អង្គការ​សហប្រជាជាតិបញ្ជាក់​អំពី​​​តួលេខ​​ពលរដ្ឋ​​ភៀសខ្លួន​ចេញពី​ជម្លោះ​ក្នុងឆ្នាំ​២០១១

  • Lisa Schlein

បុរសជាតិសូម៉ាលីម្នាក់ភៀសខ្លួនពីការរាំង​ស្ងួតនៅក្នុង​ប្រទេស​ជា​មួយ​​គ្រួសារ​ អង្គុយ​ផ្ទាល់ដី​នៅ​ខាងក្រៅ​កន្លែង​ចែក​អាហារ​ក្នុង​​​ជំរំជនភៀស​ខ្លួន Dadaab ក្នុង​តំបន់ឦសាននៃ​ប្រទេស​កេនយ៉ា​​ នៅថ្ងៃ​ទី​៥​ខែ​កក្កដា​ឆ្នាំ​២០១១។

ទីភ្នាក់ងារទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ជម្លោះនៅទូទាំងពិភពលោក​កាល​ពីឆ្នាំ​២០១១ បាន​បង្ខំ​ឱ្យមនុស្សប្រមាណ​៨សែន​នាក់ ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន។ របាយការណ៍ស្តីពីនិន្នាការ​សកលសម្រាប់ឆ្នាំ​២០១១(2011 Global Trends Report) របស់​ឧត្តម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុកជនភៀស​ខ្លួនរបស់​អង្គការសហប្រជាជាតិ​ (UNHCR) បានតាមដាន​មើលអំពី​កម្រិត​នៃ​ជនភៀសខ្លួន​និងការ​បាត់​បង់ទីជម្រក​ក្នុងប្រទេស​ នៅ​ទូទាំង​ពិភព​លោក។ របាយការណ៍​នេះ​បាន​រកឃើញ​ថា ប្រជាពលរដ្ឋ​បានក្លាយទៅ​ជា​ជនភៀសខ្លួន​កាលពី​ឆ្នាំមុន ច្រើនជាង​ពេលណាៗ​ទាំងអស់ ចាប់​តាំង​ពីដើម​សតវត្សរ៍​នេះ។ របាយការណ៍​នេះ​កំពុង​ត្រូវបាន​ចេញ​ផ្សាយ មុនការប្រារព្ធទិវា​ជនភៀសខ្លួនពិភពលោក (World Refugee Day) នៅថ្ងៃទី២០ ខែ​មិថុនា។

ឧត្តម​ស្នងការ​ជាន់ខ្ពស់ទទួល​បន្ទុក​ជនភៀស​ខ្លួនរបស់​អង្គការ​សហប្រជាជាតិ​ ​និយាយ​ថា មាន​ជនភៀសខ្លួន​ ជន​បាត់​បង់​ទីជម្រក​ក្នុងប្រទេសនិងក្រុមអ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន ចំនួន​៤២,៥​លាន​នាក់ នៅចុងឆ្នាំ២០១១នេះ។ នេះ​ជា​លើក​ទីមួយហើយ​ដែលរបាយការណ៍​ផ្តល់ភាពលម្អិតស្តីពីកម្រិត​នៃ​ការ​បាត់បង់ទី​ជម្រកដោយ​បង្ខំ ដោយ​សារតែ​វិបត្តិ​នយោបាយ​និងមនុស្ស​ធម៌​ជា​បន្តបន្ទាប់​ ដែល​បាន​ចាប់​ផ្តើមនៅ​ចុងឆ្នាំ​២០១០ នៅប្រទេសកូឌីវ័រ (Ivory Coast)។

របាយការណ៍​បញ្ជាក់ដែរ​ថា វិបត្តិ​នេះ​អាច​កើតឡើង​បន្ទាប់​ពីការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​ក្រុម​ជនផ្តាច់ការ​ពុករលួយ នៅ​ប្រទេស ទុយនេស៊ី(Tunisia) លីប៊ី(Libya) អេហ្សីប(Egypt) និង​ស៊ីរី(Syria)។ ភាព​ចលាចល​ដែល​បណ្តាល​មកពី​ការបះបោរ​នៅក្នុង​ពិភព​អារ៉ាប់ ឬ​ហៅ​ជាភាសា​អង់គ្លេស​ថា Arab Spring មានលក្ខណៈ​ស្រដៀងគ្នា ហើយ​នៅក្នុង​ករណី​ជាច្រើន មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ ដោយសារ​តែ​វិបត្តិ​នៃ​គ្រោះ​រាំងស្ងួត​និង​គ្រោះ​ទុរ្ភិក្ស នៅក្នុង​តំបន់​ស្នែង​អាហ្រ្វិក (Horn of Africa) ដែល​បានប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​១២​លាននាក់។

