តុលាការសហរដ្ឋអាមេរិកបានសម្រេចតាមការស្នើសុំរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតក្នុងការសុំឱ្យលើកលែងបណ្តឹងប្រឆាំងនឹងលោកដោយហេតុផលថាអ្នកប្រគល់ដីកាកោះមិនបានយកមកឱ្យលោកឱ្យបានត្រឹមត្រូវតាមនីតិវិធីទេ។ នេះបើតាមឯកសារតុលាការដែលវីអូអេទទួលបាននៅថ្ងៃអង្គារនេះ។
ប៉ុន្តែដើមបណ្តឹងប្តេជ្ញាថានឹងដាក់ពាក្យសុំបន្តសំណុំរឿងនេះរហូតដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្នុងដីកាសម្រេចកាលពីថ្ងៃច័ន្ទដែលមាន១៧ទំព័រហើយរៀបរាប់លម្អិតពីដំណើរការរឿងក្តីនេះដោយផ្អែកលើបណ្តឹងជំទាស់របស់លោក ហ៊ុន ម៉ាណែតនាយរងសេនាធិការចម្រុះនៃកងយោធពលខេមភូមិន្ទ ដែលក្នុងនោះលោកបានអះអាងថាលោកមិនដែលបានទទួលដីកាកោះទេ។
ចៅក្រម George Wu នៃតុលាការជាន់ទាបប្រចាំរដ្ឋកាលីហ្វញ៉ាបានយោងហេតុផលនៃការសម្រេចនេះថាដើមបណ្តឹងបានខកខានមិនអាចផ្តល់ភស្តុតាងណាមួយដែលបញ្ជាក់ថាលោកហ៊ុន ម៉ាណែតព្យាយាមគេចពីការទទួលដីកាកោះឬបានដឹងពីខ្លឹមសារនៅក្នុងឯកសារដែលអ្នកប្រគល់ដីកាព្យាយាមប្រគល់ថាជាពាក្យបណ្តឹងទេហើយដូច្នេះគឺមិនបានត្រឹមត្រូវតាមនីតិវិធីនៃការប្រគល់ឯកសារដល់លោក ហ៊ុន ម៉ាណែតទេ។
សាលក្រមនេះបានសម្រេចថា៖
«ដោយផ្អែកតាមហេតុផលខាងលើនិងការសម្រេចក្នុងពេលកន្លងមកគឺតុលាការផ្តល់ជូនតាមញត្តិរបស់ចុងចម្លើយម៉ាណែតក្នុងការសុំលើកលែងបណ្តឹងនេះចោលនិងឱ្យលោករួចផុតពីចំណាត់ការផ្លូវច្បាប់»។
តុលាការក៏កំណត់ពេលឱ្យភាគីដើមបណ្តឹងនិងចុងចម្លើយជួបគ្នានៅថ្ងៃទី១ខែឧសភាដើម្បីពិនិត្យមើលរបាយការណ៍រួមគ្នាហើយកែសម្រួលពាក្យបណ្តឹងឡើងវិញ។
លោក មាជ សុវណ្ណារ៉ា និងភរិយាជេមី មាជព្រមទាំងកូនស្រីទាំងបីនាក់របស់គាត់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកហ៊ុន ម៉ាណែតនាយរងសេនាធិការចម្រុះនៃកងយោធពលខេមភូមិន្ទនិងរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០១៦នៅតុលាការរដ្ឋកាលីហ្វញ៉ា។ បណ្តឹងនោះចោទប្រកាន់ពីការធ្វើទារុណកម្ម អំពើភេរវកម្ម ការឃុំឃាំងដោយខុសច្បាប់និងការវាយធ្វើបាបជាដើម។ លោកមាជ សុវណ្ណារ៉ាដែលជាអតីតប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិកំពុងតែជាប់ពន្ធនាគាររយៈពេល២០ឆ្នាំដោយសារតែបានចូលរួមក្នុងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ក្នុងពេលដែលមានការជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
អ្នកស្រីជេមី មាជបានបញ្ជាក់ថាអ្នកស្រី សុខចិត្តទទួលយកការសម្រេចរបស់តុលាការប៉ុន្តែសម្តែងនូវការខកចិត្ត។
«នៅពេលដែលនាងខ្ញុំបានទទួលដំណឹងពីចៅក្រមគឺនាងខ្ញុំមានអារម្មណ៍ថាសោកស្តាយ»។
