លោក​ ហ៊ុន សែន ​បញ្ជា​ឱ្យ​​បាញ់​ទម្លាក់​ដ្រូន​ នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បញ្ជា​ទៅ​កម្លាំង​ប្រដាប់​អាវុធ ​និងអាជ្ញាធរ​ក្នុង​ខេត្ត​ចំនួន​៣ ​ដែល​ជាប់​ព្រំដែន​វៀតណាម ​ឱ្យ​ប្រើ​ប្រាស់​អាវុធ​បាញ់​ទម្លាក់​ឧបករណ៍​ចាប់យក​រូប​ភាព​ពីលើ​អាកាស ​ឬ​ហៅ​ថា​ដ្រូន ​ដើម្បីបង្ការ​ការ​ឈ្លាន​ពាន ​ឬ​ការ​ស៊ើប​ការណ៍​ណា​មួយ។​

លោក ​ហ៊ុន សែន ​បាន​ដាក់​ការ​សង្ស័យលើ​ជនជាតិ​ម៉ុងតាញ៉ា​ (Montagnards)​ ឬ​ដេហ្គា Dega ​ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹកដី​វៀតណាម ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ និងបារម្ភ​ក្រែង​ពួកគេរត់​មក​ពួន​ក្នុង​ទឹកដី​កម្ពុជា។

លោក​ ហ៊ុន សែន ​បាន​ចេញ​បទ​បញ្ជា​បែប​នេះ​ទៅ​កាន់​លោក ​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​ វង្ស ពិសេន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​លោក​ ហ៊ីង ប៊ុនហៀង ​មេ​អង្គ​រក្ស​លោក​នាយករដ្ឋមន្រ្តី ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ​និងអាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី ​រតនគិរី ​និង​ខេត្តក្រចេះ។ ​លោក​ ហ៊ុន សែន ​ក៏​បាន​បញ្ជាទៅ​លោក ​ហ៊ីង ប៊ុនហៀង ​ឱ្យ​បញ្ចេញ​កម្លាំង៥០០​នាក់ ​និង​អាវុធ​យ៉ាង​ហោច​២០០​ដើម ​ដើម្បី​បាញ់​ទម្លាក់​ដ្រូនទាំង​នោះ។​

បើ​តាមលោក ​ហ៊ុន សែន ​ក្នុង​ទឹក​ដី​ខេត្ត​រតនគិរី ​ឃើញ​មាន​ការ​បង្ហោះ​ដ្រូន​ជាច្រើន​ ដែល​មិន​មាន​ប្រភពច្បាស់​លាស់ ​ហើយ​ភាគី​វៀតណាម​អះអាង​ថា​មិន​មែន​ជា​របស់​ខ្លួន។​ ដូច្នេះ​លោក​នាយករដ្ឋមន្រ្តី​ថា​ត្រូវ​តែ​ទប់​ស្កាត់ ​ដើម្បី​រក្សា​ស្ថិរភាព​របស់​ប្រទេស​ទាំង​ពីរ។​

លោក​ ហ៊ុន សែន ​បាន​ដាក់​បទ​បញ្ជា​ជា​សារ​សំឡេង​ ដែល​ត្រូវ​បានចែក​ចាយ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«សូម​បញ្ចេញ​កម្លាំង​ជា​បន្ទាន់ ​ដើម្បី​អនុវត្ត​នូវ​វិធាន​ការ​ចាំ​បាច់​ ដើម្បី​ការពារនូវ​ការ​ឈ្លាន​ពាន​ ឬ​ការ​ស៊ើប​ការណ៍​ណាមួយ​ពី​សំណាក់ដ្រូន​ ដែល​យើង​មិន​បាន​ដឹង​ពី​ប្រភពថា ​វា​មក​ពី​ខាង​ណា។ ​អ៊ីចឹង​វីធី​តែ​មួយ​គត់ ​គឺ​បាញ់​ទម្លាក់​ដ្រូន​នេះ​តែម្តង។ ​សូម​ចេញ​បញ្ជា​ដាច់​ណាត់ ​បញ្ជូន​កម្លាំង​ឡើង​ជា​បន្ទាន់»។​

អភិបាល​ខេត្ត​រតនគិរី ​លោក ​ញ៉ែម សំអឿន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ អាជ្ញាធរ​បាន​បាញ់​ទម្លាក់​ដ្រូន ​ដែល​បាន​ហោះ​ចូល​តំបន់​ស​នៃ​ខេត្ត​រតន​គិរី ​ចំនួន​ពីរ​លើក ​ដោយ​ក្នុង​មួយ​លើក​ មាន​ការ​បង្ហោះ​ដ្រូនមួយ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ដ្រូន​នោះ​មិនធ្លាក់​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ដ្រូន​ត្រូវ​បាន​ហោះ​ចេញ​ពី​ទឹក​ដី​វៀតណាម​ នៅ​ម៉ោង​ប្រមាណ៨​យប់​ កាល​ពី​៣​ថ្ងៃ​មុន​ និង​ត្រូវបាន​ហោះ​មក​ម្តង​ទៀត ​កាល​ពី​យប់ថ្ងៃ​ទី២៦ ​ខែ​មិថុនា។ ​

លោក​ថ្លែង​ថា៖​ «យើង​ពិនិត្យ​មើល​ឃើញ​មក​ពី​ខាង​វៀតណាម ។ ​ហើយ​យើង​ក៏​សួរ​ទៅ​ខាង​វៀតណាម ​គេ​ថា​ អត់​ដឹង​ទេ​ អត់​ដឹងទេ ​ក៏បញ្ជា​ឱ្យ​បាញ់​ទម្លាក់​ទៅ។ តែ​ដល់ពេល​យើង​បាញ់​ ក៏​វា​ហោះ​ឡើង​ទៅ​លើ​បាត់​ អ៊ីចឹង​ទៅ។ ​វា​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណាម​វិញ​ អ៊ីចឹង»។ ​

បើ​តាម​អភិបាល​ខេត្ត ​អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​ថា​ តើ​ដ្រូន​ ឬ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ជារបស់​អ្នក​ណា​នោះ​ទេ។​

គួរ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ ​លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ចាប់​ខ្លួន​ក្រុម​ប្រយុទ្ធ​ដែល​លោក​ថា ជា​ពួក​ឧទ្ទាម​«បាក់​ទ័ព»​ដែល​ជាជន​ជាតិ​ម៉ុងតាញ៉ា (Montagnards) ​ឬ ដេហ្គា ​(Dega)​ ដែល​បាន​ផ្ទុះ​អាវុធ​ក្នុង​ទឹកដី​វៀតណាម។ ​លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ស្វែង​រក ​និងចាប់​ខ្លួន​ពួកគេ ​ដើម្បី​បញ្ជូនទៅ​ឱ្យ​អាជ្ញាធរ​វៀតណាម​វិញ។ ​លោក​បញ្ជាក់​ថា​ កម្ពុជា​មិន​អាច​ក្លាយ​ជា​កន្លែង​សម្រាប់​ជន​ឧទ្ទាម​ «បាក់​ទ័ព»​ទាំង​នោះជ្រក​កោន​នោះ​ទេ៕​