គ្មានអ្វី​អាច​បញ្ឈប់​វិចិត្រ​ករ​ ម៉ន ជា​៖ ដំណើរ​ជីវិត​​ពី​ពិការភាព​ឈាន​ទៅ​បង្កើត​ស្នាដៃ​គំនូរ

វិចិត្រករ​ ម៉ន ជា​ កំពុង​ឆ្លាក់​រូប​នៅ​លើ​ផ្ទាំង​ប្លុក​ នៅ​ក្នុងបន្ទប់​ស្ទូឌីយ៉ូរបស់​លោក​នៅខេត្តសៀមរាប នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​២០២២។ (ខាន់ សុគុំមនោ​/វីអូអេ)

សៀមរាប — កាល​ពី​ ១០ ឆ្នាំ​មុន យុវជន ម៉ន ជា​ ជា​កម្មករ​សំណង់​បាន​ជួប​ឧប្បទ្ទវហេតុ​នៅ​ការដ្ឋាន​ខណៈពេល​កំពុង​ធ្វើ​ការងារ​ដែល​បណ្តាល​ឲ្យ​ដៃ​ទាំងទ្វេ​របស់​លោកពិការ។ ​លោក​ស្ទើរតែ​មិន​អាច​តស៊ូ​រក្សា​ជីវិត​របស់​លោក​បាន។​ លោកធ្លាប់បាក់​ទឹក​ចិត្ត​ហើយ​បាន​គិត​ចង់​បញ្ចប់ជីវិត​របស់​ខ្លួន​ម្តងម្កាល។​

ក៏ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ខេត្ត​កំពត​រូបនេះបាន​ត្រាច់ចរ​ស្ទើរ​គ្រប់​ទីក្រុង​នៅ​ក្នុង​ប្រទេសក្នុងនាម​ជា​សិល្បករ​ឆ្នើម​មួយ​រូប។​ លោក​ ម៉ន ជា​ វ័យ​ ៣២ ឆ្នាំ ជា​វិចិត្រ​ករ​កម្រ​ម្នាក់​ដែល​ចេះឆ្លាក់​និងផ្តាន​រូប​បង្កើត​បាន​ជា​ផ្ទាំង​គំនូរ​មួយបែប​ដែល​ជា​ភាសាអង់​គ្លេស​ហៅថា​ប្លុក​ព្រីន​ (block-print painting)។

ស្នាដៃ​របស់​លោក​កំពុង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅទីក្រុង​នានា​នៅ​សហរដ្ឋអាមេរិក​ក្នុងឆ្នាំ​ ២០២២ ​នេះបើ​ទោះ​បី​ជា​ខ្លួន​លោកមិន​ទាន់​ទៅដល់​ទី​នោះ​ផ្ទាល់​ក្តី​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែលរារាំង​ដល់​ការ​ធ្វើ​ដំណើរ។

ក្នុង​ចំណោម​គំនូរជាច្រើន​ផ្ទាំង​ដែល​លោក ម៉ន ជា​ បាន​បង្កើត​ឡើងមាន​គំនូរ​មួយ​ផ្ទាំង​លេច​ធ្លោ​ជាង​គេ។ នោះ​គឺ​រូប​បុរស​ម្នាក់ ដែល​អត់​ដៃ​ទាំង​សង​ខាង តែ​នៅ​ជាប់​ខ្នង​មានស្លាប​មេអំបៅ​ចម្រុះ​ពណ៌​បៃតង​ខៀវ ក្រហម​ លឿងទុំ​ និង​អុចៗ​ពណ៌ខ្មៅ​ជា​ក្រឡេក្រឡា។ នៅ​លើ​រូប​បុរស​នោះ​មាន​ព្រះ​អាទិត្យ​រះមូល​ក្រឡង់​ពណ៌លឿង​ផង​ដែរ។

ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់វិចិត្រករ​ ម៉ន ជា នៅ​ Shop House Studioក្នុង​រាជធានី​ភ្នំពេញ​ ខែកុម្ភៈ​ ឆ្នាំ​២០២២។​ (ខាន់ សុគុំមនោ/វីអូអេ)

វិចិត្រករ​រូបនេះ​បាន​ប្រាប់ VOA ថា៖​ «​ឈ្មោះ​វា​គឺភាព​បម្រែ​បម្រួល​»

