ស.រ.អ.​ជឿជាក់​​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​នឹង​ជួយ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​​កម្ពុជា

រូបឯកសារ៖ តំបន់កម្សាន្តឆ្នេរសមុទ្រដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន UDG។ (ស៊ុន ណារិន/វីអូអេ)

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បាន​ដាក់លើ​ក្រុមហ៊ុនចិន​ដែល​កំពុង​វិនិយោគទុននៅ​ប្រទេស​កម្ពុជា​ គឺជា​«ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​និង​សមស្រប»​ ដើម្បី​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រសើរ​ឡើង។​

កាលពី​ខែកញ្ញា​ ក្រសួង​ហិរញ្ញវត្ថុ​ បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន ​គឺ យូញៀន ឌីវេឡុបមិនគ្រុប ​ហៅយូញៀន​គ្រុប ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​ថ្លែងថា​ ក្រុមហ៊ុន​យូញៀនគ្រុប​បាន​រឹបអូស​ដីធ្លី​និង​បណ្តេញ​ពលរដ្ឋ​ចេញ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​តំបន់​ទេសចរណ៍​ប្រណិត​ដែល​មាន​ទឹកប្រាក់ ៣,៨ ពាន់​លាន​ដុល្លារក្នុង​ខេត្ត​កោះកុង។​

ក្រុមអង្គការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​រាយការណ៍​ថា គម្រោង​របស់​ក្រុមហ៊ុន​យូញៀនគ្រុប​ បាន​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​១៥០០គ្រួសារ​ក្នុង​ខេត្តកោះកុង​ដោយ​មិន​បាន​ផ្តល់​សំណង​សមរម្យ​ចាប់​តាំងពីការ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០០៨មក ​និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​របស់​ម្ចាស់​កម្មសិទ្ធិ។

អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​ បាន​ថ្លែងប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​កាលពី​ខែតុលា​ថា៖ ​

«គោលដៅទាំងនេះ​ ត្រូវបាន​ស៊ើបអង្កេត​យ៉ាងប្រុងប្រយ័ត្ន ​វាយតម្លៃ ​និង​ជ្រើសរើស​ផ្អែកលើ​ភស្តុតាង​ពី​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​សកម្មភាព​ទាំងនេះ​ ក៏ដូច​ជា​ការវាយតម្លៃ​របស់​យើង​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច ​គឺជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​និងសមស្រប​ប្រឆាំងនឹងពួកគេ»។​

សហរដ្ឋអាមេរិក ​ធ្លាប់​បាន​សម្តែងការព្រួយបារម្ភ​ក្នុងពេល​កន្លងមក​ថា ​ទីតាំងនោះ​អាច​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​ដាក់​សម្ភារៈយោធាចិន​ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​បដិសេធ​និង​បាន​ហៅ​ការចោទ ប្រកាន់​នេះ​ថា ជា«ដំណឹងក្លែងក្លាយ​ដ៏អាក្រក់» ហើយ​បាន​បញ្ជាក់​ថា ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ពបរទេស​លើ​ទឹកដី​របស់​ខ្លួនឡើយ។

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​នេះ ​ផ្អែកលើ​បទបញ្ជា​ប្រធានាធិបតី​លេខ​១៣៨១៨ ដែល​យោងលើ​ច្បាប់ម៉ានីតស្គី ដើម្បី​ដាក់​ទណ្ឌកម្ម​ជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​ អ្នកប្រព្រឹត្តអំពើពុករលួយ​ និង​អ្នកគាំទ្រ។

ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​ក្រសួងហិរញ្ញវត្ថុ​ បាន​កំណត់ក្រុមហ៊ុនយូញៀនគ្រុប​ថា ​ជាអង្គភាព​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ប៉ុន្តែមិន​បាន​ផ្តល់​ព័ត៌មានលម្អិតពីការកំណត់នេះទេ​ និង​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​យូញៀនគ្រុប បានធ្វើសកម្មភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​កម្ពុជា ​ក្រោម​ការគាំទ្រ​របស់​លោក​នាយឧត្តម​សេនីយ៍​ គន់ គីម ​ដែល​ជា​មនុស្ស​ជំនិត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក គន់ គីម ​ត្រូវបានចោទ​ថា​ បាន​ប្រើប្រាស់​សិទ្ធិ​យោធាដើម្បី​រឹបអូស​យក​ដីធ្លី តាមចិត្ត​ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពីកន្លែង​គម្រោង​ក្រុមហ៊ុន។

