សមាជិក​សភា​អាមេរិក​ជំរុញ​មេដឹកនាំ​ពិភពលោក ​និង​អាស៊ាន ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់

លោក John Sifton នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ​Human Rights Watch (សាយ មុន្នី/ VOA)

សមាជិក​សភា​អាមេរិក​ និងអ្នក​ជំនាញខាង​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ថា​ មេដឹកនាំ​ពិភពលោក​ដែល​នឹង​ជួប​ប្រជុំ​គ្នា​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​នៅ​ចុង​សប្ដាហ៍​នេះ ​និង​សប្ដាហ៍​ក្រោយ គួរ​តែ​នាំ​គ្នា​ដោះស្រាយ​ស្ថានការណ៍​ ដែល​កាន់​តែ​ធ្លាក់​ដុន​ដាប​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​គ្នា​មួយ​នៅ​ឯ​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ ដែល​រៀបចំ​ឡើង​រួម​គ្នាដោយ​មជ្ឈមណ្ឌលEast-West Center ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និង​ក្រុម​ការ​ងារ​សភា​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ាន (Congressional Caucus on ASEAN)។

សមាជិក​សភា​ និង​អ្នក​ជំនាញ​អាមេរិក​ ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​អំពី​តំបន់​អាស៊ីអាគ្នេយ៍​ និង​អាមេរិក​ នៅ​ក្នុង​អាគារ​វិមាន​សភា Rayburn House Office Building ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (សាយ មុន្នី/ VOA)

លោក​បណ្ឌិត Satu Limaye នាយក​មជ្ឈមណ្ឌល East-West Center ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA ក្រោយ​កិច្ច​ពិភាក្សា​នេះថា​ លោក​រំពឹង​ថា ​សហរដ្ឋ​អាមេរិក នឹង​បន្ត​ធ្វើ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​សប្ដាហ៍​ក្រោយ។

«‍គោលជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក​ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ ត្រូវ​បាន​គេ​ដឹង​ឭ​សុះសាយ​អស់​ទៅ​ហើយ​តាម​រយៈ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ សេចក្ដី​ប្រកាស​ព័ត៌មាន​នានា ​និង​ការ​អត្ថាធិប្បាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាដើម​ ដូច្នេះ ខ្ញុំ​អាច​ស្រមៃឃើញ​ថា យើង​នឹង​ឭ​សេចក្ដីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ»។

លោក​បណ្ឌិត Satu Limaye នាយក​មជ្ឈមណ្ឌលEast-West Center ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន (សាយ មុន្នី/ VOA)

ការ​លើកឡើង​នេះ គឺ​ចំ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ី ជា​ពិសេស​គឺ​ ការ​ចូលរួម​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC​)ក្នុង​ប្រទេស​វៀតណាម​នៅ​ចុង​សប្ដាហ៍​នេះ​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្ដាហ៍​ក្រោយ។

សមាជិក​សភា​អាមេរិក លោក Joaquin Castro ដែល​ជា​សហ​ប្រធាន​ស្ថាបនិក​នៃ​ក្រុមការងារ​សភា​ទទួល​កិច្ចការ​អាស៊ាន មាន​ប្រសាសន៍​ថា ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង មេដឹកនាំ​ពិភពលោក​ ដែល​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ នឹង​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ផង​ដែរ។

​«‍ប្រាកដ​ណាស់ ខ្ញុំ​គិត​ថា នោះ​នឹង​ក្លាយ​ជា​ប្រធានបទ​ដែល​នឹង​ត្រូវ​លើកឡើង​ជា​មិន​ខាន​រវាង​លោក​ប្រធានាធិបតី​ត្រាំ និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន»។

សមាជិក​សភា​អាមេរិក លោក Joaquin Castro ដែល​ជា​សហ​ប្រធាន​ស្ថាបនិក​នៃ​ក្រុមការងារ​សភា​ទទួល​កិច្ចការ​អាស៊ាន (សាយ មុន្នី/ VOA)

កិច្ច​ពិភាក្សា​គ្នា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ ខណៈ​ដែល​ស្ថានភាព​នយោបាយ ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន ដូចជា​វៀតណាម ភូមា ​និង​កម្ពុជា កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

នៅ​កម្ពុជា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។ ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ដៃគូ​ប្រកួតប្រជែង​យ៉ាង​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច។​

