ក្រុមមន្រ្តីការពារជាតិពីប្រទេសជប៉ុន និង សហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជំរុញអ្វីដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានហៅថាជាការបង្កើនជាប្រវត្តិសាស្ត្រនូវសម្ព័ន្ធភាពនៃប្រទេសទាំងពីរ។
កិច្ចពិភាក្សាដែលគេហៅថា «២បូក២» នេះនឹងនិយាយអំពីការរារាំងបន្ថែមដែលជាពាក្យមួយ គេយកមកប្រើប្រាស់ដើម្បីពិពណ៌នាអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ និងកម្លាំងមិនមែននុយក្លេអ៊ែរ ដើម្បីរារាំងចំពោះការវាយប្រហារលើសម្ព័ន្ធមិត្ត។ នេះបើតាមក្រសួងការបរទេសជប៉ុនកាលពីថ្ងៃចន្ទ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken ក៏នឹងធ្វើការពិភាក្សាគ្នាជាទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន អ្នកស្រី Yoko Kamikawa ក្នុងអំឡុងទស្សនកិច្ចរបស់លោក។ ចំណែកលោករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin វិញ នឹងធ្វើការពិភាក្សាត្រីភាគីជាមួយសមភាគីរបស់លោក ពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង។
កាលពីខែមេសា រដ្ឋាភិបាលក្រុងតូក្យូ និង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីពង្រឹងចំណងទាក់ទងរបស់ប្រទេសទាំងពីរ ដែលលោក Biden បានហៅថា ជាការបង្កើនឋានៈយ៉ាងសំខាន់ជាទីបំផុត ចាប់តាំងពីសហរដ្ឋអាមេរិក បានចងសម្ព័ន្ធភាពជាមួយប្រទេសជប៉ុន ក្រោយពេលប្រទេសទាំងពីរបានចុះហត្ថលេខាដំបូងនៅឆ្នាំ១៩៥១។
កិច្ចប្រឹងប្រែងទាំងនេះ មានរួមការពង្រឹងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅថែមទៀត រវាងឧស្សាហកម្មការពារជាតិ និង ការបង្កើនហេដ្ឋារចនាសម្ព័ន្ធបញ្ជាការយោធា ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ល្អប្រសើរថែមទៀត ខណៈដែលប្រទេសទាំងពីរស្វែងរកវិធីដើម្បីរារាំងការគំរាមកំហែងក្នុងតំបន់ដែលប្រទេសទាំងពីរយល់ឃើញថាមកពីប្រទេសចិន កូរ៉េខាងជើង ហើយនិងរុស្ស៊ី៕