អំឡុង​វិបត្តិកូវីដ​១៩​ កម្លាំង​សហជីព​កម្មករ​មួយចំនួន​​​នៅ​សៀមរាប​ត្រដរ​ខ្យល់

រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

សង្កាត់​គោក​ចក ខេត្ត​សៀមរាប — កាល​ពី​ ២ ​ឆ្នាំ ​មុន​ពេល​កំពុង​មាន​លុយ​ហូរ​ចូល​ហោ​ប៉ៅ​ប្រចាំ​ខែ​កញ្ញា​ ឌឿម ឆៃយ៉ា​ ពោរ​ពេញ​ដោយ​ក្តី​រីករាយ​និង​បាន​បង្កើត​ក្តី​សុបិន​មួយ​ថា​ កញ្ញា​នឹង​បង្កើត​អាជីវកម្ម​ជួញ​ដូរ​ស្រូវ​និង​លក់​ប្រេង​ឥន្ធនៈ​បន្តិចបន្តួច​ នៅ​លើ​ដីឡូតិ៍​មួយកន្លែង ​មាន​ទំហំ​ ៥០​ ម៉ែត្រ​បួន​ជ្រុងស្ថិត​នៅ​ស្រុក​ជីក្រែង​ជាប់តំបន់អាកាស​យាន​ដ្ឋាន​ថ្មី​មួយ​ ដែល​កំពុង​សាង​សង់​ក្នុងខេត្ត​សៀមរាប។

«ខ្ញុំ​ចង់​ថា​ ទៅ​ទិញ​ដី​នៅ​ឯ​ណោះ​ហើយ​ ពេល​អ្នក​ភូមិ​អ្នក​អី​គេ​ធ្វើ​ស្រែ​ធ្វើ​អី​នៅ​ហ្នឹង​ទៅ​យើង​ទិញ​របៀប​ស្រូវ​ស្តុក​ហើយ​យើង​មាន​ម៉ាស៊ីន​ខ្លួន​យើង​យើង​ធ្វើ​ជា​ចេញ​ជា​អង្ករ​មក​យើង​លក់​អី​ចឹង​ទៅ​ណា៎!​ហើយ​និង​ដាក់​សាំង​អី​តិចតួច»។

ក្តីសុបិន​របស់​កញ្ញា​ ឆៃយ៉ា ​ដែល​មាន​វ័យ ​៣៤​ ឆ្នាំ​ ទំនង​បាន​ត្រឹម​តែ​ជា​ការសុបិន​មិន​អាច​ក្លាយ​ជា​ការណ៍​ពិត​បាន​ទេ នៅពេល​ស្ថានភាព​ការងារ​កញ្ញា​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ពី​ឥទ្ធិពល​នៃ​ជំងឺ​ឆ្លង​សកល​កូវីដ​១៩​ និង​សកម្មភាព​សហជីព​នៅ​សណ្ឋាគារ​ Le Meridien Angkor ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​ច្រវ៉ាក់​សេវាកម្ម​សណ្ឋាគារ​លំដាប់​ពិភពលោក​ Marriott។

កញ្ញា​ ឆៃយ៉ា ស្ថិត​ក្នុង​ចំណោម​និយោជិក​ជា​ស្ត្រី​បី​នាក់ ​ដែល​ជា​សកម្មជន​សហជីព​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​មុនគេ ពោល​គឺ​មុន​សណ្ឋាគារលំដាប់ទំនើបមួយ​នេះ​បិទ​ទ្វារ​ទៅ​ទៀត។

ការណ៍​នេះ​ គឺ​ដោយ​សារ​កញ្ញា​ ឆៃយ៉ា​ ប្រថុយប្រថាន​តវ៉ា​ជាមួយ​ថៅកែ​សណ្ឋាគាររឿង​ការ​កាត់​ប្រាក់​ឈ្នួល​ច្រើន​ហួសហេតុ​ពី​ក្រុម​បុគ្គលិក​ប្រមាណ​ ១៥០ ​នាក់​ ដែល​បាន​ធ្វើ​ការ​នៅ​ទី​នោះ។

