សហរដ្ឋ​អាមេរិក​មាន​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ឯកសារ​សម្ងាត់​តាម​គេហទំព័រ​វិគីលីកស៍

ចាប់​តាំងពី​ថ្ងៃអង្គារ​មក​គេហទំព័រ​វីគីលីកស៍​បាន​បញ្ចេញ​ឯកសារ​ដែល​ជា​​ ទូរសារ​សម្ងាត់​​ធ្លាយ​ចេញ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ ​សរុប​ចំនួន​៧៧៧​ឯកសារ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្កោលទោស​ចំពោះ​ការ​បញ្ចេញ​ព័ត៌មានសម្ងាត់ដែល​ធ្លាយ​ពីស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​ភ្នំពេញ លើ​គេហទំព័រវីគីលីកស៍ (Wikileaks) ​ហើយ​ព្រមាន​ថា​ ការ​បង្ហាញ​ព័ត៌មាន​បែបនេះ​គ្រោះថ្នាក់​ណាស់។ ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​ធ្វើ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជាកោះ​ហៅមន្ដ្រី​ទូត​អាមេរិក​ឲ្យ​ចូល​បំភ្លឺ​ភ្លាមៗកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ កក្កដា ឆ្នាំ​២០១១​នេះ។

ចាប់​តាំងពី​ថ្ងៃអង្គារ​មក​គេហទំព័រ​វីគីលីកស៍​បាន​បញ្ចេញ​ឯកសារ​ដែល​ជាទូរសារ​សម្ងាត់ធ្លាយ​ចេញ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ​សរុប​ចំនួន​៧៧៧​ឯកសារ។ ឯកសារ​ទាំង​នោះ​ផ្តោត​លើ​ការដឹកនាំ​ និង​របត់​នយោបាយ​របស់​កម្ពុជា។ ឯកសារ​ទាំងនេះ​ទាក់ទង​ច្រើន​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច ​នយោបាយ​ បញ្ហា​នៃ​ការ​ឡើង​ស្នង​រាជ្យ ​ការ​លូក​ដៃ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​អនុ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ចូល​ក្នុង​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរីកម្មករ​ និង​តំណាង​កម្មករ​ដែលមិន​អាច​រក​ឃាតករ​ពិតប្រាកដ​ឃើញ។ ក្រៅពីនោះ​វីគីលីកស៍ ក៏​បាន​ទម្លាយ​ចេញ​នូវ​ទូរសារ​ដែល​បរិយាយ​ទំនាក់ទំនង​កម្ពុជា​ក្នុង​សមាគម​អាស៊ាន​ បញ្ហា​សាលាក្ដី​ខ្មែរ​ក្រហម និង​ទស្សនវិស័យ​កម្ពុជា​ចំពោះមេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ភូមា​ជា​ដើម។

លោក​ ម៉ាក វិនិហ្ក (Mark Wenig) អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ ​បាន​និយាយ​ក្នុង​សារអេឡេចត្រូនិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ការ​បញ្ចេញ​ព័ត៌មាន​របស់រដ្ឋាភិបាល​អាមេរិក​ដោយ​មានការ​គិតទុក​ជាមុន ​និង​ដោយ​មិន​មាន​ការ​អនុញ្ញាត»។

មន្រ្ដី​អ្នក​នាំពាក្យ​ដដែល​ថ្លែង​ថា ការ​បញ្ចេញ​ព័ត៌មាន​បែបនេះ​ធ្វើ​ប្រជាពលរដ្ឋ​រស់​ក្នុង​គ្រោះ​ថ្នាក់ ជា​ការគម្រាម​ដល់​សន្ដិសុខជាតិ ​និង​ធ្វើ​ឲ្យ​អន្ដរាយ​ដល់​កិច្ច​ខិតខំប្រឹងប្រែងរបស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើ​ការងារ​ជាមួយ​បណ្ដា​ប្រទេស​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​រួម និង​ជម្រុញ​ការ​រីក​ចម្រើន​ក្នុង​គោលដៅរួម។

សហរដ្ឋ​អាមេរិក​គឺ​ជា​ម្ចាស់​ជំនួយ​មួយ​របស់​កម្ពុជា។ ក្រៅពី​ជំនួយ​មនុស្សធម៌​សម្រាប់​ជន​ស៊ីវិល​សហរដ្ឋ​អាមេរិក​ក៏​បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​វិស័យ​យោធា​មួយ​ចំនួន​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

សារ​សម្ងាត់​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​វីគីលីកស៍ ​ចាប់​ពី​ខែ​មិនា​ ឆ្នាំ​១៩៩២ ​ដល់​ខែ​កុម្ភៈ​ឆ្នាំ ​២០១០បង្ហាញ​ថា​ សហរដ្ឋ​អាមរិក​បាន​ព្យាយាម​ស្វែង​រកតុល្យភាព​ជាមួយ​ចិន នៅ​កម្ពុជា ​ដោយសហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​ការរីកកាន់​តែ​ធំ​នូវ​អំ​ណាច​របស់​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន។

អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោក ម៉ាក វិនិហ្ក ចាត់ទុក​ថា ​ការ​ទម្លាយព័ត៌មាន​នេះមិនមែន​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ផល​ប្រយោជន៍​នយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិកប៉ុណ្ណោះ​ទេ ​ប៉ុន្ដែ​គឺ​ជា​ការ​វាយប្រហារ​សហគម​អន្តរជាតិ​ សម្ពន្ធ័ភាព​ និង​ភាព​ជា​ដៃគូ​ក្នុងការការពារសន្ដិសុខ​រួម ​ការ​លើក​តម្កើង​លទ្ធិប្រជា​ធិបតេយ្យ ​សិទ្ធិមនុស្ស ​និង​ការជំរុញ​ការ​លូត​លាស់​សេដ្ឋកិច្ច​ទៀត​ផង។

