ល្ខោន​និយាយ​ដ៏​ល្បី​ឈ្មោះ​​នៅ​អាមេរិក​បង្ហាញ​ពី​កេរដំណែល​តន្ត្រី ភាព​ជម្នះ​ឧបសគ្គ​និង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា

តួសម្តែងអាមេរិកាំងកំពុងសម្តែងបទចម្រៀងមួយនៅក្នុងល្ខោននិយាយ «ក្រុមភ្លេងសម័យខ្មែរ» នៅរោងល្ខោន Thomas Theater នៃមហោស្រព Oregon Shakespeare Festival រដ្ឋ Portland សហរដ្ឋអាមេរិក។ (រូបថតដោយ៖ Jenny Graham នៃមហោស្រព Oregon Shakespeare Festival)

ល្ខោន​និយាយ "Cambodian Rock Band" ឬ​ជា​ភាសាខ្មែរ «ក្រុមភ្លេងសម័យខ្មែរ» ​ដែល​កន្ត្រាក់​អារម្មណ៍​របស់​ទស្សនិកជន​អាមេរិក បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា ការ​តស៊ូ​ជម្នះ​ឧបសគ្គ​របស់​គ្រួសារ​ខ្មែរ និង​ការ​បាត់បង់​សិល្បៈ​តន្ត្រី​របស់​កម្ពុជា និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

Your browser doesn’t support HTML5

សេចក្តីរាយការណ៍ជាសំឡេងអំពីល្ខោននិយាយ "Cambodian Rock Band" ឬ «ក្រុមតន្ត្រីរ៉ុកកម្ពុជា‍»

វ៉ាស៊ីនតោន​ — បទ​ចម្រៀង​រ៉ុក​ដ៏​កន្ត្រាក់​អារម្មណ៍​និង​ពេញ​និយម​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៦០​នៅ​កម្ពុជា ត្រូវបាន​យក​មក​សម្តែង​នៅ​ក្នុង​ល្ខោន​និយាយ​ជា​ភាសា​អង់គ្លេស​មួយ​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន។

ល្ខោន 'Cambodian Rock Band' ឬ​ «ក្រុមភ្លេងសម័យខ្មែរ» ដែល​មាន​រយៈពេល​ ២ម៉ោង ២៥នាទី ​ត្រូវបាន​និពន្ធ​ឡើង​ដោយ​អ្នក​ស្រី Lauren Yee ដែល​ជា​អ្នក​និពន្ធ​សាច់​រឿង​ល្ខោន​អាស៊ី​អាមេរិកាំង​ដ៏​វ័យ​ក្មេង​មួយ​រូប។​ «ក្រុមភ្លេងសម័យខ្មែរ» គឺជា​ល្ខោន​និយាយ​ទី៩​របស់​អ្នក​ស្រី Lauren Yee ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ឈ្នះពាន​រង្វាន់​ជា​ច្រើន បន្ទាប់​ពី​អ្នក​ស្រី​បាន​បញ្ចប់​ការ​សិក្សាថ្នាក់​អនុ​បណ្ឌិត​ខាង​ផ្នែក​និពន្ធ​រឿង​ល្ខោន​ពី​សាកលវិទ្យាល័យ California នៅទីក្រុង San Deigo នៅ​ឆ្នាំ​២០១២ និង​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ល្ខោន​នៅ​សាកលវិទ្យាល័យ Yale ដ៏​ល្បីល្បាញ​របស់​អាមេរិក នៅ​ឆ្នាំ២០០៧។

សម្តែង​ដោយ​ក្រុម​អ្នក​សម្តែង​ជនជាតិ​អាមេរិកាំង​ចំនួន​ប្រាំ​មួយនាក់ និង​អម​ដោយ​ការ​ប្រគុំ​តន្ត្រីរ៉ុក​កម្ពុជា​ ដូច​ជា​បទ​ «ឆ្នាំ​អូន ១៦‍»​ និង​ «ស៊ីក្លូ‍» ល្ខោន​នេះ​រៀបរាប់​អំពី​រឿងរ៉ាវ​ដ៏​ស្មុគស្មាញ​រវាង​កូនស្រី​និង​ឪពុក​ ដែល​បាន​រួច​រស់រាន​មាន​ជីវិត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរ​ក្រហម ដោយ​បង្ហាញ​ឲ្យ​ទស្សនិកជន​បាន​ដឹង​ពី​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មុន​របប​ខ្មែរ​ក្រហម ​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម និង​ភាព​ជម្នះ​ឧបសគ្គ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រួច​ផុត​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​នៅ​សហរដ្ឋ​អាមេរិក មាន​អ្នក​និពន្ធ​បរទេស​បាន​នាំ​យក​ប្រវត្តិសាស្ត្រ​កម្ពុជា និង​រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មក​ធ្វើ​ជា​សាច់រឿង​ល្ខោន​និយាយ​ដែល​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក។ តាំងពី​សាច់រឿង​ល្ខោន​នេះ​ ត្រូវបាន​យក​ទៅ​សម្តែង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨មក ទស្សនិកជន​ជាច្រើន​នាក់​បាន​ប្រតិកម្ម​លើ​ការ​សម្តែង​ល្ខោន​នេះ​ដោយ​ការ​ពេញ​ចិត្ត​ខ្លាំង។

