវិធានការមួយ​ចំនួន​ដើម្បី​បង្ខូច​ឈ្មោះ​លោក​អតីត​អនុប្រធានាធិបតី Biden និង​អ្វី​ដែល​រុស្ស៊ី​យល់​ថា​ជាការប្រឆាំង​នឹង​រុស្ស៊ី»។

លោក​បាន​ថ្លែងបន្ថែមថា៖ «តួអង្គ​ខ្លះ​ដែល​មាន​ចំណង​ទាក់ទង​ជា​មួយ​រុស្ស៊ីថែម​ទាំង​បាន​ព្យាយាម​លើក​តម្កើង​បេក្ខភាពរបស់​លោក Trump តាម​បណ្តាញព័ត៌មាន​សង្គមនិង​ទូរទស្សន៍​រុស្ស៊ី»។

លោក Christopher Wray នាយកការិយាល័យ FBI ពិភាក្សា​អំពី​ការ​គំរាមកំហែង​របស់​ចិន​ចំពោះ​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ​អាមេរិក​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២០។

លោក Christopher Wray នាយក ​FBI ​ក៏​បាន​សន្មតស្រដៀង​គ្នា​នេះ​ដែរនៅ​ពេល​លោកឆ្លើយ​ជា​កសិណ​សាក្សីនៅ​ចំពោះ​មុខពួក​សមាជិកសភា​កាល​ពី​ខែ​កញ្ញា។

លោក​Wray បាន​មាន​ប្រសាសន៍​ថា៖ «រុស្ស៊ី​នៅ​តែ​ប្រឹងប្រែងធ្វើ​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​របស់​យើង​ភាគ​ច្រើន​តាម​រយៈ​អ្វី​ដែល​យើង​ហៅ​ថា​ឥទ្ធិពល​អាក្រក់​របស់​បរទេស...ដើម្បី​បង្ខូច​ឈ្មោះ​លោក​អនុប្រធានាធិបតី Biden និងអ្វី​ដែល​រុស្ស៊ីយល់​ថា​ជា​ពួក​អ្នក​កាន់​អំណាច​ប្រឆាំង​នឹង​រុស្ស៊ី»។

ប្រសាសន៍​របស់​លោក Wray បានធ្វើឱ្យ​ប្រធានាធិបតី Trump​ខឹង​សម្បារ។

ការគំរាម​កំហែង​ឯ​ទៀត​អំពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត

ពួកមន្ត្រីខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ការ​ប្រឹង​ប្រែងរបស់​រុស្ស៊ី​ក្នុង​ការ​ជ្រៀតជ្រែកក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦​អាច​បំផុស​គំនិតដល់​ប្រទេស​ឯ​ទៀត​ឱ្យ​ធ្វើ​តាម​រដ្ឋាភិបាល​ម៉ូស្គូ។

ពីរ​ឆ្នាំ​បន្ទាប់​មកការ​វាយ​តម្លៃមួយ​របស់​ការិយាល័យ​របស់​នាយកខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​ជាតិសន្និដ្ឋានថាប្រទេស​ចិន អ៊ីរ៉ង់​និង​រុស្ស៊ី​«បានធ្វើ​សកម្មភាព​ឱ្យ​មាន​ឥទ្ធិពល​និង​យុទ្ធនាការ​បញ្ចេញ​សារ»​ទាក់ទិន​ជា​មួយ​ការ​បោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​កាល​ពី​ឆ្នាំ២០១៨។

នៅ​ក្នុង​ការ​វាយ​តម្លៃ​របស់​លោក​កាលពីខែ​សីហាលោក William Evanina ដែលជានាយកមជ្ឈមណ្ឌល​ជាតិខាង​ប្រឆាំងចារកម្ម​និង​សន្តិសុខ​ហៅ​កាត់​ថា​NCSC បាន​ព្រមាន​ថាដូចកាល​ពី​ឆ្នាំ២០១៨​ដែរ​ប្រទេស​ចិននិង​អ៊ីរ៉ង់ខិតខំ​ព្យាយាម​លូក​ដៃ​ចូលក្នុង​ការ​បោះឆ្នោតលើក​នេះ​ដោយ​សង្ឃឹម​ថាTrump នឹង​ចាញ់​ឆ្នោត។

