បទយកការណ៍ភាគទី១នៃ៣ភាគ
ក្នុងស្រុកមួយនៃខេត្តព្រះវិហារមានពលការិនីវ័យក្មេងជាច្រើនបានសម្រុកទៅធ្វើការជាអ្នកបម្រើគេតាមផ្ទះនៅប្រទេសម៉ាឡេស៊ីក្នុងពេលថ្មីៗនេះ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ពួកគេភាគច្រើនបានឈប់រៀន ហើយក៏មានពលការិនីមិនទាន់គ្រប់អាយុជាច្រើននាក់ត្រូវបានបញ្ចូនឲ្យទៅធ្វើការនៅក្នុងប្រទេសនោះផងដែរ។
បើទោះជាមានសាលារៀនពីថ្នាក់បឋមសិក្សាដល់វិទ្យាល័យ និងឱកាសទទួលបានចំណេះភាសាអង់គ្លេស ជំនាញកំព្យូទ័រ និងអ៊ីនធើណិតបន្ថែមទៀតក្រោមការជួយជ្រុំជ្រែងពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងមូលដ្ឋានក៏ដោយ ក៏ឱកាសទទួលបានការងារធ្វើបន្ទាប់ពីរៀនចប់ នៅមានតិចតួចនៅឡើយសម្រាប់ស្ត្រីវ័យក្មេងនៅក្នុងស្រុករវៀង ស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ នាភាគខាងជើងនៃប្រទេសកម្ពុជា។
ប្រជាជនភាគច្រើននៅទីនេះគឺជាកសិករក្រីក្រដែលពឹងអាស្រ័យជាសំខាន់ទៅលើការងារស្រែចម្ការ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
ក្រៅពីការងារស្រែចម្ការនោះ ការងារដែលពួកគេភាគច្រើនអាចទទួលបាននៅក្នុងស្រុកនេះ គឺស៊ីឈ្មួលច្រូតស្រូវ បេះគ្រាប់ស្វាយចន្ទី ឬកាប់ឈូសឆាយដីចម្ការឲ្យគេប៉ុណ្ណោះ នេះបើយោងតាមអ្នកស្រុកនៅទីនេះ។
ដោយសារកង្វះឱកាសការងារក្នុងស្រុក គួបផ្សំនឹងស្ថានភាពជីវភាពលំបាកលំបិនផងនោះយុវតីក្មេងៗជាច្រើននៅក្នុងស្រុកនេះបានស្ម័គ្រចិត្តបោះបង់ការសិក្សាចោល ហើយសម្លឹងទៅរកឱកាសការងារធ្វើជាអ្នកបម្រើគេតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកគេបានឃើញកូនស្រីរបស់អ្នកភូមិខ្លះបានទៅធ្វើការនៅទីនោះ ហើយវិលត្រឡប់មកវិញជាមួយនឹងប្រាក់ខែរាប់ពាន់ដុល្លារសហរដ្ឋអាមេរិកផងនោះ។
នៅក្នុងករណីខ្លះ យុវតីដែលសម្រេចចិត្តចង់ទៅធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ី នោះគឺនៅជាកុមារមិនទាន់គ្រប់អាយុធ្វើការនៅឡើយ។
ជាក់ស្តែង កញ្ញាភឿត សុគា ដែលកំពុងរៀបចំដាំស្លនៅលើផ្ទះឈើដែលមានជញ្ជាំងស្លឹក ធ្លុះធ្លាយ ទំហំប្រមាណ៣ម៉ែត្របួនជ្រុងរបស់នាងនៅក្នុងភូមិត្រពាំងឫស្សី ឃុំរស្មីនៃស្រុករវៀងនេះ បានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៧ ហើយបានព្រមព្រៀមតាមការបញ្ចុះបញ្ចូលរបស់អ្នកជ្រើសរើសពលករក្នុងស្រុកម្នាក់ ដើម្បីទៅធ្វើការងារជាអ្នកបម្រើគេតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីបីខែមុន។ ប៉ុន្តែសុគា ដែលមិនទាន់គ្រប់អាយុធ្វើការនៅឡើយនេះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយជួយសង្គ្រោះត្រឡប់មកវិញ ខណៈដែលនាងរៀបចំចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនោះ។
