សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមភាគីអង្គការសហប្រជាជាតិ អះអាងពីការមានភស្តុតាងគ្រប់គ្រាន់ដើម្បីជំនុំជម្រះទោសជនជាប់ចោទជាអតីតមេដឹកនាំកំពូលៗខ្មែរក្រហមចំនួនបួននាក់ក្នុងសំណុំរឿង០០២ពីបទសង្ស័យថាពាក់ព័ន្ធ នឹងអំពើឃាតកម្មនានាដែលបណ្តាលឲ្យពលរដ្ឋខ្មែរជិត២លាននាក់ស្លាប់ក្នុងទសវត្សរ៍១៩៧០។ នេះបើតាមការអះអាងរបស់លោក អេនឌ្រូ ខេយលី (Andrew Cayley)សហព្រះរាជអាជ្ញាដែលបានថ្លែងប្រាប់វីអូអេ ផ្នែកខេមរៈភាសាក្នុងបទសម្ភាសជាពិសេសមួយកាលពីចុងខែមុន។
«ខ្ញុំមានន័យថាសំណុំរឿងនេះមានទម្ងន់ណាស់ដើម្បីតតាំងជាមួយជនជាប់ ចោទទាំងនេះពីព្រោះតែទំហំនៃបទឧក្រិដ្ឋដែលគេប្រព្រឹត្ត។ មានភស្តុតាងជាខ្សែភាពយន្តដែលភ្ជាប់ពួកគេនឹងបទឧក្រិដ្ឋនៅនឹងកន្លែងរួមទាំងការបោះពុម្ភ ផ្សាយជាច្រើននៃរបបខ្មែរក្រហមផង ហើយរួមទាំងភស្តុតាងជាឯកសារដែលគេបានឃើញផង។ លោកដឹងទេ យើងបាននិយាយសំអាងលើមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានន័យថាមជ្ឈមណ្ឌល នេះមាន ឯកសារជិត ៥ម៉ឺនកើតចេញពីអំឡុងពេលនោះដែលបង្កើតជាភស្តុតាងពាក់ព័ន្ធដែលយើងកំពុងនិយាយ»។
លោក Andrew Cayley បានបន្ថែមថាជាអវសាន រឿងនេះសម្រេចលើចៅក្រមក្នុងការសម្រេចថាតើជនជាប់ចោទមានជាប់ទាក់ទងនឹងបទឧក្រិដ្ឋឬទេ។ ពួកគេគ្មានទោសរហូតទាល់តែមានភស្តុតាងដាក់ទោស។
«ក្រុមរដ្ឋអាជ្ញាយើងហៅថាភស្តុតាងដាក់បន្ទុក។ យើងត្រូវតែផ្តល់ភស្តុតាងអំពីបទឧក្រិដ្ឋនិងការជាប់ពាក់ព័ន្ធរបស់ពួកគេ ដោយមានភស្តុតាងជាក់ច្បាស់ លើសពីវិមតិសង្ស័យ។ ក៏ប៉ុន្តែខ្ញុំមានក្តីសង្ឃឹមថាយើងនឹងផ្តល់ភស្តុតាងបញ្ជាក់បានពីសំណុំរឿងយើងនៅក្នុងពេលសវនាការ»។
លោក Andrew Cayley ថ្លែងដូច្នេះកាលពីថ្ងៃទី២៦ ខែតុលាប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសជាពិសេសមួយនៅក្រោយពេលលោកបានថ្លែងអំពីដំណើរការកាត់ទោសខ្មែរក្រហមពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅក្រោយរយៈពេល៣០ឆ្នាំ ប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យអាមេរិកាំងក្នុងសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey។
ជនជាប់ចោទ៤នាក់ជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមក្នុងសំណុំរឿង០០២ មាននួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេសនិងអៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចការងារ ដែលសហព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្ម ផ្សេងៗទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសនៅចុងខែវិច្ឆិកានេះ។