ឈុត​មួយ​នៃ​ការ​សម្តែង​ល្ខោន​និយាយ «ក្រុមភ្លេងសម័យខ្មែរ»​ នៅ​ពេល​ដែល​តួអង្គ​សម្តែង​ដូច​ជា​លោក «ជុំ‍» នាង «សុធា‍» នាង «ពៅ‍» លោក «រុំ‍» និង លោក «ឡេង‍» ដែល​ជា​អ្នក​ប្រគុំ​តន្ត្រី​រួម​គ្នា កំពុង​ស្តាប់​ការ​ប្រកាស​តាម​វិទ្យុ គ្រា​ដែល​ខ្មែរ​ក្រហម​កំពុង​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ (រូបថតដោយ៖ Jenny Graham នៃមហោស្រព Oregon Shakespeare Festival)

ឈុតសម្តែងមួយនៅក្នុងល្ខោននិយាយ «ក្រុមភ្លេងសម័យខ្មែរ» ដែលអ្នកយាមគុកទួលស្លែង ដែលសម្តែងដោយលោក Mose Villarama កំពុងស្តាប់បទបញ្ជាពីប្រធានគុកគឺ «ឌុច‍» ដែលសម្តែងដោយលោក Daisuke Tsuji។ ។ (រូបថតដោយ៖ Jenny Graham នៃមហោស្រព Oregon Shakespeare Festival)

អ្នក​ទស្សនា​ម្នាក់​នៅ​រោង​ល្ខោន South Coast Repertory នៅ​ទីក្រុង Costa Mesa រដ្ឋ​កាលីហ្វ័រញ៉ា បាន​បញ្ចេញ​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ទស្សនា​ល្ខោន​នេះ​ថា៖​

«ខ្ញុំ​ពិត​ជា​ចូលចិត្ត​ការ​សម្តែង​ល្ខោន​នេះ​ខ្លាំង​ណាស់! វា​ពិត​ជា​អស្ចារ្យ​មែន​ទែន ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ពិពណ៌នា​ពី​ការ​ពេញ​ចិត្ត​របស់​ខ្ញុំ​លើ​ការ​សម្តែង​នេះ​ដោយ​របៀប​ណា​ទេ‍»។

អ្នក​ទស្សនា​ម្នាក់​ទៀត​ដែល​បាន​ទស្សនា​ល្ខោន​ «ក្រុមភ្លេងសម័យខ្មែរ» នៅ​រោង​ល្ខោន Victory Gardens Theatre នៅ​ទីក្រុង Chicago រដ្ឋ​អ៊ីលីណយ បាន​បង្ហាញ​អារម្មណ៍​របស់​លោក​លើ​ល្ខោន​នេះ ថា៖

«មួយ​ផ្នែក​ទៅ ល្ខោន​នេះ​ប្រៀប​ដូច​ការ​ប្រគុំ​តន្ត្រី​រ៉ុក មួយ​ផ្នែក​ទៀត វា​ជា​ការ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ ហើយ​ក៏​មាន​សាច់រឿង​អាថ៌កំបាំង​នានា ដែល​ទាក់​ទាញ​អារម្មណ៍​ខ្ញុំ​ឲ្យ​តាម​ដាន​សាច់​រឿង​រហូត ហើយ​បាន​បង្រៀន​ខ្ញុំ​ពី​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​បាន​ដឹង​ពី​មុន‍»។

រីឯ​អ្នក​ទស្សនា​ម្នាក់​ទៀត​នៅ​រោង​ល្ខោន​ដដែល​នៅ​ទីក្រុង Chicago ក៏​បាន​លើក​ឡើង​ថា៖

«ខ្ញុំ​តែងតែ​ស្ងើច​សរសើរ​សាច់រឿង​ណា​ដែល​អាច​បង្កើត​អារម្មណ៍​សើច​សប្បាយ ទោះ​បី​ជា​សាច់​រឿង​នោះ​និយាយ​ពី​ផ្នែក​មួយ​ដ៏​ខ្មៅ​ងងឹត​នៃ​ប្រវត្តិ​មនុស្ស​ជាតិ​ក៏​ដោយ‍»។