ឧបនាយក​រដ្ឋមន្ដ្រី​ ​និង​ជារដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា ​លោក ហោ ​ណាំហុង ​បាន​កោះ​ហៅ​ ភារធារី​ស្ដីទី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក​ ចេហ្វ ដេហ្កល (Jeff Daigle) កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្នើឲ្យមាន​ការពន្យល់​ពាក់ព័ន្ធ​នឹង​ការ​ធ្លាយ​សារសម្ងាត់​តាម​គេហទំព័រ​វិគីលីកស៍​នេះ​។

លោក​កុយ​ គួង ​អនុ​រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ការបរទេស​មាន​ប្រសាសន៍​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា ​មន្រ្ដី​ជាន់​ខ្ពស់​ទូត​អាមេរិក​បាន​បញ្ជាក់​ថា ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​មិនមែន​ជាជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ ​ហើយ​ព័ត៌មាន​នោះ​មិនពិត​ទាំងស្រុង​ទេ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ដ្រី​ ហោ ​ណាំហុង ​បាន​កោះ​ហៅ​ភារធារី​ស្ដីទី​ស្ថានទូត​សហរដ្ឋ​អាមេរិកដើម្បី​មក​បំភ្លឺ​បញ្ហា​ខ្លះ។​ ក្នុង​ជំនួប​នោះ​ភារធារី​ស្ដីទី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​បាន​បញ្ជាក់ច្បាស់​ថា ព័ត៌មាន​តាម​វីឃីលីកស៍​នោះ​ភាគច្រើន​ជា​ព័ត៌មាន​បុគ្គល។ មិន​បាន​បង្ហាញ​ពី​ជំហរ​ ឬ​នយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ»។

វីគីលីកស៍​ជា​បណ្ដាញ​ព័ត៌មាន​មួយ​ត្រូវ​បាន​អះអាង​ថា​ មាន​ឯកសារសម្ងាត់​របស់​ប្រទេស​មួយ​ចំនួនក្នុងពិភពលោកជាង​មួយលាន​ឯកសារ​ដែល​ក្នុង​នោះ​ក៏​មាន​ឯកសារ​ផ្ទៃ​ក្នុង​របស់​អាមេរិក​ផង​ដែរ។ វីគីលីកស៍​បាន​ស្រង់​ការ​បរិយាយ​របស់​មន្ដ្រី​ការទូត​អាមេរិកនៅ​រាជធានី​ភ្នំពេញ​ស្តី​អំពី​ការ​ដឹកនាំ​របស់​លោក​ ហោ ណាំហុង​នៅ​គុក​បឹង​ត្របែកក្នុង​សម័យខ្មែរ​ក្រហ​ម។ គេហទំព័រ​នោះ​ក៏​បង្ហាញ​អំពី​ដំណើរការ​ចរចារ​វាង​កម្ពុជា​ និង​ថៃ​លើ​ការ​កំណត់ព្រំដែន​ទឹក ​និង​គោក​ឆ្នាំ ​២០០៧។ លើស​ពី​នេះ គេហទំព័រ​វីគីលីកស៍ ក៏​បាន​លើក​ឡើង​អំពី​ជម្លោះផ្ទៃក្នុង​នៃ​គណបក្សប្រជាជនកម្ពុជា​រវាង​ភាគី​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន ​និង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស​ ខេង ​និង​ជម្លោះ​រវាង​លោក​ហេង ពៅ ​អតីត​ស្នងការ​នគបាល​ក្រុង​ភ្នំពេញ​ដែល​ត្រូវ​តុលាការ​របស់​រដ្ឋបាល​លោកនាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន​ កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ និង​លោក​ហុក ឡងឌី ​អតីតអគ្គ​ស្នងការ​នគបាល​ជាតិ​ដែល​បាន​ទទួល​មរណភាព​ក្នុង​ឧបទ្ទវហតុធ្លាក់​ឧត្ថម្ភាគចក្រ​ប៉ុន្មាន​ឆ្នាំ​មុននេះ។​ គេហទំព័រវិគីលីកស៍ក៏​បាន​លាត​ត្រដាង​ផង​ដែរ​ពី​ជម្លោះ​ដីធ្លី​រវាង​ក្រុម​ប្រជាពរដ្ឋ​ក្រីក្រ​ទល់នឹង​អ្នក​មាន​អំណាច ​និង​អ្នក​មាន​លុយនៅ​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​១២​ភាគរយ ហើយ​ជម្លោះ​កាន់តែ​កើន​ឡើង។

ទោះជា​មាន​ការ​ធ្លាយ​ព័ត៌មាន​នេះ​ក្តី ទាំង​ខាង​ភាគី​កម្ពុជា ​និង​ភាគី​សហរដ្ឋ​អាមេរិក​មិន​បានអះ​អាង​ពី​ភាព​ល្អក់​កករ​ផ្នែក​ការទូត​ទេ។

លោក កុយ គួង​ បញ្ជាក់​ថា​ ក្រោយ​ពី​ជំនួប​រវាង​លោក​ហោ ណាំហុង​ ជាមួយ​នឹង​ភារធារី​ស្ដីទី​ស្ថានទូតសហរដ្ឋ​អាមេរិក​មក ប្រទេស​ទាំង​ពីរ​នៅ​តែ​រ​ក្សា​ទំនាក់​ទំនល្អរបស់​ខ្លួន។​ លោក​ថ្លែង​ថា៖

«ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា ហើយ​ថា​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទេ ដែល​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​កំពុង​តែ​រីក​ចម្រើន​មាន​លក្ខណៈ​ទូលំ​ទូលាយ»៕