កញ្ញា​ ឆៃយ៉ា និង​សហការី​កញ្ញា​ពីរ​នាក់​ទៀត​ បាន​បាត់​បង់​ចំណូល​ប្រចាំ​ខែ និង​មិន​បាន​ទទួល​សំណង​ជំងឺ​ចិត្ត​អ្វី​សោះ​ចំពោះ​ការណ៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ជា​បន្តបន្ទាប់ ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ គឺ​នៅ​ពេល​សណ្ឋាគារ​កំពុង​ត្រដាបត្រដួស​ជាមួយ​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩។

ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា​ នៅ​ផ្ទះ​របស់​កញ្ញា​ក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប​ កញ្ញា ឌឿម ឆៃយ៉ា អតីត​ប្រធាន​គណៈកម្មាការស្ត្រីសហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ Le Meridien Angkor រំឭក​ពី​ការ​បាត់បង់​ការងារ​យ៉ាង​ដូច្នេះ៖

«គាត់​ហៅ​ខ្ញុំ​ទៅ​ហ្នឹង​ គឺ​គាត់​អត់​បាន​ថា​ជជែក​វែក​ញែក​សួរ​ពី ឫស​គល់​ឬ​ដើម​ហេតុ​ទេ​ ប៉ុន្តែ​គាត់​បែរ​ជា​ហៅ​ខ្ញុំ​ទៅ​បញ្ឈប់​ហើយ​គាត់​ជួល​មេធាវី​មក​ពី​ក្រៅ​ហ្នឹង​ដល់​ទៅ​បី​ [នាក់​] ដើម្បី​ធ្វើ​ការ​បញ្ឈប់​តែ​ម្តង»។

ខាង​សណ្ឋាគារ​បាន​ចោទ​កញ្ញា​ ឆៃយ៉ា ​ថា​បាន «ញុះញង់»​ កម្មករ​និយោជិតឱ្យ​ជំទាស់​នឹង​ការ​កាត់​ប្រាក់​ខែ​ ៣៥% នៅ​ឆ្នាំ​ ២០២០ ពេល​សណ្ឋាគារ​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​រក​កល​នឹង​បិទ​ទ្វារ។ នេះ​បើ​យោង​តាម​កញ្ញា​ ឆៃយ៉ា។

សណ្ឋាគារ​ Le Meridien Angkor ដែល​ឈរ​នៅ​ក្រុង​សៀមរាប​តែងតែ​ទាក់​ទាញ​បាន​ភ្ញៀវ​ឥត​ដាច់​ មុន​ការ​មក​ដល់​នៃ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​នៅ​ប្រទេស​កម្ពុជា។

ជំនួស​ឲ្យ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នោះ​ សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ល្បី​គួរសម​នោះបាន​ស្គាល់​សម្រែក​ទាមទារ​របស់​កម្មករ​និយោជិត​ ដែល​បាន​ទៅ​តវ៉ា​ជា​បន្តបន្ទាប់​ នៅ​មុខ​បរិវេណ​សណ្ឋាគារ​ប្រឆាំងនឹងការដក​កញ្ញា​ ឌឿម ឆៃយ៉ា និងសកម្មជនសហជីពជា​ស្ត្រី​ពីរ​នាក់ផ្សេងទៀត។​

សម្រែក​ទាមទារ​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​ពេល​សណ្ឋាគារ​អះអាង​ថា ​ខ្លួន​ទប់​លែង​បាន​នឹង​ការ​ចំណាយ​លើ​ប្រតិបត្តិការ​សណ្ឋាគារ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

តំណាង​សណ្ឋាគារ​ Le Meridien Angkor នេះ​ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្អាក​ដំណើរ​ការ​សណ្ឋាគារ​នេះ​នឹង​អូស​បន្លាយ​យ៉ាង​ហោច​មួយ​ឆ្នាំ រាប់​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២០​តទៅ។ តែ​ជម្លោះ​មិន​ទាន់​ដោះស្រាយ​ចេញ​នេះ​នៅ​តែ​បន្ត​មាន​វត្តមាន។​

កញ្ញា ឌឿម ឆៃយ៉ា អង្គុយក្នុងផ្ទះកញ្ញា ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

