ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ថា សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម មានតួនាទីយ៉ាងសំខាន់ សម្រាប់ឲ្យប្រទេសកម្ពុជា ស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនៃរបបគ្រប់គ្រងក្នុងទសវត្សរ៍១៩៧០។ លោក បាន គីមូន កំពុងតែប្រឈមមុខនឹងការរារាំងរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ចំពោះសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានទៅធ្វើទស្សនកិច្ចនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ ហើយលោកបានគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការនាំយកមេដឹកនាំខ្មែរក្រហមមកកាត់ទោសចំពោះមុខច្បាប់។
«ការចេញសាលក្រម កាំង ហ្កេកអ៊ាវ ហៅ ឌុច មានទោស គឺជាសមិទ្ធិដ៏ធំមួយ នៃការធ្វើដំណើររបស់ប្រទេសកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌។ យើងដឹងថា វាជាការលំបាក ក្នុងការរំឭកឡើងវិញនូវផ្នែកដ៏អាក្រក់នេះ នៃប្រវត្តិសាស្រ្តរបស់លោកអ្នក ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យលោកអ្នកដឹងថា សេចក្តីក្លាហានរបស់លោកអ្នកបានបញ្ជូនសារដ៏ខ្លាំង និងមានឥទ្ធិពលមួយទៅទូទាំងពិភពលោកថា គ្មានការលើកលែងទោសទេ និងថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នឹងត្រូវតែដាក់ទោស»។
នៅក្រោមរបបខ្មែរក្រហមក្នុងទសវត្សរ៍ ១៩៧០ ទួលស្លែងធ្លាប់ជាគុកមួយ ដែលគេស្គាល់ថា ជាគុកស ២១។ សាលាក្តីអន្តរជាតិសម្រាប់កាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានកាត់ទោសឌុច ដែលជាប្រធានគុកទួលស្លែង កាលពីខែកក្កដានេះ។
នៅឆ្នាំក្រោយ សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ នឹងចាប់ផ្តើមដំណើរការករណីរឿងក្តីទីពីររបស់ខ្លួន ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ៤ រូប ដែលត្រូវបានចោទថា មានការទទួលខុសចំពោះការស្លាប់របស់មនុស្សប្រមាណ ២ លាននាក់ ក្នុងកំឡុងពេលការគ្រប់គ្រងរបស់ខ្លួន។
ក៏ប៉ុន្តែ សាររបស់នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ដែលបានថ្លែងយ៉ាងចំៗ ទៅកាន់លោក បាន គីមូន កាលពីថ្ងៃពុធនេះគឺថា រឿងក្តីទីពីរ ជារឿងក្តីចុងក្រោយរបស់សាលាក្តីនេះត្រូវជំនុំជំរះ។
គេមិនដឹងច្បាស់លាស់ទេថា តើរដ្ឋាភិបាលកម្ពុជា អាចការពារមិនឲ្យមានការជំនុំជំរះករណីថ្មីៗទៀតបាន ឬយ៉ាងណា ខណៈដែលសាលាក្តីនេះ ត្រូវបានគេរំពឹងថា មានសេរីភាព មិនពាក់ព័ន្ធនឹងនយោបាយទេនោះ។ សាលាក្តីនេះ កំពុងតែស៊ើបអង្កេតជនជាប់សង្ស័យចំនួន ៥ នាក់ផ្សេងទៀត។
ចំពោះសំណួរ ដែលសួរថាតើនឹងមានការជំនុំជំរះរឿងក្តីបន្ថែមទៀត ដែរឬទេ លោក បាន គីមូន បានឆ្លើយតបបង្វៀងយ៉ាងដូច្នេះថា៖
«ខ្ញុំបានពិភាក្សាយ៉ាងល្អ អំពីបញ្ហានេះ ចំនួន២លើក ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តីកាលពីព្រឹកមិញនេះ ហើយខ្ញុំអាចប្រាប់លោកអ្នកបានថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាថា នឹងបញ្ចប់ដំណើរការរឿងក្តីឲ្យបានចប់ចុងចប់ដើម។ អង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីបញ្ហានេះ ជាមួយនឹងសមាជិកសហគមន៍អន្តរជាតិ ជាពិសេស ជាមួយបណ្តាប្រទេសម្ចាស់ជំនួយ។ នោះជាអ្វី ដែលខ្ញុំអាចប្រាប់លោកអ្នកបាននៅពេលនេះ» ។
លោក បាន គីមូន បានបញ្ចប់សន្ទរកថារបស់លោកនៅឯសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដោយសរសើរដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌។
«ខ្ញុំនឹងមិនភ្លេច ដំណើរបំពេញទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះទេ។ លោក និងអ្នកស្រីទាំងឡាយ! នៅទីកន្លែងនៃភាពគួរឲ្យភ័យតក់ស្លុតនេះ សូមឲ្យព្រលឹងស្មារតីរបស់មនុស្សទទួលបានជ័យជំនះ។ សង្គ្រាមមិនអាចផ្តល់យុត្តិធម៌បានទេ ប៉ុន្តែ យើងអាចផ្តល់បាន។ ខ្ញុំសូមអរគុណ ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដឹកនាំនេះ»។
ក្រោយមកទៀត ក្នុងថ្ងៃព្រហស្បត៍ដដែលនោះ លោកបាន គីមូន បានធ្វើដំណើរតាមយន្តហោះ ទៅប្រទេសវៀតណាម ទីដែលលោក នឹងត្រូវជួបមេដឹកនាំសមាគមជាតិអាស៊ីអគ្នេយ៍។ បន្ទាប់ពីនោះទៀត លោកនឹងធ្វើដំណើរទៅប្រទេសចិន៕
ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់