សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន

រូប​ឯកសារ៖ ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​កំពុង​នាំគ្នា​ច្រក​បាវ​ខ្សាច់​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្បែរ​ស្លាកសញ្ញា​មួយ​ដែល​រំឭក​ដល់​គ្រប់គ្នា​ថា កងកម្លាំង​តាលីបង់​អាច​នៅ​គ្រប់​ទីកន្លែង ​ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០១។

សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ការ​គាំទ្រ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​តាម​រយៈ​កង​កម្លាំង​ទាហាន ទោះបីជា​នៅ​ពេល​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​សម្ព័ន្ធ​មិត្ត​បន្ត​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក៏ដោយ។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​បញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ក្រុម​យុទ្ធជន​តាលីបង់ (Taliban) នៅ​ក្នុង​ខេត្ត Helmand ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នៅ​ទី​នោះ ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​បាន​កើតឡើង​អស់​រយៈពេល​រាប់​ថ្ងៃ​មក​ហើយ។

មន្ត្រី​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លំអិត​បន្ថែម ដោយ​លើកឡើង​ពី​ភាព​ចាំបាច់​នៃ​សន្តិសុខ​ខាង​ប្រតិបត្តិការ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ក៏​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ផងដែរ ទោះបីជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា មេបញ្ជាការ​សហរដ្ឋ​អាមេរិក​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន «នៅ​មាន​សមត្ថភាព​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា» ក៏ដោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​ថា៖ «ស្រប​ពេល​ដែល​យើង​កំពុង​ដក​កងទ័ព​ចេញ យើង​នឹង​បន្ត​ព្យាយាម​គាំទ្រ​កង​កម្លាំង​សន្តិសុខ​ជាតិ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​សមរភូមិ​តាម​កម្រិត​ដែល​យើង​អាច​ធ្វើ​បាន»។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង ស្របពេល​ដែល​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ស្ថិត​ក្រោម​សម្ពាធ​តឹងតែង​ពី​ក្រុម​តាលីបង់ ជាពិសេស​នៅ​ជុំវិញ​ក្រុង Lashkar Gah ក្នុង​ខេត្ត Helmand ដែល​នៅ​ទីនោះ អង្គការ​ជំនួយ​មនុស្សធម៌​នានា​បាន​រាយការណ៍​ថា​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (Doctors Without Borders) បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ថា ជន​ស៊ីវិល​ដែល​បាន​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា បាន​រៀបរាប់​ថា គ្រាប់​កាំភ្លើង​បាន​ហោះ​ព្រោងព្រាង​សំដៅ​ចូល​ផ្ទះ​របស់​ពួកគេ ដោយ​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​គេច​ចេញ ដោយ​ពេល​ខ្លះ​មិន​បាន​ទាំង​យក​ស្បែកជើង​និង​សំលៀកបំពាក់​ទៅ​ជាមួយ​ផង។

លោក Atigullah ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​កន្លង​ទៅ​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​គឺ​សំខាន់​ដើម្បី​បញ្ឈប់​ការ​រុល​ចូល​របស់​ក្រុម​តាលីបង់។

លោក Atigullah បាន​និយាយ​ដូច្នេះ​ថា៖ «ការ​ទម្លាក់​គ្រាប់​បែក​មាន​សភាព​ខ្លាំងក្លា។ ខ្ញុំ​មិន​ដែល​ឃើញ​ការ​ទម្លាក់​គ្រាប់​បែក​បែប​នេះ​ទេ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ»។

កាលពី​ពេល​ថ្មីៗ​នេះ កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្រឡូក​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​ប្រឈម​នឹង​ការ​បរាជ័យ​មួយ​ចំនួន។

