ឧត្តមស្នងការអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកសិទ្ធិមនុស្សគឺអ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet) នៅថ្ងៃពុធនេះ បានសម្តែងការភ្ញាក់ផ្អើលចំពោះការបង្ក្រាបលើសិទ្ធិបញ្ចេញមតិក្នុងប្រទេសចំនួន១២នៅតំបន់អាស៊ីប៉ាស៊ីហ្វ្រិករួមទាំងកម្ពុជាផង ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលចេញផ្សាយនៅថ្ងៃទី៣ខែមិថុនានេះ បានបញ្ជាក់ថា នៅកម្ពុជាមានករណីចាប់ខ្លួនបុគ្គលចំនួន៣០នាក់ រួមទាំងស្ត្រី៦នាក់ និងក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ដែរ ដោយសារតែការនិយាយជាសាធារណៈ និងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹងជំងឺកូវីដ១៩។
បុគ្គលមួយចំនួនត្រូវបានចោទប្រកាន់ពីបទចែកចាយ «ព័ត៌មានក្លែងក្លាយ» ឬ«ព័ត៌មានមិនពិត» និងពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយនិងបទ «រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល» ជាដើម។
បច្ចុប្បន្ន មនុស្ស១៤នាក់កំពុងស្ថិតក្នុងការឃុំឃាំង ដែលក្នុងនោះ១០នាក់ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដ៏ធំ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីឆ្នាំ២០១៧។
អ្នកស្រី មីស្សែល បាស្សេឡេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា វិធានការណាមួយដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវតែមានលក្ខណៈ«សមាមាត្រ»។
ប្រទេស១១ទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ្រិកដែលមានការបង្ក្រាបលើសិទ្ធិបញ្ចេញមតិនេះរួមមាន បង់ក្លាដេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម៕