សក់កាត់ត្រឹមស្មា និងមានសម្បុរខ្មៅស្រអែមស្ថិតក្នុងវ័យទើបតែ១៧ឆ្នាំ ភឿត សុគា ដែលជាកូនទី៧ក្នុងចំណោមបងប្អូន១០នាក់ក្នុងគ្រួសាររបស់នាង បានឆ្លៀតកោសសំបកននោងបណ្តើរ និយាយបណ្តើរដោយទឹកមុខស្ងួតថា នាងបានសម្រេចចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ីគឺដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារដ៏យ៉ាប់យឹនរបស់នាង។
«ចង់ទៅដើម្បីរកលុយមកជួយគ្រួសាររបស់ខ្ញុំ។ គ្រួសាររបស់ខ្ញុំខ្វះខាតខ្លាំងពេក ហើយណាមួយអត់មានអីជិះទៅរៀនទៀត។ ខ្ញុំទៅរកលុយមកធ្វើផ្ទះធ្វើអី ហើយទិញកង់ឲ្យប្អូនខ្ញុំជិះទៅរៀន»។
អង្គុយនៅអែបជាប់នឹងម្តាយរបស់ខ្លួន សុគានិយាយបន្តទៀតថា បើទោះជានាងនៅបន្តរៀនតទៅទៀត ក៏នាងហាក់គ្មានសង្ឃឹមថានឹងអាចរៀនរហូតដល់ចប់ថ្នាក់ទី១២ ហើយអាចរកការងារធ្វើនៅក្នុងស្រុក ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសាររបស់នាងបានដែរ។
ម្តាយរបស់សុគាគឺអ្នកស្រីប៊ួ លីន ជាកសិករវ័យ៥៤ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីសុខចិត្តអនុញាតឲ្យកូនស្រីដែលមិនទាន់គ្រប់អាយុទៅធ្វើការជាអ្នកបម្រើគេតាមផ្ទះនៅប្រទេសម៉ាឡេស៊ីនោះ ដោយអ្នកស្រីរំពឹងថា កូនស្រីរបស់អ្នកស្រីនឹងអាចទទួលបានប្រាក់ខែដើម្បីយកមកជួយផ្គត់ផ្តង់ជីវភាពគ្រួសារឲ្យបានប្រសើរជាងនេះ។
«ខ្ញុំថា 'តាមតែចិត្តកូនស្ម័គ្រ'។ បើមិនឲ្យទៅ តែបើវាថា 'ទៅ ហើយបើក្ររបៀបនេះ។ ឃើញគេទៅហើយមកវិញ គេបានគោយន្ត បានក្តារធ្វើផ្ទះ ឈើធ្វើផ្ទះ ខ្ញុំមិននៅទេ ខ្ញុំទៅហើយ'។ ខ្ញុំក៏ថា 'អើតាមតែអែ្ហង ទៅក៏ទៅៗចុះ'»។
អ្នកស្រីប៊ូ លីនមានប្រសាសន៍ឲ្យដឹងទៀតថា ឈ្មួញកណ្តាល ឬមេខ្យល់ដែលជ្រើសរើសពលករនៅក្នុងស្រុក បាននាំកូនស្រីរបស់អ្នកស្រីឲ្យទៅក្រុមហ៊ុនជ្រើសរើសពលករឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ ដោយក្រុមហ៊ុននោះបានផ្តល់ប្រាក់កម្ចីចំនួន៤០ម៉ឺនរៀលនិងអង្ករចំនួន២៥០គីឡូក្រាមដល់អ្នកស្រី បន្ទាប់ពីអ្នកស្រីបានចុះហត្ថលេខាលើឯកសារដែលមានការប្តូរឈ្មោះនិងកែអាយុកូនស្រីរបស់អ្នកស្រី។
«ខ្ញុំមិនដឹងដែរ។ ខ្ញុំល្ងិតល្ងង់។ លិខិតគេចេញមកនោះ គេឲ្យខ្ញុំមកធ្វើលិខិត ស៊ីញ៉េតាមភូមិឃុំ។ គេប្រាប់ឲ្យខ្ញុំស៊ីញ៉េ ខ្ញុំក៏ស៊ីញ៉េឲ្យ ឲ្យភូមិឃុំស៊ីញ៉េឲ្យ»។
ក្រុមអ្នកភូមិនិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា ការប្តូរឈ្មោះនិងកែដំឡើងអាយុពលករដែលមិនទាន់គ្រប់អាយុដើម្បីបញ្ជូនពួកគេឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយស្របច្បាប់នេះ មានជាច្រើនករណីនៅក្នុងស្រុករវៀង នេះបើទោះជាពុំមានតួលេខផ្លូវការណាមួយឲ្យពិតប្រាកដក៏ដោយ។