រូបឯកសារ៖ កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន​ឈរ​នៅ​ក្បែរ​រថក្រោះ​មួយ​គ្រឿង​ក្នុង​អំឡុងពេល​ប្រយុទ្ធគ្នា​រវាង​កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន និង​ក្រុម​ជនយុទ្ធ​តាលីបង់​ក្នុង​តំបន់​ Busharan ខេត្ត Helmand ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​ថា ក្រុម​យុទ្ធជន​តាលីបង់​បាន​ដណ្ដើម​កាន់កាប់​ស្រុក​មួយ​នៅ​ក្នុង​ខេត្ត Baghlan នៅ​ភាគ​ខាង​ជើង​ប្រទេស និង​បាន​សម្លាប់​អគ្គស្នងការ​ប៉ូលិស​ម្នាក់​នៅ​ក្នុង​ខេត្ត Paktika នៅ​ភាគ​អាគ្នេយ៍​ប្រទេស។

ទោះជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ផ្នែក​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ជំនឿ​ជឿជាក់​លើ​សមត្ថភាព​របស់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​តាលីបង់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Kirby បាន​ប្រាប់​អ្នក​កាសែត​ថា៖ «កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​មាន​សមត្ថភាព​ច្រើន​ជាង​មុន បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ពេល​ខ្លះ ពួកគេ​បាន​ដឹក​មុខ [នៅ​ក្នុង​ប្រតិបត្តិ​វាយ​ប្រយុទ្ធ]»។

មន្ត្រី​យោធា​អាហ្វហ្គានីស្ថាន​ក៏​បាន​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ​ថា​ពួកគេ​អាច​បំពេញ​កាតព្វកិច្ច​បាន។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​លោក Fawad Aman បាន​ប្រាប់ VOA ផ្នែក​ភាសា​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ កង​កម្លាំង​សន្តិសុខ​ជាតិ​និង​កង​កម្លាំង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន អាច​រៀបចំ​ផែនការ បញ្ជា ត្រួតត្រា និង​ធ្វើ​ប្រតិបត្តិការ​យោធា​បាន​ដោយ​ខ្លួន​ឯង ១០០%»។

លោក Aman បាន​បន្ថែម​ថា៖ «មិន​មាន​ការ​គាំទ្រ​និង​វត្តមាន​ដោយ​ផ្ទាល់​របស់​ទាហាន​បរទេស​នៅ​ក្នុង​សមរភូមិ​នោះ​ទេ»។

ទោះជា​យ៉ាង​នេះ​ក្ដី គេ​ឃើញ​មាន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​អំពី​ថា​តើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​អាច​ទប់ទល់​នឹង​ការ​វាយលុក​ជាប់​ជា​បន្ត​គ្រប់​ទម្រង់​ពី​ក្រុម​តាលីបង់​បាន​យូរ​ប៉ុណ្ណា​ដោយ​គ្មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

លោក Douglas Lute ឧត្តមសេនីយ៍​ឯក​ចូល​និវត្តន៍​នៃ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ផ្នែក​ភាសា​អាហ្វហ្គានីស្ថាន​ថា៖ «នេះ​នឹង​ក្លាយជា​ការ​សាកល្បង​ដ៏​ធំ​មួយ​សម្រាប់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន»។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​ពឹងផ្អែក​ខ្លាំងក្លា​លើ​ការ​គាំទ្រ​តាម​ផ្លូវ​អាកាស​របស់​បស្ចិម​ប្រទេស​និង​របស់​សហរដ្ឋ​អាមេរិក … ហើយ​ដោយសារ​ការ​គាំទ្រ​តាម​ផ្លូវ​អាកាស​នេះ​ហើយ ដែល​ក្រុម​តាលីបង់​មិន​អាច​លុកលុយ​បន្ត​បាន។ តើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​អាច​ផ្ដល់​ការ​គាំទ្រ​តាម​ផ្លូវ​អាកាស​ដោយ​ខ្លួន​ឯង​បាន​ទេ? ប្រសិនបើ​ពួកគេ​មិន​អាច ឬ​ក៏​ប្រសិនបើ​ពួកគេ​រង​សម្ពាធ [វាយ​ប្រហារ] តើ​សហរដ្ឋ​អាមេរិក​នឹង​មក​ជួយ​ពួកគេ​ឬ​ទេ?»។