ក្រុមហ៊ុន​បាន​ពណ៍នា​ថា​ គម្រោង​នេះ​ ស្របនឹង​គំនិត​ផ្តួចផ្តើម​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​ពិភពលោក​របស់​ក្រុងប៉េកាំង​ ដែល​ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ​ឈ្មោះ ​Tianjin Union Development Group។

មន្រ្តីក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ​ជន​បរទេស​ដែល​ស៊ុំគ្រលំ​នឹង​ប្រឈមមុខ​នឹង​ផលវិបាក​ផង​ដែរ៖

«ជនបរទេសណា​ដែលផ្តល់​ជំនួយ​សម្ភារៈ ​ឬ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​រងទណ្ឌកម្ម​អាច​នឹង​ត្រូវ​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក្នុង​ពេល​អនាគត​ផងដែរ»។​

មន្ត្រី​រូបនោះ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ផលប៉ះពាល់​ពិតប្រាកដ​ពី​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​យូញៀន​គ្រុប​ទេ​ និង​ក៏​មិន​បញ្ជាក់​ពី​ដំណើរ​ការស៊ើបអង្កេត​ដែរ​ប៉ុន្តែបាន​ថ្លែង​ថា​ភាគី​នានា​អាច​ជ្រើសរើស​ចូលរួម​អនុវត្ត​តាម​ទណ្ឌកម្ម​នេះ។​

«វិសាលភាព​ទណ្ឌកម្ម​របស់ក្រសួងហិរញ្ញវត្ថុក្រោមច្បាប់​ម៉ានីតស្គី​ គឺកំណត់តែនៅ​សហរដ្ឋ​អាមេរិក​ ឬ​ពលរដ្ឋ​អាមេរិកាំង ​ប៉ុន្តែ​រដ្ឋាភិបាល​ផ្សេងទៀត​ ក៏​អាច​ជ្រើសរើស​ចាត់​វិធានការ​ដូចគ្នានេះដែរ»។

អ្នកជំនាញ​ថ្លែងថា ​ទណ្ឌកម្ម​ដូចនេះ ​អាស្រ័យ​លើ​ការអនុវត្ត​តាម​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ធនាគារ​ដែល​មិនមែន​ជា​របស់​អាមេរិកាំង។ ​

លោក Scott Johnston មេធាវី​នៃ​អង្គការ ​Human Rights First ​ដែលមានមូលដ្ឋាន​ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ថ្លែងប្រាប់វីអូអេ​ថា​៖

«សម្រាប់​ហេតុផល​ផ្ទាល់ខ្លួន នៅផ្ទៃក្នុង​ធនាគារ​មើលមក​ទណ្ឌកម្មនេះ​ ហើយពិចារណា​ដោយខ្លួនគេ​និង​សម្រេច​ថា ​ជម្រើស​ណា​ល្អ​សម្រាប់​ពួកគេ​ដើម្បី​អាច​រក្សា​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​នឹង​វិស័យ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ ជាជាង​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​ជនទាំងនោះ។ ដូច្នេះ​ ដូច​លោក​អាច​គិត​ឃើញ​ថា​ បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​យ៉ាងរហ័ស​ ហើយ​វា​មិន​មែន​ជារឿង​មិន​ធម្មតា​ទេ​ដែល​យើង​ឃើញ​ក្រុមហ៊ុន​ធនាគារ​បរទេស​អនុវត្តតាម​ដោយ​ស្ម័គ្រចិត្ត»។ ​

លោក Johnston ពន្យល់​បន្ថែម​ថា ​នៅ​ពេល​ដែល​ទណ្ឌកម្ម​ចូលជាធរមាន​ ហើយ​ក៏មិនមែន​ចប់​ត្រឹម​ហ្នឹងទេ​ ដោយ​លោក​ចាត់​ទុក​ថា ​វា​គ្រាន់តែ​ជា​ការចាប់ផ្តើមប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖

«ក្រសួងហិរញ្ញវត្ថុ​បន្ត​តាមដាន​សកម្មភាព​បុគ្គល​ដែល​រងទណ្ឌកម្ម ហើយ​ជារឿយៗ​យើងឃើញថា​ ពួកគេ​ដាក់​ទណ្ឌកម្ម​បន្ថែម​នៅ​ពេល​ណា​ដែល​មាន​ព័ត៌មានថ្មី​ផ្អែក​លើ​សកម្មភាពជំនួញ​របស់​ក្រុមហ៊ុន​នោះ ​តាំងពីពេល​ទទួល​ទណ្ឌកម្ម​ដំបូង»។​

