ក្រុមសម្ព័ន្ធមិត្ត​អាមេរិក ស្វាគមន៍​ផែនការ​លោក Biden ក្នុង​ការរួមគ្នា​ប្រឈម​នឹង​ចិន

រូបឯកសារ៖ ស្ត្រី​ម្នាក់ ឈរ​នៅក្បែរ​កញ្ចក់​ទូរទស្សន៍​ដ៏ធំ​មួយ​នៅ​ផ្សារទំនើប​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ផ្សាយ​ព័ត៌មាន​នៅពេល​ដែល​លោក Joe Biden ដែល​​នៅ​ពេល​នោះ លោក​ជាប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក បាន​ថ្លែងសុន្ទរកថា នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ពេល​លោកឈរ​ឈ្មោះសម្រាប់​តំណែង​ប្រធានាធិបតី លោក Joe Biden បានមាន​ប្រសាសន៍​ថា ​នៅ​ពេល​ណា​លោក​ជាប់ឆ្នោត​ លោក​នឹង​«ចាត់វិធានការ​ជា​បន្ទាន់ដើម្បីពង្រឹងលទ្ធិ​ប្រជាធិបតេយ្យរបស់​យើង​ផ្ទាល់ និង​សម្ព័ន្ធភាព​ឱ្យ​មាន​ជា​ថ្មី​វិញ» ដោយ​មានរួម​បញ្ជូលការ​រៀបចំសន្និសីទ​កំពូលសាកលដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (Summit for Democracy) ​ក្នុងឆ្នាំ​ទី​មួយ​នៃ​ការ​កាន់តំណែងរបស់​លោក។ សំណើ​របស់​លោក Biden បាន​ត្រូវ​ស្វាគមន៍​ដោយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្តសហរដ្ឋ​អាមេរិក​ ដែលអន្ទះសា​ចង់​ឱ្យ​មានក្រុម​ចម្រុះប្រជាធិបតេយ្យ​មួយ​ខ្លាំង​ជាង​មុន និងមាន​សារៈសំខាន់​ជាងមុន។

លោក Irvin Cotler ជា​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​នៃ​ប្រទេស​កាណាដា។ លោកបាន​និយាយ​ប្រាប់អ្នក​ចូល​រួម​ក្នុង​វេទិកាគោល​នយោបាយ​មួយរៀបចំ​ដោយ​អង្គការ​ស្រាវជ្រាវកាណាដា​មួយ​កាល​ពី​ខែ​មករា​ថា៖​ «ខ្ញុំយល់​ថា សហគមន៍មួយ​នៃក្រុម​ប្រទេស​ប្រជាធិបតេយ្យនៅ​កម្រិតពហុភាគី អាចជាកត្តា​គន្លឹះ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជាអន្តរជាតិ»។

លោក Irvin Cotler ដែល​ធ្លាប់​បានការពារក្តី​ឱ្យ​លោក Nelson Mandela លោក​ Natan Sharansky និងលោក​ Liu Xiaobo ក្នុងឋានៈ​លោក​ជា​មេធាវី​ល្បី​ឈ្មោះនោះ ពេល​នេះ​បម្រើការជាសហប្រធាននៃ​គណៈប្រតិភូ​កាណាដា​ប្រចាំសម្ព័ន្ធភាពអន្តរសភា​អំពី​ប្រទេស​ចិន​ហៅ​កាត់​ថា​ IPAC ដែល​ជាវេទិកា​ពហុភាគី​មួយ​ ត្រូវបានបង្កើត​កាល​ពី​ឆ្នាំ​ទៅ​មិញដោយពួក​មេធាវីនៅ​ទូទាំង​ពិភពលោក។

រូបឯកសារ៖ អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កាណាដា​លោក Irwin Cotler ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​នៅ​ក្រុងហ្សេរុយសាឡឹម កាលពី​ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០០៩។

លោក​បានផ្តល់​តម្លៃ​ដល់​ការ​បង្កើត ​IPAC ថា​ ជា«កត្តា​នាំ​ឱ្យ​ផ្លាស់​ប្តូរ​មួយ»​ ក្នុង​ការ​ពន្យឺតការ​ជំរុល​ទៅមុខ​ខាងសេដ្ឋកិច្ច​ និង​ខាង​ការ​ទូតរបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ​ លោក​បាន​និយាយ​បន្ថែម​ថា អ្វី​ដែលសំខាន់​ជាងនេះ​ គឺ​«សម្ព័ន្ធភាពអន្តររដ្ឋាភិបាលមួយ»​ដែលនឹង«បង្កើន​យ៉ាង​ខ្លាំង​អានុភាពសេដ្ឋកិច្ចនៃ​សហគមន៍​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​ប្រឆាំង​នឹង​ការ​សម្លុត​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង»។

