សហរដ្ឋអាមេរិកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដែលប្រទេសកម្ពុជាកំពុងរៀបចំនោះនឹងមិនបម្រើផលប្រយោជន៍អ្វីទេ ហើយបានសម្តែងការព្រួយបារម្ភចំពោះការខិតខំជំរុញច្បាប់នេះទៅមុខទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃសុក្រនៅទីក្រុងវ៉ាស៊ីនតោនក្នុងឱកាសចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១០ លោក Michael Postner ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ច្បាប់អង្គការនេះនឹងធ្វើឱ្យអង្គការសង្គមស៊ីវិលកាន់តែជួបការលំបាកក្នុងការអនុវត្តការងាររបស់ពួកគេ។
លោក Postner ក៏បានបញ្ជាក់ដែរថា ដូចកម្ពុជាដែរគឺមានប្រទេសជាង៩០បានអនុម័តច្បាប់ឬបទប្បញ្ញត្តិដែលកម្រិតសេរីភាពរបស់អង្គការសង្គមស៊ីវិល។
«ខ្ញុំយល់ថា ជាតំណាងឱ្យនិន្នាការនេះដែលខ្ញុំបាននិយាយរួចមកហើយ គឺនៅទីណាដែលរដ្ឋាភិបាលមិនសប្បាយចិត្តនឹងអ្នករិះគន់ហើយ ដូច្នេះពួកគេបានសម្រេចចិត្តធ្វើឱ្យមានការលំបាក និងស្ទើរតែមិនឱ្យអ្នកទាំងនោះធ្វើការកើត»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន ដែលមានដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អង្គការលើកលែងទោសអន្តរជាតិនិងអង្គការ Global Witness ក៏បានស្នើសុំឱ្យរដ្ឋាភិបាលលុបចោលច្បាប់ដ៏ចម្រូងចម្រាសនេះដែរ។
ពួកគេបានលើកឡើងថា ច្បាប់នេះនឹងបង្កជាឧបសគ្គដល់ការចុះបញ្ជីឈ្មោះអង្គការណាដែលរដ្ឋាភិបាលមិនពេញចិត្ត ហើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះគឺអង្គការសង្គមស៊ីវិលបានចូលរួមចំណែកដល់ការស្តារប្រទេសកម្ពុជាឡើងវិញ។ ពួកគេក៏សម្តែងការព្រួយបារម្ភថា ច្បាប់នេះអាចនឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍដែលមានកន្លងមកនេះ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនបង្ហាញជំហរដកថយឡើយ។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា ច្បាប់នេះនឹងនៅ តែដំណើរការទៅមុខទៀត ព្រោះវាស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
«ការបង្កើតច្បាប់នេះគឺមិនបានកម្រិតសេរីភាពអ្វីទេ គឺធានានូវការអនុវត្តប្រតិបត្តិការរបស់អង្គការសមាគម សង្គមស៊ីវិលឱ្យមានភាពរលូន ហើយឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អរវាងរដ្ឋាភិបាលកម្ពុជាជាមួយអង្គការទាំងនោះ ដូច្នេះហើយគ្មានហេតុផលណាមួយដែលត្រូវដកច្បាប់នេះចេញវិញទេ។ គឺអត់មានទេ»។
នៅក្នុងរបាយការណ៍៤២ទំព័រដែលសំឡឹងមើលស្ថានភាពសិទ្ធិមនុស្សក្នុងឆ្នាំ២០១០នៅ ប្រទេសកម្ពុជាក៏បានបង្ហាញថា កងកម្លាំងប្រដាប់អាវុធកម្ពុជានៅតែបាញ់សម្លាប់មនុស្សតាមទំនើងចិត្តនិងមិនទទួលទោសពៃរ៍អ្វីឡើយ ជម្លោះដីធ្លី និងការបង្ខំប្រជាពលរដ្ឋចេញពីដីធ្លីដោយហិង្សានៅតែបន្តកើតមាន ហើយសេរីភាពនៃការបញ្ចេញមតិត្រូវបានរដ្ឋាភិបាលរឹតបន្តឹងដោយការប្តឹងផ្តល់ទៅតុលាការដោយចោទពីបទផ្សាយព័ត៌មានមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះ។
របាយការណ៍ក៏បានរៀបរាប់យ៉ាងវែងអំពីករណីរំលោភបំពានលើអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងដែលមានដូចជាលោកស្រីមួរ សុខហួរ ដែលមានរឿងក្តីក្តាំជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងករណីរបស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំទាក់ទងនឹងរឿងព្រំដែនជាមួយប្រទេសវៀតណាម។
លោក Michael Postner ក៏សម្តែងនូវការព្រួយបារម្ភចំពោះការរឹតត្បិតទៅលើក្រុមគណបក្សប្រឆាំងនៅប្រទេសកម្ពុជាផងដែរ។
«ការណ៍ពិតដែលថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌមិនបានឯករាជ្យ ហើយការណ៍ពិតដែលថា រដ្ឋាភិបាលមិនមានអារម្មណ៍ស្រួលជាមួយនឹងក្រុមអ្នកប្រឆាំង បើទោះបីអ្នកនោះជាបក្សប្រឆាំងឬក៏ក្រុមសិទ្ធិមនុស្សក៏ដោយ គឺធ្វើឱ្យយើងមានការព្រួយបារម្ភ»។
ក្រសួងការបរទេសកម្ពុជានៅតែការពារស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួនដោយបញ្ជាក់ថា មានការរីកចម្រើនទៅមុខជានិច្ច។
លោកកុយ គួងបានបញ្ជាក់បន្ថែមដូច្នេះថា៖
«ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើងជារួមគឺមានលក្ខណៈល្អ។ បើទោះបីជាមានបញ្ហាបន្តិចបន្តួចអ្វីក៏ដោយ ក៏យើងកំពុងតែធ្វើដំណើរឆ្ពោះទៅធ្វើឱ្យស្ថានការណ៍នេះកាន់តែល្អប្រសើរឡើងជាលំដាប់»។
បើទោះបីជាមិនទាន់បញ្ជាក់ជំហរថា តើវានឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឬយ៉ាងណានោះ ក៏ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបន្តតាមដានស្ថានភាពសិទ្ធិមនុស្សកម្ពុជានិងជាពិសេសគឺច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់របស់លោក Michael Postner៕