ក្រុងសៀមរាប — លោក ទុយ ក្តុង អាយុ៣៩ឆ្នាំ បានដឹកប្រពន្ធរបស់គាត់គឺអ្នកស្រី យន់ ពី និងកូនស្រីពៅរបស់លោកតាមម៉ូតូកង់បីដែលផលិតដោយជនជាតិឥណ្ឌា ទៅកាន់ទីរួមខេត្តសៀមរាប កាលពីសប្តាហ៍មុន។ លោកបានឈប់ម៉ូតូរបស់លោក នៅខាងក្រៅវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (École française d'Extrême-Orient) ឬហៅកាត់ថា EFEO។ នៅពីខាងមុខវិទ្យាស្ថាននេះ អតីតសហការីរបស់លោក ទុយ ក្តុង ជាច្រើននាក់ កំពុងត្រៀមតវ៉ា។
លោក ទុយ ក្តុង បានជួយជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុងឧទ្យានប្រាសាទបុរាណអង្គររយៈពេលពីរឆ្នាំ និងប្រាំមួយខែ។ លោកក៏ជាអតីតកម្មករដែលបានជួយជួសជុលប្រាសាទបាពូន រយៈពេលពីរឆ្នាំផងដែរ។
ប៉ុន្តែ វិវាទដែលមានជាប់ពាក់ព័ន្ធនឹងសាលាបារាំងចុងបូព៌ាប្រទេស ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ និងអាជ្ញាធរជាតិអប្សរា ចំពោះបញ្ហាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនទៀតនោះ បានធ្វើឲ្យកម្មករចំនួន ១២៦នាក់ គ្មានការងារធ្វើជិតពីរឆ្នាំមកហើយ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានជួលកម្មករជាច្រើននាក់ទៀតឲ្យមកធ្វើការ ក្រោមការចោទប្រកាន់ថា បានទទួលប្រាក់ឈ្នួលទាប។
លោក ទុយ ក្តុង ដែលស្ថិតក្នុងចំណោមកម្មករទាំង ១២៦នាក់នោះ ថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកក្នុងសង្កាត់គោកចក ក្រុងសៀមរាបថា លោកនៅតែទទូចសុំឲ្យវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសដាក់លោកទៅកន្លែងធ្វើការដើមវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែទទូចអ៊ីចឹង។ នៅតែទទូចសុំឲ្យគាត់ជួយឲ្យបានធ្វើការវិញ»។
លោកបានបន្ថែមថា ក្តីសង្ឃឹមថា លោកមិនសូវមានសង្ឃឹមថា នឹងទទួលបានការងារមកវិញនោះទេ តែលោកថា ការតវ៉ានឹងធ្វើបន្តទៅទៀត ប្រសិនបើគ្មានដំណោះស្រាយ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនសូវសង្ឃឹមប៉ុន្មានដែរ បានជាយើងចេះតែតាមតវ៉ាក្រែងលោវាបានចូលធ្វើវិញ»។
សម្រាប់លោក ទុយ ក្តុង ប្រសិនបើលោកបានចូលបម្រើការងារវិញ អាចមានន័យថា លោកនឹងអាចមានលទ្ធភាពសងប្រាក់កម្ចីប្រចាំខែ ដែលលោកបានខ្ចីសរុបចំនួន ៦៥០០ដុល្លារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និង AMK ដើម្បីសង់ផ្ទះរបស់លោកនិងទិញម៉ូតូកង់បីឥណ្ឌា។