លោក William Evanina បាននិយាយ​ថា៖ «យើងវាយ​តម្លៃ​ថា​ចិនចង់​ឱ្យ​លោក​ប្រធានាធិបតី​Trump ដែលរដ្ឋាភិបាលប៉េកាំងយល់​ថា​មិន​អាចទាយ​ទុក​ជា​មុន​បាន ចាញ់ឆ្នោត​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ថ្មី»។

លោក Evanina បានថ្លែង​ថា​អ៊ីរ៉ង់៖ «បាន​ត្រូវ​ជំរុញ​ដោយ​ការ​យល់ឃើញ​ថាការ​ជាប់​ឆ្នោត​ជា​ថ្មីរបស់​លោក​ប្រធានាធិបតី Trump នឹង​នាំ​ឱ្យ​មាន​ការ​បន្តដាក់​សម្ពាធរបស់​សហរដ្ឋ​អាមេរិក លើ​អ៊ីរ៉ង់នៅ​ក្នុង​ការ​ប្រឹងប្រែង​មួយដើម្បីធ្វើឱ្យ​មានការផ្លាស់ប្តូរ​របប​គ្រប់​គ្រង»។

ប្រទេសឯ​ទៀត​ក៏​ប្រហែល​កំពុងព្យាយាម​បំបែក​ពួក​អ្នកបោះឆ្នោតដែរ។ លោក Trump បាន​និយាយប្រាប់​ពួក​អ្នក​សារព័ត៌មានកាល​ពី​ខែ​សីហា​ថា​ប្រទេស​កូរ៉េ​ខាង​ជើងនិងប្រទេសឯ​ទៀត​ប្រហែលប្រើ​ការ​ពឹងពាក់​ច្រើន​ជាង​មុន​លើការ​បោះឆ្នោតតាម​រយៈ​ប្រៃសណីយ៍​ដើម្បី​«ក្លែងសន្លឹក​ឆ្នោតហើយ​បញ្ជូន​សន្លឹក​ឆ្នោតទាំង​នេះ​មក​ក្នុង​ប្រទេសអាមេរិក»។

ទោះណា​ជា​ប្រទេស​មួយចំនួន​ប្រហែល​កំពុង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​ពួក​មន្ត្រី​ចាត់​ចែង​ការបោះឆ្នោតគិត​គូរ​ហ្មត់ចត់អំពី​ការ​គំរាមកំហែង​ទាំង​នេះ​ដោយ​ព្រមាន​ថាពួក​សត្រូវ​អាច​ប្រឹងប្រែងផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ពេល​ស្ថានីយបោះឆ្នោត​បិទ​ទ្វារនៅ​ថ្ងៃ៣​ខែ​វិច្ឆិកាដើម្បីជួយ​ធ្វើឱ្យ​មាន​ចលាចល​និង​ភាពច្របូក​ច្របល់។

មានការ​ខ្វល់​ខ្វាយ​ដែរ​ថាពួក​ប្រទេស​ក្រៅ​និង​ក្រុម​ឧក្រិដ្ឋជន​នឹង​ខិតខំ​យក​ហេដ្ឋារចនា​សម្ព័ន្ធ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ជា​ទី​ដៅនៃ​ការវាយ​ប្រហារ។

លោក Matt Masterson ជាទី​ប្រឹក្សាជាន់​ខ្ពស់ខាង​សន្តិសុខ​នៃ​ការ​បោះឆ្នោតរបស់​ក្រសួង​សន្តិសុខ​មាតុភូមិ។ នៅ​ក្នុងវេទិកា​មួយ​តាមអនឡាញ​លោក​បាន​និយាយ​ថា «ប្រព័ន្ធបោះឆ្នោត​ដូច​ជាបច្ចេកវិទ្យា​ព័ត៌មាន​ដែរត្រូវគេ​ពិនិត្យ​មើល និង​ស្រាវជ្រាវ​រក​ចំណុច​ខ្សោយ»។