តាំង​ពី​បាត់​បង់​ការងារ​មក​នោះ​កញ្ញា ​ឆៃយ៉ា មិន​ចង់​ដើរ​ចេញ​ពី​ផ្ទះ​ទេ​ ហើយ​រង់ចាំ​តែដំណឹង​នៃ​ការ​ទូរទាត់​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​ជំងឺ​ចិត្ត​នៃ​ការ​បញ្ឈប់​ការ​ងារ​ កាល​ពី​ខែ​កក្កដា​ឆ្នាំមុន។

ដំណាល​គ្នា​នឹង​ការ​បាត់​បង់​ការងារ​នោះ​សុខមាលភាព​ក្នុង​គ្រួសារ​បាន​ធ្វើ​ឲ្យកញ្ញា​ ឆៃ​យ៉ា បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​ប្រាក់​សន្សំ​ទុក​ក្នុង​ពេល​មាន​ការ​ងារ​ធ្វើ​នោះ​ត្រូវ​បាន​ចំណាយ​អស់​ទៅ​ហើយ។

«ក្នុង​ពេល​កូវីដ​ហ្នឹង ​គឺ​យើង​អត់​មាន​ចំណូល​ហើយ​លុយ​កាក់​ ដែល​យើង​ខំ​ក្បិត​ក្បៀត​យើង​សន្សំ​ចាយ​ យើង​សន្សំ​មក​ យើង​មក​ប្រើ​ការ​ក្នុង​រដូវ​កាល​ដែល​យើង​អត់​មាន​ការ​ងារ​ធ្វើ​ផង ​រដូវកាល​កូវីដ​ហ្នឹង​ គឺ​យើង​អស់​ហើយ។ អ៊ីចឹង​រាល់​ថ្ងៃ​នេះ​ បើសិន​នៅ​ក្នុង​គ្រួសារ​បើ​សិន​ណា​...អំឡុង​ពេល​នេះ​បើសិន​ណា​ឪពុក​ឬ​ម្តាយ​ គាត់​ឈឺ​ធ្ងន់ ​គឺ​យើង​អត់​មាន​ថវិកា​ ដើម្បី​យក​ទៅ​ព្យាបាល​គាត់​ទេ ​គឺ​យើង​ខ្វះខាត​មែន​ទែន»។

​ការ​ចែក​រំលែក​ព័ត៌មាន​ពាក់​ព័ន្ធនឹង​សកម្មភាព​មនុស្សធម៌​របស់​សណ្ឋាគារ​ផ្សេង​ទៀត​លើ​បណ្តាញ​ហ្វេសប៊ុក​ ជា​ដើម​ហេតុ​បង្ក​ឲ្យ​សណ្ឋាគារ​ Le Meridien Angkor ​បដិសេធ​មិន​ផ្តល់​សំណង​អ្វី​ទាំង​អស់។ នេះ​ជា​ការ​បញ្ជាក់​របស់អ្នកស្រី​ ខាំ ស្រីភ័ក្រ។

អ្នកស្រី​ ស្រីភ័ក្រ ស្ថិត​ក្នុង​ចំណោម​សកម្មជន​សហជីព​ស្ត្រី​បី​នាក់ ដែល​ត្រូវ​សណ្ឋាគារ​ Le Meridien Angkor​ បណ្តេញ​ចេញ​ពី​ការងារ​ត្រឹម​តែ​មួយ​ថ្ងៃ​ ក្រោយ​ការ​ដក​កញ្ញា​ ឌឿម​ ឆៃយ៉ា។

