ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ត្រូវ​បាន​ជំរុញ​ឲ្យ​លើក​ឡើង​អំពី​ការ​​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរ​ព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក Mahendra Siregar ក្រោយ​ជំនួប​របស់​ពួកគេ ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

អ្នក​នយោបាយ​និង​មន្រ្តីសិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​អនុ​រដ្ឋមន្រ្តីនៃ​ក្រសួង​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman ​លើក​ឡើង​ពី​ការ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​និង​ដោះ​លែង​អ្នក​នយោបាយឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត នៅ​ពេល​អ្នក​ស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

​អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ការ​បរ​ទេស​អាមេរិកដែល​គេ​ដឹង​ថា​ជា​មន្រ្តី​លំដាប់​លេខ​២​នៅ​ក្រសួង​ការ​បរទេស នឹង​មកបំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​ភ្នំពេញ ​នា​ថ្ងៃ​អង្គារ ដែល​អ្នកស្រី​គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​រយៈ​ពេល​១០​ថ្ងៃ ទៅ​កាន់​ទ្វីប​អឺរ៉ុប​និង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​ថ្លែង​ថា​អ្នកស្រី Sherman​ ត្រូវ​តែ​រិះគន់​ជា​សាធារណៈ​និង​ខ្លាំងៗ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​លោក​ថា​ បាន​«បំផ្លាញ​ទាំង​ស្រុង»​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សិទ្ធិ​មនុស្ស ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ជា​ជាង​ការ​ប្រើ​ប្រាស់​វិធី​ទន់​ភ្លន់។

លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ទាម​ទារ​ឲ្យ​បញ្ចប់​បណ្តឹង​តុលា​ការ​ប្រឆាំង​អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ការ​ចោទ​ប្រកាន់​ថា​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ផង​ដែរ។

សម្រាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​មិន​មាន​ក្តី​សង្ឃឹម​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​ធំ​ដុំ​អ្វី​នោះ​ទេ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​វិល​ត្រឡប់​ទៅ​ស្ថាន​ភាព​ដើម​វិញ ហើយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។

រូបឯកសារ៖ ពលរដ្ឋ​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ជាមួយ​នឹង​ព្រះសង្ឃ​ពី​ខេត្ត​ស្វាយរៀង នៅ​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​និង​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា«គណ​បក្ស​កែ​ទម្រង់​កម្ពុជា»​ចង់​ឃើញ​ជំនួប​រវាង​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​រូប​នេះ​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។ លោក​ថា​ជំនួប​រវាង​មន្រ្តី​រូប​នេះ​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ក្នុង​នោះ​មានលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផង​នោះ នឹង​មិន​មាន​សម្ពាធ​អ្វី​ធំ​ដុំ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មើលឃើញ​ថា​មិន​ដឹង​ថា​មក​ក្នុង​គោល​បំណង​ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ក៏​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​ មុន​ការ​បោះ​ឆ្នោត​អី​នៅ​ប្រទេស​យើង​ទេ​ណា។ ខ្ញុំ​មើល​អត់​ឃើញ​អញ្ចឹង​ទេ»។

លោក​បន្ថែម​ថា៖ «ទស្សនៈ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​សូវ​មានសង្ឃឹម​អី​ធំដុំ​ទេ គ្រាន់​តែ​ថាការ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នេះ​អាច​ជា​មុខ​មាត់របស់​កម្ពុជា​ខ្លះ​ហើយ អាច​ជា​ការ​បង្ហាញ​ថាគេ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​កម្ពុជា​ខ្លះ​ហើយពី​ទំនាក់​ទំនង​រវាង​សហ​រដ្ឋអាមេរិកនិង​កម្ពុជា​ហ្នឹង ដូច្នេះ​អាច​អ្នក​នយោបាយ​ខ្មែរ​ហ្នឹងពិចារណា​ពី​ការ​បន្ទន់​ឥរិយាបថ​ដាក់​គ្នា​រវាង​ខ្មែរ​និង​អាមេរិក​ហ្នឹង»។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​អាមេរិក​ក៏​បាន​«ព្រងើយ»​លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​ពី​មាន​ការ​រំលាយ​បក្ស​ប្រឆាំង។ ប៉ុន្តែ​លោក​ថាតម្លៃ​របស់​អាមេរិក គឺ​ចង់​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ការ​អភិ​វឌ្ឍ ដោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។

ចំណែក​លោក ផាន់ ច័ន្ទ​សាក់ អតីត​មន្រ្តី​បក្ស​ប្រឆាំង​ដែលបាន​ទទួល​សិទ្ធិធ្វើនយោបាយ​ឡើង​វិញ​ដែរ មាន​ប្រសាសន៍​ថា​នេះ​ជា​«ជម្រើស​ដ៏​ល្អ​មួយ​»ដែល​អនុ​រដ្ឋមន្រ្តី​ការបរទេស​រូប​នោះ​មក​កម្ពុជា​ក្នុង​ពេល​នេះ ដែលលទ្ធិ​ប្រជាធិប​តេយ្យកម្ពុជាបានធ្លាក់​ចុះ។ លោក​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ដោយ​មាន​ការ​ប្រកួត​ប្រជែង​ពី​បក្ស​ប្រឆាំង និង​ការ​ឈ្នះ​ឆ្នោត​«ដោយ​កិត្តិយស»។

