ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អ្នកនិពន្ធ សរសើរ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចំពោះ​ការស្រាវជ្រាវ​អំពី​របប​ខ្មែរក្រហម

រូបភាព និង​ព័ត៌មាន​អំពី​ខ្មែរក្រហម ដែល​ដាក់​បង្ហាញ​​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្តិភាព​ស្រុកអន្លង់វែង។ (រូបថត​ពី​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បន្ទោស​ថា ​ធ្វើ​ឲ្យ​មនុស្ស​ជាង​១​លាន ​៧​សែន​នាក់​ស្លាប់​នៅ​ក្នុង​ទស​វត្សរ៍​១៩៧០​នោះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​(DC Cam)​ ដឹកនាំ​ដោយ​លោក​ឆាង យុ ​បាន​អះអាង​ថា ​ខ្លួន​បាន​ចងក្រង​ឯកសារ​ស្តីពី​ការ​សម្លាប់​ជា​ប្រវត្តិ​សាស្ត្រ ​និង​បាន​ចងក្រង​ភស្តុតាង​សម្រាប់​សាលាក្តី​ ហើយ​នឹង​រួម​ចំណែក​ដល់​ដំណើរ​ការ​នីតិរដ្ឋ ​ការ​ផ្សះផ្សា​និង​សន្តិភាព​របស់​ប្រទេស។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ ​បាន​នាំ​ឲ្យ​មាន​ការ​ផ្តល់​តម្លៃ​ខ្លាំង​ពី​លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ សាស្ត្រាចារ្យ និងក្រុម​អ្នក​និពន្ធ​ផង​ដែរ។ ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​តំបន់​អតីត​ខ្មែរក្រហម​ចុង​ក្រោយ ​គឺ​ស្រុក​អន្លង់វែង​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​នោះ លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​Patrick Murphy ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​កិច្ចការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​Patrick Murphy ​បានថ្លែងថា៖

«សហ​រដ្ឋ​អាមេរិក​ មាន​មោទន​ភាព​ជា​ដៃគូ​ និង​ជា​អ្នក​គាំទ្រ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ក្នុង​កិច្ច​ប្រឹង​ប្រែង​ចងក្រង​ឯកសារ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ទោះ​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​ មាន​ភាព​ស្មុគ​ស្មាញ​ក្តី ​ហើយ​នឹង​បង្កើត​ការ​យល់​ដឹង​អំពី​ព្រឹត្តិ​ការណ៍ ​ដែល​បាន​កើត​ឡើង​កាល​ពី​អតីត​កាល។​ ដូច្នេះ​រឿងរ៉ាវ​ពី​អតីត​កាល​ នឹង​មិន​កើត​ឡើង​វិញ ​ជាពិសេស ​គឺ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​សន្តិភាព ​និង ​ការ​ផ្សះផ្សា​ក្នុង​ចំណោម​ប្រជាជន​ ហើយ​សហ​រដ្ឋ​អាមេរិក​មាន​ទិសដៅ​ស្របគ្នា​ជាមួយ​នឹង​កិច្ចខិត​ខំប្រឹង​ប្រែង​ទាំង​នេះ»។​

លោក ​ឆាំង យុ​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​អរគុណ​លោក​ ឯក​អគ្គ​រដ្ឋទូត​ ដែល​បាន​បំពេញ​ទស្សន​កិច្ច​ទៅ​កាន់​តំបន់​អន្លង់វែង​ចំពេល​ដែល​មាន​បញ្ហា​កូវីដ១៩។​ ​អន្លង់វែង​ជា​អតីត​តំបន់​ខ្មែរក្រហម​ចុង​ក្រោយ​ដែល​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ការ​បង្រួប​បង្រួម​ជាតិ​ និង​សន្តិភាព​កាលពី​ឆ្នាំ​១៩៩៨ ​បន្ទាប់​ពី​មាន​ការ​ផ្តាច់​ខ្លួន​ដំបូង​នៅ​ថ្ងៃទី​១៥ ​ខែសីហា ​ឆ្នាំ​១៩៩៦​ ឬ​ ២៤ ​ឆ្នាំ​មុន។ ​ទស្សន​កិច្ច​របស់​លោក​ឯក​អគ្គ​រដ្ឋទូត​ត្រូវ​លោក​ឆាង យុ ​ចាត់​ទុក​ថា​ មាន​អត្តន័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់​លោក​ផ្នែក​តម្លាភាព​ ដែល​លោក​ផ្ទាល់​ខ្លួន​តតាំង​ជាមួយ​នឹង​មន្ទិល​សង្ស័យ​អំពី​ទំនាក់​ទំនង​រវាង​មជ្ឈមណ្ឌល​របស់​លោក​ជា​មួយ​នឹង​រដ្ឋាភិបាល​អាមេរិក​ ហើយ​នឹង​ជួយ​ជម្រះ​មន្ទិល​សង្ស័យ​ក្នុង​ពេល​ដែល​មជ្ឈមណ្ឌល​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​និង​កម្ពុជា។​