«គេ​ថា កំហុស​ធ្ងន់​ដែល​អត់​ផ្តល់​សំណង​ហ្នឹង​ គឺ​គេ​ថា​ យើង​ហ្នឹង​បាន​សាង​កំហុស​ធ្ងន់ ​ដោយសារ​យើង​មាន​បួន​ ប្រាំ​ចំណុច​វា​ទាក់​ទង​ទៅ​នឹង​អាការ​ញុះញង់​អីហ្នឹង​ឯង។ ញុះញង់​ឲ្យ​បុគ្គលិក​ទៅ​ផ្តិត​មេ​ដៃ​ផ្តិត​អី​ ហើយ​ការ​ Share ប៉ះពាល់​រឿង​ក្រុម​ហ៊ុន គ្រាន់​តែ​យើង Share អំពើ​ល្អ​ពី Hotel​ ដែល​គេ​ចែក​អង្ករ​ចែក​មីអីចឹង​ដល់​បុគ្គលិក​នៅ​អា​រដូវ​កូវីដ​ហ្នឹង​យើង Share អីចឹង​ទៅ​គេ​ថា​យើង​ហ្នឹង​ Share ញុះញង់​ចង់​ឲ្យ​បុគ្គលិក​ហ្នឹង​ទៅ​ធ្វើ​ការ​នៅ​កន្លែង​គេ​ចឹង»។

អ្នកស្រី​ ស្រីភ័ក្រ​ អាយុ​ ៣៣ ​ឆ្នាំ​ ដែល​មិន​ទាន់​អាច​រក​ការងារ​បាន​នៅ​ឡើយ​ ក្នុង​វិស័យ​ទេសចរណ៍ដែល​ដួល​រលំ​នោះ​ កំពុង​បន្ត​របរ​បោក​គក់​សម្លៀកបំពាក់​រក​ចំណូល​បាន​ពី​បី​ទៅ​បួន​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ចិញ្ចឹម​កូន​ស្រី​ម្នាក់​អាយុ​ ៩ ឆ្នាំ​នៅ​ក្នុង​បន្ទុក។ អ្នកស្រី​បានប្រកប​របរ​បោកគក់​តាំង​ពី​ក្នុង​ពេល​មាន​ការងារ។

អ្នកស្រី​បាន​រអ៊ូ​អំពី​កង្វះ​ការ​ដោះស្រាយ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់ភាគី​រដ្ឋាភិបាល​ គឺ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប។

«ខាង​មន្ទីរ​គាត់​អត់​បាន​ជួយ​យើង​ធ្វើ​ការ​រឿង​ហ្នឹង​ឲ្ យ​យើង​ផង​ហ្នឹង​បង​អា​បណ្តឹង​ដែល​យើង​ដូច​ខ្ញុំ​និយាយ​ថា​ យើង​ចង់​ឲ្យ​សំណូម​ពរ​ត្រូវ​ទទួល​យក​នៅ​ពេល​ដែល ​Hotel បើក​វិញ​ជាង ​១៥០ ​នាក់​ហ្នឹង​គឺ​អត់​មាន​ដំណោះ​ស្រាយ​អីទេ​ គឺ​យើង​ដាក់​ទៅ​ គឺ​យើង​ដាក់​ចោល​យើង​អត់​មាន​ការ​អន្តរាគមន៍​ពី​ខាង​ណា​ ពាក់​ព័ន្ធ​ណា​គឺ​អត់​ទេ​ យើង​អត់​មាន​ទទួល​បាន​ការ​អន្តរាគមន៍​ទេ»។

ចំណុច​ដែល​ទាមទារ​ក្នុង​វិវាទ​ការងារ​ជាមួយ​សណ្ឋាគារ Le Meridien Angkor​ មាន​ប្រាំ​មួយ​ចំណុច​សំខាន់​ៗ ដែល​ក្នុង​នោះ​គឺ​ការ​ផ្តល់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​និង​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​ ២០១៩ ដល់​សកម្មជន​សហជីព​ទាំង​បី​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ និង​ធានា​ទទួល​យក​បុគ្គលិក​ទាំង​ជាង​ ១៥០ ​នាក់​របស់​សណ្ឋាគារ​ រួមទាំង​ក្រុម​សហជីព​ផង ​ឲ្យ​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ក្នុង​ករណី​សណ្ឋាគារ​ដំណើរ​ការ​បានជា​ធម្មតា​វិញ។