ភាព​ភាពបម្រែ​បម្រួលនេះ​លោក ម៉ន ជា​ សំដៅ​ដល់​ការ​ប្រើ​គំនិត​សិល្បៈបង្ហាញ​អត្ថន័យ​ជីវិត​របស់​លោក​ដោយ​ប្រែ​ពី​«មិន​អាច​» ទៅជា​«អាច» ប្រែ​ពី​ភាព​អៀនខ្មាស់​ទៅជា​សេចក្តី​ក្លាហាន។​

វិចិត្រករដែល​មាន​សម្បុរស្រអែម​មាឌមាំ​ កម្ពស់​ ១ម៉ែត្រ​៨០ បាន​ប្រាប់ VOA ថា៖

«កាលពី​ខ្ញុំពិការ​ដៃ​ថ្មី​ៗខ្ញុំ​អត់​អា​ច​ទៅណា​បាន​អត់អាច​ចូលរួម​កម្មវិធី​គេបាន​អត់អាច​ទៅ​វត្ត​ អត់​អាច​ទៅផ្សារ។ ដោយសារ​យើង​អត់​ដឹងថា​ទៅ​ធ្វើអី​ដោយសារ​យើង​ពិការ​ដៃ ហើយ​បើទៅ​ចូលរួម​កម្មវិធី​គេ​វា​ពិបាក ដោយសារ​យើង​ខ្មាស់ ខ្មាស់គេ។ អារម្មណ៍​យើង​ទៅ​ណា​មក​ណា​គេមើលច្រើន​ យើង​ខ្មាស់​គេ​យើង​អត់​ចង់​ទៅ​ក្រៅ​ទេ។ វា​ប្រៀប​ដូចជា​ពង​មេអំបៅ​នៅ​ក្នុង​សំបុក​មួយ​អត់អាច​ចេញ​មកក្រៅ​បាន​អ៊ីចឹង។ ខ្ញុំ​ចាត់​ទុក​ខ្លួន​ខ្ញុំ​អ៊ីចឹង»។

លោក​រៀបរាប់​បន្ត៖ «​ខ្ញុំ​គូរស្លាប​នេះ​ឡើង​ជា​ភាពបម្រែ​បម្រួលខ្ញុំ​ចាត់​ទុក​ស្លាប​មេអំបៅ​ខ្ញុំ​នេះ​ជា​ផ្លូវ​មួយ​ដែល​ជា​ផ្លូវ​សិល្បៈ​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ដើរ​មក​ដល់​ទីនេះ។ ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ដែល​មិត្តភក្តិ​ខ្លះ ធ្លាប់​រើស​អើង។​ផ្លាស់​ប្តូរ​ជីវភាព​ដែល​ពី​មុន​អត់​អាច​ធ្វើការ​បាន​ក្រោយ​មក​ធ្វើការ​បាន។ រក​ប្រាក់​ចំណូល​ដើម្បី​គ្រួសារ​និង​មាន​ជីវភាព​ប្រសើរ​ជាងមុន»។

ក្រៅ​ពី​គំនូរ​បង្ហាញ​ការ​វិវឌ្ឍ​ក្នុង​ជីវិត លោក​ ម៉ន ជា ប្រើ​សិល្បៈគំនូរ​បែប​ប្លុកព្រីន​ រៀបរាប់​អំពី​បញ្ហាក្នុង​សង្គម​ដូចជាបម្រែ​បម្រួល​អាកាស​ធាតុ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។ ហើយ​គំនូរ​ខ្លះ​ទៀត​លោក​បង្ហាញ​អំពី​រឿង​ព្រេង​និទាន​ទេវកថា​ដែល​ម្តាយ​លោក​ធ្លាប់​និទាន​ឲ្យ​លោក​ស្តាប់​កាល​ពី​កុមារភាព។​

រូបមួយផ្ទាំងឈ្មោះ Migration (ចំណាកស្រុក) គូរដោយលោក ម៉ន ជា បង្ហាញអំពីការងារគង្វាលទាមួយដែលលោកបានធ្វើដោយត្រូវរស់នៅឆ្ងាយពីស្រុក។ (រូបថតដោយអូផេនស្ទូឌីអូកម្ពុជា)

ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់វិចិត្រករ​ ម៉ន ជា នៅ​ Shop House Studio ក្នុង​រាជធានី​ភ្នំពេញ​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា/វីអូអេ)

កុមារភាព​ក្នុង​ភាព​ក្រីក្រ

លោក​ ម៉ន ជា​ កើតនៅ​ភូមិ​ត្រពាំង​ច្រាប​ឃុំថ្មី​ នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត។ ឪពុក​ម្តាយ​លោក​ជា​កសិករ។

លោក ម៉ន ជា ​ជាកូនទី​ ៤ ក្នុង​ចំណោម​បង​ប្អូន​ ៦ នាក់ ដែល​ប្រកប​របរ​ធ្វើ​ស្រែធ្វើការរោងចក្រ​ និង​សន្តិសុខ។​លោក​រៀនបាន​ត្រឹម​ថ្នាក់ទី​៣ នៅ​សាលា​បឋមសិក្សា​វត្ត​ចក្រី​ទីង។ ​នៅ​អាយុ​ ១៣ ឆ្នាំ លោក​ ម៉ន ​ជា​បាន​សម្រចចិត្ត​ឈប់​រៀន​ដោយសារ​ផ្ទះ​ឆ្ងាយ​ពី​សាលាផងនិង​ជីវភាព​ក្រីក្រផង។ លោក​ទៅ​កាប់​អុស​លក់​ដើម្បី​បាន​ប្រាក់យក​ទិញ​អង្ករ​និង​ម្ហូប​សម្រាប់​គ្រួសារ។

ដូច្នេះ​ក្នុង​វ័យ​លូតលាស់​ពី​កុមារភាព​ដល់​វ័យ​ជំទង់​ លោក​ពុំ​មាន​ឱកាស​ដើម្បី​ស្វែង​យល់​ពី​ទេពកោសល្យរបស់​ខ្លួន​ឡើយ បើ​ទោះ​ជា​លោក​ហាក់​មាន​ដុង និង​និស្ស័យនឹង​សិល្បៈ​នេះ​ខ្លះៗ​ដែរ​កាលពី​នៅសាលា​រៀន។​លោករំលឹក​ឡើង​ពី​ការ​ចងចាំ​ពី​អតីតកាល ប្រាប់​វីអូអេ​ថា៖​

«កាល​ពី​ក្មេ​ង​អ្វី​ដែល​ខ្ញុំ​ចងចាំ​ខ្ញុំ​ធ្លាប់​បាន​នៅ​ឃ្វាល​គោ​ឃ្វាល​អី ពេល​យើង​នៅ​តូចៗ នៅ​តាម​អូរ​ តាម​ចុងៗ​ទួល​អី​មិន​មាន​ភ្លៀង​មក​មាន​ដី​ខ្សាច់មាន​អីអ៊ីចឹង ភាគច្រើន​ខ្ញុំ​យក​ឈើ​យក​អី​គូរ​នៅ​លើ​ហ្នឹង​ដែរ។ ហើយ​បើ​និយាយ​ទៅ​រៀន​នៅ​សាលាភាគច្រើន​គ្រូ​ឲ្យ​គូរ យើង​ស្រឡាញ់​ដែរ​គ្រាន់​តែ​យើង​គូរ​អត់​កើត​ភាគច្រើន​ខ្ញុំ​យក​តែ​ក្រដាស​ផ្តាន​យក​មក​គូរ​នៅ​លើ​សៀវភៅ​អី​អ៊ីចឹង​ទៅ»។

នៅ​អាយុ​១៥ ឆ្នាំ​លោក​បាន​បន្ត​ទៅ​ធ្វើការ​សំណង់នៅ​តំបន់​ចាក់​អង្រែក្រោម នៅ​ទីក្រុង​ភ្នំពេញ ដោយ​រក​បាន​ប្រាក់​កម្រៃ ៧០០០ ​រៀល​ ក្នុង​មួយ​ថ្ងៃ​ចិញ្ចឹម​ជីវិត​ខ្លួន​និង​ជួយ​ផ្គត់ផ្គង់​គ្រួសារ។ ក្រោយ​មក​ទៀត​លោក​ប្តូរ​ទៅ​ធ្វើការ​សំណង់​នៅទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ទឹកឈូ ខេត្ត​កំពត​កើន​បានប្រាក់​ ១​ម៉ឺន​រៀល​ក្នុងមួយថ្ងៃ។ លោក ម៉ន ជា​ ធ្វើ​សំណង់​ពី​ការដ្ឋាន​មួយ​ទៅ​ការ​ដ្ឋាន​មួយ​ទៀត​ជា​បន្តបន្ទាប់ នៅ​ខេត្ត​កំពត។

