អគ្គ​លេខាធិការ​អ.ស.ប.​ថា ​អំពើ​ឃោរឃៅ​នៅ​អតីត​មន្ទីរ​ឃុំឃាំង​ទួលស្លែង​ជា​រឿង​ដែល​មិន​ត្រូវ​កើត​មាន​ជា​ថ្មី​ទៀត

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក António Guterres ​​ទស្សនា​រូបភាព​ជន​រងគ្រោះនៅ​ឯ​អតីត​គុក​ទួល​ស្លែង​ ដែល​បាន​ក្លាយ​ជា​​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ នៅ​រាជធានី​ភ្នំពេញ​​ ថ្ងៃទី​១៣ ខែ វិច្ឆិកា​​ ឆ្នាំ២០២២។ (ហ៊ុល រស្មី/​វីអូអេ)​​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក ​António Guterres ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ​ទួល​ស្លែង​ ដែល​ជា​អតីត​មន្ទីរ​ឃុំ​ឃាំង​របស់​របប​ខោ​អាវ​ខ្មៅ​ខ្មែរ​ក្រហម​ ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

លោក​ António Guterres ​កំពុង​មានវត្ត​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​១២​ និង​ព្រឹត្តិ​ការណ៍​ពាក់​ព័ន្ធ​ផ្សេងៗ​នៅ ​រាជធានី​ភ្នំពេញ។ ការ​ទៅ​ទស្សនា​របស់​លោក​ Gueterres​ នៅ​សារមន្ទីរ​ទួល​ស្លែង​នេះ​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

អំឡុង​ពេល​នៃ​ការ​ទស្សនា​សារមន្ទីរ​ទួល​ស្លែង​ ​លោក​អគ្គ​លេខាធិការ​អង្គសហ​ប្រជាជាតិ​António Guterres ​បាន​ដើរ​កាត់​ទីកន្លែង​ដែល​ធ្លាប់​ឃុំឃាំង​មនុស្ស​ និង​ដែល​មាន​រូបថត​របស់​អតីត​អ្នក​ជាប់​ឃុំ​ក្នុង​សារមន្ទីរ ដែល​ដើម​ឡើយ​ត្រូវ​គេ​ស្គាល់​ថា​ ជា​មន្ទីរ​ស២១ ​ ឬ​គុក​ទួលស្លែង។​

លោក​អគ្គ​លេខាធិការ​ក៏​បាន​ជួប​សន្ទនា​ដោយ​សង្ខេប​ជា​មួយ​អ្នក​ធ្លាប់​ជាប់​ក្នុង​មន្ទីរស២១​ ដែល​រួម​មាន​លោក ​ជុំ ម៉ី​ និង​លោក​ ប៊ូ​ ម៉េង។​

​អ្នករស់​រាន​មាន​ជីវិត​បីនាក់​ពី​អតីត​មន្ទីរ​សួរចម្លើយ​ និងឃុំឃាំង​ស២១ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​។ (ហ៊ុល រស្មី/វីអូអេ)

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​បរិវេណ​សារមន្ទីរ​ទួលស្លែង​ លោក​Guterres ​ បាន​និយាយ​ថា​ ទុក្ខ​វេទនា​ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​ជញ្ជាំង​នៃ​សារមន្ទីរ​ទួល​ស្លែង​គឺ​ជា​រឿង​សោក​សង្រេង​ដ៏​សែន​រន្ធត់ ​និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​ក៏​ជា​ការ​ព្រមាន​ទុក​ជាមុន​ អំពី​អំពើ​ឃោរ​ឃៅ​ដែល​អាច​នឹង​កើត​មាន​ម្តង​ទៀត​ បើ​មនុស្ស​ប្រកាន់​យក​ការ​ស្អប់​ខ្ពើម​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​បដិសេធ។​

លោក​និយាយ​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ថា៖​ «ទួល​ស្លែង​គឺ​ជា​ការ​ក្រើន​រំឭក​ដ៏​ចាំបាច់​សម្រាប់​យើង​ទាំង​អស់​គ្នា។​ ឥដ្ឋ​និង​ការ៉ូ​ដែល​ប្រឡាក់​ដោយ​ឈាម​នៅ​ទីនេះ​គឺ​ជា​ការ​ព្រមាន​ដល់​យើង​ទាំង​អស់​គ្នា»។​