នាពេល​បច្ចុប្បន្ន​នេះ ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» កំពុង​តែ​សម្តែង​នៅ​មហោស្រព​ Oregon Shakespeare Festival ដែល​ជា​មហោស្រព​សម្តែង​ល្ខោន​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក។ ល្ខោន​នេះ​ត្រូវបាន​សម្តែង​ជូន​ទស្សនិកជន​អាមេរិក​តាំងពី​ដើម​ខែ​មីនា រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​នេះ។

លោក CJ Martinez អ្នក​គ្រប់គ្រង​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​ប្រចាំ​មហោស្រព Oregon Shakespeare Festival បាន​ប្រាប់ VOA ថា ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ទទួល​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​បង្អស់​នៅ​ក្នុង​មហោស្រព​នេះ។

«ល្ខោន​ «ក្រុមភ្លេងសម័យខ្មែរ»​ ត្រូវបាន​សម្តែង​នៅ​ពេល​ដែល​យើង​សម្ពោធ​រដូវកាល​នៃ​រោង​ល្ខោន​របស់​យើង ជាមួយ​នឹង​ល្ខោន​បី​ផ្សេង​ទៀត ហើយ​ល្ខោន​នេះ​នឹង​ត្រូវ​សម្តែង​រហូត​ដល់​យើង​បិទ​រដូវកាល​រោង​ល្ខោន​យើង។ ហើយ​មក​ដល់​ពេល​នេះ ទស្សនិកជន​មាន​ប្រតិកម្ម​យ៉ាង​ស្ញើប​ស្ញែង​លើ​ល្ខោន​នេះ‍»។

លោក​ Martinez បាន​បន្ថែម​ទៀត​ថា៖​ «អ្នក​ដឹង​ទេ អ្នក​សម្តែង​ល្ខោន​នេះ ដែល​ទាំង​ចេះ​សម្តែង​និង​ប្រគុំ​តន្ត្រី​ នៅ​តែ​បន្ត​រក​វិធី​ផ្សេងៗ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ទស្សនា និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​រីករាយ។ ហើយ​ខ្ញុំ​ក៏​អាច​និយាយ​ដោយ​ក្តី​មុតមាំ​ថា ល្ខោន​នេះ​គឺជា​ល្ខោន​មួយ​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្សនិកជន​របស់​យើង​ច្រើន​ជាង​គេ​បង្អស់‍»។

តាំង​ពី​ឆ្នាំ​២០១៨​មក ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» បាន​ឈ្នះ​ពាន​រង្វាន់​ធំៗ​សម្រាប់​សិល្បៈ​ល្ខោន​នៅ​សហរដ្ឋ​អាមេរិក​ ដូច​ជា​ពានរង្វាន់ Steinber-ATCA ដែល​ជា​ពាន​រង្វាន់ដ៏​ធំបំផុត​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​និពន្ធ​សាច់​រឿង​ល្ខោន​ថ្មី​ និង​ពាន​រង្វាន់ LA Drama Critics Circle Ted Schmitt Award ដែល​ជា​ពាន​រង្វាន់​សម្រាប់​ល្ខោន​ដែល​ទទួល​បាន​ការ​គាំទ្រ​ល្អ​បំផុត​ក្នុង​វិស័យ​ល្ខោន។

ការ​ធ្វើ​ឲ្យ​តន្ត្រីខ្មែរ​ក្នុង​ទសវត្សរ៍៦០ ​រស់​ឡើង​វិញ

សាច់​រឿង​ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» បាន​លេច​ចេញ​ជា​រូបរាង​ឡើង​ ដោយសារ​ក្តី​ស្រឡាញ់​របស់​អ្នក​និពន្ធ​ល្ខោន Lauren Yee លើ​តន្ត្រី​កម្ពុជា​ ក្នុង​អំឡុង​ទសវត្សរ៍ ៦០ និង​ទសវត្សរ៍​ ៧០។

អ្នកស្រី​ Lauren Yee បាន​ប្រាប់​ VOA ថា​ ថ្ងៃមួយ​ កាលពី​ឆ្នាំ​២០១១ មិត្តភក្តិ​របស់​អ្នកស្រី​ម្នាក់​បាន​បបួល​អ្នកស្រី​ទៅ​ទស្សនា​ការ​ប្រគុំ​តន្ត្រី​របស់​ក្រុម​ភ្លេង​ខ្មែរ​អាមេរិកាំង​ មួយឈ្មោះ​ Dengue Fever ដែល​អ្នក​ចម្រៀង​ស្រី​គឺ​អ្នក​ស្រី ឆោម និមល ដែល​ជា​សិល្បៈការិនី​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប នៅ​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា។ អ្នក​ស្រី​ Lauren Yee បាន​រៀប​រាប់​អារម្មណ៍​របស់​អ្នកស្រី ក្រោយ​ពី​បាន​ឮ​តន្ត្រី​រ៉ុក​កម្ពុជា​ដែល​ប្រគុំ​ដោយ​ក្រុម​ភ្លេង Dengue Fever ថា៖