«រហូត​មក​ដល់​ឆ្នាំ​ ២០១០​ ហ្នឹង​ ខ្ញុំបាន​ជួប​ឧប្បទ្ទវហេតុ​ខ្សែ​ភ្លើង​ឆក់​ដៃ​ខ្ញុំ​ទាំង​ពីរ​ហ្នឹង​នៅ​ខេត្ត​កំពត»។

កាលនោះ​លោក​មានវ័យ​ ២០ ឆ្នាំ​គត់។​លោក​បាន​រំលឹក​ទៀតថា៖​

«ខ្ញុំ​តាំងពី​ពិការ​ដៃ​មក​ក៏​មាន​គំនិត​មួយ​តូច​ចិត្ត ថា...​យើង​ពិការ​ហើយ​អត់​អាច​ធ្វើ​ការ​ងារ​អ្វី​បាន​ពេល​ខ្លះ​ចង់​បញ្ចប់​ជីវិត​ម្តងម្កាល​ដែរ»។

ឧប្បទ្ទវហេតុ​នេះ​បាន​ឆក់​យក​អាជីព​ក្នុង​ក្តី​ស្រមៃ ដែល​រូប​លោក​ចង់ក្លាយ​ជា​តៃកុង​ឡាន​ឬ​ទាហាន។ លោក​រស់​នៅ​តូច​ចិត្ត​យ៉ាង​ដូច្នេះ​អស់​រយៈពេល ​៥ ឆ្នាំ រហូត​ដល់ថ្ងៃ​មួយ។

ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់វិចិត្រករ​ ម៉ន ជា នៅ​ Shop House Studio ក្នុង​រាជធានី​ភ្នំពេញ​ ខែកុម្ភៈ​ ឆ្នាំ​២០២២។​ (ខាន់ សុគុំមនោ/វីអូអេ)

ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់វិចិត្រករ​ ម៉ន ជា នៅ​ Shop House Studio ក្នុង​រាជធានី​ភ្នំពេញ​ ខែកុម្ភៈ​ ឆ្នាំ​២០២២។​ (ខាន់ សុគុំមនោ/វីអូអេ)

លែង​ឯកោ​ហើយ​នៅ​ចង់​រស់រាន​មានជីវិត​

តាម​រយៈ​ផ្ទាំង​គំនូរ​ពណ៌​សខ្មៅ​មួយ​ផ្ទាំង​ដែល​គេ​ឃើញ​មាន​រូប​បុរស​ម្នាក់​អង្គុយ​ពែនភ្នែន​សមាធិ​នៅ​កណ្តាល​ហ្វូងទា​ធំ​មួយ​និង​ក្រោម​ដើមដូងបី​ដើម​លោក ម៉ន ជា បាន​ពន្យល់ថា វា​ជា​បទ​ពិសោធន៍​ជីវិត​ដំបូង​ក្រោយពី​លោក​មាន​ពិការភាពដែល​បាន​ដាស់​តឿន​រូប​លោក​ឲ្យដឹង​ថា​ តាម​ពិត​ទៅ​លោក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដែរ។

លោក​ ម៉ន ជា​ ទទួល​បាន​ការ​ជ្រោមជ្រែង​លើក​ទឹកចិត្ត​និង​គាំទ្រ​ពី​ក្រុម​គ្រួសារ។នៅឆ្នាំ​ ២០១៣​លោក​ចាប់ផ្តើម​សាកល្បង​ធ្វើការងារ​ឡើង​វិញ​លើកដំបូង​ដោយ​ស៊ីឈ្នួល​ឃ្វាលទា​ឲ្យពូ​របស់​លោក បាន​ប្រាក់​ខែ ​២៨ ម៉ឺន​រៀល។

