ខណៈដែលប្រទេសកម្ពុជាកំពុងប្រារព្ធខួបគម្រប់ ៦០ ឆ្នាំនៃទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក អ្នកវិភាគនយោបាយនិយាយថាប្រទេសដ៏តូចមួយនេះកាន់តែមានសារៈសំខាន់ដល់នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបណ្ឌិត Satu Limaye ប្រធានវិទ្យាស្ថានស្រាវជ្រាវ East-West Center នៅទីក្រុង Washington សហរដ្ឋអាមេរិក មានប្រសាសន៍ថា ក្រៅពីទំនាក់ទំនងការទូតដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក សមាជិកភាពរបស់ប្រទេសកម្ពុជាក្នុងសមាគមអាស៊ាន ក៏ផ្តល់នូវមធ្យោបាយមួយបន្ថែមទៀតដល់កម្ពុជាក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយនេះ។
«បើគិតអំពីរឿងប្រទេសតូចៗនៅក្នុងអាស៊ាន ការដែលប្រទេសទាំងនោះអាចមានតួនាទី មានឥទ្ធិពល មានឋានៈ ហើយអាចចូលរួមដោះស្រាយអ្វីមួយជាធ្លុងមួយនៃកម្លាំងរបស់សមាគមអាស៊ានទាំងមូល ដែលប្រទេសក្នុងសមាគមនេះកាន់តែមានសមាហារណកម្មនឹងគ្នា ហើយទាក់ទងគ្នាកាន់តែខ្លាំងនោះ នោះខ្ញុំគិតថា ការណ៍នេះនឹងជួយលើកតម្កើងតួនាទីរបស់ប្រទេសទាំងនោះក្នុងពេលអាស៊ានមានការទាក់ទងជាមួយសហរដ្ឋអាមេរិក។»
ប្រទេសកម្ពុជាបានចូលជាសមាជិកសមាគមអាស៊ាននៅឆ្នាំ ១៩៩៩ ហើយជាប្រទេសចុងក្រោយគេក្នុងចំណោមសមាជិកទាំង១០ដែលបានចូលរួមក្នុងសមាគមនេះ។ ថ្វីបើប្រទេសសមាជិកអាស៊ាននិមួយៗត្រូវបង់ប្រាក់សមាជិកភាពដំបូងចំនួនមួយលានដុល្លារ និងប្រាក់សមាជិកភាពប្រចាំឆ្នាំចំនួនជាងមួយលានដុល្លារក្តី ក៏ការចូលជាសមាជិកអង្គការតំបន់នេះ ត្រូវគេគិតថាអាចនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសសមាជិក ជាពិសេសក្នុងផ្នែកការទូតនិងពាណិជ្ជកម្មអន្តរជាតិ។ ក៏ប៉ុន្តែបញ្ហាដែលមានក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករបស់សមាជិកខ្លះ មានប្រទេសភូមាជាដើម បានធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចការការទូតរបស់សមាគមទាំងមូល។
ជារឿយៗគេឃើញមានបញ្ហាខ្វែងគំនិតមួយចំនួននៅក្នុងទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិក រួមទាំងការចោទប្រកាន់របស់កម្ពុជាក្នុងពេលកន្លងមកថាសហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងទាក់ទងនឹងសិទ្ធិមនុស្សនិងអំពើពុករលួយ ក៏ដូចជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងពេលកន្លងមកនេះ ក្នុងការផ្អាកការបញ្ជូនជំនួយជារថយន្តយោធាដល់ប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងការដែលកម្ពុជាបានចាប់បញ្ជូនជនជាតិ Uyghurs ទៅប្រទេសចិនវិញ។
លោក Satu Limaye និយាយថា ថ្វីបើបញ្ហាទាំងនេះធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងខ្លះក្តី ក្នុងបរិបទអាស៊ាន ទំនាក់ទំនងអាមេរិកជាមួយប្រទេសកម្ពុជា ក៏ដូចជាជាមួយប្រទេសលាវនិងវៀតណាមដែរ នឹងមានភាពវិជ្ជមាននិង«រឹងមាំ»។ លោក Limaye បានមានប្រសាសន៍បែបនេះនៅក្រោយពីមានការសម្ពោធកាលពីដើមខែមុននូវគម្រោងស្រាវជ្រាវថ្មីមួយឈ្មោះ Asean Matters for America ឬ អាស៊ានមានសារៈសំខាន់ចំពោះអាមេរិក ដោយវិទ្យាស្ថាន East-West Center ដែលគម្រោងនេះឆ្លុះបញ្ចាំងឲ្យឃើញពីចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងទៅលើតំបន់អាស៊ីអាគ្នេយ៍។
លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ាន បានឆ្លើយតបទៅនឹងសំណួររបស់វីអូអេភាសាខ្មែរនៅក្នុងពេលសម្ពោធនោះថា មូលហេតុនៃការសម្រេចចិត្តផ្អាកជំនួយនេះ គឺដោយសារកម្ពុជាមិនបានគោរពនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ប៉ុន្តែលោកចាត់ទុករឿងនេះថាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរក្នុងពេលអនាគតទេ។
«យើងបានប្រាប់មន្ត្រីកម្ពុជាថារឿងនេះនឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ហើយវាពិតជាមានការប៉ះពាល់មែន។ តែថា តើយើងនឹងផ្អាកទំនាក់ទំនងការទូតដែរទេឬ? គឺមិនទេ។ ទំនាក់ទំនងមួយមានផ្នែកផ្សេងៗជាច្រើន។ ការកសាងនូវទំនាក់ទំនងកាន់តែល្អជាងមុនជាមួយកម្ពុជា ស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ដូច្នេះពេលនោះយើងត្រូវថ្លឹងថ្លែងពីគុណសម្បត្តិនិងគុណវិបត្តិនៃការសម្រេចចិត្តនានា ហើយយើងក៏បានសម្រេចចិត្តផ្អាកការបញ្ជូនរថយន្តយោធា។»
កន្លងមក គេបានសង្កេតឃើញនូវភាពប្រសើរឡើងក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងក្របខ័ណ្ឌអាស៊ាន ដោយរួមមានការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកការរិតត្បិតផ្នែកពាណិជ្ជកម្មចំពោះប្រទេសកម្ពុជានិងលាវកាលពីខែមិថុនាឆ្នាំ២០០៩ ហើយនិងគម្រោងថ្មី Lower Mekong Initiative ដើម្បីបង្កើនកិច្ចទាក់ទងកាន់តែខ្លាំងជាមួយប្រទេសនៅតំបន់ទន្លេមេគង្គក្រោមទាំង៤ កម្ពុជា លាវ ថៃ និង វៀតណាម។ នៅក្នុងឆ្នាំនេះដែរ សហរដ្ឋអាមេរិកនឹងជួយប្រទេសកម្ពុជាក្នុងការរៀបចំសមយុទ្ធកងកម្លាំងថែរក្សាសន្តិភាពអន្តរជាតិផងដែរ។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននិយាយថា «ការលំបាក» ខ្លះដូចជាចំពោះបញ្ហាសិទ្ធិមនុស្សជាដើម នៅមាននៅឡើយក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក ក៏ប៉ុន្តែដោយទំនាក់ទំនងនេះកាន់តែអាយុកាលវែងទៅ និងមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ផងនោះ ទំនាក់ទំនងនេះកាន់តែមានភាពចាស់ទុំឡើង ដោយលោកបានកត់សម្គាល់ផងដែរនូវខួបលើកទី៦០នៃទំនាក់ទំនងនេះ។
«ខ្ញុំគិតថាអ្វីដែលហៅថាការប្រឈមនេះមានតិចតួចណាស់ ហើយកន្លងមកនេះមានការយល់គ្នាទៅវិញទៅមកជាច្រើន យើងឃើញហើយនៅក្នុងជំនួប សហរដ្ឋអាមេរិកអាចលើកពីរឿងសិទ្ធិមនុស្សជាច្រើន។ ហើយសំខាន់គឺថាយើងត្រូវតែបកស្រាយទៅលើបញ្ហាមួយៗហ្នឹង ដើម្បីឲ្យខាងសហរដ្ឋអាមេរិកយល់អំពីបញ្ហាចំពោះមុខនេះ។ ដោយឡែកទៀតខ្ញុំថាវាអត់មានឥទ្ធិពលអ្វីអវិជ្ជមានទេចំពោះទ្វេភាគីក៏ដោយ ឬ ចំពោះក្របខណ្ឌទំនាក់ទំនងអាស៊ាននិងសហរដ្ឋអាមេរិក។
លោក ឈាង វណ្ណារិទ្ធ ជាអគ្គនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព និយាយថា ចំណាប់អារម្មណ៍ខាងនយោបាយរបស់សហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ ផ្តល់លទ្ធភាពឲ្យកម្ពុជាអាចទាក់ទងជាមួយសហរដ្ឋអាមេរិកក្នុងនាមជាសមាជិកអាស៊ានផងនិងជាប្រទេសតំបន់ទន្លេមេគង្គផង។
លោកនិយាយថាការរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកជាការចាំបាច់សម្រាប់កម្ពុជាទាំងខាងសេដ្ឋកិច្ចផង ពីព្រោះអាមេរិកជាទីផ្សារធំបំផុតក្នុងពិភពលោកនិងជាទីផ្សារធំមួយសម្រាប់ផលិតផលកាត់ដេរនិងកសិកម្មរបស់កម្ពុជា ដែលមានពលរដ្ឋកម្ពុជារាប់លាននាក់ត្រូវពឹងផ្អែក និងទាំងខាងនយោបាយផង ពីព្រោះសហរដ្ឋអាមេរិកអាចជួយថែរក្សាស្ថេរភាពក្នុងតំបន់បាន។
លោកថា ការផ្អាកជំនួយយោធារបស់អាមេរិកក្នុងពេលថ្មីៗនេះឆ្លុះបញ្ចាំងពីគោលជំហររបស់រដ្ឋាភិបាលអាមេរិកាំង ទាំងក្នុងប្រទេសខ្លួននិងនៅលើឆាកអន្តរជាតិ ចំពោះការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកក៏ចាត់ទុកថាការផ្អាកនេះមិនប៉ះពាល់ដល់ទំនាក់ទំនងអាមេរិកជាមួយអាស៊ានទេ។