លោក​បញ្ជាក់​ថា៖ «ចំណុច​នេះ គណបក្ស​ប្រជាជន​ចង់​បាន​កិត្តិយស ព្រោះ​ការ​បោះ​ឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្រប់​គណ​បក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ការ​កិត្តិយស​ទាំង​អស់​គ្នា​ ជា​ពិសេស​គឺ​គណ​បក្ស​កាន់​អំណាច​តែ​ម្តង។ គឺ​ជា​គណបក្ស​មួយ​ដែល​ត្រូវ​ការ​ដឹកនាំ​ដោយ​កិត្តិយស​ ហើយ​ត្រូវ​ការ​ឈ្នះ​ឆ្នោត​ដោយ​កិត្តិ​យស​ ហើយ​ត្រូវ​ការ​កិត្តិយស​ពី​ការ​បោះ​ឆ្នោត»។

លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រា​ចារ្យ​ខាង​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៃ​មហា​វិទ្យា​ល័យ ​Occidental College ​ក្នុង​ទីក្រុង ​Los Ange​les​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ដំណើរ​ទស្សនកិច្ច​និង​ជំនួប​នេះ​ជា​«សញ្ញា​ល្អ​មួយ​ដែល​ទីក្រុង​វ៉ាស៊ីន​តោន​ត្រឡប់​មក​កម្ពុជា​វិញ»។

លោក​ប្រាប់​VOAតាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ ​«វា​មាន​សារ​សំខាន់​ដែល​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អ្នកស្រី Wendy Sherman ជំរុញ​ខ្លាំង​ក្លា​ករណី​ដែ​ល​ទីក្រុង​វ៉ាស៊ីន​តោន​កំពុង​តែ​តាម​ដាន​កម្ពុជា ហើយ​មិន​ចូលចិត្ត​អ្វី​ដែល​កើត​ឡើង[ក្នុង​ប្រទេស​កម្ពុជា] ហើយ[សហ​រដ្ឋអាមេរិក]កំពុង​មើល​ឃើញ»។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

លោក​បន្ថែម​ថា​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​អាច​លើក​ឡើង​បញ្ហា​លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស បញ្ហា​លោក កឹម សុខា នៅ​បន្ត​ជាប់​បណ្តឹង​តុលាការ ​និង​ឥទ្ធិ​ពល​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ពីរ​រូប​ គឺ​លោក Alan Lowenthal​ និង​លោក Steve Chabot បាន​ស្នើ​ក្នុង​លិខិត​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឲ្យ​មន្រ្តី​ការ​បរទេស​អាមេរិក​រូប​នេះ ជំរុញឲ្យ​កម្ពុជា​ដាក់​ដំណើរ​ការគណ​បក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០​២២។ ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​អះអាង​ថា​ការ​លើក​ឡើង​ថា​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភស្តុតាង​រឹងមាំ​ទាល់​តែ​សោះ។

លោក ​Chad Roedemeier​ អ្នក​នំា​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជាបាន​បដិសេធ​មិន​អត្ថាធិប្បាយថា​តើ​នឹង​មាន​ជំនួប​រវាង​អនុ​រដ្ឋមន្រ្តី​ការបរទេសអាមេរិកជាមួយ លោក កឹម សុខា ឬ​យ៉ាង​ណា​ទេ។ លោក​ក៏​បដិសេធ​មិន​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​នានា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ជំនួប​ខាង​មុខ​ផង​ដែរ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា​ការ​ជួប​គ្នា​ជា​រឿង​ប្រសើរ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខ្លះ​«ដែល​មិន​យល់​គ្នា» ប៉ុន្តែ​លោក​ថា​ជំនួប​នេះ​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​អ្វី​មកលើ​កម្ពុជា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «មាន​រឿង​អី​មក​ដាក់​សម្ពាធ​លើ​កម្ពុជា? មក​ពី​យក្ស​ មក​ពី​ព្រះ​ឥន្ទ​ណា​ក៏​ដោយ ក៏​មិន​អាច​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ដែរ»។

អ្នក​នាំ​ពាក្យ​រូប​នោះរំឭក​ថា​កាលអតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ លោក​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​ទោស​អ្នក​នយោបាយ​នៅ​កម្ពុជា​ ប៉ុន្តែ​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​នៅ​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោ​បាយ​នោះ​ទេ គឺ​មាន​តែអ្នក​នយោបាយ​ដែលបំពាន​ច្បាប់​តែ​ប៉ុណ្ណោះ៕