លោក​ចាប់ផ្តើម​មាន​ក្តីស្រមៃឡើង​វិញ។ ​គ្រានោះ​ លោក​គិតថាប្រហែល​ជា​អនាគត​លោក​អាច​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ទា​ដោយ​ខ្លួនឯង​បាន។

ការ​ស្រមៃនោះ​ប្រហែល​ជា​បាត់​ទៅ​វិញ​នៅ​ពេល​ម្តាយ​លោក​ទូរស័ព្ទ​ទៅ​រក​លោក​ប្រាប់អំពី​ដំណឹង​មួយ។ លោក​និយាយថា៖

«កាល​ហ្នឹង​ខ្ញុំ​នៅ​ឃ្វាលទា​ឲ្យគេ​ហើយ​បានម៉ែ... ម៉ាក់​ខ្ញុំ​ហ្នឹង តេ​មក​ប្រាប់​ថា​មាន​បុគ្គលិក​អង្គការ​ណាទេ ចង់​ហៅ​ហ្អែង​ទៅ​រៀន​នៅ​កន្លែង​គេ។ ខ្ញុំថា​៖ ​រៀនអីគេម៉ែ?។ គាត់ថា​៖ រៀនរាំ​រៀន​អី​ម៉េច​ទេ អញ​មិន​ដឹង​ទេ​... ចង់​ដឹង​ព័ត៌មាន​ច្បាស់ តេ​សួរ​គេទៅ។ ខ្ញុំ​តេ​សួរ​គេ​ថា​មាន​វគ្គរៀន​គំនូរ រៀនរាំ​សហសម័យ​ រៀន​កុំ​ព្យូទ័រ​រៀន​ភាសា​អង់គ្លេស...។ ដំបូង​ខ្ញុំ​គិតថា​ហ្អឹម..បើ​យើង​អត់​ដៃ​មិន​ដឹង​ទៅ​រៀនរាំ​ម៉េចហ្អ៎? គូរ​គំនូរ​គូរ​ដូចម្តេច​កើត? រៀន​កុំព្យូរទ័រ​យ៉ាង​ម៉េច? យើង​គិត​ថា​ធ្វើអី​អត់កើត​សោះ​ហ្មង​ណា»។​

ទោះ​យ៉ាងណា​ក្តី លោក​ ម៉ន ជា ក៏​បាន​សម្រេច​ចិត្ត​ទាក់ទង​ទៅអង្គការ​ Epic Arts ​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​កំណើត​របស់ខ្លួន​ហើយ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​សិល្បៈ​សម្រាប់​ជន​មាន​ពិការភាព​រយៈពីរ​ឆ្នាំ​ ពី​ឆ្នាំ​២ ០១៥ ដល់​ឆ្នាំ​ ២០១៧។

«ចូល​រៀន​សិល្បៈនៅ​ Epic Arts ហ្នឹង កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​នៅ​បន្ថែម​ទៀត។ ពេល​ទៅដល់​អង្គការ​ យើង​ឃើញ​ថា​មិនមែន​មាន​តែ​យើង​ពិការ​តែម្នាក់​ឯង។ បើយើង​នៅ​ភូមិ​យើង​ឃើញថា​មាន​ពិការ​តែ​យើង​ម្នាក់ឯង។ ទៅដល់​មាន​អ្នក​ពិការ​ផ្សេងៗ​គ្នាហើយអ្នក​ខ្លះ​ពិបាក​ជាង​ខ្ញុំទៀត។​អ៊ីចឹង​ធ្វើ​ឲ្យខ្ញុំ​ចង់​រស់​ចង់​បន្ត​ជីវិត​មក​ដល់​សព្វថ្ងៃ»។​

ក្រៅ​តែ​ពីរក​ឃើញ​ទេពកោសល្យ​ខ្លួន​និង​មាន​អារម្មណ៍​ថា​លែងឯកា​លោក​ ម៉ន ជា ក៏​បាន​ជួប​អនាគត​ភរិយា​របស់​លោក​ដែល​ជា​សិល្បករ​របាំ​សហម័យ​និង​ជា​បុគ្គលិកនៃ​អង្គការ​ Epic Arts។ អ្នកទាំងពីរ​បាន​រៀប​អាពាហ៍​ពិពាហ៍ នៅ​ឆ្នាំ ២០១៩។