គំនាប​លើ​ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​បាន​កើន​ឡើង​ខ្លាំង ​ក្រោយ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​សហជីព​ដែល​មាន​មាត្រា​មួយចំនួន​រង​ការ​រិះគន់​ពី​ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​ថា ​រឹត​ត្បិត​លើ​ភាព​ជា​តំណាង​របស់​កម្មករ​និង​បិទ​ផ្លូវ​មិន​ឲ្យ​មាន​ការ​តវ៉ា ឬ​ប្រឈម​នឹង​ការ​រំលាយ​សហជីព​ចោល​តែម្តង​ ប្រសិន​បើ​ភាគី​ខាង​ក្រុមហ៊ុន​មិន​ពេញ​ចិត្ត​នឹង​ចលនា​សហជីព ​ដែល​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ។

លោក​ ច័ន្ទ​ សុខុម​ចិន្តា ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ប្រាប់​វីអូអេ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២ ខែ​កុម្ភៈ​ថា​ ​គូ ភាគី​ជម្លោះ​ដែល​មាន​សកម្មជន​សហជីព​ស្ត្រី​បី​នាក់​និង​តំណាង​ភាគី​និយោជក​ បាន​ឈាន​ដល់​ការ​ស្រុះ​ស្រួល​គ្នាលើ​ប្រាក់​សំណង​ ចំពោះ​ការ​បញ្ឈប់​ពី​ការងារ ក្រោយ​រង​ការ​ចោទ​ប្រកាន់​តាម​អ្វី​ដែល​ក្រុមហ៊ុន​ថា​ អ្នក​ទាំង​បី​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ​នោះ។

នៅ​ពេល​សួរថា​ តើ​ការ​បញ្ឈប់​សកម្មជន​ស្ត្រី​ទាំង​បី​នាក់​នេះ មាន​ចេតនា​នៃ​ការរើស​អើង​សហជីព​ ឬ​យ៉ាង​ណា លោក សុខុមចិន្តា ​មាន​ប្រសាសន៍​ថា៖

«បង​សួរ​ទៅ​ខាង​សណ្ឋាគារ​ហើយ​ បង​វាយ​តម្លៃ​ខ្លួន​ឯង ​ខ្ញុំ​មិន​អាច​ថា​ ខាង​ណា​រើស​អើង​ខាងណា​បាន​ទេ។ ខ្ញុំ​ជា​អាណា​ព្យាបាល​បាទ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ថា ការ​ព្រមព្រៀង​ខាង​លើ​រវាង​ភាគី​ជម្លោះ​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​មាន​ការ​អន្តរា​គមន៍​ពី​មន្ទីរ​ការងារ​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត។​

លោក ​ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​សង់​ត្រាល់ ​ប្រាប់​វីអូអេ​ថា ភាគី​ជម្លោះ​នៅ​សណ្ឋាគារ​ Le Meridien Angkor​ បាន​ឈាន​ដល់​ការ​យល់​ព្រម​លើ​កញ្ចប់​សំណង​ ដែល​មាន​ចំនួន​ជាង​ ១០០០​ ដុល្លារ​ក្នុង​ម្នាក់ៗ​ សម្រាប់​សកម្មជន​សហជីព​ទាំង​បី​នាក់។​

សណ្ឋាគារ Le Meridien Angkor ពេលកំពុងដំណើរការ ក្នុងក្រុងសៀមរាប មុនពេលបិទទ្វារក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតឯកសារ)

ប៉ុន្តែ​ ខាង​ភាគី​សណ្ឋាគារ នៅ​បង្ហាញ​ការ​ស្ទាក់ស្ទើ​រ​ចំពោះ​ការ​ផ្តល់​សំណង ដែលលោក​ ថារ៉ូ បរិយាយ​ថា​មិ ន​ទាន់​នឹង​សម​ស្រប​ផងទេ បើ​យោង​ទៅ​លើ​ច្បាប់​ស្តីពី​ការងារ​របស់​ប្រទេស​កម្ពុជា។

«អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ពួកគាត់​ហ្នឹង ​គឺ​ខាង​ក្រុមហ៊ុន​ហ្នឹង​ គឺ​គាត់​នៅ​តែ​មាន​លេស​សន្យា​ថា​ឲ្យ​ថ្ងៃ​នេះ​ ថ្ងៃ​ណោះ។ ​វា​អត់​មាន​ភាព​ប្រាកដប្រជា​ច្បាស់​លាស់​ នៅ​ក្នុងការ​ផ្តល់​ឲ្យ​ពួក​គាត់។​ អ៊ីចឹង​និយាយ​សរុប​រួម​មក​ គឺ​អា​សំណង​ហ្នឹង​ គឺ​វា​មិន​ត្រឹមត្រូវ​ទេ។ ប៉ុន្តែ​ពួកគាត់​អត់​មាន​ជម្រើស​អី​ខាង​ពី​ហ្នឹង​នៅ​ក្នុង​ការ​ទទួល​យក​នូវ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​នោះ​ ដែល​ជា​ទឹក​ប្រាក់​មិន​ត្រឹម​ត្រូវ​ទៅ​តាម​ការ​គណនា​ផ្អែក​ទៅ​លើ​ច្បាប់​ស្តីពី​ការងារ»។

អ្នកស្រី​ Variya Lulitanond នាយក​ទី​ផ្សារ​របស់​ក្រុមហ៊ុន​ Marriott ប្រចាំ​ប្រទេស​ថៃ វៀតណាម កម្ពុជា​និង​ភូមា​ បញ្ជាក់​វីអូអេ​តាម​សារ​អេឡិកត្រូនិក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សុខមាល​ភាពនៃ​សហការី និង​ការ​រក្សា​ទីកន្លែង​ការងារ​គឺ​ស្ថិត​នៅក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​សណ្ឋាគារ Le Meridien Angkor។

អ្នកស្រី​លើក​ឡើង​ថា៖ «យើង​បាន​ពិនិត្យ​ឡើង​វិញ​នូវ​ជម្រើស​ផ្សេងៗ​ ដែល​មាន​សម្រាប់​យើង​ក្នុង​កាលៈទេសៈ​ទាំង​នេះ​ ប៉ុន្តែ​យើង​មាន​អារម្មណ៍​ថា​ ដំណោះ​ស្រាយ​នេះ​ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សណ្ឋាគារ​និង​និយោជិត​សណ្ឋាគារ​របស់​យើង​ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។ យើង​បាន​ដោះស្រាយ​ស្ថានការណ៍​នេះ ជាមួយ​នឹង​សហការី​របស់​យើង​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ផ្តល់​ឱកាស​ដល់​បងប្អូន​ខ្លះ​ដើម្បី​ធ្វើការ​នៅ​សាខា​យើង​ ដែល​មាន​ការងារ​ឲ្យ​ធ្វើ។ វា​ឆាប់​ពេក​ហើយ​ក្នុងការ​ផ្តល់​អធិប្បាយ​ទៅ​លើ​ផែន​ការ​ទៅ​ថ្ងៃអនាគត​ នៅ​ក្នុង​ដំណាក់​កាល​នេះ»។

ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​ នេះ ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​សហជីពបាន​កើន​ឡើង​ក្នុង​កម្រិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកបើ​គិត​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា។

«ខ្ញុំ​កត់​សម្គាល់​ទៅ​ គឺ​ការ​កើនឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឬ​ក៏​រើស​អើង​ប្រឆាំង​នឹង​សហជីព​ហ្នឹង​ខ្លាំង​បំផុត​ ដែល​យើង​អាច​និយាយ​ថា​ជា​ពេល​មួយ​ ដែល​ខ្លាំង​មិន​ដែល​ឃើញ​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ហ្នឹងមិន​ដែល​ឃើញ​ការ​ធ្វើ​ទុក្ខ​បែប​ហ្នឹង​ទេ​បាទ»។​

លោក​បន្ត​ថា ​ករណី​នៃ​ការ​បញ្ឈប់​សកម្មជន​សហជីព​ ឬ​រំលាយ​ចោល​សហជីព​កាល​ពី​ឆ្នាំ​ ២០២០ ​កន្លង​មក​ គឺ​មាន​ដល់​ទៅ​រាប់​រយ​ករណី​ ដោយសារ​តែ​ក្រុមហ៊ុន​ហាក់ដូច​ជា​ធ្វើ​អ្វី​បាន​តែ​តាម​អំពើ​ចិត្ត​ក្រោម​លេស​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩ និង​ហេតុផល​នៃ​កំហុស​ការងារ​ផ្សេងៗ។​

