ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​សិល្បៈករ​ខ្មែរ ស្នើ​ឱ្យ​មាន​ការការពារ​កម្ម​សិទ្ធិ​បញ្ញា​ឱ្យ​រឹងមាំ​ថែម​ទៀត

កញ្ញា Nikki Nikki អ្នកគ្រប់គ្រងរបស់នាងលោក Brendan Gallagher ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក William Heidt និងភរិយាអ្នកស្រី Sothy Heidt ថតរូបជាមួយភ្ញៀវកិត្តិយសផ្សេងទៀតក្នុងកិច្ចពិភាក្សាស្តីពីកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មតន្រ្តីកម្ពុជាដែលប្រព្រឹត្តនៅមជ្ឈមណ្ឌលបូផាណា ដើម្បីអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

ស្ថានទូត​ស.រ.អា និង​សិល្បៈករ​កម្ពុជា​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការនិពន្ធ​បទ​ចម្រៀង​ថ្មី ដោយ​មិន​ថត​ចម្លង​ពី​មនុស្ស ឬ ប្រទេស​ដទៃ ​បន្ថែម​លើ​ការការពារ​កម្មសិទ្ធិ​បញ្ញា​ដ៏​រឹងមាំ​នៅ​ម្ពុជា។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​សិល្បៈករ​កម្ពុជា​ផលិត​បទ​ចម្រៀង​ថ្មី​ ​បាន​ចែក​រំលែក​បទពិសោធន៍​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​កម្ម​សិទ្ធិ​បញ្ញា​ ​និង​ឧស្សាហកម្ម​តន្រ្តី​កម្ពុជា​ ​ដើម្បី​អបអរ​ទិវា​កម្ម​សិទ្ធិបញ្ញា​ពិភពលោក។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ ​មាន​ការ​រំពឹង​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ការអនុវត្ត​កម្មសិទ្ធិបញ្ញា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​អ្នក​សិល្បៈ​ផលិត​បទ​ចម្រៀង​ថ្មី​ ​នៅ​សប្តាហ៍​នេះ​បាន​ប្រារព្ធ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក​ ​ដោយ​រំពឹង​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ពីការ​តែង​និពន្ធ​ថ្មីៗ​ ​ដោយ​មិន​មាន​ការ​ថតចម្លង។

កម្រងរូបភាព៖ «ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអ្នកសិល្បៈផលិតបទចម្រៀងថ្មីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក»

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​សិល្បៈករ​កម្ពុជា​ផលិត​បទ​ចម្រៀង​ថ្មី​ ​បាន​ចែក​រំលែក​មតិ​ ​និង​បទ​ពិសោធន៍​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​កម្ម​សិទ្ធិ​បញ្ញា​ ​និង​ឧស្សាហកម្ម​តន្រ្តី​កម្ពុជា ដើម្បី​អបអរ​ទិវា​កម្ម​សិទ្ធិ​បញ្ញាពិភព​លោក​ ​នៅ​មជ្ឈ​មណ្ឌល​បុប្ផា​ណា​ ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ពាក់​ព័ន្ធ​នឹង​កម្ម​សិទ្ធិ​បញ្ញា​ ​ព្រម​ទាំង​អ្នក​សិល្បៈ​ ​និង​ផលិត​ករ​ជាតិ​ ​អន្តរជាតិមួយ​ចំនួន​ទៀត។​

លោក​ ​William A. Heidt​ ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែង​ថា​ ​កម្ម​សិទ្ធិ​បញ្ញា​កំពុង​ត្រូវ​បាន​អនុវត្តនៅ​ទូ​ទាំង​ពិភព​លោក រួម​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។​ ​លោក​បន្ថែម​ថា​ ​ការពង្រឹង​ការការពារ​កម្ម​សិទ្ធិ​បញ្ញា​ពីការ​លួច​ចម្លង នឹង​ធ្វើ​ឲ្យ​អ្នក​ផលិត និង​អ្នក​ពាក់​ព័ន្ធ​ទទួល​បាន​ផល​ប្រយោជន៍។

លោក​ ​William A. Heidt ​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«ការ​លួច​ចម្លងកម្ម​សិទ្ធិ​បញ្ញា​ ​នឹង​ធ្វើ​ឲ្យ​សិល្បករ​ ​ក៏​ដូចជា​ក្រុម​ហ៊ុន​ផលិត​មិន​មាន​ភាព​រីក​ចម្រើន​នោះ​ទេ។ ហើយ​ជាការ​ពិត​ណាស់ ប្រសិន​បើ​មាន​ការ​ការពារ​កម្ម​សិទ្ធិ​បញ្ញា​ដ៏​រឹងមាំ​នៅ​ម្ពុជា នោះ​អ្នក​បង្កើត​ស្នា​ដៃ​ដែល​ជា​ផលិត​ផល​ដើម​ ​ពួក​គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍។​ ​ប្រសិន​បើ​ពួក​គេ​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​ដូច្នេះ​បរិយាកាស​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​ជុំ​វិញ​ពិភពលោក​ក៏​ទទួល​បាន​ប្រយោជន៍ ពី​ព្រោះមនុស្ស​នឹង​ឃើញ​ផលិត​ផល​ខ្មែរ​ទាំង​អស់​នេះ»។