ឧត្តម​ស្នងការ​ជាន់ខ្ពស់ទទួលបន្ទុក​ជនភៀសខ្លួនរបស់​អង្គការ​សហប្រជាជាតិ​ លោក អាន់តូនីញ៉ូ ហ្គូតតឺរ៉េស៍ (Antonio Guterres) និយាយ​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​បង្ខំចិត្ត​ចាកចេញ​ដោយ​សារតែ​ព្រឹត្តិការដ៏​មហន្តរាយទាំងនេះ គឺ​ជា​ការឈឺចាប់​របស់​មនុស្ស​ជាតិ នៅ​ក្នុងរយៈពេល​វែង។ ជាអកុសល លោក​និយាយ​ថា ឆ្នាំ​២០១២ ហាក់​ដូច​ជាមិនមាន​ជោគ​វាសនា​ល្អ​ជាង​ឆ្នាំ​២០១១​នោះទេ។

«នៅក្នុងអំឡុង​ពេលនៃ​ការកាន់​ដំណែង​របស់​ខ្ញុំ​ជាឧត្តមស្នងការជាន់ខ្ពស់ ខ្ញុំ​មិនចាំ​ទេថាមានវិបត្តិ​ជនភៀស​ខ្លួនយ៉ាងធំធេង​ហើយ​មាន​សភាពធ្ងន់ធ្ងរជាងបីដង​នៅក្នុង​ពេល​តែមួយ ដូច ដែល​យើង​កំពុងជួប​ប្រទះនា​ពេលសព្វថ្ងៃ​នេះ​នៅប្រទេស​ស៊ីរី(Syria) ​ស៊ូដង់-ស៊ូដង់​ខាង​ត្បូង​(Sudan-South Sudan) និងម៉ាលី (Mali)។ យើង​មាន​ជនភៀសខ្លួន​ជាង​៨ម៉ឺន​នាក់​រួចទៅ​ហើយ ដែល​បានចេញមកពី​ប្រទេស​ស៊ីរី ជនភៀស​ខ្លួន១សែន​៩​ម៉ឺន​នាក់​ដែល​បាន​ចេញ​មក​ពីស៊ូដង់ ទៅកាន់​ស៊ូដង់​ខាងត្បូង និង​ទៅកាន់​ប្រទេស​អេត្យូពី (Ethiopia) និង​ជនភៀស​ខ្លួនចំនួន១សែន​៦​ម៉ឺន​នាក់ ដែល​បាន​ចេញមក​ពី​ប្រទេស​ម៉ាលី (Mali) ទៅកាន់​ប្រទេស ម៉ូរីតានី(Mauritania) នីហ្គឺ(Niger) និងប័រគីណា ហ្វាសូ (Burkina Faso)។ នេះ​មិនទាន់​និយាយ​អំពី​ជនភៀសខ្លួន​មួយចំនួន​តូច ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អាល់ហ្សឺរី (Algeria) នៅឡើយ​ទេ»។

របាយការណ៍​បានតាមដាន​និន្នាការ​មួយ​ចំនួន​ប្រកបដោយ​ការ​ព្រួយ​បារម្ភ ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ​កន្លងទៅនេះ។ និន្នាការ​មួយ​គឺថា ការ​បាត់​បង់​ទីជម្រកដោយ​បង្ខំ ​កំពុងបង្កផលប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​កាន់តែច្រើន​ជាងមុន ​នៅទូទាំង​សកល​លោក។ និន្នាការ​មួយទៀត​គឺថា​មនុស្ស​ម្នាក់ៗដែល​បានក្លាយខ្លួន​ទៅជា​ជនភៀសខ្លួន ទំនង​ជា​បាន​រស់នៅ​ជា​ជនភៀស​ខ្លួន​អស់រយៈពេល​ជាច្រើន​ឆ្នាំ។

របាយការណ៍​នេះ​កត់សម្គាល់​ឃើញ​ថា ជិតបីភាគបួន​នៃ​ជនភៀសខ្លួន​ចំនួន​១០,៤​លាននាក់ ដែល​ស្ថិត​នៅក្រោមការគ្រប់គ្រង​របស់​អង្គការ UNHCR បាន​បន្ត​ស្ថិត​នៅ​និរទេសយ៉ាង​យូរដែលមាន​រយៈ​ពេលយ៉ាង​តិច​៥ឆ្នាំដែរ។