«ភ្លាមៗ​ពេល​ខ្ញុំ​បាន​ឮ​តន្ត្រី​របស់​ក្រុម​ភ្លេង​នោះ ខ្ញុំ​ភ្ញាក់ផ្អើល​មែន​ទែន។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​ពិត​ជា​ស្រឡាញ់​តន្ត្រី​នេះ​ណាស់! ស្តាប់​ទៅ​ ខ្ញុំ​ដូច​ធ្លាប់​ឮ​តន្ត្រី​បែប​នេះ​ពី​មុន តែ​វា​មាន​លក្ខណៈ​ប្លែក»។

បន្ទាប់​ពី​បាន​ឮ​តន្ត្រី​រ៉ុក​នៅ​ដើម​ទសវត្សរ៍ ៦០ របស់​កម្ពុជា​ ដូចជា​បទ​ចម្រៀង​របស់​អ្នកស្រី រស់ សេរីសុធា ​មក អ្នក​និពន្ធ​សាច់​រឿង​ល្ខោន​អាមេរិកាំង​វ័យ​ក្មេង​រូប​នេះ​ បាន​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​អំពី​តន្ត្រី​កម្ពុជា និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម។

អ្នកស្រី Lauren Yee អ្ន​កនិពន្ធសាច់រឿងល្ខោន​ដែល​ឈ្នះពានរង្វាន់ បាន​ផ្តល់​បទសម្ភាសន៍ដល់ក្រុមហ៊ុន​សិល្បៈល្ខោន អំពីល្ខោននិយាយ «ក្រុមភ្លេងសម័យខ្មែរ»។ (រូបថតដកស្រង់ពីវីដេអូរបស់ South Coast Repertory)

អ្នកស្រី Lauren Yee ដែល​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ចិន បាន​ប្រាប់ VOA ថា​ អ្នកស្រី​ធ្លាប់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ ហើយ​បាន​ស្វែង​យល់​ដឹង​ខ្លះៗ​អំពី​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ។ ទោះ​បី​ជា​ចាប់​អារម្មណ៍​ខ្លាំង​លើ​តន្ត្រី​កម្ពុជា និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្តី ក៏​នា​ពេល​នោះ​អ្នក​និពន្ធរូប​នេះ មិន​ទាន់​ដឹង​ថា​ត្រូវ​សរសេរ​សាច់​រឿង​ល្ខោន​ «ក្រុមភ្លេងសម័យខ្មែរ» ដោយ​របៀប​ណា​ដែរ។

«ខ្ញុំ​មាន​អារម្មណ៍​ជ្រើបជ្រួល​នៅ​ពេល​ដែល​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់​នៅ​ពេលដែល​ខ្ញុំ​បាន​ដឹង​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង​លើ​សិល្បៈ​ករ​ទាំង​នោះ​នៅ​ក្នុង​របប​នោះ។ ខ្ញុំ​សោកស្តាយ​មែន​ទែន។ ហើយ​ខ្ញុំ​គិត​នៅ​ពេល​នោះ គឺ​ឆ្នាំ ២០១១ ថា នេះ​គឺជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​រៀបរាប់​រឿង​ហ្នឹង​ដោយ​របៀប​ណា។

រហូត​ដល់​ឆ្នាំ​២០១៥ នៅ​ពេល​ដែល​អ្នក​ស្រី Lauren Yee បាន​ចុះ​កម្មសិក្សា​ស្រាវជ្រាវ​មួយ​សម្រាប់​អ្នក​និពន្ធ​សាច់​រឿង​ល្ខោន​ដែល​មាន​ឈ្មោះ​ថា Crossroad Initiative​ របស់​ក្រុមហ៊ុន​សិល្បៈ​ល្ខោន South Coast Repertory នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ទើប​សាច់​រឿង «ក្រុមភ្លេងសម័យខ្មែរ»​ បាន​លេច​ចេញ​ជា​រូប​រាង​ឡើង។

ការ​សិក្សា​ស្រាវជ្រាវ​ពី​តន្ត្រី​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍៦០ និង​៧០ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដោយ​អ្នក​ស្រី Lauren Yee រួម​ជាមួយ​នឹង​ការ​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​សង្កាត់ Orange County និង​ជាពិសេស​ការ​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​នៃ​ឪពុក​ម្តាយ​របស់​អ្នក​សម្តែង​មួយ​រូប គឺ​លោក Joe Ngo ដែល​មាន​ឪពុក​ម្តាយ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​មក​សហរដ្ឋ​អាមេរិក បាន​ជួយ​ឲ្យ​អ្នក​និពន្ធ​ល្ខោន​វ័យ​ក្មេង​រូប​នេះ សរសេរ​ជា​សាច់​រឿង​ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ដោយ​ផ្តោត​លើ​តន្ត្រី​កម្ពុជា​ដែល​បាន​បាត់បង់​ទៅ​នៅ​ក្រោម​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

