សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបានដាក់សំណើច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលខ្មែរណាដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យរបស់សមាជិកសភាលោក Alan Lownthal ដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
សំណើច្បាប់នេះត្រូវបានស្នើឡើងដោយសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យលោក Alan Lowenthal ដែលជាសហប្រធាននៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា និងសមាជិកសភាខាងគណបក្សសាធារណរដ្ឋលោក Ted Yoho ដែលជាប្រធាននៃអនុគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា។
សេចក្ដីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា សំណើច្បាប់នេះទទួលបានការគាំទ្រពីសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋលោក Ed Royce ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យលោក Eliot Engel ដែលជាអនុប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោក Brad Sherman ដែលជាសមាជិកជាន់ខ្ពស់នៃអនុគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា និងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋលោក Steve Chabot ដែលជាសហប្រធាននៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា។
សំណើច្បាប់លេខ ៥៧៥៤ ដែលហៅថា «ច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨» នេះ ស្នើឲ្យមាន «ការផ្អឹបទ្រព្យសម្បត្តិទាំងអស់នៅក្នុងសហរដ្ឋអាមេរិក រារាំងដំណើរការដកដាក់ប្រាក់ទាំងអស់ជាមួយនឹងសហរដ្ឋអាមេរិក និងមិនអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ មន្ត្រីយោធាកម្ពុជាជាន់ខ្ពស់ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធកម្ពុជាជាន់ខ្ពស់ណា ដែលប្រធានាធិបតីអាមេរិកបានកំណត់ថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យយ៉ាងយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «របបដឹកនាំកម្ពុជាសព្វថ្ងៃនេះបានគំរាមកំហែង វាយប្រហារ ចាប់អ្នករិះគន់ដាក់ពន្ធនាគារ និងរារាំងទាំងស្រុងមិនឲ្យគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងការបោះឆ្នោត។ របបដឹកនាំកម្ពុជាសព្វថ្ងៃនេះបានបំផ្លាញសារព័ត៌មានសេរី និងឯករាជ្យនៅក្នុងប្រទេសកម្ពុជា បណ្ដេញអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួនចេញពីប្រទេស និងបំផ្លាញប្រព័ន្ធតុលាការជាតិដើម្បីធ្វើកិច្ចការអាក្រក់ៗរបស់ខ្លួន។ វាដល់ពេលដែលលោក ហ៊ុន សែន ត្រូវទទួលលទ្ធផលអាក្រក់សម្រាប់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ដែលទើបនឹងចាប់ផ្ដើមដុះពន្លកនៅក្នុងប្រទេសកម្ពុជាហើយ»។
សេចក្ដីប្រកាសព័ត៌មាននោះបានបន្ថែមទៀតថា ការដាក់ទណ្ឌកម្ម និងការរារាំងការធ្វើដំណើរនេះនឹងចូលជាធរមាននៅក្នុងអំឡុងពេល ១៨០ ថ្ងៃ ក្រោយពីសំណើច្បាប់នេះត្រូវបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក៕