ភរិយា​លោក​ម៉ន ជា​ អ្នកស្រី​ ភុន​ ធូ ជា​អ្នក​ជួួយការងារ​ផ្តិតរូបលើ​ប្លុក​ នៅខេត្តសៀមរាប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២។ (ខាន់ សុគុំមនោ​/វីអូអេ)

វិចិត្រករ​ម៉នជា​ផ្តិតទឹក​ថ្នាំព័ណ៌​លើ​គំនូរដែល​ឆ្លាក់​លើ​ប្លុក​។ ដំណើរ​ការនេះ​តម្រូវឲ្យ​លោកប្រើ​កម្លាំង​ធ្ងន់​សង្កត់លើផ្ទៃប្លុក និងលុញដោយ​ប្រើរយៈពេលយ៉ាងហោចណាស់​កន្លះម៉ោង​។ នៅខេត្តសៀមរាប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២។ (ខាន់ សុគុំមនោ​/វីអូអេ)

ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត

ឥឡូវ​នេះ​លោក ម៉ន ជា គឺ​ជាវិចិត្រករ​គំនូរ​ប្លុក​ព្រីនមួយ​រូប​ធ្វើការ​ជាមួយ​ស្ថាប័ន​ Open Studio Cambodia ដែល​បង្កើតឡើង​ដោយ​អ្នកនាង Lauren Iida សិល្បករ​កូនកាត់​ជប៉ុន​-អាមេរិក នៅ​ឆ្នាំ​ ២០១៨។ អ្នកនាង ​Lauren Iida ជួប​លោក​ម៉ន ជា​ កាលពី​ឆ្នាំ ២០១៧។​

អ្នក​នាង​ថ្លែង​ប្រាប់​ វីអូអេពី​ទីក្រុង ​Seatle​ សហរដ្ឋ​អាមេរិក​ថា៖

«មុនពេល​គាត់​មក​ជួប​ខ្ញុំ ភាគ​ច្រើន​គាត់ច្រៀង​ហើយ​រាំ ឬ​សម្តែង​និង​គូររូប​ខ្លះ​ៗ។​គាត់​អត់ដែល​ស្គាល់ប្លុក​ព្រីន​នេះ​ទេ។ ខ្ញុំក៏​បង្រៀន​គាត់​ធ្វើ​វា។ ខ្ញុំ​ធ្វើការ​ជាមួយ​សិល្បករ​ខ្មែរ​ច្រើន​នាក់​ទៀត។ ប៉ុន្តែ​ ម៉ន ជា​នៅ​ធ្វើការ​ជា​មួយ​ខ្ញុំ​បាន​យូរ​ជាងគេ​»។

អ្នកនាង​ Lauren ​បន្ថែមថា​ដើម្បី​ក្លាយ​ជា​សិល្បករ​ឆ្នើម​សិល្បករ​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​បង្ហាញ​អំពី​រឿងរ៉ាវ​របស់​ខ្លួន​ហើយ​ឧស្សាហ៍​ព្យាយាម។ ហើយ​អ្នកនាង​ថា​ លោក​ ម៉ន ជា​ មាន​លក្ខណៈ​សម្បត្តិ​ទាំងអស់​នេះ។

«គាត់​គិត​វិជ្ជមាន​ណាស់​ដូចថា​ គាត់​មិន​ដែល​និយាយថា​៖ អូ! ខ្ញុំ​មិន​ដឹងថា​ធ្វើបាន​ឬ​មិន​បាន​ទេ​ខ្ញុំ​មិន​ប្រាកដ​ទេ...ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គាត់​និយាយ​ថា​៖ ខ្ញុំ​មិន​ដឹង​ថា​ធ្វើ​បាន​ឬ​មិន​បាន​តែ​ខ្ញុំ​ចង់​ធ្វើ​វា។ គាត់​ឧស្សាហ៍​ព្យាយាម​ណាស់​គាត់​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្នុង​ពិភព​លោក​នេះ ពីព្រោះ​គាត់​ពិការ​ដែល​អ្វីៗ​ហាក់​ដូចជា​ទៅមុខយឺតៗ​និងពិបាក​ណាស់​សម្រាប់​គាត់ ខណៈ​វាជា​ការងារ​ដែល​ស្រួល​សម្រាប់​អ្នក​ទូទៅ»។​