លោក Cotler បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ជាតិ​នីមួយៗដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​កាណាដា​ផង​ដែរ នឹង«មាន​អារម្មណ៍​ថា ​មាន​សន្តិសុខ​ជាង​មុន​ដោយ​ជាផ្នែក​មួយ​នៃ​សេចក្តី​ផ្តើម​ចាំ​បាច់​នានា​ដែល​អាច​ធ្វើ​បាន» ​រួម​គ្នា​ដោយ​សហគមន៍​នៃ​ប្រទេស​ជាតិ​ប្រជាធិបតេយ្យ។

លោក Steven Kinnock ជា​អ្នក​តាក់តែង​ច្បាប់​អង់គ្លេស​ម្នាក់ដែល​បម្រើ​ការ​ជារដ្ឋមន្ត្រី​ស្រមោលរបស់​គណបក្ស​ពលករ (Labour Party) ទទួល​បន្ទុក​កិច្ចការអាស៊ី​និង​ប៉ាស៊ីហ្វិក។ លោក​បាន​និយាយ​ប្រាប់​វេទិកា​គោលនយោបាយចាត់​ចែង​ដោយ​វិទ្យាស្ថាន​ Macdonald-Laurier ថា ចក្រភព​អង់គ្លេស ​ត្រូវការ​«ការ​រៀបចំ​ជា​ថ្មី​នូវ​យុទ្ធសាស្ត្រ​របស់​យើង​ចំពោះចិន»។

លោក Steven Kinnock បាននិយាយ​ថា ការ​យល់​ថា​ «ប្រទេស​ចិននឹង​ធ្វើ​តាមដោយ​យឹតៗ​ និង​ដោយ​ប្រាកដ​ប្រជា​ជាមួយ​បទដ្ឋាននិង​បទបញ្ញត្តិនៃរចនាសម្ព័ន្ធអន្តរជាតិ​» ជា​បរាជ័យមួយ។ ឧបសគ្គ​ទាក់​ទង​នឹងការ​រើបឡើង​របស់​ប្រទេស​ចិននៅ​ក្រោម​ការ​គ្រប់គ្រង​ដោយមេដឹកនាំ​កុម្មុយនិស្ត ជា​«បញ្ហាចម្បង​ដែល​សហគមន៍​សាកល ​កំពុង​ប្រឈម​នៅ​ពេល​នេះ»។

សមាជិក​សភា​អង់គ្លេស​រូប​នេះ​ចង្អុល​បង្ហាញ​ពី​សម្ព័ន្ធភាពមួយ​ ​ដែល​បាន​កើត​មាន​ក្នុង​ចក្រភព​អង់គ្លេស​រវាងគណបក្ស​ពលករ​របស់​លោក​និង​គណបក្សអភិរក្សនិយម​កាន់​អំណាច ដោយរួម​គ្នាប្រឈមនឹង​ឧបសគ្គ​នេះ។ លោក Kinnock បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​ស្តាប់​លោក​និយាយ​ថា បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន​ ​និង​កន្លែង​ឯ​ទៀតៗ មិន​មែន​ជា​«បញ្ហា​អំពីនយោបាយខាងឆ្វេង ឬអំពី​នយោបាយ​ខាង​ស្តាំ​ទេ» ​តែ​ជា«បញ្ហា​អំពី​រឿងត្រូវ ឬ​ខុស»។

​ទៅ​អនាគត​ លោកស្នើ​ឱ្យចក្រភព​អង់គ្លេសអនុវត្ត​«សរសរ​ស្តម្ភយុទ្ធសាស្ត្រ»​ពីរ។

លោក Kinnock​ បាន​ថ្លែង​ថែម​ទៀត​ថា៖ «យើងត្រូវ​តែ​កាត់​បន្ថយ​ការ​ពឹងពាក់​របស់​យើង​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់របស់​ប្រទេស​ចិន ដែល​មាន​ន័យ​ថា កសាង​មូលដ្ឋានបច្ចេកវិជ្ជារបស់​យើង​ផ្ទាល់​ ធ្វើការ​ជាមួយ​ក្រុម​ប្រទេសប្រជាធិបតេយ្យដើម្បី​ធ្វើ​ការ​នេះ។​ យើង​ក៏​ត្រូវតែក្លាយ​ជា​អ្នក​ធ្វើ​ឱ្យ​មាន​សម្ព័ន្ធភាព​ ជា​ជាង​ជា​អ្នក​បំបែកសម្ព័ន្ធភាព ទោះ​ណាលោក​អ្នក​មាន​មតិ​បែប​ណា​អំពី​ Brexit ក៏​ដោយ»។