លោក​បន្ថែម​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖​ «នេះ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ការ​ស្អប់​គ្នា​កើត​ឡើង​យ៉ាង​ខ្លាំង។​ នេះ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​មនុស្ស​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​ ហើយ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បដិសេធ»។​

លោក​អគ្គ​លេខាធិការ​បន្ថែម​ថា​ លោក​នឹង​យក​រឿង​រ៉ាវ​ដែល​លោក​បាន​ដឹង​ពី​អ្នក​រស់​រាន​មាន​ជីវិត​ពី​អតីត​មន្ទីរ​ឃុំឃាំង​នេះ ​ប្រាប់​ចៅ​ស្រី​របស់​លោក​ ព្រោះ​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​អតីត​មន្ទីរ​ឃុំឃាំង​របស់​របប​ខ្មែរ​ក្រហម​នេះ​ មិន​អាច​បំភ្លេច​បាន​ឡើយ។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​នឹង​យក​រឿង​រ៉ាវ​ដែល​ខ្ញុំ​ស្តាប់​ឮ​ពី​អ្នក​ដែល​នៅ​រស់​នៅ​ក្នុង​របប​នេះ​ ទៅ​ប្រាប់​ចៅ​ស្រី​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ចៅ​ស្រី​របស់​ខ្ញុំ​អាច​យក​រឿង​រ៉ាវ​ទាំង​នេះ​ទៅ​ប្រាប់​ដល់​ចៅៗ​របស់​ពួកគេ​ទៀត​ ហើយ​ការ​ចង​ចាំ​នៅ​ទីនេះ​ គឺ​ជា​អ្វី​ដែល​យើង​មិន​ត្រូវ​បំភ្លេច​ជា​ដាច់​ខាត»។​

នៅ​ពេល​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ថា​ លោក​មាន​សារ​យ៉ាង​ណា​សម្រាប់​មេ​ដឹកនាំ​អាស៊ាន​ ក្រោយ​ពី​ទស្សនា​សារមន្ទីរ​ទួល​ស្លែង​ លោក​ Guterres​ លើក​ឡើង​ថា៖​ «សារ​របស់​ខ្ញុំ​គឺ​សាមញ្ញ​បំផុត។ ​ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​រក្សា​ទុក​ការ​ចង​ចាំ​អំពើ​ឃោរ​ឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ទីនេះ ​គឺ​ប្រទេស​កម្ពុជា។ ​ការ​ចង​ចាំ​វាល​ពិឃាត​ ការ​ចង​ចាំ​សាលា​រៀន​នេះ​ ហើយ​ពួក​គេ​ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ជំនាន់​គ្រប់​ទិសទី​ចំពោះ​ស្ថានភាព​បែប​នេះ​ ដែល​ដាច់​ខាត​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​បាន​ជា​ថ្មី​ម្តង​ទៀត​នោះ​ឡើយ»។​

ក្រៅ​ពី​នេះ​ លោក​ Gueterres​ ថ្លែង​ថា​ សាលាក្តី​ខ្មែរ​ក្រហម​បាន​ទាមទារ​ឲ្យ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ មក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ទាំង​នេះ​ និង​បាន​ផ្តល់​ជា​សំឡេង​ដល់​ជន​រង​គ្រោះ​ និង​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​នេះ។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក António Guterres ផ្តល់​ការគោរព​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​អតីត​មន្ទីរ​ឃុំឃាំង​ទួលស្លែង​ ដែល​គេស្គាល់​ថា​ មន្ទីរ​ស២១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​លោក​ Gueterres ​សំឡេង​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​មាន​សារៈ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ពេល​ដែល​ការ​និយាយ​ស្តី​ដែល​នាំ​ឲ្យ​មាន​ការ​ស្អប់​គ្នា​ ការ​រំលោភ​បំពាន​ ការ​រើស​អើង​ និង​យាយី​កំពុង​កើត​ឡើង​នៅ​គ្រប់​តំបន់​នៃ​ពិភព​លោក។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ មន្ទីរ​ស​២១ ​ឬ​គុក​ទួល​ស្លែង​ ដែល​ក្រោយ​មក​ក្លាយ​ជា​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​នោះ​ គឺ​ជា​ទីដ្ឋាន​ឃុំឃាំង​ធ្វើ​ទារុណ​កម្ម​សួរ​ចម្លើយ​ និង​សម្លាប់​ជន​រងគ្រោះ​យ៉ាង​តិច​១២០០០​នាក់ ភាគ​ច្រើន​ជា​កម្មាភិបាល​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ ដែល​ត្រូវ​បាន​ចាប់​បង្ក្រាប​ក្នុង​ការ​ធ្វើ​វិសុទ្ធ​កម្ម​ផ្ទៃ​ក្នុង​ កុមារា ​កុមារី​ និង​បណ្ដា​ជន​បរទេស​ដែល​ចាប់​បាន​ផង​ដែរ។​