ទោះ​ជា​មាន​ការ​បារម្ភ​ទាំង​នេះ​ក៏​ដោយ​ក៏ពួក​មន្ត្រី​ខាង​សន្តិសុខ​នៃ​ការ​បោះឆ្នោត​នៅ​តែ​មានការទុក​ចិត្ត​ថាទោះ​ណា​ជាត្រូវចំណាយ​ពេល​យូរ​ជាងមុនដើម្បី​រាប់​សន្លឹក​ឆ្នោត​ក៏ដោយ​ក៏​លទ្ធផល​នៃ​ការបោះឆ្នោត​លើក​នេះនឹង​ត្រឹមត្រូវ។

​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក

ការ​ពឹងពាក់ខ្លាំង​លើការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍សម្រាប់ការ​បោះឆ្នោត​នៅ​ថ្ងៃទី៣​ខែ​វិច្ឆិកាបាន​នាំឱ្យ​មាន​ការ​យក​ចិត្តទុកដាក់​ជាងមុន​លើ​សេវា​ប្រៃសណីយ៍​សហរដ្ឋ​អាមេរិក​ដែលបានត្រូវរិះគន់ដោយពួកប្រជាធិបតេយ្យ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ថា​បាន​ពន្យឺត​សេវា​សំបុត្រជា​ផ្នែក​មួយ​នៃវិធានការ​បន្ថយ​សោហ៊ុយ។

សមាជិក​សភាខ្លះ​ខាង​គណបក្ស​ប្រជាធិបតេយ្យក៏​បានលើកឡើង​អំពី​កង្វល់ស្តីពី​ទំនាក់ទំនង​របស់​លោក Louis DeJoy អគ្គនាយក​ប្រៃសណីយ៍​ជាតិ​ជា​មួយ​លោក​ប្រធានាធិបតី Trump ដោយ​កត់​សម្គាល់​ថាលោក DeJoy ជា​អ្នក​អង្គាស​ប្រាក់​ឱ្យ​គណបក្សសាធារណរដ្ឋនិង​ជា​អ្នក​ផ្តល់ប្រាក់​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump។

រូប​ឯកសារ៖ លោក Louis DeJoy អគ្គនាយក​ប្រៃសណីយ៍​ជាតិ​ផ្តល់​សក្ខីកម្ម​តាម​អនឡាញ​ដល់​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិនៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា។

លោក DeJoy បានបដិសេធ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ដោយលោក​បាន​និយាយ​ថា «បច្ចុប្បន្ន​នេះ​ប្រៃសណីយ៍​ជាតិប្រុងប្រៀប​ស្រេច​ហើយ​ដើម្បី​ចាត់ចែង​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ដែល​ខ្លួន​ទទួលក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះនេះ​ទោះជា​មានច្រើន​ប៉ុណ្ណាក៏​ដោយ»។

ក៏​ប៉ុន្តែ​មាន​រដ្ឋ​យ៉ាង​តិចណាស់១៤បានប្តឹងប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក​ថារារាំងការផ្លាស់ប្តូរខ្លះ​ដែល​អាច​ធ្វើឱ្យ​មានការ​យឺតយូរដល់ការប្រគល់សន្លឹកឆ្នោត​ផ្ញើ​តាមប្រៃសណីយ៍​ជាតិ។

កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ចៅក្រម​ម្នាក់​ក្នុង​រដ្ឋ Washington​បាន​ចេញ​អធិបញ្ជា​ដំបូង​មួយប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ដោយនិយាយ​ថា៖ «ពួករដ្ឋ​បាន​បង្ហាញ​ថាពួក​ចុង​ចោទ​មាន​ទាក់ទិនក្នុង​ការ​វាយប្រហារ​បែប​នយោបាយ​ទៅ​លើ​ប្រសិទ្ធភាពនៃ​ប្រៃសណីយ៍​ជាតិ»។

កាល​ពី​ថ្ងៃទី២១​ខែ​កញ្ញា​ ចៅក្រម​សហព័ន្ធ​ម្នាក់​ក្នុង​រដ្ឋ New York បាន​សម្រេច​ថាប្រៃសណីយ៍ជាតិ​ត្រូវ​បញ្ជូន​សន្លឹក​ឆ្នោតឱ្យ​បាន​លឿន​ហើយ​ផ្តល់ប្រាក់​បន្ថែមនៃ​ការធ្វើការលើសម៉ោងកម្រិត​ឱ្យក្រុមបុគ្គលិកថែម​ទៀតផង។

ប្រែសម្រួលដោយ លោក ឈឹម សុមេធ