«ឥឡូវ​នេះ​គឺ​មាន​ន័យថា ​ត្រូវ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ចោល​ដោយ​យក​លេស​កូវីដ ឬ​ក៏​យក​លេស​ផ្សេងៗ​ហ្នឹង​ទី​មួយ។ ទី​ពីរ​គឺ​ពេល​យើង​បង្កើត​សហជីព​ត្រូវ​បញ្ឈប់​ចោល​តែម្តង​ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​និង​អ្នក​ពាក់​ព័ន្ធ​ហ្នឹង​ត្រូវ​ប្តឹង​ ដើម្បី​ដោះ​ស្រាយ​ប៉ុន្តែ​នៅ​ពេល​ដែល​ប្តឹង​គាត់​មិន​មក​ដោះ​ស្រាយ​ហើយ​ក្រសួង​ការងារ​ព្យាយាម​ការ​បញ្ឈប់​ហ្នឹង​ទៅ​ជា​វិវាទ​បុគ្គល​ដែលវិវាទ​បុគ្គល​មាន​ន័យ​ថា​គាត់​ត្រូវ​ទៅ​តុលាការ​ដែល​មិន​អាច​ដឹង...​យើង​មិន​សង្ឃឹម​ថា ​មាន​ពេល​ទៅ​ដោះ​ស្រាយ​ឬ​ក៏​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​បាន​ទេ»។

អ្នកស្រី ពេជ្រ សាលួន និយាយជាមួយវីអូអេ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

ដោយឡែក​អ្នកស្រី​ ពេជ្រ​ សាលួន​ មាន​ការងារ​ក្រៅ​ពី​ផ្នែក​សណ្ឋាគារ។ ប៉ុន្តែ​អតីត​បុគ្គលិក​របស់ក្រុមហ៊ុន​ Ground Service International (GSI) ដែល​ទទួល​បន្ទុក​ខាង​សម្អាត​អនាម័យ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀម​រាប មាន​រឿង​ស្រដៀង​គ្នា​ជាមួយ​នឹង​ក្រុម​សហជីព​នៅ​សណ្ឋាគារ​ Le Meridien Angkor។

ការ​ចងក្រង​សហជីព​មួយ​ក្នុង​ក្រុមហ៊ុន Ground Service International ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​របូត​ការងារ​ ដែល​ធ្វើ​បាន​ទើប​តែ​បាន​ជាង ​៣ ​ឆ្នាំ។

«មក​ពី​ខ្ញុំ​បាន​បង្កើត​សហជីព​មួយ​ទៅ​ខាង​ក្រុម​ហ៊ុន​គេ​បាន​ដក​ពួក​ខ្ញុំ​ចំនួន​ប្រាំ​នាក់​ ដោយ​សារ​តែ​ខ្ញុំ​បង្កើត​សហជីព»។

ដោយ​បាន​បាត់បង់​ការងារ​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៩ សម្ពាធ​ហិរញ្ញវត្ថុ​កំពុង​រំខាន​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ សាលួន​ ដែល​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន ​៥០០០​ ដុល្លារ​ ដើម្បី​សង់​ផ្ទះ​នៅ​ឃុំ​ដូនកែវ​ស្រុក​ពួក​តែ​ផ្ទះ​មិន​បាន​សង់​ ដោយសារ​អាជ្ញាធរ​អប្សរា​មិន​អនុញ្ញាត។

អង្គុយ​នៅ​មុខ​រោង​បាយ​ប្រក់​ដោយ​ស្លឹកត្នោត​ក្នុង​បរិវេណ​ផ្ទះ​របស់​ម្តាយ​អ្នកស្រី​ ក្នុង​ឃុំ​លាង​ដៃស្រុក​អង្គរ​ធំ​ ​ អ្នក​ស្រី សាលួន ដែល​មាន​កូន​ពីរ​នាក់​និយាយថា​ ផ្ទះរបស់​អ្នកស្រី​មិន​បាន​សង់ ​ប៉ុន្តែ​អ្នកស្រីត្រូវ​សង​ប្រាក់ទៅ​វិញ​ក្នុង​មួយ​ខែ​ ១៦០​ ដុល្លារ​ ហើយ​ការ​សង​ប្រាក់​នោះ​ក៏​មិន​ទៀង​ទាត់​តាម​កាល​កំណត់​ ព្រោះ​អ្នក​ស្រី​មិន​មាន​ចំណូល​ថេរ​ប្រចាំ​ខែ។ នៅ​ពេល​ខ្លះ​ អ្នកស្រី​ត្រូវ​ខ្ចី​ប្រាក់​ពី​ម្តាយ​ ដើម្បី​រ៉ាប់រង​ជីវភាព​និង​ដោះបំណុល។

