នៅថ្ងៃសុក្រនេះ ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសិទ្ធិដីធ្លីការបណ្តេញចេញដោយបង្ខំ និងសេរីភាពនៃការបញ្ចោញមតិ ខណៈដែលអ្នកភូមិចំនួន១២៤នាក់ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំឃាំងក្នុងរឿងជម្លោះដីធ្លី។
របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គិតពីដើមឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នសមាគមសិទ្ធិមនុស្សអាដហុក បានរកឃើញថា យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លីចំនួន១២៤នាក់ ត្រូវបានតុលាការចេញដីកាកោះ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលក្នុងនោះមាន៣៦នាក់ត្រូវបានចាប់ខ្លួន ១៨នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និង៨៨នាក់កំពុងរត់ គេចខ្លួនពីការតាមចាប់របស់តុលាការ។
លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រថា ស្ថានភាពសិទ្ធិមនុស្សជាទូទៅបានប្រសើរឡើងនៅក្នុងវិស័យមួយចំនួនប៉ុន្តែនៅក្នុងវិស័យមួយចំនួនផ្សេងទៀតមិនទាន់ប្រសើរឡើងនៅឡើយឧទាហរណ៍ ជាក់ស្តែងគឺសិទ្ធិខាងដីធ្លី ការបណ្តេញចេញ និងសេរីភាពខាងការបញ្ចោញមតិ។ លោក ស៊ូបិឌី បានបន្ថែមថា ដោយសារតែភ័យខ្លាចការប្រឈមនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទផ្សាយព័ត៌មានមិនពិត និងបទញ៉ុះញ៉ង់ប្រឆាំងនឹងខ្លួន មនុស្សជាច្រើនដូចជាអ្នកយកព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សនយោបាយ ព្រមទាំងបុគ្គលឯកជននានាហាក់ដូចជាកំពុងរឹតត្បិតការបញ្ចេញមតិខ្លួនឯង។ លោក ស៊ូបិឌី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំមានកង្វល់ចំពោះការប្រើប្រាស់ការចោទប្រកាន់បែបនេះ ប្រឆាំងនឹងសកម្មជនការពារសិទ្ធិខាងដីធ្លី និងបុគ្គលនានា ដែលធ្វើការទាមទារសិទ្ធិលើដីធ្លី ដែលមានទំនាស់។ ខ្ញុំមានការស្រងាកចិត្តដោយបានឮអំពីការប្រើប្រាស់កម្លាំងមិនសមាមាត្រដោយអាជ្ញាធរអនុវត្តន៍ច្បាប់នៅក្នុងអំឡុងពេលធ្វើបាតុកម្មដោយសន្តិវិធីដោយក្រុមប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លី។ ជាអាទិ៍ អំពើហិង្សាប្រឆាំង នឹងការធ្វើបាតុកម្មដោយប្រជាពលរដ្ឋមកពីតំបន់បឹងកក់កាលពីខែមេសា ឆ្នាំ២០១១ គឺជារឿងដែលគួរឱ្យសោកស្តាយជាទីបំផុត។ ខ្ញុំរីករាយដោយបានដឹងអំពីការរៀបចំឱ្យមានកិច្ចសន្ទានានាពេលថ្មីៗនេះរវាងសហគមន៍បឹងកក់ដែលនៅសេសសល់ និងសាលារាជធានីភ្នំពេញ ហើយខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយមួយដែលអាចទទួលយកបានទាំងសងខាង»។
លោក ស៊ូបិឌី បានថ្លែងថា ចំពោះវិស័យតុលាការវិញ មានភាពអយុត្តិធម៌ជាច្រើន ដែលប្រជា ពលរដ្ឋមួយចំនួនបានជាប់ពន្ធនាគារ ដែលតាមពិតពួកគាត់ពុំគួរជាប់នោះទេ បើលទ្ធិប្រជាធិបយ្យេដំណើរ ការបានត្រឹមត្រូវនោះ។ លោកបន្តទៀតថា៖
«មានករណីមួយបានកើតមាននៅក្នុងខែធ្នូ ឆ្នាំ២០១០ ដែលបុគ្គលម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រពីបទញុះញ៉ង់ ហើយត្រូវបានតុលាការជំនុំជម្រះ និងផ្តន្ទាទោសនៅក្នុងចុងសប្តាហ៍ដដែលនោះតែម្តង ដែលតាមធម្មតា នៅចុងសប្តាហ៍ តុលាការមិនធ្វើការទេ។ ការដែលតុលាការនេះប្រើរយៈពេលតែពីរថ្ងៃ គិតពីថ្ងៃឃាត់ខ្លួនដល់ថ្ងៃជំនុំជម្រះ ហើយចំថ្ងៃចុងសប្តាហ៍ទៀតនោះ ការអនុវត្តបែបនេះនាំឱ្យគេមន្ទិលជាខ្លាំងអំពីសមត្ថភាពរបស់តុលាការមួយនេះ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាលកម្ពុជាកំពុងខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះឱ្យមានស្ថានភាពល្អតាមរយៈកំណែទម្រង់ច្បាប់ កំណែទម្រង់វិធាននៃដំណោះស្រាយ និងពង្រឹងសមត្ថភាព និងការយល់ដឹងរបស់ចៅក្រម និងមន្ត្រីយុត្តិធម៌ពាក់ព័ន្ធ។ លោកផៃ ស៊ីផាន បានប្រាប់វីអូអេខ្មែរថា៖
«យើងកំពុងតែដោះស្រាយ។ យើងកំពុងតែធ្វើឱ្យការងារបស់យើង ឆ្លើយតបទៅនឹងសេចក្តីត្រូវការតាមបែបផែនសង្គមចំហ និងសង្គមដែលរស់នៅជុំគ្នាតាមបែបផែនលទ្ធិប្រជាធិបតេយ្យ។ យើងទាំងពីរនាក់ រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ គឺជាដៃគូក្នុងការដោះស្រាយនូវអ្វី ដែលយើងយល់ឃើញថា ជាចំណោទ។ ដូច្នេះ ចំណោទនោះ គឺជាបញ្ហាសម្រាប់ទាំងរាជរដ្ឋាភិបាល ទាំងអង្គការសហប្រជាជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីកែច្នៃរិតតែឱ្យមានភាពល្អលើសដើម»។
លោក ស៊ូបិឌី បានបញ្ជាក់ថា លោកនឹងដាក់របាយការណ៍ចុងក្រោយរបស់លោកជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយផ្តោតលើប្រព័ន្ធតុលាការ និងបានបញ្ចូលអនុសាសន៍មួយចំនួនដើម្បីពង្រឹងសមត្ថភាព និងឯករាជ្យភាពរបស់តុលាការ៕