អង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចាប់ផ្តើមបណ្តុះបណ្តាលវិធីសាស្ត្រទាក់ទងនឹងជំនាញពិនិត្យឃ្លាំមើលការឃុំខ្លួន ដើម្បីជៀសវាងការធ្វើទារុណកម្មអ្នកទោសនៅក្នុងពន្ធនាគារ។
វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ ផ្តោតជាសំខាន់លើគោលបំណងនៃការពិនិត្យឃ្លាំមើលទីកន្លែងឃុំខ្លួន តួនាទី និងយន្តការបង្ការថ្នាក់ជាតិ គោលការណ៍នៃដំណើរទស្សនកិច្ចត្រួតពិនិត្យមើលការឃុំ និងឃាត់ខ្លួន យុទ្ធសាស្ត្រនៃសម្ភាសន៍ជាដើម។
មន្ត្រីរដ្ឋាភិបាលប្រមាណ២០នាក់មកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបើកវគ្គបណ្តុះបណ្តាលនៅសណ្ឋាគារ Imperial Garden Villa and Hotel ថា វគ្គសិក្សានេះមានសារៈសំខាន់សម្រាប់ជួយជំរុញការយល់ដឹង និងចំណេះដឹងថ្មីៗដល់មន្ត្រីកម្ពុជាឲ្យអនុវត្តការងារឃ្លាំមើល ឬត្រួតពិនិត្យកន្លែងឃុំឃាំងអ្នកទោសឲ្យស្របតាមបទដ្ឋានអន្តរជាតិ។
«ប្រធានបទនេះគឺជាប្រធានបទដែលមានលក្ខណៈថ្មីសម្រាប់យើង ដើម្បីវាស់នូវកម្រិតយល់ដឹងរបស់យើងដែលបានធ្លាប់អនុវត្តកន្លងមក។ វគ្គសិក្សានេះ ខ្ញុំចាត់ទុកជាម៉ែត្រវាស់មួយនូវកម្រិតយល់ដឹងរបស់យើងក៏ដូចជាកម្រិតនៃការអនុវត្តការងាររបស់យើងដែលបានធ្វើការកន្លងមកដែរ»។
លោក ចេមស៍ ហ៊ីណាន (James Heenan) តំណាងស្តីទីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានថ្លែងនៅក្នុងការបើកវគ្គបណ្តុះបណ្តាលនេះថា ការកសាងសមត្ថភាពនៅកម្ពុជាក្នុងការត្រួតពិនិត្យមើលកន្លែងឃុំឃាំងបានចាប់ផ្តើមជាយូរមកហើយ។ លោក ចេមស៍បានបន្តថា វគ្គបណ្តុះបណ្តាលនេះមិនមែនត្រឹមតែជាឱកាសដើម្បីឈានដល់កម្រិតថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឲ្យមានការធានាដល់បញ្ហាធំៗនៃការធ្វើទារុណកម្មនៅកន្លែងឃុំឃាំង។
«កម្ពុជា និងអង្គការសហប្រជាជាតិបានសម្រេចធ្វើការលុបបំបាត់អំពើទារុណកម្ម ការប្រព្រឹត្តមកលើខ្លួននៅតាមកន្លែងឃុំឃាំង ហើយវគ្គបណ្តុះបណ្តាលនេះនឹងជួយយើងទាំងពីរឆ្ពោះទៅរកគោលដៅនោះ ប៉ុន្តែផ្តល់ឲ្យយើងនូវជំនាញមួយ»។
លោក នុត សាអាន បានថ្លែងថា កម្ពុជាបានផ្តល់សច្ចាបណ្ណ័ទៅលើពិធីសារបន្ថែមនៃអនុសញ្ញាប្រឆាំងអំពើទារុណកម្ម (OPCAT) នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០០៧ ហើយបានចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនេះជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៧។
រដ្ឋាភិបាលបានបង្កើតយន្តការទប់ស្កាត់ថ្នាក់ជាតិមួយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ ដែលរួមមានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលមានភារកិច្ចត្រួតពិនិត្យមើលកន្លែងឃុំឃាំងដើម្បីធានាថា ការធ្វើទារុណកម្មមិនត្រូវបានអនុញ្ញាត។ កម្ពុជាចូលជាភាគីនៃអនុសញ្ញា ប្រឆាំងអំពើទារុណកម្មនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។
លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថា នគរបាល និងកងរាជអាវុធហស្ថ ជាធម្មតា ប្រើអំពើទារុណកម្ម ដើម្បីទទួលបានចម្លើយពីអ្នកជាប់ឃុំទាំងក្នុងកន្លែងឃុំឃាំងរបស់នគរបាល និងពន្ធនាគារ។
«អំពើទារុណកម្មទាំងអស់ បើយើងប្រៀបធៀបកាលពីឆ្នាំ២០១០ សមាគមអាដហុកទទួលបានជាង៧០ករណីក្នុងរយៈពេលមួយឆ្នាំ ហើយរយៈពេលជាងប្រាំមួយខែដើមឆ្នាំ២០១១នេះ សមាគមអាដហុកទទួលបានជាង៤០ករណី»។
លោក ចាន់ សាវ៉េត បានបន្ថែមថា ករណីទារុកម្មភាគច្រើន បានកើតឡើងនៅក្នុងកន្លែងឃុំឃាំងរបស់នគរបាល៕