រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានឆ្លងជំងឺកូវីដ១៩ ស្របពេលដែលការឆ្លងដោយវីរុសកូរូណាបំប្លែងថ្មីអូមីក្រុង កំពុងវាយលុកខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Austin មានរោគសញ្ញាបន្តិចបន្តួច ហើយនឹងធ្វើចត្តឡីស័កនៅផ្ទះចំនួន៥ថ្ងៃ ក្នុងពេលខាងមុខនេះ។
លោក Austin បាននិយាយថា លោកបានចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញផងដែរ ដែលបានជួយលោកមិនឲ្យមានការឆ្លងធ្ងន់ធ្ងរ។
លោកបានបន្ថែមទៀតថា «វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មានប្រសិទ្ធិភាព ហើយនៅតែជាតម្រូវការសម្រាប់កងទ័ពអាមេរិកទាំងអស់។ ខ្ញុំបន្តលើកទឹកចិត្តដល់អ្នកទាំងអស់ ដែលត្រូវទទួលវ៉ាក់សាំងដូសជំរុញត្រូវទៅចាក់ឲ្យបានរួសរាន់»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ និយាយថា លោកបានទាក់ទងចុងក្រោយបង្អស់ជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅ គឺរយៈពេលជាងមួយសប្តាហ៍មុនពេលលោកចាប់ផ្តើមមានរោគសញ្ញា និងបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន នៅព្រឹកនោះ។
លោក Austin នឹងនៅកាន់តំណែងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងចូលរួមកិច្ចប្រជុំ និងការពិភាក្សាសំខាន់ៗនានាតាមប្រព័ន្ធអនឡាញ ដែលលោកអាចធ្វើបាន។ នេះ បើតាមការបញ្ជាក់របស់លោកនៅក្នុងសេចក្តីថ្លែងការណ៍នោះ។
លោក Austin ជាមន្ត្រីជាន់ខ្ពស់អាមេរិកចុងក្រុងបង្អស់ដែលឆ្លងជំងឺកូវីដ១៩ ខណៈដែលការឆ្លងដោយវីរុសបំប្លែងខ្លួនអូមីក្រុង កំពុងហក់ឡើងខ្ពស់ក្នុងកំណត់ត្រាមួយមិនដែលមានកាលពីមុន។
សមាជិកសភាអាមេរិកសំខាន់ៗមួយចំនួនក្នុងពេលថ្មីៗនេះ ក៏បានប្រាប់ឲ្យដឹងផងដែរថា ពួកគេបានធ្វើតេស្តឃើញមានវិជ្ជមាននៃជំងឺកូវីដ១៩។ អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki ក៏បានឆ្លងជំងឺកូវីដ១៩ ផងដែរ កាលពីខែតុលា ឆ្នាំមុន៕