អ្នកស្រី Lauren បាន​បញ្ជាក់​ប្រាប់ VOA ​អំពី​សារសំខាន់​នៃ​ការ​ផ្តោត​លើ​តន្ត្រី​កម្ពុជា​ថា៖ «ខ្លឹម​សារ​នៃ​ល្ខោន​នេះ​គឺ​ផ្តោត​សំខាន់​លើ​ភាព​ជម្នះ​នឹង​របប​ខ្មែរ​ក្រហម​ដែល​បាន​ព្យាយាម​លុប​បំបាត់​តន្ត្រី និង​សិល្បៈករ​ខ្មែរ​ដ៏​មាន​ទេព​កោសល្យ​ទាំង​នោះ។ ហើយ​រឿង​ដែល​ត្រឹម​ត្រូវបំផុត​ដើម្បី​អបអរ​សាទរ​ភាព​ជម្នះ​នេះ គឺ​យើង​ប្រគុំ​តន្ត្រី​ខ្មែរ​កាល​ពី​ជំនាន់​នោះដោយ​ផ្ទាល់​នៅ​ក្នុង​ការ​សម្តែង​ល្ខោន​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​តន្ត្រី​ទាំង​នោះ​រស់​ឡើង​វិញ‍»។

ឈុត​មួយ​នៃ​ការ​សម្តែង​ល្ខោន​និយាយ «ក្រុមភ្លេងសម័យខ្មែរ» ដែល​តួអង្គ​ឪពុក​ឈ្មោះ «ជុំ‍» ដែល​សម្តែង​ដោយ​លោក Joe Ngo និយាយ​ជាមួយ​កូនស្រី​ឈ្មោះ «នារី‍» ដែល​សម្តែង​ដោយ​អ្នក​នាង Brooke Ishibashi នៅ​ពេល «ជុំ‍» បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា។ (រូបថត​ដោយ៖ Jenny Graham, Oregon Shakespeare Festival)

អត្ថន័យ​ចម្រុះ​នៃ​ល្ខោន​«ក្រុមភ្លេងសម័យខ្មែរ»

ល្ខោន​មុនៗ​របស់​អ្នក​ស្រី Lauren Yee ភាគច្រើន​ផ្តោត​លើ​សាច់​រឿង​គ្រួសារ។ ហើយ​សម្រាប់​ល្ខោន​និយាយ «ក្រុមភ្លេងសម័យខ្មែរ» អ្នកស្រី​បាន​សម្រេច​សរសេរ​សាច់​រឿង​ល្ខោន​នេះ ដោយ​បង្កើត​ជា​តួ​អង្គ​ឪពុក​និង​កូន​ស្រី ដែល​ទំនាក់​ទំនង​រវាង​អ្នក​ទាំងពីរ​មិន​សូវល្អ​ជាមួយ​គ្នា​ទេ ដោយ​សារ​តែ​អតីត​កាល​ដ៏​ឈឺចាប់​របស់​ឪពុក។

«ជុំ‍» ដែល​ជា​តួអង្គ​ឪពុក ​គឺជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។ មុន​របប​ខ្មែរ​ក្រហម «ជុំ‍» ជា​យុវជន​ម្នាក់​ដែល​លេង​តន្ត្រី​នៅ​ក្នុង​ក្រុម​ភ្លេង​មួយ។ «ជុំ‍» បាន​រួច​រស់​មាន​ជីវិត ហើយ​បាន​រត់ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។ រីឯ ​«នារី‍» ដែល​ជា​តួអង្គ​កូនស្រី​ ​បាន​កើត​នៅ​សហរដ្ឋ​អាមេរិក ហើយ​ពេល​ធំដឹង​ក្តី​ នាង​បាន​ក្លាយ​ជា​មេធាវី ហើយ​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ​ដើម្បី​កាន់​សំណុំ​រឿង​ក្តី​នៅ​តុលាការ​ខ្មែរ​ក្រហម។

តាំង​ពី​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក «ជុំ‍» មិន​ដែល​បាន​ចែក​រំលែក​បទពិសោធន៍​ជីវិត​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ដល់​កូនស្រី​ទេ ហើយ «ជុំ‍» ក៏​មិន​ដែល​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ។​ នៅ​ពេល​ដែល​កូនស្រី​របស់​ «ជុំ‍» ​បាន​ទៅ​ធ្វើការ​នៅ​កម្ពុជា ‍«ជុំ‍» ក៏​សម្រេច​ចិត្ត​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន ដើម្បី​បញ្ចុះ​បញ្ចូលកូន​ស្រី​របស់​ខ្លួន​ឲ្យ​វិល​មក​សហរដ្ឋ​អាមេរិក​វិញ។