កញ្ញា​ ​Nikki Nikki​ ​អ្នក​ចម្រៀង​បទនិពន្ធ​ថ្មី​មួយ​រូប​ ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​កម្ម​សិទ្ធិ​បញ្ហា​ពិភព​លោក​នោះ​លើក​ឡើង​ថា​ ​កញ្ញា​មាន​មោទនភាព​ក្នុង​នាមជា​អ្នក​ចម្រៀង​មួយ​រូប​ដែល​បាន​បង្កើត​បទ​ចម្រៀង​ថ្មីៗ​ ​មិន​ចម្លងពីគេជា​ច្រើន​បទ។​ ​កញ្ញា​បន្ថែម​ថា​ ​បើ​ទោះ​បីជាបទ​ចម្រៀង​របស់​កញ្ញា​មិន ត្រូវ​បាន​គេ​លួច​ចម្លងក្តី​ ​ប៉ុន្តែ​កញ្ញា​ថា​ ​ការ​លួច​ចម្លងការ​តែង​និពន្ធ​ ​ឬ​បទ​ចម្រៀង​របស់​អ្នក​ដទៃ ឬ​ពី​បរទេស​ ​នៅ​កម្ពុជា នៅ​តែជា​បញ្ហា​ដែល​កំពុង​កើត​មាន​ ​និង​គួរ​ឲ្យ​បារម្ភ។

កញ្ញា​ ​Nikki Nikki​ ​បន្ថែម​ថា​ ​ការ​តែង​និពន្ធ​ថ្មី​ដោយ​ខ្លួន​ឯង​ ​គឺជា​ផ្នែក​មួយ​ដែល​អាច​ជួយ​លើក​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

កញ្ញា​បញ្ជាក់​ថា៖​

«ពី​ដើម​ឡើយ​គឺ​យើង​ ​Copy [ចម្លង] បទ​ចម្រៀង​ច្រើន​ ​អញ្ចឹង​ទៅ​ទី១​យើង​អត់​បាន​បង្កើត​អី​ដែល​ជា​របស់​យើង​ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​គឺ​យើង​លួច​របស់​គេ។​ ​អ៊ីចឹង ឥឡូវ​ហ្នឹង​ដោយ​សារ​យើង​មាន​ ​Original Lyric​ ​[អត្ថបទ​ដើម]​ ​ច្រើន​ ​ដែល​គាត់​កំពុង​តែង​និពន្ធ​ចម្រៀង​ខ្លួន​ឯង​អញ្ចឹង​ ​ខ្ញុំ​គិត​ថាវា​សំខាន់​ណាស់​សម្រាប់​ស្រុក​ខ្មែរ​យើង​ ​វា​ជួយ​លើក​មុខ​មាត់​ប្រទេស​យើង​ ​វា​ជួយ​ផ្តល់​បទ​ពិសោធន៍​សម្រាប់​ពួក​យើង​ ​កុំ​ឲ្យ​ថា​យើង​អ្នក​ចម្រៀង​ចេះ​ច្រៀង​តែ​មួយ​មុខ​ ​យើង​ចេះ​លេង​ភ្លេង​ ​ចេះ​តែង​និពន្ធ​អី​អញ្ចឹង​ទៅ ដើម្បី​ឲ្យ​តម្លៃ​របស់​ពួក​យើង​វា​ឡើង​ទៅ​តាម​ហ្នឹង​ដែរ»។

កម្ម​សិទ្ធិ​បញ្ញា​នៅ​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជាពី​ប្រភេទ​ធំៗ​ ​គឺ​កម្ម​សិទ្ធិ​ឧស្សាហកម្ម​ ​និង​សិទ្ធិ​អ្នក​និពន្ធ។​

ចាប់​តាំង​ពី​អំឡុង​ដើម​ទសវត្ស​ឆ្នាំ​២០០០មក​ ​ការ​លួច​ចម្លងស្នា​ដៃ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​អ្នក​និពន្ធ បាន​និង​កំពុង​កើត​មាន​យ៉ាង​ចម្រូង​ចម្រាស​នៅ​កម្ពុជា។​ ​ការ​លួច​ចម្លង​ទាំង​នោះ​កើត​ឡើង​ក្រោម​រូបភាព​ពីរ​យ៉ាង​ ​គឺ​ការ​លួច​ទាំង​ស្រុង និង​ការ​លួច​ចម្លង​បែប​សិទ្ធិ​ប្រហាក់​ប្រហែល ដូច​ជាការ​កែ​សាច់​រឿង​អត្ថបទ បទ​ភ្លេង​ ​ឬ​អត្ថន័យ​បទ​ចម្រៀង​របស់​គេ​យកមក​សរសេរ​បន្ថែម​បន្ថយ មក​ធ្វើ​ជា​របស់​ខ្លួន​ឯង​ជា​ដើម​។

លោក​ ​ចំរើន ចំរុង​ ​ប្រធាន​ការិយាល័យ​គ្រប់​គ្រង​សិទ្ធិ​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​ដែល​បាន​ចូល​រួម​ក្នុង​ទិវា​កម្ម​សិទ្ធិ​បញ្ញាពិភព​លោក​នោះ​ដែរ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​ប្រាប់​ថា​ ​មិន​មាន​ការ​អនុញ្ញា​តពីថ្នាក់​លើ​ ​ដើម្បី​ផ្តល់​សម្ភាសន៍។

យ៉ាង​ណា​ក៏​ដោយ​ ​បើ​តាម​ច្បាប់​ស្តីពី​កម្ម​សិទ្ធិ​បញ្ហា​ ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​អ្នក​និពន្ធ​ ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ​ការ​រំលោភ​លើសិទ្ធិ​ទាំង​នេះ​ ​នឹង​ត្រូវ​ប្រឈម​ការ​ពិន័យជា​ប្រាក់​ពី៥លាន​រៀល​ ​ទៅ​២៥លាន​រៀល​ ​និង​អាច​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោសពី៦ខែ​ ​ដល់​១ឆ្នាំ៕