លោកស្រី​ឡូរ៉ា រីឆាដសុន​​មក​ទស្សនកិច្ច​ស្វែងយល់​នៅ​កម្ពុជា

ជនជាតិ​ខ្មែរ​អ៊ីស្លាម​ទៅមើល​មន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង។

វ៉ាស៊ីនតោន៖ លោកស្រី​ ឡូរ៉ា រីឆាដសុន ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​នៅ ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី ​បំពេញ​ទស្សនកិច្ច​រយៈពេល​បួនថ្ងៃ​ដើម្បី​ស្វែងយល់​ពី​ស្ថាន​ភាព​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា។

យោងតាម​បុគ្គលិក​នៃ​ការិយាល័យ​របស់​លោកស្រី​រីឆាដសុន​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ថា៖

«ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​គឺ​ដើម្បី​វាយតម្លៃ​នូវ​ស្ថានភាព​នយោបាយ ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​ប្រទេស​កម្ពុជា​ ហើយក៏ដើម្បីធ្វើការ​វិភាគនូវ​សារៈសំខាន់​នៃតំបន់​នេះ​ចំពោះ​សហរដ្ឋ​អាមេរិក​ផងដែរ»។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ធ្វើឡើង​ខណៈពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា​និង​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរឡើង​ ​ហើយ​ក៏​ស្របពេល​ដែល​ប្រទេស​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើងៗ​ជាមួយ​ប្រទេស​កម្ពុជា​តាម​រយៈ​សកម្ម​ភាព​ជំនួយ​យោធា ​ការធ្វើ​ពាណិជ្ជកម្មនិង​វប្បធម៌-សង្គមកិច្ច។

លោក​ស្រី រីឆាដសុន​ត្រូវ​ជួប​ជាមួយ​មន្រ្តីក្រសួង​ការបរទេស​កម្ពុជា សហគមន៍​ជំនួញ ​ស្វែង​យល់ពី​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​និង​ជួប​ជាមួយ​មន្រ្តី​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល។​ លោកស្រី​ក៏នឹង​ទៅ​ទស្សនា​សារៈមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ ​សាលាក្តី​ខ្មែរក្រហម​ និង​ប្រាសាទ​អង្គរវត្ត​ផងដែរ​ ​នេះ​បើ​តាម​ការបញ្ជាក់​ប្រាប់​ពី​បុគ្គលិក​ការិយាល័យ​របស់​លោកស្រី​រីឆាដសុន។

ប្រទេស​កម្ពុជា​មាន​កិច្ច​សហការ​ល្អជាមួយ​សហរដ្ឋ​អាមេរិក​លើ​ការងារ​ប្រឆាំង​ភេរវកម្ម​ប៉ុន្តែ​កម្ពុជា​នៅ​តែ​ស្ថិតក្នុង​បញ្ជី​ឃ្លាំមើល​របស់​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​សកម្មភាព​ជួញដូរ​មនុស្ស។

ការិយាល័យ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារអេឡិកត្រូនិក​ថា​ ​លោកស្រី​រីឆាដសុន​នឹង​ត្រូវ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃសៅរ៍​សប្តាហ៍​នេះ។

លោកស្រី​រីឆាដសុន​គឺជា​សមាជិក​សភាមកពី​គណបក្ស​ប្រជាធិបតេយ្យប្រចាំ​តំបន់ទី៣៧នៃរដ្ឋ​កាលីហ្វញ៉ា ​ដែល​តំបន់​នេះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​នៅ​ទីក្រុង​ឡុងប៊ិច។ ​លោកស្រី​ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​សភា​ទទួលបន្ទុក​ការ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​និង​សន្តិសុខ​ជាតិ។

គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ជាង​៥០.០០០នាក់​កំពុង​រស់​នៅ ​ក្នុង​ទីក្រុង​ឡុង​ប៊ិច​សហរដ្ឋ​អាមេរិក។

លោកស្រី​រីឆាដសុន​ក៏​ទៅ​ពិនិត្យមើល​មណ្ឌល​សុខភាព​មួយ​នៅ​ ជាយក្រុង​ភ្នំពេញ​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​នៅ​ទីនោះ ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​អាមេរិកាំ​ង​ជាង​៥០នាក់​កំពុង​ត្រៀម​រៀប​ចំ​ផ្តល់​សេវា​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​ដល់​ពលរដ្ឋ​កម្ពុជា៕