នៅ​កម្ពុជា «ជុំ‍» និង​ «នារី‍» ក៏​មាន​ឱកាស​ដ៏​កម្រ​មួយ ដើម្បី​និយាយ​ទល់​មុខ​គ្នា​ពី​អតីតកាល​ដ៏​ជូរ​ចត់​របស់ ​«ជុំ‍» ​ជា​ឪពុក និង​ការ​ស្វែង​រក​ការពិតរបស់ «នារី‍» ​អំពី​របប​ខ្មែរ​ក្រហម។ ហើយ​ការ​ទម្លាយ​ការ​លាក់​ទុក​នៃ​អតីត​កាល​ដ៏​ជូរចត់​របស់​ «ជុំ‍» បាន​ជួយ​ឲ្យ​ឪពុក​និង​កូនស្រី ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​មាន​ភាព​ប្រសើរ​ឡើង។

ក្រៅ​ពី​ផ្នែក​នៃ​សាច់​រឿង​ដែល​ផ្តោត​លើ​ទំនាក់​ទំនង​ឪពុក​និង​កូន​ស្រី ល្ខោន «ក្រុមភ្លេងសម័យខ្មែរ»​ នេះ​ ក៏​បង្ហាញ​ពី​ជីវិត​និង​ក្តី​ស្រមៃ​របស់​ពលរដ្ឋ​ខ្មែរ​មុន​របប​ខ្មែរ​ក្រហម ​និង​អំពើ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម ដូចជា​ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ជា​ដើម។ ដោយ​សារ​តែ​ភាព​ចម្រុះ​នៃ​ឈុត​សម្តែង​ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខសោក​អម​ជាមួយ​នឹង​ភាព​សប្បាយ​រីករាយ ​អត្ថន័យ​នៃ​ល្ខោន​ «ក្រុមភ្លេងសម័យខ្មែរ» ក៏​មាន​លក្ខណៈ​ចម្រុះ​ទៅ​តាម​បទ​ពិសោធន៍ផ្ទាល់​ខ្លួន​របស់​ទស្សនិកជន​ដែល​បាន​ទស្សនា​ល្ខោន​នេះ​ដែរ។

ប៉ុន្តែ ​សម្រាប់​អ្នក​និពន្ធ​ Lauren Yee វិញ អ្នក​ស្រី​បាន​ប្រាប់ VOA ថា៖

«ខ្ញុំ​គិត​ថា ល្ខោន​នេះ​ផ្តោត​លើ​ក្រុម​គ្រួសារ​មួយ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ វា​ផ្តោត​លើ​មនុស្ស​មួយ​ជំនាន់​ដែល​បាន​ឆ្លងកាត់​រឿងរ៉ាវ​តក់ស្លុត​ជាច្រើន​ក្នុង​ជីវិត ហើយ​មិន​ដឹង​ថា​ត្រូវ​ប្រាប់​ក្មេង​ជំនាន់​ក្រោយ​ថា​តើ​រឿងរ៉ាវ​ទាំង​អស់​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ ហើយ​វា​ក៏​ផ្តោត​លើ​ក្មេង​ជំនាន់​ក្រោយ​ដែល​ព្យាយាម​ជំរុញ​ឲ្យឪពុក​ម្តាយ​របស់​ពួក​គេ ​ប្រាប់​ពួកគេ​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង‍»។

ឈុត​មួយ​នៃ​ការ​សម្តែង​ល្ខោន​និយាយ «ក្រុមភ្លេងសម័យខ្មែរ» ដែល​តួអង្គ​ឪពុក​ឈ្មោះ «ជុំ‍» ដែល​សម្តែង​ដោយ​លោក Joe Ngo និយាយ​តទល់​ជាមួយ​កូនស្រី​ឈ្មោះ «នារី‍» ដែល​សម្តែង​ដោយ​អ្នក​នាង Brooke Ishibashi ខណៈ​ Ted ដែល​ជា​ស្វាមី​របស់ «នារី‍» ឈរ​ពី​ខាង​ក្រោយ។ (រូបថតដោយ៖ Jenny Graham នៃមហោស្រព Oregon Shakespeare Festival)

រីឯ​លោក Chay Yew ដែល​ជា​អ្នក​ដឹកនាំ​ការ​សម្តែង​ល្ខោន​ «ក្រុមភ្លេងសម័យខ្មែរ» សម្រាប់​ការ​សម្តែង​នៅ​រោង​ល្ខោន Victory Gardens Theatre នៅ​ទីក្រុង Chicago រដ្ឋ Illinois និង​នៅ​រោង​ល្ខោន Thomas Theatre ប្រចាំ Oregon Shakespeare Festival នៅ​រដ្ឋ Portland បាន​ឲ្យ​ដឹង​ថា ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ក៏​មាន​ខ្លឹម​សារ​អប់រំ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា និង​អំពី​ក្តី​សង្ឃឹម​ថ្មី​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក។

