ប្រទេសកម្ពុជាប្រកាសនៅថ្ងៃសុក្រនេះថានឹងអនុវត្តច្បាប់ស្តីពីការសុំកូនចិញ្ចឹមទៅបរទេសចាប់ពីថ្ងៃទី១ ខែមេសាខាងមុខនេះ ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់បានកំណត់ថ្ងៃខែដើម្បីបន្តឡើងវិញនូវការសុំកូនចិញ្ចឹមពីប្រទេសកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបាននិយាយថាច្បាប់នេះមានគោលដៅទប់ស្កាត់ការជួញដូរមនុស្សនិងការរត់ពន្ធកុមារ។
លោកស្រីឯកអគ្គរដ្ឋទូតស៊ូសាន ហ្សាកុប (Susan Jacobs) ទីប្រឹក្សាពិសេសសម្រាប់បញ្ហាកុមារបានធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែមិនានេះដើម្បីចូលរួមប្រជុំស្វែងរកការណ៍ពិតស្តីពីការសុំកូនចិញ្ចឹមទៅបរទេស។
លោកស្រីបានជួបជាមួយមន្ត្រីរដ្ឋាភិបាលនិងតំណាងអង្គទូតនានាដើម្បីពិភាក្សាការអនុវត្តប្រកាសនិងកម្រិតនៃការគោរពតាមអនុសញ្ញាក្រុងឡាអេស្តីពីការសុំកូនចិញ្ចឹម។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថាលោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានជម្រាបលោកស្រី ស៊ូសាន ហ្សាកុបអំពីការចាប់ផ្តើមអនុវត្តច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសរបស់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសាខាងមុខនេះ។
ច្បាប់ស្មុំកូនអន្តរប្រទេសនេះបានបញ្ជាក់ថាប្រទេសជាភាគីអនុសញ្ញាក្រុងឡាអេត្រូវចុះកិច្ចព្រមព្រៀងស្តីពីការសុំកូនចិញ្ចឹមជាមួយក្រសួងសង្គមកិច្ចហើយប្រទេសមិនមែនជាភាគីអនុសញ្ញាក្រុងឡាអេត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងការបរទេសកម្ពុជា។
ច្បាប់នេះបានចែងថាអ្នកសុំកូនជាប្តីប្រពន្ធត្រូវមានអាយុយ៉ាងតិច៣០ឆ្នាំនិងយ៉ាងច្រើនបំផុត៤៥ឆ្នាំហើយកុមារដែលត្រូវសុំយកទៅចិញ្ចឹមត្រូវមានអាយុក្រោមប្រាំបីឆ្នាំ។ ប៉ុន្តែការសុំកូនចិញ្ចឹមដោយសាច់ញាតិក្មេងនោះអាចមានអាយុក្រោម១៨ឆ្នាំ។
ច្បាប់នេះបានបញ្ជាក់ថាអ្នកសុំកូនចិញ្ចឹមត្រូវជាមនុស្សមិនធ្លាប់ត្រូវបានផ្តន្ទាទោសឬកំពុងត្រូវបានប្តឹងអំពីកំហុសទាក់ទងនឹងកិរិយាមារយាទ ឬ ការប្រព្រឹត្តិបទល្មើសឧក្រិដ្ឋឬមជ្ឈិមណាមួយនៅក្នុងប្រទេសកំណើតរបស់ខ្លួនឬប្រទេសលំនៅដ្ឋានអចិន្ត្រៃយ៍ឬប្រទេសដែលខ្លួនស្នាក់នៅចុងក្រោយ។
ច្បាប់ស្មុំកូនអន្តរប្រទេសនេះបានបន្តថាអ្នកសុំកូនចិញ្ចឹមត្រូវតែជាអ្នកមានសមត្ថភាពផ្តល់ការថែរក្សាសមស្របនិងការគាំទ្រចាំបាច់ដល់កូនសុំហើយត្រូវបានអនុញ្ញាតឱ្យសុំបានលុះត្រាតែពួកគេគ្មានកូនឬមានកូនតែម្នាក់នៅក្នុងបន្ទុក។ អ្នកសុំកូនអាចសុំបានតែម្នាក់ប៉ុណ្ណោះលើកលែងតែកុមារដែលមានបងប្អូនបង្កើតអាចអនុញ្ញាតឱ្យសុំច្រើននាក់បាន។
លោកកុយ គួង បានបញ្ជាក់ថាជនបរទេសដែលប្រទេសរបស់ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជានិងមានទីភ្នាក់ងារនៅក្នុងប្រទេសកម្ពុជាហើយ ជននោះត្រូវតែដាក់ពាក្យសុំកូនចិញ្ចឹមតាមរយៈទីភ្នាក់ងារបស់ប្រទេសខ្លួន។
«យើងទប់ស្កាត់សំខាន់ការជួញដូរមនុស្សនិងការរត់ពន្ធក្មេងហើយយើងធ្វើយ៉ាងណាឱ្យក្មេងដែលទៅរស់នៅម្តាយចិញ្ចឹមនៅបរទេស នោះមានជីវភាពរស់នៅសមរម្យ ពិតជាបានរស់នៅក្នុងលក្ខណៈថ្លៃថ្នូរនិងមានសុភមង្គលពិតប្រាកដ»។
លោកស្រីឯកអគ្គរដ្ឋទូតស៊ូសាន ហ្សាកុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានៅពេលដែលប្រទេសកម្ពុជាបង្កើតប្រព័ន្ធសុខុមាលភាពកុមារហើយនឹងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបទបញ្ញត្តិសម្រាប់អនុវត្តទាក់ទងនឹងច្បាប់ថ្មីស្តីពីការសុំកូនចិញ្ចឹមទៅបរទេសនៅពេលបទបញ្ញាត្តិទាំងនេះចេញ។
លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងសរសើររដ្ឋាភិបាលកម្ពុជាចំពោះជោគជ័យសម្រេចបានកន្លងមកក្នុងការបង្កើនការការពារដល់កុមារងាយរងគ្រោះ។
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីពីការសុំកូនចិញ្ចឹមដែលមាន៥៨មាត្រានៅចុងឆ្នាំ២០០៩៕