ខ្មែរ​នៅ​អាមេរិក​ធ្វើ​បុណ្យ​ប្រមូល​ប្រាក់​ជូន​ជន​រង​គ្រោះ​ស្ពាន​ពេជ្រ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ពិធី​បុណ្យ​​កាន់​ទុក្ខ​៧​ថ្ងៃ​សម្រាប់​ជន​រង​គ្រោះ​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​ស្ពាន​ពេជ្រ​ នៅ​វត្ត​ពុទ្ធិការ៉ាម​ជាយ​ក្រុង។

កាល​ពីយប់ថ្ងៃ​អាទិត្យ​ទី​២៨ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​ ត្រូវនឹង​ព្រឹក ថ្ងៃច័ន្ទ ទី​២៩ ខែវិច្ឆិកា (ម៉ោង​នៅ​ប្រទេស​កម្ពុជា) ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពុទ្ធិការ៉ាម​ ក្នុង​រដ្ឋ ​Maryland​ សហ​រដ្ឋ​អាមេរិក​ ​បាន​រៀបចំ​ពិធី​បុណ្យរៃអង្គាស​ប្រាក់។​ ខាង​ក្រោម​នេះ​គឺ​ជា​សំណួរចម្លើយ​រវាង​នាងលី ម៉ូរីវ៉ាន់ ​និង​លោក​អ៊ឹម សុធារិទ្ធ​ ​ចូល​រួម​ក្នុង​ពិធី​នោះ ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖

សំណួរ៖ ​ខ្ញុំ​ឮ​ថា​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​នៅ​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​រៀប​ចំ​ពិធី​មួយ​នៅ​វត្ត​ពុទ្ធិការ៉ាម​ រដ្ឋ​ ​Maryland។ ​តើ​ពិធី​នោះ​ធ្វើ​ក្នុង​គោល​បំណង​អ្វី?

ចម្លើយ៖​ បាទ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០​ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ពុទ្ធិការ៉ាម ​ក្នុង​រដ្ឋ​ ​Maryland ​សហ​រដ្ឋ​អាមេរិក ​បាន​ជួប​ជុំ​គ្នា​រៀបចំ​ប្រារព្ធ​ពិធី​ខួប​គម្រប់​៧​ថ្ងៃ​ ឧទ្ទិស​មគ្គ​ផល​ជូន​ដល់​អ្នក​ទទួល​មរណ​ភាព​ចំនួន​៣៥១​នាក់​ ​នៅ​ក្នុង​ឧបទ្ទវ​ហេតុនៅ​ស្ពាន​ពេជ្រ​រដ្ឋធានី​ភ្នំពេញ។ ​ពិធី​នោះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​រៃ​អង្គាស​ប្រាក់​បន្ថែម​សម្រាប់​ជួយ​ជន​រងគ្រោះ​ទាំង​នោះ​ផង​ដែរ។

សំណួរ៖​ តើ​លោករៀប​រាប់​ត្រួសៗ​អំពី​កម្មវិធី​បុណ្យ​នោះ​ផង​បាន​ទេ?

ចម្លើយ៖​ បាទ​ ​កម្ម​វិធី​បុណ្យ​នោះ​បាន​ចាប់​ផ្តើម​ឡើងចាប់​ពី​ម៉ោង​៦​យប់ ​នៅ​ពេល​ដែល​លោក​ហែម ហេង ​ឯក​អគ្គ​រាជទូត​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ ​មន្រ្តី​ស្ថានទូត​ និង​ពុទ្ធ​បរិស័ទ​មក​ពី​រដ្ឋ Maryland, ​Virginia​ និង​ក្រុង​ Washington DC ​ចំនួន​សរុប​ជិត​១០០​នាក់​ ដែល​ប្រកប​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ស្រងូត​ស្រងាត់​ ​អញ្ជើញដល់។​ ពិធី​បុណ្យចាប់​ផ្តើម​ដោយ​មានការ​បូជា​ទៀន​ធូប ​ស្មឹង​ស្មាធិ៍​១​នាទី​ ​បន្ទាប់​មកមាន​នមស្ការ​ព្រះ​រតន​ត្រ័យ​ ​សមាទាន​សីល ​មាន​សូត្រ​សុន្ទរកថា​ ​វិយោគកថា​ ​បង្សុកូល ​និង​ជយន្តោ​ ​ពហូទេវា​ឆ្លង។

សំណួរ៖​ ឮ​ថា​មាន​ការ​ប្រមូល​បច្ច័យ​ដែរ។​ តើ​ប្រមូល​បាន​ប៉ុន្មាន​ដែរ?

ចម្លើយ៖​ បាទ ​ពិធី​បុណ្យ​នោះ​រៃ​អង្គាស​ប្រាក់​បាន​២.២០៥​ដុល្លារ​ ​ហើយ​បូក​សរុប​ប្រាក់​ដែល​បាន​ផ្ញើ​ទៅ​កម្ពុជា​ហើយ​នោះ​ មាន​សរុប​ចំនួន​៤.​៩០០​ដុល្លារ។

សំណួរ៖ ​ក្រៅ​ពី​ពិធី​បុណ្យ​នេះ​ ​តើ​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ការ​រៀបចំ​ពិធី​បុណ្យ​អ្វី​ផ្សេង​ទៀត​ទេ?

ចម្លើយ៖ កាល​ពី​ល្ងាច​ថ្ងៃពុធ​ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​កម្ពុជា​ នៅ​ឯស្ថាន​ទូត​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​រៀបចំ​ពិធី​កាន់​ទុក្ខ​ ​និង​រៃ​អង្គាស​ប្រាក់​ផង​ដែរ។​ ហើយលោក​ហែម ហេង​ ឯក​អគ្គ​រដ្ឋទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ប្រចាំ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​នៅ​ឯ​វត្ត​ពុទ្ធិការ៉ាម​ថា​ ​នៅ​កន្លែងផ្សេងៗ​ ​ដូច​ជា​នៅ​ក្រុង​ Seattle​ ក្រុងLowell ក្រុង Philadelphia ក្រុង​ឡង​ប៊ិច និង​រដ្ឋ​ផ្សេងៗ​ទៀតនៅ​ក្នុង​សហរដ្ឋ​អារិក​ ក៏​មាន​ប្រារព្ធ​ពិធី​ស្រដៀង​គ្នា​នេះ​ដែរ។

លីម៉ូរីវ៉ាន់៖ ​សូម​អរគុណ​ លោក​អ៊ឹម សុធារិទ្ធ

អ៊ឹម សុធារិទ្ធ៖ បាទ​ សូម​អរគុណ​នាង​ លី​ ម៉ូរីវ៉ាន់៕