អ្នក​ជំនាញ​ អ.ស.ប អំពាវនាវ​ឲ្យ​កម្ពុជា​បញ្ចប់​ការ​យាយី​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

ក្រុម​អ្នក​ជំនាញសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា «បញ្ឈប់​ជា​បន្ទាន់»​នូវ​ការ​ឃុំ​ខ្លួន​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួស​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ហៅ​ទង្វើ​ទាំង​នេះ​ថា​ ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួកគេ។

អ្នក​ស្រី Mary Lawlor អ្នក​រាយការណ៍​ពិសេស ​អ.ស.ប ទទួល​បន្ទុក​ឃ្លាំមើល​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ថា៖ «ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ថា ​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាង​តិច​ ២១​ នាក់ បាន​រង​ការ​គំរាមកំហែង ការ​ចាប់ខ្លួន​តាម​ទំនើង​ចិត្ត និង​ការ​ឃុំ​ខ្លួន​ក្នុង​រយៈ​ពេល​ ៣ ​ខែ​កន្លង​មក​នេះ»។

​អ្នក​ស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា ​អ្នក​ស្រី​បាន​ពិនិត្យ​មើល​រូបភាព​ដែល​អាច​មើល​បាន​ជា​សាធារណៈ​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួសហេតុ​របស់​កង​សន្តិសុខ ក្នុង​ការ​រារាំង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ជាច្រើន​ជា​ស្ត្រី មិន​ឲ្យ​អនុវត្ត​សិទ្ធិ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​របស់​ពួកគេ។

អ្នក​ស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស អ.ស.ប ទទួល​បន្ទុក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ដែរ​ថា អ្នក​ស្រី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ផលប៉ះពាល់យូរ​អង្វែង​ទៅ​លើ​អង្គការ​សង្គមស៊ីវិល ហើយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ចប់​វិធីសាស្ត្រ​ដ៏​គ្រោះថ្នាក់​ទៅលើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ប្រតិកម្ម​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់ អ.ស.ប​ នេះ ធ្វើ​ឡើង​ក្រោយ​ពីអ្នក​ការពារ​សិទ្ធិមនុស្ស​ម្នាក់​គឺ​លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​អំពី​ការ​អះអាង​ថា​ មាន​ការបាត់ដី​របស់​អ្នកស្រុក​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម។

អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ទៀត ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ។ បើ​តាម​សេចក្តី​ថ្លែងការណ៍របស់ ​អ.ស.ប ដដែល មនុស្ស​ ១២​ នាក់​ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ដែល​អាច​ឲ្យ​ពួកគេ​ជាប់​ពន្ធនាការ​រហូត​ដល់​ ២​ ឆ្នាំ បើ​ត្រូវ​បាន​រកឃើញ​ថា​ មាន​ទោស។

ប៉ុន្តែ លោក​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ច្រាន​ចោលការ​អំពាវនាវ​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្សរបស់ ​អ.ស.ប​ នេះ​ ដោយ​ចាត់​ទុកថា​របាយការណ៍​របស់ អ.ស.ប​ «មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់ជ្រុងជ្រោយ» ​ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បានធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​នោះ​ទេ៕