​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ចែក​ចាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នេះ អង្គការHuman Rights Watch បាន​អំពាវនាវ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ដែល​មក​ជួប​ជុំ​គ្នាក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​តំបន់​អាស៊ី​នេះ ដោះស្រាយ​វិបត្តិ​និង​ស្ថានការណ៍​ដែល​កាន់តែ​ធ្លាក់​ដុនដាប​នៅ​ក្នុង​ប្រទេស​វៀតណាម ភូមា និង​កម្ពុជា។

លោក John Sifton នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ​Human Rights Watch ​មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯ​កិច្ច​ពិភាក្សា​នេះថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា ប្រហែល​ជា​មើល​ឃើញ​ថា រដ្ឋាភិបាល​អាមេរិក ហាក់​មិន​ចាប់អារម្មណ៍​ ឬ​មិន​ចង់​ប្រឡូក​នឹង​បញ្ហា​កម្ពុជា​ក៏​ដោយ ក៏​លោក​ថា មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត អាច​និយាយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ឲ្យ​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែរ។

«‍ទោះបី​ជា​សហរដ្ឋ​អាមេរិក មិន​ចង់​ក៏​ដោយ រដ្ឋាភិបាល​កាណាដា​ ក៏​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទាំង​នោះ រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ក៏​នៅ​ទី​នោះ រដ្ឋាភិបាល​អូស្ត្រាលី និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​ទៅ​ចូល​រួម​ដែរ​ ដូច្នេះ​មេដឹកនាំ​ទាំង​នេះ អាច​ជួប​គ្នា ហើយ​និយាយ​ជាមួយ​ លោក ហ៊ុន សែន »។

សមាជិក​សភា​ និង​អ្នក​ជំនាញ​អាមេរិក​ ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​អំពី​តំបន់​អាស៊ីអាគ្នេយ៍​ និង​អាមេរិក​ នៅ​ក្នុង​អាគារ​វិមាន​សភា Rayburn House Office Building ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (សាយ មុន្នី/ VOA)

នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល​របស់​កម្ពុជា គ្រោង​នឹង​បើកសវនាការ​សម្រេច​ថា​តើ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​តាម​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល​ដែរ​ ឬ​យ៉ាង​ណា។

លោក John Sifton ថ្លែង​បន្តថា បើ​គណបក្ស​ប្រឆាំង​ នឹង​ត្រូវ​បាន​រំលាយ​មែន​ នោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ នឹង​ខ្វះ​ភាព​ស្រប​ច្បាប់​ និង​ខ្វះ​ការ​ទទួលស្គាល់​ជា​អន្តរជាតិ។

«‍បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​គឺ ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អាច​ប្រមូល​ផ្តុំ​គ្នា​ ហើយ​រួម​គ្នា​និយាយ​ជាមួយ​លោក ហ៊ុន សែន​ថា​បើ​គាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​មែន​នោះ សហគមន៍​អន្តរជាតិ​ នឹង​មិន​អាច​ចាត់​ទុក​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ថា​ ជា​ការ​បោះឆ្នោត​ដែល​សេរី​ និង​ត្រឹមត្រូវ​នោះ​បាន​ទេ។ ហើយ​បើ​លោក​ ហ៊ុន សែន​ ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ម្ដង​ទៀត​នៅ​ក្នុង​ការបោះឆ្នោត​នោះ ដែល​មិនមែន​ជា​ការ​បោះឆ្នោត​ដ៏​ពិតប្រាកដ​ តែ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​មួយ​នោះ នោះ​គាត់​ នឹង​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ ទទួល​ស្គាល់​ថា​ជា​មេដឹកនាំ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រឹម​ត្រូវ​ស្រប​ច្បាប់​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ឡើយ»។

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​មក​ពី​សហរដ្ឋ​អាមេរិក ចិន ជប៉ុន រុស្សី កាណាដា អូស្ត្រាលី និង​ម៉ិកស៊ិក នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​ដាណាង ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​នេះ ហើយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា ហើយ​បន្ទាប់​មក​ មេដឹកនាំ​ភាគច្រើន​ នឹង​បន្ត​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​១៤ ខែ​វិច្ឆិកា​ទៀត។​

អាស៊ាន​ មាន​ចំនួន​ពលរដ្ឋ​សរុប​រួម​ជាង​ ៦០០​លាន​នាក់​ និង​ផលទុន​ក្នុងស្រុក​សរុប​រួម​គ្នា​មាន​ជាង​២,៤ ​លាន​លាន​ដុល្លារ​អាមេរិក។

​សមាគម​អាស៊ាន​មាន​សមាជិក​១០​ប្រទេស​រួម​មាន​ ប្រ៊ុយណេ ភូមា កម្ពុជា ឡាវ វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​និង​សិង្ហបុរី៕