ឧត្តម​ស្នងការ​ជាន់ខ្ពស់ លោក ហ្គូតតឺរ៉េស៍ និយាយ​ថា ផ្ទុយ​ពីទស្សន​ដែល​ត្រូវបាន​ប្រកាន់យក​យ៉ាង​ទូលំទូលាយ​នៅតាម​បណ្តាប្រទេស​ឧស្សាហកម្មជឿនលឿន ៨០​ភាគរយ​នៃ​ជនភៀសខ្លួន​នៅលើ​ពិភពលោក កំពុង​ត្រូវបាន​ទទួល​ឱ្យ​ស្នាក់នៅ​តាមបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​និយាយ​ថា វត្តមាន​របស់​ជនភៀសខ្លួន​រាប់​សែននាក់ នៅក្នុង​ប្រទេស​ក្រីក្រ​ទាំងនេះ បាន​ផ្តល់ផលប៉ះពាល់​យ៉ាងធំធេងទៅលើ​សេដ្ឋកិច្ច​និង​សង្គម​របស់​ពួកគេផ្ទាល់។

«ខ្ញុំ​មិនចង់និយាយ​អំពី​បន្ទុក​របស់​ពិភពលោក​ទេ ពីព្រោះ​រឿង​នេះ​គឺជា​អ្វី​ដែល​ប្រទេស​ទាំងឡាយ​កំពុងអនុវត្តក្នុង​លក្ខណៈ​ជាបងប្អូន ដោយ​ បើកច្រកព្រំដែន​របស់​ពួកគេ បើក​ទ្វារ​ទីក្រុង​របស់​ពួកគេ ហើយជួន​កាលបើក​ចំហរ​ទឹកចិត្តរបស់​ពួកគេ ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ជំនួយ។ ប៉ុន្តែ យើង​ត្រូវតែ​ទទួល​ស្គាល់ថា សម្រាប់ប្រទេស​ ​ដែលប្រឈម​មុខ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​លំបាកដោយ​មាន​កាអភិវឌ្ឍន៍ក្នុងកម្រិត​ទាប វត្តមានជនភៀស​ខ្លួននេះ បង្ក​ផលប៉ះពាល់​ ធំធេងណាស់។ ហើយ ផលប៉ះពាល់​នេះ​តម្រូវ​ឱ្យមានការ​សាមគ្គី​ជា​អន្តរជាតិដែល​មិនមែន​ត្រឹមតែជា​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ការផ្តល់ជូននូវ​ឱកាស​ក្នុងការ​តាំងទី​លំនៅ​ជាថ្មី​បន្ថែម​ទៀត នៅតាម​បណ្តាប្រទេស​អភិវឌ្ឍន៍ទៀតផង»។

លោក ហ្គូតតឺរ៉េស៍ ថ្លែង​ថា ​កាលពី​ឆ្នាំមុន មានតែ​ជនភៀសខ្លួន​ចំនួន​៦ម៉ឺននាក់​តែប៉ុណ្ណោះ បាន​តាំងទី​លំនៅថ្មី​ពី​ប្រទេស​ដែល​ខ្លួន​បាន​សុំសិទ្ធិ​ជ្រកកោន​នយោបាយ ទៅកាន់​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន។ ជនភៀសខ្លួន​ភាគច្រើនបានតាំងទី​លំនៅ​ជាថ្មី​នៅសហរដ្ឋ​អាមេរិក ហើយបន្ទាប់មកប្រទេស​កាណាដា (Canada) និងអូស្រ្តាលី (Australia)។

របាយការណ៍​បញ្ជាក់ថា ប្រទេស​អាហ្វ​ហ្គានីស្ថាន (Afghanistan) នៅតែជា​ប្រទេស​ដែល​បង្កើតឲ្យ​មានជនភៀសខ្លួនច្រើន​ជាងគេបំផុត​ ដោយមាន​ជនភៀសខ្លួន​ប្រមាណ​២,៧លាននាក់ ដែល​កំពុង​រស់នៅ​និរទេសខ្លួន ហើយបន្ទាប់មក គឺ​ប្រទេសអ៊ីរ៉ាក់(Iraq) សូម៉ាលី(Somali) ស៊ូដង់(Sudan) និងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo)។

របាយការណ៍​នេះ​កត់សម្គាល់ដែរ​ថា តាមការ​ប៉ាន់ស្មាន ប្រជាពលរដ្ឋ​ដែល​គ្មានប្រទេសស្នាក់​នៅ នៅ​ទូទាំង​ពិភពលោក បន្ត​ត្រូវបាន​ដក​ហូត​ផល​ប្រយោជន៍និង​សិទ្ធិ​ជាមូលដ្ឋាន​ភាគ​ច្រើន​បំផុត ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេសនី​មួយៗ៕

ប្រែសម្រួលដោយ ឌី ខាំបូលី