កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានព្រមានឲ្យប្រទេសកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សឱ្យមានសក្ដានុពលប្រយោជន៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងប្រទេស។
នៅក្នុងរបាយការណ៍សិក្សាលម្អិតមួយដែលមានចំណងជើងថា ផលទាក់ទងនៃមូលធនមនុស្សលើកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងពេលអនាគត។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ បានលើកមកបង្ហាញយ៉ាងពិស្ដារពីភាពទន់ខ្សោយក្នុងប្រព័ន្ធអប់រំ និងការអភិវឌ្ឍផ្នែកជំនាញចាំបាច់ដល់ប្រជាពលរដ្ឋដែលបានបង្កបញ្ហាទៅដល់ដំណើរការកំណើនសេដ្ឋកិច្ចក្នុងប្រទេស។
លោកស្រី សូហ្វី បារ៉េណេ (Sophie Baranes) នាយិការងអង្គការ UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ក្នុងពិធីបង្ហាញរបាយការណ៍ក្នុងក្រុងភ្នំពេញកាលពីព្រឹកម៉ិញនេះថា របាយការណ៍នេះនឹងក្លាយជាសារមួយសម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការរៀបចំយុទ្ធសាស្ដ្ររបស់ខ្លួន។
«សាររបស់យើងគឺថា ការអភិវឌ្ឈសម្រាប់ពេលអនាគតរបស់ប្រទេសកម្ពុជានឹងពឹងផ្អែកជាខ្លាំងលើការបង្កើតក្រុមធនធានមនុស្សដែលមានជំនាញ និងមានសមត្ថភាពដែលអាចជួយពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេស និងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានកម្រិតប្រាក់ចំណូលមធ្យម»។
របាយការណ៍របស់អង្គការ UNDP បានរៀបរាប់ថា កំណើនសេដ្ឋកិច្ចកម្ពុជាប្រមូលផ្ដុំនិងពឹងផ្អែកតែលើវិស័យមួយចំនួនតូចតែប៉ុណ្ណោះដូចជាវិស័យកាត់ដេរសម្លៀកបំពាក់ វិស័យសំណង់ និងវិស័យទេសចរណ៍។ វិស័យទាំងនេះដែលពឹងផ្អែកសំខាន់បំផុតលើការវិនិយោគពីក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការវិនិយោគទាំងនេះមានតែនៅតាមតំបន់ទីក្រុងមួយចំនួនតូច ជាក់ស្ដែងដូចជានៅក្នុងរាជធានីភ្នំពេញជាដើម។ ដោយឡែកវិស័យសហគ្រាសមានលក្ខណៈជាគ្រួសារតូចៗ។ របាយការណ៍ដដែលបង្ហាញទៀតថា ការបញ្ចប់ឧត្តមសិក្សានៅកម្ពុជាមានកម្រិតទាបជាងប្រទេសនានាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានជាពិសេសគឺទាបជាងប្រទេសឡាវ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ បន្ថែមពីនោះទៀតកម្ពុជាមានការយកចិត្តទុកដាក់តិចតួចលើការអភិវឌ្ឍធនធានមនុស្សក្រោយពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ ព្រមជាមួយគ្នានេះមានការខ្វះចន្លោះក្នុងការផ្ដល់ព័ត៌មានអំពីការងារនិងជំនាញ។
អង្គការ UNDP ក៏បានផ្ដល់អនុសាសន៍ឲ្យមានការដោះស្រាយជាបន្ទាន់ចំពោះមុខដូចជាការដោះស្រាយបញ្ហាចំណាកស្រុក ការអភិវឌ្ឍផ្នែកឯកជន លើកកម្ពស់ព័ត៌មានផ្នែកទីផ្សារការងារ ពង្រឹងអាហារូបករណ៍សម្រាប់សិស្សក្រីក្រ លើកកម្ពស់ការបណ្ដុះបណ្ដាលផ្នែកជំនាញ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងវិស័យឧត្តមសិក្សា ឈានទៅរកភាពចុះសម្រុងផ្នែកស្តង់ដាគុណភាពអប់រំជាដើម។
លោក ហាវ រតនៈ អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងថា រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាពិសេសសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលរដ្ឋរបស់ខ្លួនពេលដែលប្រទេសកម្ពុជាទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក។ ហើយពលករចំនួនជាង៤០.០០០នាក់បានទទួលការបណ្ដុះបណ្ដាល។
លោកហាវ រតនៈ បានគាំទ្ររបាយការណ៍របស់អង្គការ UNDP នោះដោយនិយាយថា វាដល់ពេលវេលាសម្រាប់ការពង្រឹងធនធានមនុស្សដើម្បីពង្រីកវិស័យសេដ្ឋកិច្ច។
«ឥឡូវនេះគឺជាពេលវេលាយ៉ាងត្រឹមត្រូវ និងគឺជាពេលវេលាដ៏មានសារៈសំខាន់ដែលមិនមែនត្រឹមតែសម្រាប់រយៈពេលខ្លីប៉ុណ្ណោះទេ ក៏ប៉ុន្ដែគឺសម្រាប់រយៈពេលមធ្យម និងសម្រាប់រយៈពេលវែងផងដែរដើម្បីធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយភាពចម្រុះ»។
ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាមានតម្រូវការការងារថ្មីៗយ៉ាងតិចចំនួន៣០០.០០០ នាក់។ តម្រូវការការងារនេះបានជំរុញឲ្យមានចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេសទៀតផង។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បញ្ជាក់ថា ការបណ្ដុះបណ្ដាលមូលធនធនធានមនុស្សនៅគ្រប់លំដាប់ថ្នាក់ គឺជាការវិនិយោគជាអាយុជីវិតសម្រាប់ប្រទេសកម្ពុជា៕