បញ្ហាកាន់តែអាក្រក់សម្រាប់ លោក ទុយ ក្តុង នៅពេលភរិយារបស់លោកគឺអ្នកស្រី យន់ ពី បានបាត់បង់ការងារពីកន្លែងម៉ាស្សាមួយក្នុងខេត្តកំពង់ចាម ក្នុងគ្រាមានការរាតត្បាតនៃមេរោគកូរ៉ូណាលើអ្នកទេសចរ ដែលបានធ្វើឲ្យមានការបិទកន្លែងម៉ាស្សា។
«បើគេចង់យក ក៏គេយកទៅ ព្រោះអីខ្ញុំអត់។ ខ្ញុំអស់លទ្ធភាពនឹងត្រូវរកហើយ ព្រោះការងារក៏គេបិទអស់ ហើយ។ខ្ញុំទៅធ្វើអី បើខាងម៉ាស្សា ខ្ញុំមានតែមុខរបរជំនាញខាងម៉ាស្សា។ ដល់ពេលម៉ាស្សាគេបិទអស់ចឹងទៅ ខ្ញុំធ្វើការអី?ហើយប្តីរត់អានេះ[កង់បី]ក៏រត់វាមិនដាច់»។
នៅពេលប្រពន្ធរបស់លោកមិនអាចរកប្រាក់ចំណូលបាននោះ ការរកបានប្រាក់របស់លោក ទុយ ក្តុង ត្រឹមបីទៅបួនម៉ឺនរៀលក្នុងមួយថ្ងៃពីការរត់ម៉ូតូកង់បីប្រចាំថ្ងៃ រឹតតែធ្វើឲ្យគ្រួសាររបស់លោកពិបាកសម្រាប់ការចំណាយផ្សេងៗ។
«ប៉ុន្មានថ្ងៃហ្នឹង អត់រកលុយបានទេ ព្រោះភ្ញៀវអត់មានហើយ អត់មានbooking[កក់ទុក]ឲ្យទៀត...ទៅរត់មួយព្រឹកមិនបានមួយម៉ឺនផង អត់មាន booking។ [ចឹង] ខ្ញុំខ្ជិលទៅរត់ដោយអត់មានភ្ញៀវ»។
ភាពចម្រូងចម្រាសបានធ្វើឲ្យកម្មករប្រាសាទដែលមានជំនាញ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាអស់រយៈពេលពីរឆ្នាំចុងក្រោយនេះ។ ការណ៍នេះបានធ្វើឲ្យកម្មករខ្លះធ្លាក់ក្នុងបំណុល និងខ្លះទៀតបាត់ឱកាសដែលមានបន្តិចបន្តួច ដើម្បីប្រើប្រាស់ជំនាញរបស់ពួកគេ ដែលជាជំនាញមានតម្លៃមួយក្នុងការជួសជុលប្រាង្គប្រាសាទពីសម័យអង្គរ។
គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចត្រូវបានផ្តល់មូលនិធិដោយស្ថានទូតបារាំង ក្រោមការអនុវត្តរបស់សាលាបារាំងចុងបូព៌ាប្រទេស ឬហៅម្យ៉ាងទៀតថាវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។
ជាផ្នែកមួយនៃការផ្តល់ឲ្យកម្មករនូវអត្ថប្រយោជន៍ល្អប្រសើរជាងមុននោះ សាលាបារាំងចុងបូព៌ាប្រទេស ឬ EFEO និងសហជីពតំណាងកម្មករ បានចរចាចុះអនុសញ្ញារួមមួយ ដែលផ្តល់អត្ថប្រយោជន៍ជាដុំកំភួនដល់កម្មករទាំងនេះ។
យ៉ាងណាក៏ដោយ បន្ទាប់ពី EFEO និងរដ្ឋាភិបាលបារាំងបានបញ្ឈប់ផ្តល់មូលនិធិដល់គម្រោងនេះក្នុងឆ្នាំ ២០១៨នោះ EFEO បានប្រគល់គម្រោងរបស់ខ្លួនទៅឲ្យអាជ្ញាធរជាតិអប្សរា។
អតីតកម្មករជួសជុលប្រាសាទនិយាយថា ស្ថាប័នរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយកម្រិតប្រាក់ខែ និងបានបន្ថយអត្ថប្រយោជន៍ផ្សេងទៀត ដែលការណ៍នេះបានធ្វើឲ្យអនុសញ្ញារួមនោះអាចបាត់បង់សុពលភាព។