ទំនាក់ទំនងការទូត៦០ឆ្នាំរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបានជួបប្រទះនឹងភាពល្អប្រសើរផងនិងលំបាកផង ដោយអាស្រ័យលើការវិវត្តនៃនយោបាយក្នុងប្រទេសកម្ពុជានិងពិភពលោក។ នៅក្នុងឆ្នាំដំបូងៗ ក្រោយការភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៥០ ទំនាក់ទំនងនេះមានភាពល្អប្រសើរ មុននឹងធ្លាក់ដល់ការផ្តាច់ចំណងទាក់ទងក្នុងឆ្នាំ១៩៦៥ ក្រោយពីមានការហៀរនូវសង្គ្រាមវៀតណាមចូលប្រទេសកម្ពុជា និងក្រោយមកមានការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើប្រទេសកម្ពុជាអស់រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ ១៩៦៩។
នៅក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ទំនាក់ទំនងនេះមានការកើនខ្ពស់ជាថ្មី តែក្រោយជ័យជម្នះរបស់ខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ទំនាក់ទំនងនេះក៏ត្រូវកាត់ផ្តាច់ជាថ្មីវិញទៀត។ ប្រទេសទាំងពីរទើបមានទំនាក់ទំនងជាផ្លូវការនឹងគ្នាឡើងវិញនៅក្រោយបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទស្សវត្ស១៩៩០។ ទំនាក់ទំនងថ្មីនេះបានជួបបញ្ហានៅក្រោយរដ្ឋប្រហារឆ្នាំ១៩៩៧ ដោយពេលនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយទ្វេភាគី។ ក៏ប៉ុន្តែចាប់តាំងពីក្រោយការលើកលែងការរាំងខ្ទប់ជំនួយទ្វេភាគីនៅឆ្នាំ២០០៧មក ទំនាក់ទំនងនេះបានរីកចម្រើនជាបន្តបន្ទាប់ ថ្វីបើនៅមានការខ្វែងគំនិតគ្នាខ្លះ ជាពិសេសទាក់ទិនទៅនឹងបញ្ហាសិទ្ធិមនុស្សនិងអំពើពុករលួយ។
ថ្វីបើសហរដ្ឋអាមេរិកបានបន្សល់ទុកនូវមរតកនៃសង្គ្រាមក្នុងតំបន់នេះក្តី លោក ឈាង វណ្ណារិទ្ធ និយាយថា ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដីគោក មាននិន្នាការចូលចិត្តប្រទេសអាមេរិកនិងតម្លៃអាមេរិកាំង។ លោកថា ប្រជាជនទាំងនោះសម្លឹងមើលទៅអនាគតជាជាងអតីតកាល។
យ៉ាងនេះក្តីលោកមានប្រសាសន៍ថា ទោះបីប្រទេសកម្ពុជាមានប្រព័ន្ធនយោបាយបើកចំហជាងប្រទេសជិតខាងមួយចំនួនក្តី ដើម្បីពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែប្រសើរជាងមុនបាននោះ គឺកម្ពុជាត្រូវដោះស្រាយកង្វះខាតក្នុងអភិបាលកិច្ចល្អ ដែលនេះជាចំណុចមួយដែលសហរដ្ឋអាមេរិកអាចជួយបាន។
លោកបានកត់សម្គាល់ថា ភូមិសាស្ត្ររបស់ប្រទេសកម្ពុជានឹងតែងតែធ្វើឲ្យកម្ពុជាមានសារៈសំខាន់ដល់ប្រទេសធំៗ ក៏ប៉ុន្តែគោលនយោបាយអព្យាក្រឹត្យរបស់ប្រទេសនេះនឹងជួយរក្សាឲ្យមានតុល្យភាពខាងអំណាចក្នុងកិច្ចការទូតរបស់ខ្លួន។
«ខ្ញុំគិតថាកម្ពុជាយើងនឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ក៏ប៉ុន្តែមិនជិតស្និទ្ធឲ្យដាច់ឆ្ងាយពីប្រទេសមហាអំណាចនៅក្នុងតំបន់ដូចជាប្រទេសចិននោះទេ។»
លោក កៅ គឹមហួនបាននិយាយថាគោលនយោបាយអព្យាក្រឹត្យនេះមួយផ្នែកស្របនឹងនយោបាយការទូតរបស់អាស៊ាន។
លោកបានមានប្រសាសន៍ថា ប្រទេសកម្ពុជា នឹងមានឱកាសដើរតួក្នុងកិច្ចការការទូតក្នុងតំបន់ច្រើនទៀត។ ប្រទេសកម្ពុជានឹងត្រូវធ្វើជាប្រធានអង្គការអាស៊ាននៅឆ្នាំ២០១២ខាងមុខនេះ ដែលពេលនោះគេរំពឹងថាប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងតំបន់សំខាន់ៗ។
លោកថា ប្រសិនបើមានវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជាពេលនោះ វានឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។