អ្នកស្រី Lauren Iida ស្ថាបនិកស្ទូឌីយ៉ូគំនូរ Open Studio Cambodia និងគ្រូបង្រៀនគំនូរប្លុកព្រីនដល់សិល្បៈករនៅកម្ពុជា ផ្តល់បទសម្ភាសដល់វីអូអេពីទីក្រុង Seattle នៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ Screenshot Google Meet)

អ្នកនាង Lauren Iida បានថ្លែង​បន្ថែម​ថា៖ «ប៉ុន្តែ​គាត់​ជា​មនុស្ស​ឆ្លៀត។ គាត់​ឆ្លៀត​មក​រៀន​ជាមួយ​ខ្ញុំ​ម៉ោង​បាយ​ថ្ងៃត្រង់គាត់​ឆ្លៀត​ទៅ​ Epic Arts ហើយ​គាត់​មក​វិញ​ពេលល្ងាច។ គាត់​ដាក់​ចិត្ត​ដាក់​កាយ​នឹង​សិល្បៈ​នេះ​ណាស់»។

អ្នក​ជាវ​គំនូរ​របស់​លោក ​ម៉ន​ ជា​ ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស។ អ្នកនាង​ Lauren ឲ្យ​ដឹង​ថា​ស្នាដៃ​គំនូរ​របស់​លោក ម៉ន ជា ​ក៏​ត្រូវ​បាន​ព្រីន​នៅលើ​ផលិតផល​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ផងដែរ​ដូចជា​សម្លៀក​បំពាក់ម៉ាស់​ កន្ទប​កូន​ក្មេង​និង​ផលិតផល​ផ្សេងទៀតក្នុង​អំឡុង​ពេល​វិបត្តិជំងឺ​កូវីដ១៩​ផងដែរ។

នៅ​ក្នុង​បន្ទប់​ស្ទូឌីយ៉ូ ​៣ ម៉ែត្រ​ ៤ ជ្រុង​មួយ ដែល​ជាប់​បន្ទប់​គេង​របស់​លោក​និង​បន្ទប់​ជួល​ជា​ជួរៗ​នៅ​ក្នុង​ផ្លូវ​លំ​មួយ​នៅ​ទីក្រុង​សៀមរាប​ លោក​ ម៉ន ជា​ និងភរិយា​ គឺ​អ្នក​ស្រី​ ភុន​ ធូ វ័យ​ ៣៩ ឆ្នាំ​ធ្វើ​ការ​ផ្តិត​រូប​យ៉ាង​ស្វាត់ស្វាញ។

ការ​ផ្តិតនេះ​ត្រូវ​ប្រើ​កម្លាំងដៃ​ខ្លាំងៗ​សង្កត់ធ្ងន់ៗ។ រូប​មួយ​ផ្ទាំងៗ​ប្រើ​រយៈពេល​ជាង​ពីរ​សប្តាហ៍​រាប់​ពី​ការ​ឆ្លាក់​រហូត​ផ្តិត​ពណ៌។ ក្រោយពី​លោក ​ម៉ន ជា​ ឆ្លាក់​សាច់​រឿង​លើ​ផ្ទាំង​ប្លុក ដែលមាន​សាច់​ក្រាស់ធ្វើពី​ជ័រកៅស៊ូ អ្នក​ស្រី​ ភុន​ ធូ​ ភាគ​ច្រើន ទទួល​បន្ទុក​ខាង​ផ្តិត​ឬព្រីន។