ចាប់តាំងពីពេលនោះមក កម្មករបានខិតខំជំរុញឲ្យភាគីបារាំង និងអាជ្ញាធរជាតិអប្សរាស្វែងរកដំណោះស្រាយ ក្នុងនោះរួមមានប្រាក់សំណងសម្រាប់ការខាតបង់ប្រាក់ខែ រយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលពួកគេមិនមានការងារធ្វើ។
អាជ្ញាធរជាតិអប្សរាបានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាស មួយចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយបាននិិយាយការពារថា កម្មករអាចត្រឡប់មកធ្វើការវិញ ប្រសិនបើពួកគេព្រមធ្វើតាមលក្ខខណ្ឌថ្មីរបស់ស្ថាប័នរដ្ឋាភិបាល បើទោះជាកិច្ចការនេះអាចធ្វើទៅបាន តាមការពិនិត្យឡើងវិញនូវលក្ខខណ្ឌរបស់គម្រោងក្តី។
លោក ឡុងកុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់ VOA តាមទូរស័ព្ទថាជម្លោះបច្ចុប្បន្ន គឺជាជម្លោះរវាងសាលាបារាំងចុងបូព៌ាប្រទេស និងស្ថានទូតបារាំង និងកម្មករ ហើយគ្មានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរដែលគ្រប់គ្រងប្រាសាទនោះទេ។
«នេះមិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរាទេ។ គាត់គួរតែបញ្ចប់ការងារនេះ ការទាមទារនេះ ជាមួយនឹងអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាអត់មានកាតព្វកិច្ច ត្រូវបំពេញជាមួយគាត់ទេ។ អ្នកត្រូវបំពេញកាតព្វកិច្ចជាមួយគាត់គឺភាគីដែលបានព្រមព្រៀងដោយមាត់ទទេ ជាមួយគាត់»។
លោក ឡុង កុសល កំពុងនិយាយសំដៅដល់ការព្រមព្រៀងដោយពាក្យសម្តីរវាងសាលាបារាំងចុងបូព៌ាប្រទេសនិងកម្មករ ដើម្បីបន្តគោលការណ៍នៃអនុសញ្ញារួម ទោះបីថាវាបានអស់សុពលភាពនៅឆ្នាំ២០១៦ក៏ដោយ។
លោកបន្ថែមថា នៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច មានកម្មករ និងអ្នកជំនាញគ្រប់គ្រាន់រួចទៅហើយ។
«ក្នុងពេលបច្ចុប្បន្ន កម្មករបំពេញកិច្ចការងារនេះ គឺមានរួចស្រេចទៅហើយ។ អីចឹងយើងពុំអាចនឹងទទួលគាត់ឲ្យមកបំពេញកិច្ចការងារនេះបន្ថែមនៅលើការដ្ឋានដែលមានកម្មករ ដែលមានអ្នកជំនាញគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចហ្នឹងទេ»។
ទោះយ៉ាងណា មន្រ្តីអាជ្ញាធរអប្សរារូបនេះនិយាយថា អតីតកម្មករនៅប្រាសាទមេបុណ្យខាងលិចអាចដាក់ពាក្យសុំចូលបម្រើការងារឲ្យអាជ្ញាធរជាតិអប្សរា ប្រសិនបើមានឱកាសការងារថ្មីនៅពេលខាងមុខ។ លោកថា អាជ្ញាធរនឹងមិនច្រានចោលពាក្យសុំធ្វើការរបស់ពួកគាត់ទេ។
អតីតកម្មករដែលពេលនេះមានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) ជាតំណាងនោះ បានដាក់គោលដៅនៃការតវ៉ារបស់ពួកគេនៅសាលាបារាំងចុងបូព៌ាប្រទេស និងដាក់ញត្តិនៅស្ថានទូតបារាំងក្នុងទីក្រុងភ្នំពេញ។
នៅពេលធ្វើការតវ៉ាកាលពីសប្តាហ៍មុននៅខាងមុខសាលាបារាំងចុងបូព៌ាប្រទេស (EFEO) នាក្រុងសៀមរាបនោះ ក្រុមអតីតកម្មករត្រូវបានគេមើលឃើញថា បានលើកបដា ដែលសរសេរថា៖ «យើងអភិរក្សវប្បធម៌ខ្មែរ សងការងារយើងវិញមក»។
អ្នកស្រី អ៊ុង សាន ដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បាននិយាយថា ក្រុមកម្មកររំពឹងថា ពួកគេត្រូវបានផ្អាកពីការងារក្នុងរយៈពេលពីរបីខែប៉ុណ្ណោះ ខណៈគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចស្ថិតក្នុងអន្តរកាលនៃការផ្ទេរឲ្យទៅអាជ្ញាធរជាតិអប្សរា។ អ្នកស្រីនៅបន្តរង់ចាំការត្រឡប់ទៅធ្វើការវិញ។
«ចា៎លំបាក!គ្រាន់ ចិញ្ចឹមកូន....ចេះតែចាំមើលផ្លូវទេមិនហ៊ានទៅរកការងារឯណាទេ។ចុះឃើញថាបញ្ឈប់តែរយៈពេលមួយខែ ទៅបីខែនោះ ចេះតែផ្អាកសិន ចេះតែរង់ចាំទៅណា៎»។
សហការីរបស់អ្នកស្រីគឺលោក ឃុន ខន ជាជាងដាប់ថ្ម និងបានជួយការងារជួសជុលប្រាសាទនៅឯប្រាសាទបាពួនដ៏ល្បីល្បាញអស់រយៈពេល១៥ឆ្នាំ មុនពេលលោកចូលរួមក្រុមជួសជុលប្រាសាទមេបុណ្យខាងលិចនៅឆ្នាំ ២០១២។
ដូចនឹងកម្មករឯទៀត លោក ឃុន ខន មិនមានអ្វីធ្វើទេ ក្រៅពីការងារចិញ្ចឹមគោ និងរើសអេតចាយដើម្បីរកប្រាក់តិចតួច ផ្គត់ផ្គង់គ្រួសារ។
លោកបាននិយាយនៅមុខសាលាបារាំងចុងបូព៌ាប្រទេសថា៖ «មានបានទៅរកអីណាទៀត នៅតែផ្ទះចិញ្ចឹមតែគោ»។
លោក សួ ឆ្លួញ អនុប្រធានទីមួយនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)បាននិយាយថា ការអត្ថាធិប្បាយរបស់លោក ឡុង កុសល ថាកម្មករទទួលបានសំណងទាំងអស់ ហើយឈានដល់ការបញ្ចប់ជម្លោះនោះ មិនត្រឹមត្រូវនោះទេ។
លោកបានមានប្រសាសន៍ទៀតថា អតីតកម្មករនៅប្រាសាទមេបុណ្យខាងលិច បានទទួលតែប្រាក់អតីតភាពការងារ និងប្រាក់ឈ្នួលសម្រាប់ការងារដែលបានធ្វើប្រចាំថ្ងៃ មុនពួកគេត្រូវបានបញ្ឈប់។ លោកថា ក្រុមកម្មករមិនទាន់ទទួលបានប្រាក់សំណងពេញលេញសម្រាប់ការបាត់បង់ការងារធ្វើរយៈពេលពីរឆ្នាំនោះទេ។
