អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក David Scheffer ជំនាញការពិសេសរបស់អង្គការសហប្រជាជាតិបានជំរុញការពិភាក្សាឡើងវិញជាមួយរដ្ឋាភិបាលកម្ពុជាពីករណីដ៏ចម្រូងចម្រាស់របស់ចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ លោកឡូរ៉ង កាស់ពែ-អង់ស៊ែម៉េ (Laurent Kasper-Ansermet) និងសំណុំរឿងបន្ថែមដ៏រសើប០០៣ និង០០៤។ ក៏ប៉ុន្ដែលទ្ធផលនៃដំណោះស្រាយក្នុងរឿងទាំងនេះនៅតែស្ថិតជាអាថ៌កំបាំងបន្តទៀតនៅឡើយ។
ប្រភពក្រៅផ្លូវការមួយចំនួនបានបង្ហាញថា អង្គការសហប្រជាជាតិ បានបន្ទន់ឥរិយាបថដើម្បីទម្លាយច្រកទៅមុខទៀត។
ជំហរនេះធ្វើឡើងក្នុងជំនួបរវាងមន្រ្ដីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះជាមួយលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីរសៀលថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងភ្នំពេញ។ គឺមួយថ្ងៃមុននឹងលោក David Sheffer បញ្ចប់ដំណើរទស្សកិច្ចរបស់លោករយៈពេលបួនថ្ងៃនៅប្រទេសកម្ពុជា។ លោក Sheffer នឹងត្រូវចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃសុក្រ។
លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិបានឲ្យដឹងថាជំនួបនៃមន្ដ្រីជាន់ខ្ពស់ទាំងពីរមានពិភាក្សាលើបញ្ហា «គន្លឹះ» សម្រាប់ដំណើរការសាលាក្ដីខ្មែរក្រហម។ ក៏ប៉ុន្ដែលោកមិនអាចធ្វើការលម្អិតជាពិស្ដារបាននោះទេ។
«ស្ថានភាពជុំវិញសំណុំរឿង ០០៣ និង០០៤ ត្រូវបានលើកយកមកពិភាក្សា ហើយលោក David Sheffer បានសង្កត់ឡើងវិញជាថ្មីម្ដងទៀតពីទស្សនៈរបស់អង្គការសហប្រជាជាតិដែលថា លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ មានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញការងារជាចៅក្រមរបស់គាត់»។
លោក ឯក ថា អ្នកនាំពាក្យនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ស្របគ្នានឹងលោកឡាស អលសិន ដែរថា ការពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ក៏ប៉ុន្ដែលោកបានបង្ហាញការពិភាក្សាតែពីរចំណុចសំខាន់ៗតែប៉ុណ្ណោះ។
«យើងបានពិភាក្សាទៅលើពីរចំណុចធំ គឺការរៃអង្គាសប្រាក់គឺធ្វើយ៉ាងណាដើម្បីរៃអង្គាសថវិកាពីសហគមន៍អន្ដរជាតិដើម្បីបន្ដការងាររបស់អង្គជំនុំជម្រះនេះតទៅទៀត។ ហើយទីពីរគឺយើងបានពិភាក្សាទៅលើចំណុចដំណើរការប្រព្រឹត្តទៅជាទូទៅរបស់អង្គជំនុំជម្រះនេះ»។
ក៏ប៉ុន្ដែប្រភពជាច្រើនបានបញ្ជាក់នៅថ្ងៃនេះថា អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលទំនងជាមានជំហរទោរទន់រកគ្នាលើលក្ខខណ្ឌរបស់លោក Laurent Kasper-Ansermet ក្នុងកិច្ចពិភាក្សារវាងលោក David Sheffer និង លោក សុខ អាន។ ហើយអង្គការសហប្រជាជាតិទំនងជាឈប់ទាមទារឲ្យមានការតែងតាំងចៅក្រមសញ្ជាតិស្វ៊ីសរូបនេះឲ្យធ្វើជាចៅក្រមស៊ើបអង្កេតពេញសិទ្ធិតទៅទៀតហើយ។
លោក ឡុង បញ្ញាវុធ យល់ឃើញថា ប្រសិនបើស្ថិតក្នុងស្ថានភាពបែបនេះ មែននោះគឺមានន័យថា អង្គការសហប្រជាជាតិបានបន្ទន់ជំហររបស់ខ្លួនក្នុងរឿងនេះ
បើតាមគម្រោងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា និងជួបពិភាក្សាគ្នាឡើងវិញទៀតជុំវិញសំណុំរឿងទាំងនេះនៅខែមេសាខាងមុខ។
សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការកាត់ទោសសំណុំរឿងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង០០១ ហើយបានផ្ដន្ទាទោសជនជាប់ចោទដែលជានិមិត្តរូបនៃអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិត ទាក់ទងនឹងការស្លាប់អ្នកទោសជាង១២.៣៨០នាក់។ រីឯសំណុំរឿង ០០២ ដែលអតីតមេដឹកនាំជាន់ខ្ពស់បំផុត នៃរបបខ្មែរក្រហមចំនួនបីនាក់ ត្រូវនាំមកកាត់ទោសនោះគឺ ខៀវ សំផន អៀង សារី និង នួន ជា កំពុងដំណើរការ។
ក៏ប៉ុន្ដែរដ្ឋាភិបាល និងភាគីខ្មែរក្នុងសាលាក្ដីខ្មែរក្រហមបានព្យាយាមរាំងខ្ទប់សំណុំរឿងបន្ថែម ០០៣ និង ០០៤ ដែលពាក់ព័ន្ធនឹងជនជាប់សង្ស័យចំនួនប្រាំនាក់បន្ថែមទៀត ដែលត្រូវជឿថា ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។ ហើយចៅក្រមបរទេសលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ដែលបានព្យាយាមជំរុញសំណុំរឿងទាំងនេះឲ្យទៅមុខ និងចំហរព័ត៌មានដល់សាធារណជនត្រូវរដ្ឋាភិបាលច្រានបេក្ខភាព លោកចោលមិនតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្ដរជាតិពេញមុខ។
ស្ថិតក្នុងការប្រទាញប្រទង់នេះប្រទេសជប៉ុន បានប្រកាសផ្ដល់ជំនួយចំនួន៦លានដុល្លារ និងប្រទេសអង់គ្លេសផ្ដល់ជំនួយចំនួន ១,២លានដុល្លារអាមេរិកដល់សាលាក្ដីខ្មែរក្រហមសម្រាប់ប្រតិបតិ្តការនៅឆ្នាំ២០១២ និងឆ្នាំ ២០១៣។ នេះបើយោងតាមអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា លោក នេត្រ ភក្រ្ដា និងអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សលោក ឯក ថា៕