កងទ័ព​វៀតណាម​ដែល​បាន​លុក​លុយ​ចូល​ក្នុង​ប្រទេស​កម្ពុជា ​និង​បាន​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ នៅ​ឆ្នាំ​១៩៧៩​ បាន​រក​ឃើញ​មន្ទីរ​ស ២១ ​នេះ​ ក្រោយ​ពេល​ដែល​ប្រធាន​មន្ទីរ​នោះ​គឺ​ កាំង ហ្កេកអ៊ាវ​ ហៅ​ឌុច ​និង​សហការី​រត់​ភៀស​ចេញ​ឆ្ពោះ​ទៅ​តស៊ូ​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ។​

នាយក​ទទួល​បន្ទុក​កិច្ច​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅថ្ងៃ​អាទិត្យ​នេះថា លោក​ Gueterres ​ ចង់​ស្វែង​យល់​បន្ថែម​អំពី​សោកនាដ​កម្ម​នៅ​អតីត​គុក​ស្លែង​ និង​ទំនង​ជា​ចង់​បង្ហាញ​ទៅ​មេ​ដឹកនាំ​ក្នុង​តំបន់​អាស៊ាន និង​សកល​លោក​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្មៅ​ងងឹត​ ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយ​ដើម្បី​បញ្ចៀស​នូវ​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​សារ​មន្ទីរ​ទួល​ស្លែង​កាល​ពី​អតីត​កាល។​

លោក​ថ្លែង​ថា៖​«ហើយ​ក៏​ជាសារ​មួយ​ដែរ​ ដែល​បង្ហាញ​ទៅ​ក្នុង​អាស៊ាន​ជា​ពិសេស​ប្រទេស​ភូមា​ ដែល​កំពុង​តែ​មាន​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​ ដែល​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​...​ដោយ​យោធា ​ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​សង្គ្រាម​ស៊ីវិល​ក៏ដូច​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ទៅ​ដល់​សកម្ម​ជន​គណបក្ស​នយោបាយ។​ យើង​ឃើញ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ​ មាន​ការ​ចាប់​ចង ​ហើយ​ក៏​មាន​ការ​ស្លាប់​មនុស្ស​ជា​ប្រចាំ​ផង​ដែរ»។​

លោក ​អំ សំអាត​បន្ថែម​ថា៖​«ហើយ​នៅ​ក្នុង​ពិភព​លោក​ យើង​ឃើញ​ថា​ សង្គ្រាម​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ី​ ក៏​បាន​ផ្តាច់​ជីវិត​មនុស្ស​រាប់​សិប​នាក់​ទៀត​ផង​ដែរ។​ អ៊ីចឹង​គឺ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ពិភព លោក​ត្រូវ​តែ​គិត​គូរ​អំពី​ជីវិត​មនុស្ស​ ជា​រឿង​សំខាន់​ បាន​ន័យ​ថា​ ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​គោល​ការណ៍​នៃ​ការ​លើក​កម្ពស់​ទៅ​លើ​សិទ្ធិ​មនុស្ស​ជា​រឿង​សំខាន់​ក្នុង​ពិភព​លោក ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​ ការ​បាត់​បង់​ជីវិត​ ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​មនុស្ស​ ការ​ប្រព្រឹត្ត​នូវ​អំពើ​ឃោរឃៅ អមនុស្ស​ធម៌​ទៅ​លើ​ជីវិត​មនុស្ស​ជា​ដើម​ហ្នឹង»។​