«វា​ពិបាក​ត្រង់​ថា​យើង​មាន​កូន​រៀន​ ទី​មួយ។ ហើយ​ណាមួយ​ យើង​ទិញ​អង្ករ​គេ​ណា​មួយ​ភ្លើង​ យើង​ក៏​ត្រូវ​បង់​រាល់​ខែ​ដែរ​ យើង​ជំពាក់​គេ​តិច​តួច​ដែរ​ទៅ​វា​ពិបាក​ពេល​យើង​អត់​មានការ​ងារ​ធ្វើ»។

ក្នុង​វ័យ​ ២៨ ​ឆ្នាំ អ្នកស្រី​កំពុង​ស្វះស្វែង​រក​ប្រាក់​នៅ​ខាង​ក្រៅ​វិស័យ​ទេសចរណ៍​ ដើម្បី​បង់គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។

«ខ្ញុំ​រក​ការងារ​ថ្មី​ដែរ​តែ​វា​អត់​មាន អត់​ អត់​រក​អត់បាន​មាន​តែ​សំណង់​ខ្ញុំ​ធ្វើ​សំណង់​ធ្វើ​បាន​ប្រហែល​ជា​ ២០ ​ថ្ងៃ​ក៏​រួច​ ដល់​ពេល​រួច​គេ​ទៅ​ស្រុក​គេ​វិញ​អស់​ទៅ អត់​ អត់​ទាន់​បាន​រក​ទៀត»។

បើ​តាម​អ្នកស្រី សាលួន​ ​ឱកាស​ការងារ​ក្នុង​ខេត្ត​សៀម​រាប​ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ​ សម្រាប់​ផ្នែក​ទេសចរណ៍។

នៅ​ក្រោម​ម្លប់​ដើម​ស្វាយនៅ​ក្នុង​ផ្ទះ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូ​ម៉ែត្រ​ពី​សួន​ឧទ្យាន​ប្រាង្គ​ប្រាសាទ​អង្គរកញ្ញា ឌឿម ឆាយ៉ា​អតីត​សកម្មជន​សហជីព​នៅ​សណ្ឋាគារ​Le Meridien Angkor ក៏​កំពុង​ប្រឈ​មមុខ​នឹង​វិបត្តិ​អត់​ការងារ​ធ្វើនៅ​ពេល​តម្រុយ​នៃ​ការ​កម្រើក​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ក្រៅ​ប្រទេស​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​នោះ។

«ខ្ញុំ​គិតថា​វិស័យ​សណ្ឋាគារ​ មិន​ដឹង​ថា​ពេល​ណា​វា​នឹង​អាច​មក​ងើប​ឡើង​វិញ។ រាល់​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​ស្វែង​រក​ថា​សំណង់​ក៏​ធ្វើ​ ភោជនីយដ្ឋាន​ក៏​ធ្វើ​និយាយ​រួម​ទៅ​ ឲ្យ​តែ​មាន​ការ​ងារ​មាន​ប្រាក់​ចំណូល​អ៊ីចឹង​ទៅណា៎! តែ​បើ​វិស័យ​ធនាគារ​ ឬ​វិស័យ​ការងារ​អី​ដូច​ជា​អង្គការ​អី​ដែល​ធំៗ​យើង​អត់​លទ្ធភាព​ទេ​ពី​ព្រោះ​ខ្ញុំសិក្សា​បាន​តិច។ ខ្ញុំ​រៀន​បាន​ថ្នាក់​ទី​ប្រាំ​មួយ​ទេ»៕