យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណ៥នាក់បានទទួលរងរបួសតិចតួចនៅពេល ដែលមានការប៉ះទង្គិចគ្នាមួយឈុតកាលពីព្រឹកថ្ងៃច័ន្ទនេះក្នុងខណៈដែលក្រុមអាជ្ញាធរប៉ូលីសប្រដាប់ដោយ អាវុធ ខែល និងដំបងឆក់ បានវាយបំបែកការតវ៉ារបស់ក្រុមកម្មករ។ នេះបើតាមការអះអាងរបស់សាក្សីឃើញផ្ទាល់ភ្នែក៕
ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់តាកហ្វាតប្រមាណជាង៥០០នាក់ បានបិទកំណាត់ផ្លូវ ជាតិលេខ២ ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់អង្រែលើក្រុងភ្នំពេញ ព្រមទាំងបានដុតកង់ឡានចាស់ៗ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ប្រាក់បំណាច់ផ្សេងៗទៅតាមច្បាប់ការងារ។
ការបិទផ្លូវរបស់ក្រុមកម្មករ បានធ្វើឡើងរយៈពេលតែមួយម៉ោងតែប៉ុណ្ណោះ ហើយក្រោមមកត្រូវ បានអាជ្ញាធរប៉ូលីសវាយបំបែក។ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានកម្មករណាម្នាក់ទទួលរងរបួស ធ្ងន់ធ្ងរទេ។
អ្នកស្រី ស៊ុំ សុខហេង អាយុ២៨ឆ្នាំ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់នៃរោងចក្រតាកហ្វាតបាននិយាយថា អ្នកស្រីបានទទួលរងរបួសត្រង់ដៃខាងស្តាំ នៅពេលដែលមានការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលីស។ អ្នកស្រីបាននិយាយដោយសម្តីខ្លាំងៗថា៖
«ពួកវាវាយ អត់មាននិយាយខុសត្រូវ។ ពួកវាច្បាប់ តែច្បាប់បំពានលើច្បាប់ ធ្វើបាបកម្មករ។ កម្មករដៃទទេសោះ ហេតុអ្វីវាយកម្មករ។ កម្មករមានកាំភ្លើង មានកំបិតមកធ្វើទៅ អាហ្នឹងបានអាចវាយបាន។ កម្មករដៃទទេ មកធ្វើអញ្ចឹង។ច្បាប់បានន័យថា ម៉េច»។
ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់នៃរោងចក្រតាកហ្វាត បានតវ៉ាទាមទារអស់រយៈពេលជាងពីរ សប្តាហ៍មកហើយ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗបន្ទាប់ពី រោងចក្របានប្រកាស់ថា ក្ស័យធន ដោយមិនបានជូនដំណឹងដល់ក្រុមកម្មករជាមុន។
«រោងចក្របិទទ្វារ អត់មានជូនដំណឹងកម្មករមុនទេ ខុសច្បាប់ពេញទំហឹងហើយ។ ហេតុអ្វីគណៈកម្មការចម្រុះគាត់មិនចុះមកដោះស្រាយកម្មករខ្ញុំ។ ម៉េចក៏គាត់មិនមើលផង។ កម្មកររងទុក្ខវេទនា»។
កម្មការីនីមួយ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការតវ៉ារយៈពេលជាងពីរសប្តាហ៍មកនេះ ថៅកែរោងចក្រនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។
អ្នកស្រីបាននិយាយទៀតថា ក្រុមកម្មករបានដាក់វេនគ្នាយាមនៅពេលយប់ ដើម្បីឲ្យថៅកែចេញ មកទទួលខុសត្រូវចំពោះការបើកប្រាក់បៀវត្សរ៏ដល់ពួកគេ។ អ្នកស្រីថ្លែងទាំងទឹកភ្នែកថា៖
«យប់ៗ ខ្ញុំមកយាម ៦ ទៅ ៧នាក់ ទឹកភ្នែក ទឹកសំបោរហូត។ ហើយគ្មានរដ្ឋាភិបាលណាជួយដោះ ស្រាយសោះ»។
លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ ដែលមានវត្តមាននៅពេលដែលក្រុមកម្មករធ្វើការតវ៉ាដែរ នោះពុំបានធ្វើអត្ថាធិប្បាយណាមួយចំពោះអ្នកយកព័ត៌មានទេ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មកររបស់ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនណាបើគិតទៅតាមអាយុកាលនៃការងារ ក្រុមកម្មករម្នាក់ៗនឹងទទួលបានប្រាក់សំណងជម្ងឺចិត្តពី ១០០០ដុល្លារ រហូតទៅដល់២០០០ដុល្លារសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលគួរតែជំរុញឲ្យនិយោជិកទទួលខុសត្រូវដល់ក្រុម កម្មករ។ លោក ជា មុន្នី បន្តថា៖
«នេះជាអំពើមួយដែលរដ្ឋាភិបាលគាត់មិនទទួលខុសត្រូវ ចំពោះសកម្មភាពដែលនិយោជកធ្វើបាបកម្មករ កម្មការីនីកេញប្រវ័ញ្ញកម្មករ កម្មការីនី»។
បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមកម្មករ និងអាជ្ញាធរប៉ូលីស គណៈកម្មការចំរុះមួយ ដែលបង្កើត ឡើងដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល តំណាងសហជីព និងតំណាងក្រុមកម្មករ បានបើកកិច្ច ប្រជុំភ្លាមៗ ជាបន្ទាន់មួយ ដើម្បីបញ្ជប់នៅវិវាទនេះ ។
កញ្ញាយ៉ុង លាភ តំណាងសហជីពសេរីកម្មករប្រចាំរោងចក្រតាកហ្វាតបាននិយាយថា កិច្ចប្រជុំអស់ រយៈពេលជាងបីម៉ោងកន្លងទៅនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ហើយនៅថ្ងៃពុធស្អែកនេះ គណៈកម្មការចម្រុះ នឹងកោះហៅថៅកែរោងចក្រ ដើម្បីពិភាក្សា៕