ទោះបីជា​មន្ត្រី​អាហ្វហ្គានីស្ថាន​អន្ទះសា​ចង់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ប្រសិទ្ធភាព​របស់​កង​កម្លាំង​ទ័ព​អាកាស​របស់​ពួកគេ​ក៏ដោយ ក៏​មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​លើកឡើង​ថា វា​អាច​មាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ទាំង​នេះ​បាន​បញ្ជាក់​បន្ត​ថា កងទ័ព​អាកាស​អាហ្វហ្គានីស្ថាន​នៅតែ​ពឹងផ្អែក​លើ​មន្ត្រី​កុងត្រា​អាមេរិក​និង​មន្ត្រី​កុងត្រា​បរទេស​នានា​សម្រាប់​កិច្ចការ​ថែទាំ​យន្តហោះ​និង​ឧបករណ៍​យោធា​ផ្សេងៗ។ មន្ត្រី​កុងត្រា​ទាំង​នោះ​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ជាមួយ​នឹង​កង​កម្លាំង​ដែល​នៅ​សេសសល់​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។

អគ្គាធិការ​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ​បាន​រំឭក​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ជា​បន្ត​ពី​មន្ត្រី​កុងត្រា យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាកាស​អាហ្វហ្គានីស្ថាន​មិន​អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​លើស​ពី​ពីរ​ឬ​ក៏​បី​ខែ​នោះ​ឡើយ»។

មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​ពិភាក្សា​ដើម្បី​ធានា​ឲ្យ​មាន​ជា​បន្ត​នូវ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ភស្តុភារ​កំពុង​ធ្វើ​ឡើង ប៉ុន្តែ​បាន​រំឭក​ថា បញ្ហា​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ។

គេ​ក៏​ឃើញ​មាន​ក្ដី​បារម្ភ​ផង​ដែរ​អំពី​ថា​តើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នឹង​សម្របសម្រួល​បែប​ណា នៅ​ពេល​ដែល​ដំណើរ​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​សម្ព័ន្ធមិត្ត​ចេញ​ត្រូវ​បាន​ធ្វើ​ឡើង និង​នៅ​ពេល​ដែល​គ្មាន​យន្តហោះ​ដ្រូន​ឬ​ក៏​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​សម្រាប់​ធ្វើ​ការ​ឃ្លាំមើល​ឬ​ក៏​វាយ​ប្រហារ​ដើម្បី​គាំទ្រ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​សមរភូមិ​នោះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ថា ការ​បញ្ជូន​យន្តហោះ​ទាំង​នេះ​ពី «ចម្ងាយ» នឹង​ចំណាយ​ពេល​យូរ​និង​ជា​ទូទៅ​មាន​ការ «ពិបាក​ខ្លាំង»។

សម្រាប់​ពេល​ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 ចំនួន ៦ គ្រឿង​នៅ​មូលដ្ឋាន​ទ័ព​អាកាស Al Udeid នៅ​ក្នុង​ប្រទេស​កាតា និង​កង​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Dwight D.Eisenhower នៅ​ក្នុង​ឈូង​សមុទ្រ​អារ៉ាប់។

ប៉ុន្តែ​កិច្ចការ​ចម្បង​នៅ​ពេល​នេះ​របស់​យន្តហោះ​និង​កង​នាវា​ចម្បាំង​ទាំង​នេះ​គឺ​សម្រាប់​ផ្ដល់​ការ​ការពារ​ដល់​ការ​ដក​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​និង​កងទ័ព​របស់​បស្ចិម​ប្រទេស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​តែ​ប៉ុណ្ណោះ។

មន្ត្រី​នានា​បាន​និយាយ​ថា ការ​ចរចា​កន្លង​មក​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អំពី​ការ​ដាក់​យន្តហោះ​ចម្បាំង​និង​គ្រឿង​ឧបករណ៍​យោធា​ផ្សេងៗ​ទៀត​នៅ​ជិត​ប្រទេស​អាហ្វហ្គានីស្ថាន មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​តិចតួច៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