នៅ​ពេល​ជួប​ជាមួយ​មេ​ដឹកនាំ​អាស៊ាន​ក្នុង​ជំនួប​កំពូល​ កាល​ពី​ថ្ងៃ​សុក្រ​ ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក​ António Guterres ​ថ្លែង​ថា​ ស្ថានភាព​មនុស្ស​ធម៌ ​សិទ្ធិ​មនុស្ស​ សន្តិសុខ ​និង​នយោបាយ​នៅ​មីយ៉ាន់ម៉ា​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​មួយ​កាន់​តែ​ជ្រៅ​ទៅៗ។​ ហើយ​លោក​បាន​អំពាវនាវ​សាជាថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ និង​បើក​ឱ្យ​មាន​ជា​បន្ទាន់​នូវ​ដំណើរ​ការ​ដែល​ផ្តល់​ឱកាស​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ត្រឡប់​ទៅ​រក​ការ​ផ្លាស់​ប្តូរ​តាម​បែប​ប្រជា​ធិបតេយ្យ។​

ទាក់​ទិន​វិបត្តិ​នៅ​អ៊ុយក្រែន​ លោក​ Guterres ​ប្រាប់​សន្នីសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃសៅរ៍​ថា​ អង្គការ​សហ​ប្រជាជាតិ​ប្រកាន់​ជំហរ​ច្បាស់​មួយ​ថា​ អ៊ុយក្រែន​កំពុង​រង​ការ​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​ ហើយ​អ្វី​ដែល​កើត​ឡើង​នៅ​ទីនោះ​គឺ​បាន​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ ដែល​ភាគី​ពាក់​ព័ន្ធ​ត្រូវ​បង្កើត​ឲ្យ​មាន​ច្រក​សន្ទនា​ដើម្បី​ធ្វើ​ឲ្យ​ការ​កសាង​សន្តិភាព​ឈ្នះ​លើ​អរិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន។​

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​លោក​វណ្ណ ប៊ុនណា​ យល់​ថា​ លោក Guterres ​ចង់​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ ឬ​ឧក្រិដ្ឋ​កម្ម​ផ្សេង​ទៀត​ មិន​ឲ្យ​កើត​មាន​ជាថ្មី​ទៀត​ តាម​រយៈការ​ចំណាយ​ពេល​វេលា​ទៅ​ស្វែង​យល់​ពី​សារមន្ទីរ​ទួល​ស្លែង។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​អាទិត្យ​នេះ​ថា៖ «អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​គាត់​ចង់​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ប្រល័យ​ពូជសាសន៍ ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ដែល​បង្ក​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម​ក៏ដូច​ជា​មេរៀន​សម្រាប់​បណ្តា​ប្រទេស​ ឬ​មេ​ដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​កុំ​ឲ្យ​មាន​ហេតុ​ការណ៍​ ឬ​ក៏​ប្រព្រឹត្ត​រឿង​អស់​ហ្នឹង​កើត​ឡើង​បន្ត​ទៀត​ផង​ដែរ។​ អា​នេះ​ វា​ជា​សារ​រំឭក​ដ៏​សំខាន់​ របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ទៅ​ដល់​មេ​ដឹកនាំ​អាស៊ាន​ និង​មេ​ដឹកនាំ​ផ្សេងៗ​ទៀត​ផង​ដែរ»។​

បើ​តាម​លោក​វណ្ណ ប៊ុនណា​ អង្គការ​សហ​ប្រជាជាតិ​ក៏​ជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​ទើប​ត្រូវ​បាន​បិទ​បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្តី​អតីត​មេ​ដឹកនាំ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម។​

ដោយ​ឡែក​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌លោក ​ជិន ម៉ាលីន ​ថ្លែង​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក​អគ្គ​លេខាធិការ​អង្គការ​ប្រជាជាតិ​ ពាក់​ព័ន្ធ​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ពេល​លោក​ទៅ​ទស្សនា​សារមន្ទីរ​ទួល​ស្លែង បង្ហាញ​ពី​ការ​គំាទ្រ​ប្រទេស​កម្ពុជា​ ដែល​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​វិនាស​កម្ម ​ឬ​អំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត៕