ក្រុមហ៊ុនវិនិយោគទុនធំៗរបស់សហរដ្ឋអាមេរិកកំពុងសំឡឹងមើលមកទីផ្សារប្រទេស កម្ពុជាដើម្បីស្វែងរកលទ្ធភាពក្នុងការវិនិយោគនៅទីផ្សារដែលកំពុងតែមានសក្តានុពលល្អនេះ។
យោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាជំនួញរបស់អាមេរិកនិងអាស៊ាន (US-ABC) គឺថា ក្រុមប្រតិភូពាណិជ្ជកម្មមួយនឹងធ្វើដំណើរទៅប្រទេសកម្ពុជាពី ថ្ងៃទី១៤ដល់១៥ខែមិថុនាដើម្បីជាការជួយឱ្យបានប្រសើរឡើងនូវ បរិយាកាសធ្វើវិនិយោគក្នុងប្រទេសកម្ពុជានិងជាឱកាសស្វែងយល់ បន្ថែមពីទីផ្សារសម្រាប់ក្រុមហ៊ុនថ្មីៗមួយចំនួន។
លោក Anthony Nelson អ្នកគ្រប់គ្រង ផ្នែកព័តមាននិងទទួលបន្ទុកកិច្ចការប្រទេសកម្ពុជានៃក្រុមប្រឹក្សា ជំនួញរបស់អាមេរិកនិងអាស៊ាន បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយមុនការចេញដំណើរនេះថា ដំណើរលើកនេះមានក្រុមហ៊ុនចូលរួមច្រើនជាងគេបំផុត ចាប់តាំងពីមានការរៀបចំដំណើររបៀបនេះជារៀងរាល់ឆ្នាំមក។
“យើងមានក្រុមហ៊ុនមកពីច្រើនវិស័យ គឺមានក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជាមួយរយៈមកហើយ។ មានក្រុមហ៊ុនខ្លះទើបនឹងចាប់ផ្តើមបោះទុនវិនិយោគនៅទីនោះ និងមានក្រុមហ៊ុនខ្លះដែលកំពុងសំឡឹងមើលថាតើមានឱកាសវិនិយោគទុន បែបណានៅប្រទេសកម្ពុជា”។
ក្រុមប្រតិភូនេះដឹកនាំដោយលោក Alexander Feldman ប្រធាន ក្រុមប្រឹក្សាជំនួញអាមេរិកាំងនិងអាស៊ាន ហើយចូលរួមដោយក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិកចំនួន៨ មានដូចជាក្រុមហ៊ុនប្រេង Chevron ក្រុមហ៊ុន Bunge ដែលមានជំនាញខាងជំនួញកសិកម្មនិងម្ហូបអាហារ ក្រុមហ៊ុនឋាមពល Conoco Phillips ក្រុមហ៊ុន General Dynamics ដែលមានជំនាញខាងផលិតគ្រឿងចក្រធំៗ ក្រុមហ៊ុនអគ្គិសនី General Electric ក្រុមហ៊ុនថែរក្សាសុខភាពនិងឱសថ Johnson and Johnson ក្រុមហ៊ុនកំព្យូទ័រ IBM និងក្រុមហ៊ុន JP Morgan ដែលមានជំនាញខាងហិរញ្ញវត្ថុនិងធនាគារ។
លោក Rob Doolittle មន្ត្រីព័ត៌មាននៃក្រុមហ៊ុន General Dynamics បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថានេះជាលើកដំបូងហើយដែលមានតំណាងមកពីក្រុមហ៊ុន General Dynamics មក បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងគោលបំណងស្វែងយល់ពីសភាពការណ៍ជំនួញ ប៉ុន្តែនៅពុំទាន់ដឹងថាត្រូវមានចំណាប់អារម្មណ៍លើផ្នែកណាមួយនៅឡើយទេ។
ប្រតិភូនេះ មានគម្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានៅក្រសួងជាច្រើន មានដូចជាទីស្តីការគណរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មជាដើម។
ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅមិនទាន់មាន តុល្យភាពនៅឡើយទេ។ តួលេខចុងក្រោយឱ្យដឹងថាប្រទេសកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិក មានចំនួនជាងពីរពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈពេលដែលសហរដ្ឋអាមេរិកនាំទំនិញចូលកម្ពុជាមានមិនដល់២០០លាន ដុល្លារផង។
ក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងមកជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិក លោក ប៉ាន សុរសក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាប្រទេសកម្ពុជាមាន សក្តានុពលល្អជាច្រើនសម្រាប់វិនិយោគិនអាមេរិកាំងយកទៅពិចារណា។
“យើងអាចទាញនូវវិនិយោគិនមួយចំនួនក្នុងផ្នែកព័ត៌មានវិទ្យា ហើយទីពីរជំរុញក្នុងរឿងធ្វើឱ្យទំនើបកម្ម ការផលិតអង្ករដែលជាកិច្ចការមួយដែលសហរដ្ឋអាមេរិកអាចធ្វើវិនិយោគទុនលើការផលិតដើម្បីឱ្យយើងបានតាមទាន់ស្តង់ដាអន្តរជាតិ ដោយសារអង្ករយើង អាចផលិតបានជាង២លានតោនក្នុងមួយឆ្នាំលើសតម្រូវការ ដែលយើងអាចនាំយកចេញបាន ហើយមានកិច្ចការមួយចំនួនទៀតដែលយើង(ធ្វើ) សហការជាមួយសហរដ្ឋអាមេរិកបាន គឺកិច្ចការជំរុញនូវសេវាកម្មទេសចរដែលយើងអាចជំរុញនូវអាកាសចរទៅវិញទៅមកបាន"។
បរិយាកាសនៃការធ្វើវិនិយោគនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា នៅមានការប្រលូកប្រលាក់ទៅដោយអំពើពុករលួយ ការិយាធិបតេយ្យនិយម ប៉ុន្តែក្រុមអ្នករៀបចំដំណើរទស្សនកិច្ចនេះយល់ថាសក្តានុពល សេដ្ឋកិច្ចសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជាគឺកំពុងឈានឡើងល្អ ហើយកម្ពុជាគឺជាកន្លែងមួយគួរឱ្យរំភើបនិងចាប់អារម្មណ៍ធ្វើពាណិជ្ជកម្ម៕