«ទាំង​រដ្ឋាភិបាល​អាមេរិក​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​គាំទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​បង្កើត​មជ្ឈមណ្ឌល​នេះ​តាំងពី​ដំបូង​ក្នុង​ឆ្នាំ​១៩៩៥។ ​ ប្រទេស​ទាំង​ពីរ ​រួមគ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​នានា​រួម​ទាំង​អ.ស.ប. ​នៅតែ​ជាអ្នក​គាំទ្រ​ចំពោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា»។

លោក ​ឆាំង​ ​យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បង្ហាញ​រូបភាព​ដល់​លោក​ ឯកអគ្គរដ្ឋទូត​អាមេរិក Patrick Murphy នៅ​ក្នុង​មជ្ឈមណ្ឌល​សន្តិភាព​ស្រុកអន្លង់វែង​កាលពី​ពេល​ថ្មីៗ​នេះ។ (រូបថត​ពីមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) ​

លោក​ ឆាំង យុ ​អះអាង​ថា មជ្ឈមណ្ឌល​របស់​លោក​បាន​ចងក្រង​ជា​ឯកសារ​ដូចជា​គុក​ រណ្តៅ​ពិឃាត​ធំៗ ​ទីតាំង​នៃ​អំពើ​ឃោរឃៅ​ សាងសង់​បូជនីយដ្ឋាន ​ពាក្យ​ស្លោក​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ រូបថត ​ខ្សែ​ភាពយន្ត​អំពី​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ហើយ​នឹង​ឯកសារ​រាប់លាន​ទំព័រ​ដែល​សាធារណ​ជន​អាច​ចូល​មើល​បាន។ ​ឯកសារ​ទាំងនេះ​ក៏​ត្រូវ​ប្រើ​សម្រាប់​កម្មវិធី​សិក្សា​ផង​ដែរ។​

លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖​

«មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​គោល​ដៅ​ពីរ​ជា​សំខាន់។​ ទី១​ គឺ​ចងក្រង​ឯកសារ​និង​រក្សា​ប្រវត្តិ​សាស្ត្រ​នៃ​របប​ខ្មែរក្រហម​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​ ទី២​ គឺ​ប្រមូល​ផ្តុំ​ឯកសារ​ និង​រៀបចំ​ព័ត៌មាន​ដែល​អាច​បម្រើ​ដល់​សេចក្តី​ត្រូវការ​ផ្នែក​ភស្តុតាង​ដ៏​មាន​សក្តានុពល ​ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ចំពោះ​បទ​ឧក្រិដ្ឋ​របស់​ខ្មែរក្រហម»។​

លោក​បាន​បន្ថែម​ថា៖​

«គោល​បំណង​ទាំង​នេះ​ គឺ​បង្ហាញ​ពី​ការ​លើ​កម្ពស់​ការ​ចងចាំ​និង​យុត្តិធម៌​របស់​យើង​ ដែល​បញ្ហា​ទាំង​ពីរ​នេះ​គឺ​ជា​គ្រឹះ​សំខាន់​សម្រាប់​នីតិរដ្ឋ ​ការ​បង្រួប​បង្រួមជាតិ​និង​សន្តិភាព​ជានិរន្ត​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ អ៊ា សុផល​ ជា​សាស្ត្រា​ចារ្យ​នៃមហា​វិទ្យាល័យ ​Occidental College ​ក្នុង​ទីក្រុង​ Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា ​សហ​រដ្ឋ​អាមេរិក ​និង​ជាអ្នក​និពន្ធ​សៀវភៅ​ឈ្មោះ​«ការ​ពឹង​ផ្អែក​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា៖ ​តើ​ជំនួយ​បរទេស​បំផ្លាញ​ប្រជា​ធិបតេយ្យ​យ៉ាងណា?»។ លោកបាន​ប្រាប់ ​VOA ​ដោយ​បាន​ហៅ​មជ្ឈមណ្ឌល ​DC Cam​ ថា ​ ជា​អង្គការ​មាន​តម្លៃ​ធំធេង​ដែល​សហ​រដ្ឋ​អាមេរិក​ត្រូវ​បន្ត​ជួយ។​ លោក​ អ៊ា សុផល បាន​ថ្លែងយ៉ាងដូច្នេះ​ថា៖

«មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​DC Cam ​គឺ​ជា​អង្គការ​សំខាន់​ដ៏​គួរ​ឲ្យ​ជឿជាក់​ណាស់ ​ដែល​រក្សា​ការ​ចងចាំ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។ ​ DC Cam​ ចងក្រង​ឯកសារ ​និងរក្សា​ឯកសារ​ស្តីអំពី​ឧក្រិដ្ឋ​កម្ម​នានា ​ដែល​បាន​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម។​ ហេតុអ្វី​បាន​ជា​សំខាន់?​ ព្រោះ​ថា​ បើ​គេ​មិន​បាន​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​ទេ ​នោះ​នឹង​អាច​កើត​ឡើង​ជាថ្មី»។​

លោក ​សុផល ​បាន​បន្ថែម​សេចក្តី​ទៅ​លើ​អាត្ថាធិប្បាយ​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ថា​ សហ​រដ្ឋ​អាមេរិក ប្តេជ្ញា​ផ្តល់​ពន្លឺ​ដល់​ទំព័រ​ងងឹត​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា។​ លោក​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«យុត្តិធម៌​និង​ការ​ចងចាំ​ គឺ​ចាក់​ស្រេះគ្នា។​ យើង​ត្រូវ​រំឭក​និង​ចងចាំ​រឿងរ៉ាវ​អតីកាល ​ដោយសារ​តែ​មេ​ដឹកនាំ​ជាច្រើន​ ចង់​កែប្រែ​ប្រវត្តិ​សាស្ត្រ​ទៅ​តាម​វិធី​ដែល​ផ្តល់​គុណ​ប្រយោជន៍​ដល់​ពួក​គេ។ ​ឧទាហរណ៍​ដូចជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​តែ​រឿង​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​លើ​កម្ពុជា ​តែ​ភ្លេច​គិត​ថា ​ពួកគេ ​គឺ​ជា​មេ​បញ្ជាការ​ខ្មែរក្រហម»។​

លោក​ Peter Maguire ​ជា​សាស្ត្រា​ចារ្យ​ច្បាប់​អាមេរិកាំង​ និង​ជា​អ្នកនិពន្ធ​សៀវភៅ ​ឈ្មោះ​ «ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា ​ឬ ​Facing Death in Cambodia» ។ ​ លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ វា​ជា​រឿង​ឆ្លាត​វៃ​សម្រាប់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ជំនួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

«មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ធ្វើការ​យ៉ាង​ច្រើន​ខ្លាំង​ណាស់​ក្នុង​ការ​ចូលរួម​នាំ​មក​នូវ​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ​ បន្ថែម​លើ​សាលាក្តី​ខ្មែរក្រហម ​និងអង្គការ​សិទ្ធិ​មនុស្ស​លោក​ខាង​លិច​រាប់​សិប​បញ្ចូល​គ្នា​នោះ»។​

លោក​បាន​បន្ត​ថា ​ក្រុម​បុគ្គលិក​នៃមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​កំណត់​ទីតាំង​និង​បង្ហាញ​ផែនទី​តាម​ប្រព័ន្ធ​ GPS ​រាប់​រយ​អំពី​កន្លែង​ប្រល័យ​ពូជសាសន៍ ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត ដែល​នៅ​ទីនោះ​ពួក​គេ​ បាន​ស្រាវជ្រាវ​ប្រវត្តិ​សំខាន់ៗ​ ទាំង​ក្រុម​ខ្មែរក្រហម ​និង​ជន​រង​គ្រោះ ​ហើយនឹង​ការ​បោះ​ពុម្ព​ឯកសារ​និង​ សៀវភៅ​ជាច្រើន​ទាក់ទង​នឹង​ជន​ដៃ​ដល់​ ហើយ​នឹង​ជន​រងគ្រោះ​ផង​ដែរ។​

លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖​

«អស់​រយៈ​ពេល​ជាង​១ទស​វត្សរ៍ ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ផ្តល់​ជំនួយ​ជា​ឯកសារ​ឥត​លម្អៀង​ និង​អព្យាក្រិត្យ​ដល់​ទាំង​ផ្នែក​អាយ្យកា​ និង​ផ្នែក​ការពារ​ក្តី​នៅ​ក្នុង​តុលាការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ ដែល​អូសបន្លាយ​ពេល​យ៉ាង​យូរ»។​

រូបឯកសារ៖ អតីតមេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សន្ទនាមួយ​នៅជិត​អន្លង់វែង ប្រទេស​កម្ពុជា ក្នុងឆ្នាំ ១៩៩៨។

មេដឹកនាំ​ខ្មែរក្រហម​កំពូល ​គឺ ​ប៉ុល ពត ​បាន​ស្លាប់​កាលពី​ឆ្នាំ​១៩៩៨ ​នៅ​លើ​ទឹក​ដី​អន្លង់វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​មេដឹកនាំ​របប​នេះ​មួយ​ចំនួន ​ត្រូវ​បាន​តុលាការ​ដែល​ចូលរួម​ដោយ​អ.ស.ប.​នាំ​ខ្លួន​យក​មក​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​នានា​ដូចជា ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិជាដើម ​ទោះបី​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ផ្តល់​ការ​លើកលែង​ទោស​ដល់​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ខ្លះ​ ជាថ្នូរ​នឹង​ការ​ផ្តាច់​ខ្លួន​ បញ្ចប់​សង្គ្រាម​ដើម្បី​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ ​តាំង​ពី​ខែ​សីហា​ ឆ្នាំ​១៩៩៦ ​ក្តី។​

លោក ​យឹម ផាន់ណា ​អតីត​មេ​បញ្ជាការ​ខ្មែរក្រហម​មួយ​រូប​ ដែល​បាន​ដឹកនាំ​កងទ័ព​ខ្មែរក្រហម​និង​ប្រជាជន​រាប់ពាន់​នាក់​ ផ្តាច់​ខ្លួន​ពីក្រុម​ខ្មែរក្រហម​ចុង​ក្រោយ​ក្នុង​តំបន់​អន្លង់វែង​ បាន​ថ្លែង​ប្រាប់ ​VOA ​អំពីការ​ចងចាំ​របស់​លោក​ចំពោះ​ការ​ដែល​កម្ពុជា​ស្វែងរក​សុខ​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ។​

«ខ្ញុំ​ចង់​និយាយ​ថា​ យើង​ក៏​មាន​មោទនភាព​ដែរ ​ដែល​ខ្មែរ​យើង​មាន​លទ្ធភាព​បញ្ចប់​(សង្គ្រាម) ​ដោយ​ខ្មែរ​និង​ខ្មែរ ​តាម​នយោបាយ​ឈ្នះឈ្នះ​របស់​រាជ​រដ្ឋាភិបាល​ដែល​សម្តេច ​ហ៊ុន សែន ​លោក​បាន​ខិតខំ​ប្រឹង​ប្រែង។​ ម្យ៉ាង​ដែរ​ ព្រោះ​យើង​ត្រូវការ​ឱកាស​ដើម្បី​រួម​គ្នា​ ឲ្យ​ក្លាយ​ទៅ​ជា​ជាតិ​តែ​មួយ​ រដ្ឋាភិបាល​តែ​មួយ។ ​អ៊ីចឹង​ទៅ​វា​ល្អ​ដែរ»។​