លោកចិត្ត ចាន់ណា បុគ្គលិកអង្គការ Cambodia-pride ដែលបានតាមដានការបញ្ជូនពលករចំណាកស្រុកមិនទាន់គ្រប់អាយុចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មានប្រសាសន៍ថា
ការក្លែងបន្លំឈ្មោះនិងអាយុពលករដែលមិនទាន់គ្រប់អាយុក៏មានការចួលរួមចំណែកពីឪពុកម្តាយរបស់ពលករផ្ទាល់ និងអាជ្ញាធរមូលដ្ឋានផងដែរ។
«ការរត់ការ រត់សំបុត្រស្នាមអីហ្នឹង គឺខាងក្រុមហ៊ុនគេធ្វើឲ្យ។ អញ្ចឹងយកមកឲ្យឪពុកម្តាយ។ គាត់ក៏មិនបានអាន មិនបានអីដែរ ដឹងតែថា ឲ្យតែកូនបានទៅ គាត់សប្បាយចិត្ត។ គាត់ក៏យកឯកសារហ្នឹងទៅឲ្យមេឃុំមេអី ស៊ីញ៉េ។ ហើយមេភូមិ មេឃុំហ្នឹងគាត់ក៏ស៊ីញ៉េ។ មិនដឹងជាគាត់គិតយ៉ាងណាទេ ព្រោះថា ជាក់ស្តែងក្មេងដែលទៅហ្នឹង ខ្លះក៏គ្រប់អាយុទៅ ខ្លះក៏មិនទាន់គ្រប់អាយុទៅ តែគាត់នៅតែស៊ីញ៉េ»។
សូមបញ្ជាក់ថា ពលករកម្ពុជាដែលអាចធ្វើការដោយស្របច្បាប់បានត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ប៉ុន្តែតាមលក្ខខណ្ឌការងារសម្រាប់ពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស ពួកគេត្រូវមានអាយុយ៉ាងតិច២១ឆ្នាំ។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅចុងខែកញ្ញាឆ្នាំ២០១០ស្តីអំពីពលករចំណាកស្រុកមិនទាន់គ្រប់អាយុនៅប្រទេសម៉ាឡេស៊ី បានបង្ហាញថា ពលករដែលមិនទាន់គ្រប់អាយុត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្នុងប្រទេសនោះតាមរយៈក្រុមហ៊ុនបញ្ជូនពលករដែលជួយក្លែងឯកសារបង្ហាញអត្តសញ្ញាណ ដូចជាលិខិតឆ្លងដែននិងអាយុរបស់ពួកគេជាដើម។
របាយការណ៍ដដែលបានបង្ហាញថា គិតមកត្រឹមចុងខែកញ្ញាឆ្នាំ២០១០នេះ ពលករចំណាកស្រុកខ្មែរចំនួន៨៣នាក់ត្រូវបានជួយសង្គ្រោះពីការរំលោភបំពានផ្សេងៗទាំងនៅក្នុងស្រុកនិងក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងនោះ មានពលការិនីមិនទាន់គ្រប់អាយុចំនួន៣នាក់ត្រូវបានជួយបញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ដោយអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ មានប្រសាសន៍ថា បញ្ហានៃការបញ្ជូនពលករមិនទាន់គ្រប់អាយុឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ នៅតែកើតមានដោយសារតែកង្វះយន្តការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលទៅលើករណីល្មើសច្បាប់ទាំងនេះ។
