បន្ទាប់ពីបំពេញការងារមនុស្សធម៌អស់រយៈពេល១២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ក្រុមនាវិកពេទ្យរបស់សហរដ្ឋអាមេរិកនៃនាវាពេទ្យ USNS Mercy បានចាកចេញពីកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ដោយចាត់ទុកបេសកកម្មរបស់ខ្លួនថា ជាបេសកកម្មប្រកបដោយជោគជ័យ។
ក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ក្រុមគ្រូពេទ្យទាហានអាមេរិកបានព្យាបាលប្រជាពលរដ្ឋក្រីក្រកម្ពុជា នៅតាមទីជនបទ ចំនួនជាង ២៩.០០០ នាក់ ក្នុងខេត្តចំនួនបួន គឺខេត្តកំពត កំពង់ស្ពឺ កំពង់ចាម និងខេត្តរតនគិរី។ គឺនេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។ ជំងឺដែលត្រូវបានព្យាបាលរួមមានជំងឺអាសន្នរោគ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះ ជំងឺសើស្បែករ៉ាំរ៉ៃ ជំងឺផ្លូវដង្ហើម និងជំងឺកង្វះអាហារូបត្ថម្ភជាដើម។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្ថែមថា អ្នកជំងឺកម្ពុជាចំនួន៥៣៦ នាក់ ត្រូវបានព្យាបាលនៅលើនាវាពេទ្យ USNS Mercy និងក្រុមគ្រូពេទ្យអាមេរិកាំងបានធ្វើការវះកាត់នៅលើនាវានេះចំនួន២៨៦ ករណី។
នាវាពេទ្យ USNS Mercy សហរដ្ឋអាមេរិកបានមកដល់កំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែមិថុនា បានឈប់សំចតរយៈពេលពីរសប្ដាហ៍ក្នុងប្រទេសកម្ពុជាក្នុងក្របខណ្ឌ័ នៃកិច្ចពង្រឹងទំនាក់ទំនងក្នុងតំបន់អាស៊ីប៉ាស៊ីភិក និងបង្កើនលទ្ធភាពសហការគ្នាជាមួយប្រទេសកម្ពុជា។ គ្រូពេទ្យយោធាអាមេរិក ដែលត្រូវបានចែកចេញជាពីរក្រុម បានពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តទាំងបួននេះ រហូតដល់ថ្ងៃទី២៨ ខែមិថុនា។ រាល់ការព្យាបាលទាំងនេះ ក៏មានការសហការពីក្រុមគ្រូពេទ្យយោធាកម្ពុជាផងដែរ។
លោកស្រីលីហ្ស៊ា ហ្រ្វែនឆិតទី (Lisa M. Franchetti) វរនាវីឯក មេបញ្ជាការបេសកកម្ម នៃកងនាវាពេទ្យសហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមទាហានពេទ្យសហរដ្ឋអាមេរិកត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ និងជិតស្និទ្ធពីប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីចងចាំជានិច្ចនូវមិត្តភាព និងពេលវេលាប្រកបដោយការលើកទឹកចិត្តនេះ។
ដោយឡែកលោកឧត្តមសេនីយ៍ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍នៅថ្ងៃនេះដែរថា បេសកកម្មមនុស្សធម៌របស់កងទាហានអាមេរិកនេះ បង្ហាញពីជំហានវិជ្ជមាននៃកិច្ចសហការនៃកងទព័នៃប្រទេសទាំងពីរ។ លោកសុជាតិថ្លែងថា៖
«វាបង្ហាញឲ្យឃើញនូវការរីកចម្រើនថ្មីមួយថែមទៀតនូវកិច្ចសហប្រតិបត្តិ្កការរវាងអាមេរិក និងកម្ពុជា។ ដោយឡែកបង្កើននូវទំនាក់ទំនងទ្វេភាគី រវាងកងទព័អាមេរិក និងកម្ពុជា ពិសេសលើបញ្ហាព្យាបាលរបួសជំងឺជូនប្រជាជន។ ធ្វើឲ្យកងទព័ទាំងពីរមានការផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេស រវាងគ្នាទៅវិញទៅមក»។
គួររំលឹកដែរថា ការចូលសំចតរបស់នាវាពេទ្យ USNS Mercy នេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគ្រោងនឹងប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្រុមទាហានសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរ ដែលគយអាមេរិកចាប់បានពីការជួញដូរខុសច្បាប់ចំនួនប្រាំពីរដុំឲ្យទៅរដ្ឋាភិបាលកម្ពុជាវិញ ។
ក្រៅពីការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា បេសកម្មនេះក៏មានការជួយជួសជុលសាលារៀន និងមជ្ឈមណ្ឌលកុមារ ជីកអណ្ដូងទឹកសម្រាប់ទាញយកទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងខេត្តកណ្ដាល និងខេត្តតាកែវផងដែរ៕