តំណាងកម្មកររូបនេះលើកឡើងបន្ថែមថា សហជីពបានផ្ញើលិខិតជាច្រើនដងទៅកាន់ស្ថានទូតបារាំង ហើយកម្មករកំពុងពិចារណាស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ពួកគាត់គឺជាកម្មករដែលជំនាញធ្វើការជាង ២០ឆ្នាំមកហើយនៅក្នុងការជួសជុលប្រាសាទពីប្រាសាទមួយទៅប្រាសាទមួយបាទ។ អ៊ីចឹងសូមសម្តេចជួយពួកគាត់ទាំងអស់គ្នា ដើម្បីបានចូលធ្វើការវិញផង»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) មានប្រសាសន៍ថា ក្រុមអតីតកម្មករនៅប្រាសាទមេបុណ្យខាងលិចសុទ្ធតែជាកម្មករមានជំនាញច្បាស់លាស់ ដូចអ្វីដែលពួកគេបានធ្វើនៅប្រាសាទបាពួន។ លោកថា អាជ្ញាធរគួរឲ្យពួកគេធ្វើការវិញដើម្បីប្រើប្រាស់ជំនាញរបស់ពួកគេ។
«អ៊ីចឹងបានហើយ!យើងអំពាវនាវទៅដល់មិនថាខាង EFEO ទេ សូម្បីតែរាជរដ្ឋាភិបាលក៏ដូចជាស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជាហ្នឹង ត្រូវគិតពិចារណាឡើងវិញនៅក្នុងការផ្តល់នូវមូលនិធិនៅក្នុងការជួសជុលប្រាសាទ ដើម្បីធានាថា កម្មករនិយោជិតដែលជាកម្មករជំនាញនៅក្នុងការធ្វើការជួសជុលប្រាសាទហ្នឹង គាត់អាចចូលធ្វើការងារវិញ។គាត់អាចទទួលបានការងារវិញ»។
អ្នកយកព័ត៌មាន VOA បានធ្វើដំណើរទៅសាលាបារាំងចុងបូព៌ាប្រទេសនៅក្នុងក្រុងសៀមរាបចំនួនពីរលើក ប៉ុន្តែលោក Brice Vincent ប្រធានមជ្ឈមណ្ឌល EFEO បដិសេធមិនផ្តល់ការអត្ថាធិប្បាយអំពីជម្លោះជាមួយអតីតកម្មករនៅប្រាសាទមេបុណ្យខាងលិចទេ។ លោកថា លោកត្រូវមានការអនុញ្ញាតពីថ្នាក់លើរបស់លោកដើម្បីផ្តល់ការអត្ថាធិប្បាយដល់បណ្តាញព័ត៌មាន។
«អ៊ីចឹងអត់ចង់និយាយអំពីរឿងនេះជាមួយកាសែតឥឡូវទេ»។
នៅឯផ្ទះរបស់លោក ទុយ ក្តុង ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ប្រពន្ធរបស់លោក គឺអ្នកស្រី យន់ ពី ឥឡូវនេះបារម្ភអំពីការបាត់បង់ដីធ្លី ដែលអាចកើតឡើង ប្រសិនបើពួកគេមិនអាចសងបំណុលប្រចាំខែទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរនោះ។
ដីទំហំតូចមួយនិងផ្ទះជញ្ជាំងស្លឹកត្នោត ហើយដំបូលប្រក់ស័ង្កសី គឺជាទ្រព្យដែលប្តីប្រពន្ធមួយគូនេះមាន ក្រៅពីម៉ូតូកង់បីឥណ្ឌានោះ។ អ្នកស្រី យន់ ពី បញ្ជាក់ថា ការបាត់បង់ដីធ្លីនឹងធ្វើឲ្យគ្រួសាររបស់អ្នកស្រីគ្មានអ្វីនៅសេសសល់ទេ។
«ចា៎ប្រហែលជាអាច ព្រោះអីបើយើងសុទ្ធតែបង់គេ។ បើយើងមិនបង់គេ មួយខែ បើយើងអត់បង់គេគេមានតែរឹបអូសយកដីប៉ុណ្ណោះឯង ព្រោះយើងដាក់ប្លង់ដី»៕