ឧទាហរណ៍មួយ គឺ​មហាសេដ្ឋកិច្ច​ជាតិអ៊ីស្រាអែល​ឈ្មោះ​ Dan Gertler ដែលបានទទួលទណ្ឌកម្ម​ដំបូង​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ តាមច្បាប់​ម៉ានីតស្គី ដោយសារតែ​សកម្មភាព​ពុករលួយ​ក្នុង​អាជីវកម្មរុករក​រ៉ែ នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​។ ពីដំបូង​ក្រសួងហិរញ្ញវត្ថុ​ បាន​ដាក់​ទណ្ឌកម្ម​មហាសេដ្ឋី​រូបនេះ និង​ក្រុមហ៊ុន​ចំនួន​១៨​ ដែលជាកម្មសិទ្ធិ​របស់លោក​ និង​ក្រុមគ្រួសារ។ ប៉ុន្តែ ​ដោយសារតែច្បាប់​និងអភិបាលកិច្ច​របស់​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​នៅខ្សោយ​ លោក​បានប្រើ​បក្ខពួករបស់​លោក​នៅ​ទីនោះ​គេចវេស ហើយ​បាន​ចុះឈ្មោះ​ក្រុមហ៊ុន​ផ្សេង​ក្នុងវិស័យ​រ៉ែ ដែលធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ថា​ ជាអ្នកគេ​ចពីទណ្ឌកម្ម។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ Global Witness។

លោក​ Gertler អាចបន្ត​នៅ​រៀបចំ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​លោក​បាន​ ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​ក្លែងក្លាយ​ដែល​មាន​មូលដ្ឋាន​នៅ​ដែនកោះ​ Virgin Islands ​របស់​អង់គ្លេស ដើម្បី​ជំនួស​ក្រុមហ៊ុន​នៅ​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្កោ​វិញ។ ក្រោយមក​ក្រសួង​ហិរញ្ញវត្ថុ បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​១៤បន្ថែម​ទៀត​របស់​លោក Gertler នៅ​ខែមិថុនា​ ឆ្នាំ​២០១៨។

ឧទាហរណ៍​១ទៀត ​គឺ​ឈ្មួញអាវុធជាតិ​ស៊ែប៊ី ឈ្មោះ​ Slobodan Tesic ដែលបាន​ទទួល​ទណ្ឌកម្ម​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ដោយសារតែ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​។ រយៈពេល​២ឆ្នាំ​ក្រោយ​មក​ គឺនៅ​ចុងឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​ បាន​ពង្រីក​ទណ្ឌកម្ម​ដាក់​លើ​គាត់​ដោយ​បាន​បញ្ចូល​ក្រុមហ៊ុន​បន្ថែម​ ក៏ដូច​ជា​បុគ្គល​ដែល​បាន​គេចផុត​ពី​ទណ្ឌកម្ម​កាលពីលើកមុន។

រូបឯកសារ៖ លោក​នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)

នៅកម្ពុជា​លោកនាយឧត្តម​សេនីយ៍ ​គន់​ គីម ​ត្រូវបាន​ដាក់ទណ្ឌកម្ម​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ​ក្នុងថ្ងៃ​ជាមួយ​គ្នា​នឹង​ឈ្មួញ​អាវុធ​ជាតិស៊ែប៊ីនោះដែរ ​ដោយសារ​តែ​អំពើ​ពុករលួយ ​និង​សូកប៉ាន់ ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​យូញៀនគ្រុប​នេះ។

អ្នកស្រី ​Olivia Enos​ អ្នកវិភាគ​គោល​នយោបាយ​ជាន់ខ្ពស់​នៃមជ្ឈមណ្ឌល​សិក្សា​កិច្ចការអាស៊ី​របស់​មូលនិធិ ​Heritage ​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ប្រាប់​វីអូអេ​កាលពី​ខែតុលា​ ពី​ការដាក់ទណ្ឌកម្ម​លើ​លោក គន់ គីម​ និង​ក្រុមហ៊ុន​ចិនថា​៖