«ល្ខោន​នេះ​ក៏​ផ្តោត​លើ​ព្រឹត្តិការណ៍​របស់​ប្រទេស​មួយ​ដែល​កំពុង​តែ​ផ្លាស់​ប្តូរ ភាពជម្នះ​នៃ​តន្ត្រី​ និង​ឥទ្ធិពល​គ្រួសារ ហើយ​ល្ខោន​នេះ​ក៏​ផ្តោត​លើ​បញ្ហា​អន្តោប្រវេសន៍ និង​ជន​អន្តោប្រវេសន៍​ដែរ‍»។

លោក Chay Yew បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​មហោស្រព Oregon Shakespeare Festival កាលពី​ខែ​តុលា​ឆ្នាំ​២០១៨​កន្លង​ទៅ។ លោក Chay Yew ក៏​បាន​បន្ថែម​ទៀត​ថា៖

«ល្ខោន​នេះ​ក៏​ជា​ល្ខោន​ស្តី​ពី​អាមេរិក ដោយសារ​វា​រៀបរាប់​ពី​ជីវិត​របស់​ពលរដ្ឋ​ដែល​បាន​ភៀស​ខ្លួន​មក​រស់នៅសហរដ្ឋ​អាមេរិក​នេះ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​និង​គ្រួសារ​គេ​មាន​ភាព​ប្រសើរ​ឡើង។ ហើយ​ខ្ញុំ​គិត​ថា ប្រទេស​របស់​យើង​សម្បូរ​ទៅ​ដោយ​រឿងរ៉ាវ​ទាំង​អស់​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​លក្ខណៈ​ពិសេស‍»។

បទ​ពិសោធន៍​រួច​ផុត​ពី​អំពើ​សោកនាដកម្ម៖ ភាព​រីករាយ និង​ភាព​ឈឺចាប់

ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ល្ខោន​នេះ គឺ​ភាព​ជម្នះ​នឹង​អតីតកាល​ដ៏​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ ដែល​រួច​រស់​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ ជាក់​ស្តែង តួអង្គ «ជុំ‍» ដែល​ជា​ឪពុក គឺជា​មនុស្ស​កំប្លែង និង​ចូលចិត្ត​និយាយ​លេង​សើច​ច្រើន​ដើម្បី​បង្ក​ជា​ភាព​រីករាយ បើ​ទោះ​បី​ជា​លោក​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ដ៏​ឈឺចាប់​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ដោយ។

អ្នក​ស្រី Lauren Yee ដែល​ជា​អ្នក​និពន្ធ​ បាន​សង្កត់​ធ្ងន់​ថា អ្នក​ស្រី​ចង់​ឲ្យ​សាច់​រឿង​ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នេះ​បង្ហាញ​មនុស្ស​ទូទាំង​ពិភព​លោក​ឲ្យ​បាន​ឃើញ​ថា ភាព​រីក​រាយ គឺជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទប់ទល់ ឬ​ផ្សះផ្សារ​ភាព​ឈឺចាប់​ក្នុង​ចិត្ត។

«ខ្ញុំ​គិត​ថា អ្វី​ដែល​មនុស្ស​យើង​ភ្លេច គឺ​ថា ភាព​រីករាយ​អាច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជម្នះ​ឧបសគ្គ នៅ​ពេល​ដែល​យើង​ជួប​រឿង​លំបាក​ក្នុង​ជីវិត។ ពេល​ខ្លះ​ទៅ ការ​មិន​និយាយ​ស្តី​អី​មិនមែន​ជា​ដំណោះស្រាយ​ទេ។ ពេល​ខ្លះ យើង​បើក​ចំហរ ហើយ​និយាយ​លេង​ពី​រឿង​ដែល​លំបាក​នោះ ដើម្បី​ឲ្យ​ធូរ​អារម្មណ៍ ដោយសារ​នេះ​ក៏​ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​ប្រឈម​នឹង​ការ​លំបាក‍»។

អ្នកស្រី Lauren Yee បាន​បន្ថែម​ថា៖ «ដូច្នេះ​សម្រាប់​ខ្ញុំ មូល​ហេតុ​នេះ​ហើយ​ដែល​ភាព​រីករាយ​ត្រូវបាន​បង្កប់​នៅ​ក្នុង​សាច់​រឿង​ល្ខោន​នេះ ហើយ​ភាព​រីករាយ​នោះ​គឺជា​យន្តការ​ក្នុង​ការ​ពារ​ខ្លួន​របស់​តួអង្គ។ វា​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ប្រឈម​នឹង​ការ​លំបាក‍»។

តួសម្តែងរបស់ល្ខោន​និយាយ «ក្រុមភ្លេងសម័យខ្មែរ» កំពុង​ប្រគុំ​តន្ត្រី​មួយ នៅ​រោង​ល្ខោន Thomas Theatre នៃ​មហោស្រព Oregon Shakespeare Festival។ (រូបថតដោយ៖ Jenny Graham នៃមហោស្រព Oregon Shakespeare Festival)

