លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹង បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួន៣ថ្ងៃនៅចុងសប្តាហ៍នេះដើម្បី ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាអប់រំដល់និស្សិតស្ត្រី តែលោកស្រី នឹងមានឱកាសក្នុងការស្ទាបស្ទង់មើលពីស្ថានការណ៍នយោបាយនឹងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដែលសកម្មជនដីធ្លីជាស្រ្តី និងសកម្មជននយោបាយកំពុងជាប់ឃុំឃាំងផងដែរ។ នេះបើតាមការអះអាងរបស់មន្ត្រីស.រ.អា.។
លោកអេវិន ម៉េដេរ៉ស (Evan Medeiros) នាយកជាន់ខ្ពស់ផ្នែកកិច្ចការអាស៊ីនៃ ក្រុមប្រឹក្សាសន្តិសុខ បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានតាមប្រព័ន្ធ Conference Call កាលពីថ្ងៃច័ន្ទថា លោកស្រីអូបាម៉ានឹងមិនព្រងើយចំពោះ ស្ថានការណ៍សិទ្ធិមនុស្សទេ ក្នុងពេលលោកស្រីបំពេញទស្សនកិច្ច។ លោកបានថ្លែងតាមប្រសាសន៍ដើមថា៖
«អ្វីដែលខ្ញុំអាចបន្ថែមនោះគឺថា នៅពេលលោកស្រី (Michelle Obama) អញ្ជើញ ទៅដល់ប្រទេសកម្ពុជា លោកស្រីនឹងមានឱកាសគ្រប់គ្រាន់ក្នុងការជួបជាមួយសង្គមស៊ីវិល ដើម្បីពង្រឹងគោលគំនិតរបស់ស.រ.អា.អំពីសារៈសំខាន់នៃប្រព័ន្ធនយោបាយបើកចំហ និងចូលរួមដោយគ្រប់ភាគី ដែលអនុញ្ញាតឲ្យសង្គមស៊ីវិលដើរតួនាទីក្នុងអភិបាលកិច្ចល្អ»។
ទស្សនកិច្ចរបស់លោកស្រីអូបាម៉ាធ្វើឡើងចំពេលដែលមានការចាប់ខ្លួនសកម្មជនដីធ្លីបឹងកក់យ៉ាងតិច១១នាក់ជាស្តី្រ ចាប់ខ្លួនសកម្មជននយោបាយ បញ្ហានិទណ្ឌភាព បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាប្រើប្រាស់កម្លាំងបង្ក្រាបធ្ងន់ធ្ងរលើការតវ៉ាអហិង្សា បញ្ហារំលោភបំពានដីធ្លីជាដើម។
លោកអំ សំអាត ប្រធានក្រុមបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជារឿងគួរឲ្យរីករាយ។ លោកថ្លែងថា ប្រសិនបើលោកស្រីភរិយាប្រធានាធិបតីស.រ.អា. Michelle Obama នឹងលើក យកបញ្ហាសិទ្ធិមនុស្សមកពិភាក្សាជាមួយមន្ត្រីកម្ពុជាក្នុងដំណើរទស្សនកិច្ច ខាងមុខ លោកចង់ឃើញថា សកម្មជនជាស្ត្រីបឹងកក់ចំនួន១១នាក់ និងសកម្មជន នយោបាយជំទាស់ត្រូវបានដោះលែង។
«យើងមើលទៅរឿងរ៉ាវដែលចាប់ស្ត្រីបឹងកក់នេះគឺដោយសារតែបញ្ហាដីធ្លីនិង បញ្ហាទឹកលិច ធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់គាត់ ហើយគាត់នាំគ្នា ធ្វើការតវ៉ា។ ពួកគាត់មិនបានធ្វើអ្វីខុសនឹងច្បាប់ទេ តែផ្ទុយទៅវិញការចាប់ខ្លួន នេះធ្វើឲ្យស្ថានភាពនៃការរំលោភសិទ្ធិមនុស្សហ្នឹងវាកាន់តែធ្ងន់ធ្ងរទៅ ក្រៅពីបញ្ហាដីធ្លីនោះ»។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីមន្ត្រីក្រសួងការបរទេសកម្ពុជា តែពុំអាចទាក់ទងបានទេ។ តែទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប បានអះអាងថា ប្រទេសកម្ពុជាជាប្រទេសអធិបតេយ្យ មិនអាចមានអ្នកណាម្នាក់រំលោភបំពានបាន។
«ដូច្នេះឥស្សរជនណាមួយដែលមកលូកលាន់នៅក្នុងដែនអធិបតេយ្យភាពឬក៏ រំលោភលើការគោរពរបស់កម្ពុជា គឺទីមួយវាប្រាសចាកនឹងអ្វីដែលយើងបានចុះកិច្ចព្រមព្រៀងនៅអ.ស.ប.ក្រុងវីយ៉េន ដែលនិយាយអំពីអធិបតេយ្យភាព ស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីស ដែលមហាអំណាចទាំងឡាយត្រូវតែដកដៃចេញពីការសម្រេចនិងជម្រើសរបស់ប្រជាជនកម្ពុជា»។
លោកផៃ ស៊ីផានបានបន្តថា អ្វីដែលលោកដឹងគឺលោកស្រី Michelle Obama ជាភ្ញៀវរបស់កម្ពុជា ដែលត្រូវបំពេញទស្សនកិច្ចផ្តោតទៅលើបញ្ហាវប្បធម៌ និង ការអប់រំដល់ស្តី្រ តែការក្លែងពីគោលបំណងនៃដំណើរទស្សនកិច្ចយ៉ាងណាគឺកំពុងតែឮពេញព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Michelle Obama ជាភរិយាប្រធានាធិបតីស.រ.អា.ដំបូងគេ ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន ដែលជាប្រទេសផ្តល់ជំនួយដល់កម្ពុជាដ៏ធំនោះ លោកស្រី Michelle Obama គ្រោងនឹងអញ្ជើញមកដល់ទីក្រុងអង្គរ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំជាងគេក្នុងប្រទេសនៅថ្ងៃសុក្រខាងមុខ ហើយលោកស្រីនឹងត្រូវទទួលស្វាគមន៍ដោយលោកស្រីប៊ុន រ៉ានីហ៊ុន សែន ដែលជាភរិយារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន៕