«ខ្ញុំ​គិតថា​ ទណ្ឌកម្ម​ទាំងនេះ ​គឺជា​ការសម្រេច​ចិត្ត​ល្អខ្លាំង​ណាស់ ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដាក់ ​បើទោះជា​ទណ្ឌកម្ម​ខ្លះ​ ហាក់​ដូច​ជា​តិចតួច​និង​យឺតពេល​ក៏ដោយ។ ប៉ុន្តែ ខ្ញុំគិតថា ការកំណត់លើបុគ្គលទាំងនេះមានសារៈសំខាន់»។

អ្នកស្រី Enos ​ពន្យល់​ថា​ ទោះជាបុគ្គលដែល​រងទណ្ឌកម្ម​មិន​មាន​ទ្រព្យសម្បត្តិនៅ​សហរដ្ឋ​អាមេរិក ​ឬមិន​មាន​សមាជិក​ក្រុមគ្រួសារ​រស់នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ​ ក៏​ផល​ប៉ះពាល់មាន​ដូចគ្នា។ អ្នកស្រី​បាន​គូសបញ្ជាក់​ពី​ឧទាហរណ៍​សាមញ្ញ​មួយពីការប្រើប្រាស់​បណ្ណឥណទាន​ ដែល​បុគ្គល​រងទណ្ឌកម្ម​ប្រើប្រាស់​ដើម្បី​ទិញទំនិញ​ ក៏អាច​មាន​ផលប៉ះពាល់​ផងដែរ​ ដោយសារតែ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​សម្រាប់​ការដោះដូរ ​ហើយ​ត្រូវ​ឆ្លងកាត់​ធនាគារ​របស់​សហរដ្ឋ​អាមេរិក​ បើទោះបីជា​ការចាយវាយ​នោះ​ នៅ​ប្រទេសចិន ​ឬ​នៅ​កម្ពុជា​ក៏ដោយ ​ក៏វា​នឹងត្រូវ​បង្កក​ដែរ។

អ្នកស្រីបន្ថែម​ថា៖ «វា​នឹង​ឈប់​ដំណើរការ​ ហើយ​វា​ភ្ជាប់​មក​គណនី​ធនាគារ​របស់​ពួកគេ​វិញ»។

អ្នកស្រី​លើក​ទឹកចិត្ត​អង្គការ​សិទ្ធិ​មនុស្ស​នានា​ឲ្យ​តាមដាន​មើល​សកម្មភាព​បុគ្គល​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ និងរាយការណ៍​មក​សហរដ្ឋ​អាមេរិក​ បើសិនជា​មានការផ្លាស់ប្តូរ​ ឬនៅ​ពេល​ណា​ដែល​មាន​ព័ត៌មាន​បន្ថែម​ពី​សកម្មភាព​ក្រុមហ៊ុន​របស់​ពួកគេ។

អ្នកជំនាញ​ពី​កិច្ចការ​ប្រទេស​ចិន​មើលឃើញ​ថា​ ច្បាប់​ម៉ានីតស្គី​មាន​វិសាលភាព​ធំ​ដែល​សហរដ្ឋ​អាមេរិក​ អាច​ប្រើប្រាស់​បាន។

អ្នកស្រី ​Yaqiu Wang ​អ្នកស្រាវជ្រាវ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​ថា៖

«នេះ​ជា​ការព្រមាន​ថា​ ទណ្ឌកម្ម​អាច​នឹង​កើត​មាន​លើ​សកម្មភាព​របស់​ពួកគេ​ទាំង​នៅ​ក្នុង​ប្រទេស​ចិន ​និង​នៅ​ក្រៅ​ប្រទេស»។

បើទោះបីជា​មាន​ទណ្ឌកម្មក៏ដោយ ក៏លទ្ធភាព​នៃ​ការកែលម្អ​នៅ តែ​មាន​ដែរ។ អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖ ​

«ទណ្ឌកម្ម​មិនមានគោលបំណង​ដើម្បី​ធ្វើទោសទណ្ឌ​ទេ​ ប៉ុន្តែដើម្បី​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបទ​។ បើទោះបី​ជាយើង​មិន​បាន​កំណត់​ពេលវេលា​ផុត​ក៏ដោយ ​ប៉ុន្តែ​ជន​ដែល​ត្រូវ​ទណ្ឌកម្ម​ អាច​ប្តឹងតវ៉ាមក​ក្រសួង​ហិរញ្ញវត្ថុ​ដក​ចេញ​ពី​បញ្ជីខ្មៅ​បាន»៕