លោក Reinhard Butikofer ជា​អ្នក​នយោបាយ​អាល្លឺម៉ង់ខាង​គណបក្ស​បៃតង​ ដែល​បម្រើការ​ជាប្រធានគណៈប្រតិភូសភា​អឺរ៉ុប​ខាងទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​ លោក​ពណ៌នាការ​អំពាវនាវ​របស់​លោក Biden ឱ្យ​មាន​សម្ព័ន្ធភាពមួយ​នៃក្រុមប្រទេស​ប្រជាធិបតេយ្យដើម្បី​ប្រឆាំង​នឹងការ​រំលោភ​ដោយ​ប្រទេស​ចិន​លើរបៀបរៀប​រយ​ផ្អែក​លើបញ្ញត្តិអន្តរជាតិថា ​ជា​«សំណើ​ដ៏​មាន​ប្រយោជន៍»​មួយ ហើយ​លោកសង្ឃឹមថា​ សេចក្តី​ស្នើ​នេះ នឹង​ក្លាយ​ជា​ការ​ពិតហួស​ពី​គ្រាន់​តែ​ជា​«គំនិត​បង្កើត​អង្គការមួយ»។

លោក Reinhard Butikofer ​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងក្នុង​សន្និសីទខែ​មករា​នោះថា៖ «ខ្ញុំយល់​ថា ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ប្រយោជន៍​ជាក់​ស្តែង​ភ្លាមៗ ​នៃការ​មាន​ការគាំទ្ររវាង​ប្រទេស​សមាជិកទៅ​វិញ​ទៅ​មក»។​

លោក​បាន​ថ្លែង​ថា៖ «ក្រៅ​ពី​ធ្វើ​សន្និសីទ​ធំៗ ក្រៅ​ពី​ចាត់ចែងឱ្យ​មានអង្គការថ្មី​មួយ​ ​ប្រសិន​បើ​លោក​អ្នកគ្មាន​សាមគ្គីភាពរវាង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទេ​នោះ សម្ព័ន្ធ​នេះមិន​អាច​មាន​បាន​ទេ»។

អ្នកស្រី​ Kimberly Kitching ជា​សមាជិកព្រឹទ្ធសភា​អូស្ត្រាលី និង​ជាប្រធានគណៈកម្មាធិការខាង​កិច្ចការ​បរទេស ការពារ​ប្រទេស ​និង​ពាណិជ្ជកម្មនៃ​ព្រឹទ្ធសភា​អូស្ត្រាលី។​ អ្នកស្រីបាននិយាយ​ប្រាប់​វីអូអេក្នុងសេចក្តី​សម្ភាសន៍​លាយ​លក្ខណ៍អក្សរមួយ​ថា ​គំនិត​លោក Biden ក្នុង​ការបើក​ប្រជុំ​«សន្និសីទ​កំពូលមួយ​នៃ​ពួក​ប្រទេស​ប្រជាធិបតេយ្យ»​ មានសារៈសំខាន់ ​ហើយត្រូវពេល​វេលា​ផង​ដែរ។

អ្នកស្រី​ Kimberly Kitching បានសរសេរ​ថា៖ «នៅ​ពេលយើង​ពិនិត្យ​មើលគន្លង​ដ៏យូរ​អង្វែងនៃ​ប្រវត្តិសាស្ត្រ​ លទ្ធិ​ប្រជាធិបតេយ្យតាម​ពិត​ទៅ​ជា​ការលើកលែង​មួយ​ [ដែល​មិន​មែន​កើត​ឡើង​ដោយ​ឯកឯង] ហើយ​គេ​ត្រូវ​ការពារ​វា​ដោយ​ស្វិតស្វាញ​និង​ដោយប្រុង​ប្រយ័ត្ន។​ ដោយសារ​សារៈសំខាន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យនេះ ខ្ញុំ​សង្ឃឹម​ថា​ សន្និសីទ​កំពូល​មួយ​បែប​នេះ ​នឹង​មាន​ធ្វើ​ក្នុង​អនាគត​ឆាប់ៗ​នេះ»។

អ្នកស្រី Kitching បាន​ពណ៌នាតំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក​ថា ​ជាកន្លែង​មួយ​ដែល«នៅ​ចំ​កន្លែងគណបក្ស​កុម្មុយនិស្ត​ចិន​ធ្វើ​ការ​ដោយ​ភាពមោះមុត»​ មាន​ន័យ​ថា តំបន់​នោះ​ត្រូវ​តែ​ដោះស្រាយបញ្ហា​ចិន​នេះ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ភ្លាមៗ​តែ​ម្តង។