«ក្រុមហ៊ុន ជួនកាល ឆ្លើយដោះយករួចខ្លួនថា មកពីសំបុត្រកំណើតដាក់ថា នាងកើតថ្ងៃនេះ។ ប៉ុន្តែមនុស្សយើង បើទោះជាសំបុត្រកំណើតដាក់ថា ថ្ងៃណាក៏ដោយ ក៏យើងមើលឃើញដែរ។ កូនក្មេងអាយុ១៥ឆ្នាំ ភ្នែកយើងឃើញហើយថា មិនមែនអាយុ១៨ឆ្នាំទេ។ នាងនៅជាកុមារីនៅឡើយ។ យើងឃើញហើយមិនចាំបាច់តែគ្រូពេទ្យទេ។ អញ្ចឹងយើងស្រាវជ្រាវវិញថា តើនរណាធ្វើសំបុត្រកំណើត។ បើអ្នកឯងធ្វើសំបុត្រកំណើតខុស អ្នកឯងមានទោសហើយ។ អញ្ចឹងរដ្ឋាភិបាលអាចមកត្រួតពិនិត្យបាន ព្រោះរដ្ឋាភិបាលមានសិទ្ធិមកត្រួតពិនិត្យបាន»។
លោកអន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា មានប្រសាសន៍ថា ករណីបញ្ជូនពលករដែលមិនទាន់គ្រប់អាយុចេញទៅធ្វើការនៅក្រៅប្រទេសកន្លងមកនេះ កើតឡើងដោយសារការផ្តល់ឯកសារមិនត្រឹមត្រូវពីសំណាក់ឪពុកម្តាយរបស់ពលការិនីទាំងនោះផ្ទាល់។
«កន្លងមកលំបាក គឺឪពុកម្តាយរបស់ពលការិនីហ្នឹងតែម្តង គឺគាត់យកអត្តសញ្ញាណមកប្រាប់យើងដោយខុសពីការណ៍ពិត»។
លោកអន ប៊ុនហាក់មានប្រសាសន៍បន្ថែមថា ចាប់ពីពេលនេះទៅ ឯកសារណាបង្ហាញអត្តសញ្ញាណរបស់ពលការិនីណាដែលមានការសង្ស័យថា មិនទាន់គ្រប់អាយុ សមាគមរបស់លោកនឹងបញ្ជូនទៅនាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យមុននឹងសម្រេចបញ្ជូនពលការិនីនោះចេញទៅក្រៅប្រទេស។
តែទោះជាយ៉ាងនេះក្តី លោកសុខ លុយ មេឃុំរស្មីនៃស្រុករវៀងក្នុងខេត្តព្រះវិហារ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០៧មក លោកបានចុះហត្ថលេខាលើលិខិតដែលមានការក្លែងឈ្មោះនិងអាយុពលការិនីមិនទាន់គ្រប់អាយុ ចំនួន៤ករណីមកហើយ ដោយលោកអះអាងថា ឪពុកម្តាយរបស់ពួកគេបានទទូចសុំខ្លាំងពេក។
«ដឹងថាមិនគ្រប់ដែរ ប៉ុន្តែបើឪពុកម្តាយគេថា កូនគេក្រ 'អ៊ុំមិនគិតគូរឲ្យគ្នាផងទេឬ?' ខ្ញុំក៏ចេះតែស៊ីញ៉េឲ្យបណ្តោយណា៎»។
លោកឯ សារ៉ូ អភិបាលស្រុករវៀង មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានករណីអាជ្ញាធរភូមិឃុំរបស់លោកកែឯកសារដំឡើងអាយុពលករដែលមិនទាន់គ្រប់អាយុមែន។
ប៉ុន្តែលោកឯ សារ៉ូបានបញ្ជាក់ថា ថ្មីៗនេះលោកបានណែនាំឲ្យអាជ្ញាធរភូមិឃុំរបស់លោកទាំងអស់ ឈប់ចុះហត្ថលេខា ឬបោះត្រាលើឯកសារក្លែងបន្លំអាយុទាំងនោះហើយ។
«បើសិនជាក្រោយពីយើងបានជម្រាបជូនគាត់ហើយ ហើយគាត់នៅតែធ្វើអញ្ចឹងទៀត យើងនឹងមានវិធានការបន្ទាប់ អាចថា ហៅមកធ្វើការស្តីបន្ទោស ឬអាចថា មានវិធានការរដ្ឋបាលផ្សេងទៀត»។
ក៏ប៉ុន្តែលោកឯ សារ៉ូមិនអាចបញ្ជាក់បានថា តើវិធានការរដ្ឋបាលផ្សេងទៀតនោះគឺជាអ្វីឲ្យពិតប្រាកដនោះទេ។
សូមលោកអ្នករង់ចាំសេចក្តីរាយការណ៍ភាគទី២របស់ លោកពេជ្រ សំណាងជាបន្តទៀត។ លោក ពេជ្រ សំណាងនឹងផ្តោតទៅលើហានិភ័យរបស់ពលការិនីខ្មែរទៅធ្វើជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ី។ សូមអរគុណ៕