លោក Joe Ngo ដែល​ជា​អ្នក​សម្តែង​តួ​អង្គ «ជុំ‍» គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។ លោក​ Joe បាន​កើត​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​រួច​រស់រាន​ពី​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA លោក​បាន​លើក​ឡើង​ថា សាច់​រឿង​ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» ​មាន​ន័យ​ណាស់​សម្រាប់​រូប​លោក និង​ក្រុម​គ្រួសារ​របស់​លោក ដោយ​សារ​អ្នក​និពន្ធ Lauren Yee បាន​យក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ឪពុក​ម្តាយ​លោក Joe ទៅ​បញ្ចូល​ក្នុង​សាច់​រឿង​របស់​តួអង្គ «ជុំ‍»។

«អត្តចរិត​ជា​ច្រើន​របស់​តួអង្គ​នោះ គឺ​ដូចគ្នា​មែន​ទែន​នឹង​អត្តចរិត​របស់​ជីវិត​ក្រុម​គ្រួសារ​ខ្ញុំ‍»។

ក្នុង​នោះ​រួម​មាន អត្តចរិត​របស់​តួ​អង្គ «ជុំ‍» ដែល​ជា​ឪពុក​ គឺ​លោក​ជា​មនុស្ស​ចូលចិត្ត​និយាយ​លេង​សើច និង​កំប្លែង​ច្រើន បទ​ពិសោធន៍​របស់​លោក​ក្នុង​ធ្វើ​ការ​ងារ​ទាំង​បង្ខំ​នៅ​ខេត្ត​បាត់ដំបង ការ​រត់​ភៀស​ខ្លួន​ទៅ​ព្រំ​ដែន​ថៃ​ តែ​ទាហាន​ថៃ​មិន​ឲ្យ​រត់​ឆ្លង​ព្រំដែន ដែល​ទាំង​អស់​នេះ​គឺជា​អត្តសញ្ញាណ និង​បទ​ពិសោធន៍​ផ្ទាល់​របស់​ឪពុក​ម្តាយ​លោក Joe Ngo។

«ដូច្នេះ​នៅ​ពេល​សម្តែង ភាគច្រើន​ខ្ញុំ​ប្រើ​ប្រាស់​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​កាល​ពី​ក្មេង និង​ជីវិត​ជាក់​ស្តែង​របស់​ខ្ញុំ ក្នុង​នាម​ជា​កូន​របស់​អ្នក​រួច​រស់​មាន​ជីវិត។ ​ហើយ​ខ្ញុំ​ដើរ​តួ​ [ជុំ] ​ប្រៀប​ដូចជា​ឪពុក​ម្តាយ​ខ្ញុំ ឬ​ក៏​អ៊ំ​ខ្ញុំ​ជា​ដើម‍»។

លោក Joe Ngo ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​លោក​បាន​មក​ទស្សនា​ការ​សម្តែង​ល្ខោន​នេះ អ្នក​ទាំង​ពីរ​បាន​ប្រាប់​លោក​ថា សាច់​រឿង​ល្ខោន​នេះ​បាន​រំឭក​ពី​រឿង​រ៉ាវ​ដែល​ឪពុក​ម្តាយ​របស់​លោក​បាន​ឆ្លង​កាត់ មុន​និង​ក្រោយ​របប​ខ្មែរ​ក្រហម។ ការណ៍​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​របស់​លោក ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​សម្តែង​របស់​លោក​កាន់​តែ​ប្រសើរ​ឡើង ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ក្រុម​គ្រួសារ​លោក និង​ពលរដ្ឋ​ខ្មែរ។

«ខ្ញុំ​បាន​ស្វែង​យល់​ពី​តួ​អង្គ​ដែល​ខ្ញុំ​សម្តែង ក្នុង​ន័យ​ដែល​ខ្ញុំ​អាច​ផ្តល់​កិត្តិយស​ដល់​ប្រវត្តិ​គ្រួសារ​ខ្ញុំ ដល់​ឪពុក​ខ្ញុំ និង​ឪពុក​ម្តាយ​ខ្ញុំ។ ហើយ​មិន​ត្រឹម​តែ​ឪពុក​ម្តាយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​ត្រូវ​តែ​ផ្តល់​កិត្តិយស​ដល់​សាច់​រឿង​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ផង​ដែរ‍»។

នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ល្ខោន «ក្រុមភ្លេងសម័យខ្មែរ» នឹង​ត្រូវ​បាន​យក​ទៅ​សម្តែង​នៅ​រោង​ល្ខោន​ដ៏​ធំ​មួយ​ទៀត​គឺ La Jolla Playhouse ប្រចាំ​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា និង​នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts៕