សមាជិកសភាស.រ.អា.ចម្រុះគណបក្សគឺលោក Alan Lowenthal និង Steve Chabot បានរិះគន់ធ្ងន់ៗលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការបណ្តេញចេញអង្គការស.រ.អា.មួយគឺ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងការរិតបណ្តឹងសេរីភាពបញ្ចេញមិតិនិងសេរីភាពសារព័ត៌មាន ដោយបានទទូចដល់សហគមន៍អន្តរជាតិមានវិធានការណ៍អំពីរឿងនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់លោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័ញ៉ា (California) និង Steve Chabotនៃគណបក្សសាធារណ:រដ្ឋ មកពីរដ្ឋអូហៃយ៉ូ (Ohio) ដែលយកចិត្តទុកដាក់ពីបញ្ហាកម្ពុជា ហើយដែលVOAទទួលបានបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ក្នុងអំឡុងពេលនៃការគ្រប់គ្រងអំណាចជាង៣០ឆ្នាំ រដ្ឋាភិបាលលោកហ៊ុន សែនបានប្រមូលផ្តុំអំណាចជាប្រវត្តិសាស្ត្រដ៏យូរលង់ ដើម្បីបំបិតសម្លេងក្រុមអ្នករិះគន់ ទាំងខាងក្នុងនិងខាងក្រៅប្រទេស។ ហើយការបណ្តេញអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក NDI គឺជាករណីមួយបន្ថែមទៀតក្នុងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ ដ៏យូរមកហើយដោយរដ្ឋាភិបាលលោកហ៊ុន សែន ជាពិសេសគឺតម្រង់គោលដៅទៅលើក្រុមដែលប្តេជ្ញាចំពោះ សេរីភាពបញ្ចេញមតិ និង តម្លាភាព»។
ការរំលោភបំពានទាំងនេះ ទោះមិនមែនជារឿងថ្មីក្តី តែវាជាក្តីបារម្ភចំពោះដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។
សមាជិកទាំងពីរដែលជាសហប្រធាន គណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) បានទទូចដល់សហគមន៍អន្តរជាតិថា៖«សហគមន៍អន្តរជាតិត្រូវតែប្រឆាំងជាមួយនឹងរដ្ឋាភិបាលលោកហ៊ុន សែនអំពីការព្យាយាមកាត់បន្ថយសេរីភាពរបស់ពលរដ្ឋខ្មែរ។ ប្រទេសកម្ពុជាមានសិទ្ធិទទួលបានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ»។
សេចក្តីថ្លែងការណ៍នេះកើតឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានសម្រេចបណ្តេញអង្គការ NDI ពីកម្ពុជា និងគំរាមបិទកាសែត The Cambodia Daily ហើយនឹងការកៀបសង្កត់អង្គការ និង បណ្តាញព័ត៌មាននានាដូចជា វិទ្យុ VOA និង RFA តាមរយៈពន្ធដារ និងច្បាប់ទម្លាប់៕