ភ្នំពេញ៖ កងទ័ពជើងទឹកកម្ពុជា និងសហរដ្ឋអាមេរិកច្រើនរាប់រយនាក់ បានចាប់ផ្ដើមសមយុទ្ឋរយៈពេល៦ថ្ងៃនៅទីក្រុងកំពង់ផែខេត្តព្រះស៊ីហនុ សម្រាប់ដំណាក់កាលលើកទីពីរ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបាននិយាយថា ប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងផ្នែកយោធាបន្ថែមទៀតក្រោយពីសមយុទ្ឋនេះបានបញ្ចប់។
កងទ័ពកម្ពុជា និងទាហានជើងទឹករបស់សហរដ្ឋអាមេរិកច្រើនរាប់រយនាក់ បានចាប់ផ្តើមធ្វើសមយុទ្ឋយោធាលើផ្ទៃសមុទ្រ ដោយបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
មន្រ្តីជំនួយការអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បាននិយាយនៅថ្ងៃអង្គារ៍នេះថា សមយុទ្ឋលើផ្ទៃសមុទ្រនេះ មានឈ្មោះថា CARAT ដោយផ្តោតទៅលើសន្តិសុខសុវត្ថិភាពលើផ្ទៃសមុទ្រសម្រាប់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១០ នៅក្នុងដំណាក់កាលលើកទីពីរ។
លោកបានមានប្រសាសន៍ថា ក្រៅពីការធ្វើសមយុទ្ឋយោធាលើផ្ទៃសមុទ្រ ទាហានជើងទឹក របស់សហរដ្ឋអាមេរិក បានធ្វើកិច្ចការងារមនុស្សធម៌មួយចំនួន ព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ បណ្តុះបណ្តាល និងលេងកីឡាជាលក្ខណៈមិត្តភាពជាមួយនឹងកងទ័ពកម្ពុជា។
«លំហាត់សមយុទ្ឋយោធាលើកទី២នេះ គឺប្រព្រឹត្តឡើងរយៈពេល៦ថ្ងៃ ហើយដែលការងារសំខាន់ គឺការបណ្តុះបណ្តាល ដែលផ្តល់ដោយកងនាវាចរសហរដ្ឋអាមេរិក ដល់ខាងកងនាវាជើងទឹកកម្ពុជាពាក់ព័ន្ឋ នឹងការងារជួសជុលម៉ាស៊ីន ជួសជុលនាវា ការពិនិត្យមើលសន្តិសុខផ្ទៃសមុទ្រ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ការធ្វើសមយុទ្ឋលើកនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកម្ពុជា នឹងធ្វើប្រតិបត្តិការចល័ត លើផ្ទៃសមុទ្រចំនួនមួយថ្ងៃ។
ការហ្វឹកហ្វឺនមួយទៀតនៅក្នុងកម្មវិធីរបស់ CARAT បានផ្តោតទៅលើសន្តិសុខនៃដែនសមុទ្រ ដែលរួមមាន ការមុជទឹកនិងការជួយស្រោចស្រង់សន្តិសុខកំពង់ផែ ប្រតិបត្តិការឡើងនាវាដើម្បីធ្វើការឆែកឆេរ និងឃាត់ទុកប្រតិបត្តិការយន្តហោះលើផ្ទៃសមុទ្រ។
លោកវរនាវីឯក ដេវីដវល (Daved Welg) មេបញ្ជាការងនៃក្រុមចម្រុះពិសេសលេខ៧៣.១ បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការហ្វឹកហ្វឺននេះ នឹងជួយបង្កើនទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ និងបង្កើនទំនាក់ទំនងទុកចិត្តទៅលើសមត្ថភាពគ្នាទៅវិញទៅមក។
លោកឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានបដិសេធពុំធ្វើអត្ថាធិប្បាយ។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការហ្វឹកហាត់លើកនេះ នឹងជួយបង្កើនសមត្ថភាពកងទ័ពកម្ពុជាឲ្យរឹតតែមានសមត្ថភាពខ្លាំងក្លាថែមទៀត។
«ជាមួយសហរដ្ឋអាមេរិក យើងឃើញថា មិនមែនដូចដំបូងទេ ព្រោះកន្លងមកគាត់បានសហការគ្នាមិនមែនជាសមយុទ្ឋ ប៉ុន្តែគ្រាន់តែឡើងកប៉ាល់ ជិះកប៉ាល់ជាមួយគ្នាហ្នឹង បានន័យថា រវាងកងទ័ពកម្ពុជា ជិះកប៉ាល់ ជាមួយអាមេរិក ដើម្បីសាកល្បងក្នុងការជិះលើនាវា»។
កាលពីខែកក្កដា ប្រទេសកម្ពុជា បានបើកសមយុទ្ឋយោធាពហុសាសន៍រយៈពេលពីរសប្តាហ៍នៅក្នុងខេត្តកំពង់ស្ពឺ ក្នុង គោលបំណងដើម្បីពង្រឹងការថែរក្សាសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ការធ្វើសមយុទ្ឋយោធាលក្ខណៈទ្រង់ទ្រាយធំរយៈពេលពីរសប្តាហ៍នេះ មានឈ្មោះថា ឆ្មាំអង្គរ ឆ្នាំ២០១០ ដោយមានការចូលរួមពី២៥ប្រទេសចំរុះជាតិសាសន៍ ដែលមានកងទ័ពសរុបចំនួន៧០៣នាក់ មកពីសហរដអាមេរិក ប្រទេសចិន ឥណ្ឌា អាល្លឺម៉ង់ បារាំង អូស្រា្តលី ថៃ ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងមកពីប្រទេសតុងហ្គោ ជាដើម៕