អ្នកស្រីបន្ថែមថាដើមបណ្តឹងនឹងព្យាយាមប្រគល់ដីកានេះទៅលោកហ៊ុនម៉ាណែតម្តងទៀតពេលដែលលោកមកដល់ទឹកដីសហរដ្ឋអាមេរិកក្នុងពេលខាងមុខហើយក្នុងពេលដែលរង់ចាំនេះគឺដើមបណ្តឹងនឹងបន្តការប្តឹងលើរាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីបន្ថែមថា៖ «ពាក្យបណ្តឹងដែលយើងដាក់ទៅគឺយើងប្តឹងរដ្ឋាភិបាលលោកហ៊ុនសែននិងកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែត។ អីចឹងការដែលយើងប្តឹងប្រទេសមួយនឹងប្រទេសមួយគេមិនអាចអនុម័តឱ្យយើងដាក់នៅក្នុងរដ្ឋកាលីហ្វញ៉ានេះទេ។ អីចឹងយើងនឹងដាក់ពាក្យបណ្តឹងបន្តនៅខាងរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី ព្រោះគេថាយើងប្តឹងប្រទេសមួយនឹងប្រទេសមួយគឺប្តឹងនៅតុលាការវ៉ាស៊ីនតោនឌីស៊ី អីចឹងយើងនឹងបង្វែរសំណុំរឿងហ្នឹងទៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ីនៅពេលឆាប់ៗនេះ»។
លោក Paul Hayes ជាអ្នកប្រគល់ដីកាកោះត្រូវបានគេវាយឱ្យរបួសពេលដែលលោកព្យាយាមប្រគល់ឯកសារបណ្តឹងដល់លោកហ៊ុន ម៉ាណែតនៅភោជនីយដ្ឋានឡាលូនកាលពីថ្ងៃទី៩ខែមេសាឆ្នាំមុន។
នៅក្នុងសវនាការស្តីពីភស្តុតាងដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះមានសាក្សីសំខាន់ចំនួនបីនាក់ដែលចូលមកឆ្លើយបំភ្លឺក្នុងនោះមានលោកសាន គឹមហុង និងលោកនួន ខាវី ដែលជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋកាលីហ្វញ៉ា។ ក្រុមមេធាវីដើមបណ្តឹងសង្ឃឹមថានឹងបញ្ចុះបញ្ចូលឱ្យតុលាការជឿថាសាក្សីទាំងពីរស្ថិតនៅក្បែរលោកហ៊ុន ម៉ាណែតក្នុងពេលដែលកើតហេតុនោះព្រោះសំអាងលើភស្តុតាងរូបថតដែលថតបានដោយអ្នកចូលរួមក្នុងពិធីនោះ។ ប៉ុន្តែសាក្សីទាំងពីរបានបដិសេធថាពួកគេមិនបានដឹងពីការព្យាយាមប្រគល់ដីកាកោះឱ្យលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតទេ។ ហើយសាក្សីឈ្មោះសានគឹមហុងថែមទាំងបដិសេធថាខ្លួនមិនដែលស្គាល់លោកហ៊ុន ម៉ាណែតផង។ នេះបើតាមឯកសាររបស់តុលាការ។
សាលក្រមបានបន្ថែមថា៖
«ផ្អែកលើភស្តុតាងដែលបានបង្ហាញនៅសវនាការកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១៧និងដំណើរការផ្សេងទៀតស្តីពីញត្តិសូមឱ្យលើកលែង តុលាការរកឃើញថាដើមបណ្តឹងបានខកខានក្នុងការផ្តល់ភស្តុតាងណាមួយដែលបញ្ជាក់ថាលោកម៉ាណែត និងភ្នាក់ងារណាមួយរបស់គាត់ដើរតួនាទីក្នុងការវាយប្រហារមកលើលោកHayes ឬក៏ថាទាំងលោកម៉ាណែតនិងភ្នាក់ងាររបស់គាត់បានដឹងថាលោក Hayes ព្យាយាមប្រគល់ដីកាកោះទៅឱ្យលោកម៉ាណែតទេនៅ យប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៦នោះ»៕