អ្នកស្រី Kitching បាន​មាន​ប្រសាសន៍​ថា «រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​ Biden ផ្តល់​ឱកាស​មួយដល់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​កសាងបន្ថែម​លើ​សម្ព័ន្ធភាព​របស់​យើង ដែល​ត្រូវ​បាន​ចងក្រង​ដោយ​សន្ធិសញ្ញា​សន្តិសុខ​រវាង​ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ និង​ស.រ.អ.​ហៅ​កាត់​ថា​ ANZUS តែ​ត្រូវ​បាន​ផ្សា​ភ្ជាប់​ដោយ គុណតម្លៃ​ដូច​គ្នា​និង​មិត្តភាព​ ដោយ​អ្នកស្រី​បាន​និយាយយោងដល់ឯកសារយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វ៊ិក​របស់​ស.រ.អ.​ដែល​ត្រូវបញ្ចេញជាសាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​ផ្តល់​ឱកាស​មួយសម្រាប់​ការ​បន្ត​យុទ្ធសាស្ត្រ​នេះ​តទៅ​ទៀត។

អ្នកស្រី Kitching ក៏​បម្រើការ​ជា​សហប្រធានអូស្ត្រាលី​នៃ​សម្ព័ន្ធភាពអន្តរសភា​អំពី​ប្រទេស​ចិន​ផង​ដែរ។​

រូបឯកសារ៖ លោក Joe Bidenដែល​នៅ​ពេល​នោះ លោក​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក ណែនាំ​ឈ្មោះ​សមាជិក​សំខាន់ៗ​នៃ​ក្រុមវិទ្យាសាស្ត្រ​របស់​សេតវិមាន​នៅ​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

រដ្ឋបាល​ថ្មីដឹក​នាំ​ដោយ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ចូល​កាន់​តំណែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃទី​២០ ខែមករា​ ហើយ​ក្រុម​សម្ព័ន្ធ​មិត្ត​ស.រ.អ. អន្ទះសា​ចង់​យល់​ជាង​មុនអំពី​ការ​យល់​ឃើញ​របស់អ្នកវិភាគ​ និង​អ្នក​ចាត់ចែង​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី​ Carolyn Bartholomew ជាអនុប្រធាននៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សន្តិសុខ​ស.រ.អ.-ចិន និង​ជា​អតីត​នាយ​ខុទ្ទកាល័យអ្នកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិកាំង។​ អ្នកស្រីពណ៌នា​ខ្លួន​អ្នកស្រី​ថា​ ជា​«អ្នក​រិះគន់​ស្មើ​គ្នា​ដល់​រដ្ឋបាលរបស់​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ» ​អំពី«ភាព​ខ្សោយ​និង​បញ្ហា»នៅ​ក្នុងគោលនយោបាយរបស់​ពួក​គេ​អំពី​ប្រទេស​ចិន។ អ្នកស្រី Bartholomew បាន​សរសើរ​រដ្ឋបាលស.រ.អ.​ទើប​ចេញ​ពី​តំណែង​អំពីរបៀប​ដោះស្រាយ​របស់​ខ្លួនចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នកស្រី​ Carolyn Bartholomew បាន​និយាយ​ថា៖ «សម្រាប់ជន​ទាំង​ឡាយ​ដែល​មិន​ដឹង ខ្ញុំ​ជាអ្នក​គណបក្សប្រជាធិបតេយ្យ។​ ខ្ញុំ​សរសើររដ្ឋបាលលោក Trump អំពីរឿង​មួយ​ គឺ​ការលាត​ត្រដាង​អំពី​កង្វល់​កំពុង​មាន​នៅ​ក្នុង​ទំនាក់ទំនង​រវាងស.រ.អ.​ និង​ប្រទេស​ចិន»។ អ្នកស្រី​បាន​ពណ៌នាសកម្មភាព​ខ្លះ​ក្នុង​បណ្តា​សកម្មភាពរបស់រដ្ឋបាលលោក Trump ថា «មាននៅ​ក្នុង​គោលការណ៍​ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​យើង និង​គាំទ្រដល់​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ប្រទេស​ចិន ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថា ​ការលេច​ឡើងរបស់​ប្រទេស​ចិន​លើឆាកអន្តរជាតិ​ មិនគ្រាន់​តែ​លើក​តម្កើង​អំណាច​ផ្តាច់ការ​ក្នុង​ពិភពលោក»។

អ្នកស្រី​ Carolyn Bartholomew ​បាន​ថ្លែង​ថា ​អ្នកស្រី​សង្ឃឹម​ថា​ រដ្ឋបាល​លោក​ Biden «នឹងទទួល​យក និង​បន្ត​គោលនយោបាយ​ខ្លះ​ដែល​រដ្ឋបាលលោក Trump បាន​ធ្វើ» ដោយ​អ្នកស្រី​បាននិយាយ​បន្ថែម​ថា «ខ្ញុំ​រំពឹង​ថា មាន​ការ​កែសម្រួល​ខ្លះ» ទាក់ទិន​នឹងកលយុទ្ធ​ ប៉ុន្តែ​មិន​មែនទាក់​ទិន​នឹង​យុទ្ធសាស្ត្រ​ទាំង​ស្រុង​ទេ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