«តាម​តូច​តាមធំ... ដូច​រូបត្រី​នេះ ជ័រ​ហ្នឹង​រឹង ខ្ញុំ​ជិត​មួយ​ម៉ោង​ពីរ​ម៉ោង​ឈឺ​អាចុងៗ​ដៃ​នេះ​ខ្ញុំ​ផ្អាក​វា ពីរបី​ម៉ោង​ហើយ​បាន​ទៅ​ជិត​ទៀត។ បើ​ខ្ញុំ​សរុប​ពេលវេលា​យើងធ្វើ​ប្រហែល​ខ្ទង់​ពីរ​សប្តាហ៍។ ហ្នឹង​គ្រាន់តែ​ជិត​ទេ។ យើង​នៅ​ព្រីន ទម្រាំ​បាន​ចេញ​ជា​រូប​មួយ​ផ្ទាំង​ហ្នឹង​យើង​ព្រីន​ ហាល​ទុក​ឲ្យ​ស្ងួត​ប្រហែល​បីថ្ងៃ​បាន​ស្ងួត​.. ស្ងួត​បាន​អាច​កាត់​គែម​ក្រដាស​រៀប​ដាក់​ស៊ុម​បាន»។

ស្ទើរ​តែ​គ្រប់​ផ្ទាំង​គំនូរ​របស់​លោក​ម៉ន​ ជា ប្រើប្រាស់​ពណ៌​ស និង​ខ្មៅ។​ ដើមឡើយ​លោក​មិន​បាន​ចាប់អារម្មណ៍ទេ​ថា​ហេតុអ្វីខ្លួនផ្តោត​តែ​លើពណ៌​ស និង​ខ្មៅ។​

«​ទើបតែចាប់ផ្តើមធ្វើ​សិល្បៈជាមួយ​ Lauren គាត់ប្រើ​ខ្ញុំ​ទៅ​យក​ពណ៌​ហើយ​ខ្ញុំ​ទៅ​យក​ខុស។ គាត់ថា​៖ ជា​អត់​ស្គាល់ពណ៌ទេ? បាន​គាត់​ឆែក​មើល​ទៅ​បាន​ដឹង​ថា ​Color blind»។

ឥឡូវនេះ​លោក​ធ្វើ​ការ​នៅ​ក្នុង​ស្ទូឌីយ៉ូ​តូច​ចង្អៀត​មួយ​តែ​លោក​ថា វា​ជា​សេចក្តី​សុខ​មួយ​ព្រោះ​លោក​បាន​ជោគ​ជ័យ​ក្នុងការ​ផ្លាស់​ប្តូរផ្នត់​គំនិត​រើស​អើង​លើ​អ្នក​មានពិការភាព​មក​ជាការ​ស្ញប់ស្ញែង​ដោយ​សារ​ទេពកោសល្យ ដែល​ធ្វើ​ឲ្យ​លោក​ចង់​បន្ត​ផ្លូវ​ជីវិត​ក្នុង​សិល្បៈ​មួយ​បែប​នេះ។ នាពេលអនាគត​លោក​គ្រោង​បើក​បង្រៀន​ជំនាញ​សិល្បៈ​ប្លុក​ព្រីន​នេះ​ទៅ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ពេល​លោក​មាន​ថវិកា​គ្រប់គ្រាន់​ល្មម​ដើម្បី​ធ្វើ​វា។

យូរៗ​ម្តង​វិចិត្រករ​រូបនេះ​ទៅ​លេង​ផ្ទះ​នៅ​ខេត្ត​កំពត​និង​បង្ហាញ​រូបគំនូរខ្លួន​ឲ្យ​ឪពុក​ចាស់​ជរា​មើល​និង​រៀបរាប់​អំពី​ដំណើរ​ជីវិត​លោក​ក្នុង​វិថី​សិល្បៈ។

លោក ម៉ន​ ជា ​រៀបរាប់​ថា​ឪពុក​លោក​ស្ទើរតែ​មិន​ជឿ​ថា​ជីវិត​កូន​ប្រុស​របស់​ខ្លួន​ដែល​មាន​ពិការ​ភាព​អាចធ្វើ​កិច្ចការ​ជាច្រើន​បាន​ហើយ​លោក ម៉ន ជា​ សង្ឃឹម​ថា​ម្តាយ​របស់​លោក​ដែល​ចែកឋានបី​ឆ្នាំ​មុន​ដែល​ជា​អ្នក​ផ្តល់​កម្លាំងចិត្ត​គាំទ្រ​ធំ​បំផុត​របស់​លោក​បាន​ដឹងថា ​លោក​ជោគជ័យ​និង​មាន​សេចក្តី​រីករាយ​ក្នុង​ជីវិត៕