ទោះជាយ៉ាងណាក៏ដោយមេធាវីម្នាក់របស់ជនជាប់ចោទឈ្មោះ អៀង ធីរិទ្ធ គឺលោក ផាត់ ពៅស៊ាង បានថ្លែងប្រាប់វីអូអេថាក្រុមរបស់លោកដែលទទួលមួយផ្នែកដែរក្នុងសំណុំរឿង ០០២ពុំទាន់ពិចារណាទៅលើការចោទប្រកាន់របស់សហ ព្រះរាជអាជ្ញានៅឡើយទេ។ អ្វីដែលជាការផ្តោតសំខាន់ពេលនេះគឺកូនក្តីរបស់លោកពុំអាចទទួលយកបទចោទប្រកាន់បានព្រោះមានជំងឺបាត់ការចងចាំ និងការមិនអាចដឹងពីភស្តុតាងនិងសាក្សីដែលដាក់បន្ទុក។ លោកថ្លែងថាតុលាការត្រូវតែសម្រេចថាតើកូនក្តីរបស់លោកពិតជាមានជំងឺមិនអាចយល់ពីភស្តុតាង សាក្សីមែនឬទេ មុននឹងឈានទៅរកការពិចារណារឿងភស្តុតាងនិងសាក្សី និងបញ្ហាផ្សេងៗទៀត។
«ព្រោះខាងខ្ញុំលើកតែករណីថាកូនក្តីខ្ញុំមិនមានលទ្ធភាពយល់ដឹងមិនមានលទ្ធភាពផ្តល់សក្ខីកម្មទៅនឹងអ្វីដែលគេដាក់បន្ទុកមកលើគាត់។ ដូច្នេះនៅក្នុងករណីហ្នឹងតុលាការត្រូវពិចារណាថាពិតមែនឬអត់វាអញ្ចឹង។ ឧទាហរណ៍ថាចុងក្រោយបើគេនិយាយថាគាត់មានលទ្ធភាពចូលរួម ខ្ញុំនឹងចាប់ផ្តើមពិចារណាលើភស្តុតាងដាក់បន្ទុក»។
លោកថ្លែងថា លោកបានអានមើលសំណុំរឿងច្រើនហើយតែលោកមិនអាចធ្វើ អត្ថាធិប្បាយអ្វីច្រើនទេ ដោយសារខ្លាចប៉ះពាល់ដល់កិច្ចការសម្ងាត់របស់ តុលាការ។
មេធាវីមួយរូបក្នុងសំណុំរឿង០០២បានអះអាងក្នុងលក្ខខណ្ឌពុំឲ្យបញ្ជាក់អត្តសញ្ញាណដោយខ្លាចប៉ះពាល់ដល់កិច្ចការសម្ងាត់របស់តុលាការ។ លោកថ្លែងថាបទចោទប្រកាន់របស់សហព្រះរាជអាជ្ញាអាចមានចន្លោះប្រហោងជាច្រើនដែលពួកគេអាចដោះបន្ទុកដល់កូនក្តីគេបាននៅពេលសវនាការ។ បញ្ហាទាំងនោះត្រូវគេអះអាងត្រួសៗថា ភស្តុតាង សាក្សីខ្លះមានលក្ខណៈខ្សោយ មិនអាចភ្ជាប់គ្នាបានរវាងភស្តុតាងនិងបទល្មើស។
ថ្លែងប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ Rutgers ក្នុងរដ្ឋ New Jersey អំពីការកាត់ទោសខ្មែរក្រហម លោក Andrew Cayley បានត្អូញ ត្អែរដែរពីការលំបាករឿងប្រមូលភស្តុតាងដោយសារឧក្រិដ្ឋកម្ម កើតឡើង ក្រោយរយៈពេល៣០ឆ្នាំ ដែលមានភស្តុតាងនិងសាក្សីច្រើនត្រូវខូចខាត បាត់បង់ មនុស្សជាសាក្សីសំខាន់ៗបានចាកចេញពីភូមិស្រុក ខ្លះស្លាប់ ក្រោយរយៈពេល ៣០ឆ្នាំ ដូចជាលោក វ៉ាន់ ណាត អ្នករួចជីវិតពីគុកទួលស្លែងខ្មែរក្រហមជាដើម។ តែលោក Cayley នៅតែសង្ឃឹមថានឹងអាចដាក់បន្ទុកលើជនជាប់ចោទបានក្នុងសំណុំរឿង០០២។
លោក ហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះបានថ្លែងថា លោកមានជំនឿថាភស្តុតាងសាក្សីដែលសហព្រះរាជអាជ្ញាបានប្រមូលគឺលើស ពីគ្រប់គ្រាន់។ លោកចាត់ទុកថាការអះអាងរបស់មេធាវីជនជាប់ចោទខ្លះគ្រាន់តែ ជាការការពារផលប្រយោជន៍ដល់កូនក្តីគេតែប៉ុណ្ណោះ។
«ភស្តុតាងសាក្សី ជាឯកសារក៏ដោយ ជាសំឡេង ជារូបភាពក៏ដោយបូកជាមួយ អ្នកជំនាញនៃប្រវត្តិសាស្ត្រដែលគេបានធ្វើតាំងពីសំណុំរឿង០០១មកនោះគឺ ខ្ញុំគិតថា វាគ្រប់គ្រាន់ឬក៏វាច្រើនហើយ វាលើសពីការសង្ស័យទៅទៀត»។
សាលាក្តីកាត់ទោសខ្មែរក្រហមចាប់ផ្តើមកាត់ទោសជនជាប់ចោទរយៈពេលជាង ៣០ឆ្នាំ ក្រោយពីឧក្រិដ្ឋកម្មកើតឡើង ហើយក្រោយពេលដែលប៉ុល ពតដែលជា ស្ថាបនិករបបខ្មែរក្រហមបានស្លាប់៕