លោក ​យឹម ផាន់ណា ​បាន​ថ្លែង​អំពី​ការ​ចងចាំ​និង​បង្ហាញ​ពី​វប្បដិសារី​ ដែល​ក្នុង​នាម​លោក​ជា​ខ្មែរ​ខិតខំ​តស៊ូ​ការពារ​ជាតិ​និង​ទឹកដី ​តែ​បាន​ក្លាយ​ទៅ​ជាក្រុម​ក្បត់ជាតិ​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ ​ហើយ​ក្រុម​គ្រួសារ​ដូច​ជា​ ឪពុក​លោក​ត្រូវ​គេ​សម្លាប់​ក្នុង​សម័យ​ខ្មែរក្រហម​ទៀត។ ​លោក ​យឹម ផាន់ណា ​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​កាលពី​ដើម​ទស​វត្សរ៍​១៩៧០ ​ហើយ​បច្ចុប្បន្ន​លោក​ជា​មេ​បញ្ជាការ​រង​យោធា​ភូមិភាគ​ទី៤។ ​លោក​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ​សម្រាក​ព្យាបាល​នៅ​ផ្ទះ។​ ជំងឺ​លោក​មួយ​ផ្នែក​ក៏​បណ្តាល​មក​ពី​របួស​ច្រើន​កន្លែង​ក្នុង​សម័យ​សង្គ្រាម​ផង​ដែរ។​

លោក ​យង់ គិមអេង​ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឃន៍​និង​សន្តិភាព​បាន​ថ្លែង​ថា​ សង្គ្រាម​ប្រដាប់​អាវុធ​បាន​បញ្ចប់​មែន​ តែ​កម្ពុជា​ត្រូវការសន្តិភាព​ផ្លូវ​ចិត្ត​សម្រាប់​ពលរដ្ឋ ​យុត្តិធម៌​សង្គម​ និង​នយោបាយ ​បើ​ពុំ​ដូច្នោះ​ទេ​ កម្ពុជា​នឹង​ទៅ​ជា​មាន​ការ​គំរាម​ និង​ក្តី​បារម្ភ។

«ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នេះ ​ខ្ញុំ​សង្កេត​ឃើញ​ថា​ វាជា​ការ​ប្រឈម​មួយ​ដែរ​ពីព្រោះ​ថា​ ទី​១​ សន្តិភាព​វា​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឃ ​វា​ផ្សារ​ភ្ជាប់​វិស័យ​ផ្សេងៗ​ទៀត​ទាំង​បញ្ហា​នយោបាយ​ជាដើម។​ ជាមួយគ្នា​នោះ​ដែរ ​យើង​ក៏​ត្រូវតែ​ដឹង​ថា​ ប្រទេស​កម្ពុជា ​ក៏ដូច​ជា​ប្រទេស​ដទៃ​ដែរ​ថា​ យើង​មិន​អាច​រស់​នៅ​ដោយ​ការ​ផ្តាច់​ខ្លួន​ចេញពី​សហគមន៍​អន្តរជាតិ​ទេ។ ​ជានិច្ច​ជាកាល​ យើង​ត្រូវការ​ការ​ពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក។ ​បើយើង​ត្រូវការ​ការ​រស់​នៅ​ក្នុង​សហគមន៍​អន្តរជាតិ ​យើង​ត្រូវ​តែ​ឲ្យ​មាន​ការ​អនុវត្ត​តាម​គោល​ការណ៍​មួយ​ចំនួន​របស់​អន្តរជាតិ»។​

លោក​ថា​ កម្ពុជា​ក៏ធ្លាប់​បើក​ឱកាស​ទទួល​យក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​កន្លង​មក​ដែរ​ ហើយ​លោក​ទទូច​ឲ្យ​អ្នក​នយោបាយ​កាន់​យក​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ ​សេរី​និយម​ពហុបក្ស ​តាម​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ដែល​មិនគួរ​ទុក​អ្នក​នយោបាយណា​មួយ​ចោល​នោះ​ទេ។ ​លោក​ថា ​បើ​ពុំ​ដូច្នោះ​ទេ​ រឿង​នេះ​នឹង​ប៉ះពាល់​ដល់​សន្តិភាព​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ។

ទោះជា​យ៉ាងណា​ក្តី​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​អំពី​មោទនភាព​សន្តិភាព ​ការ​បង្រួប​បង្រួម​ជាតិ​ដោយ​និយាយ​ថា​ វា​ជា​គោល​នយោបាយ​និង​សមិទ្ធ​ផល​សំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស ​ហើយ​ប្តេជ្ញា​ការពារ​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​នេះ​ វិល​ត្រឡប់​មក​វិញ​ទេ៕