យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ខ្មែរក្រហមមិន​ត្រូវ​គ្មាន​ការ​កាត់ទោស​សំណុំរឿង​សេស​សល់​ទេ

រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

ក្រុមអ្នក​ជំនាញ​និង​ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ នៅ​ពេល​តុលាការ​ខ្មែរក្រហមបាន​ថមថយ​សកម្មភាព​ច្រើន​ក្រោយ​កាត់ទោស​មេដឹកនាំ​កំពូលៗ​ដែល​នៅរស់​រាន​មាន​ជីវិត​ពីរនាក់​ មាន​ការ​ទាមទារ​ថា យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ខ្មែរក្រហម​មិន​ត្រូវ​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​កាត់​ទោស សំណុំ​រឿង​ដែល​នៅ​សេស​សល់ទេ។​

សាលាក្តី​ខ្មែរ​ក្រហម​ចំណាយ​ប្រាក់​ប្រហែល ​៣០០ ​លាន​ដុល្លារ​និង​ចំណាយ​ពេល ច្រើន​ជាង​មួយ​ទសវត្សរ៍​ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​ត្រូវបាន​គេ បន្ទោស​ចំពោះ​ការស្លាប់​របស់​មនុស្ស​ចំនួន​១លាន​៧សែន​នាក់ ​បន្ទាប់ពី​ឧក្រិដ្ឋកម្ម​ដ៏ សាហាវ​យង់ឃ្នង​ កាលពី​ជាង​៤០ឆ្នាំ​មុន​នៅ​កម្ពុជា​គឺនៅ​ចន្លោះ​ឆ្នាំ១៩៧៥​ ដល់​ ឆ្នាំ ១៩៧៩។​ តុលាការ​កំពុង​កាត់​បន្ថយ​ដំណើរការ​របស់​ខ្លួន​ទោះបី​ជាមាន​សំណុំ​រឿង ចម្រូង​ចម្រាស​នៅ​សេស​សល់​ដែល​កំពុង​រង់ចាំ​ចំណាត់​ការ​តុលាការ​ជាក់​លាក់​បន្ថែម ពី​លើការ​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ក្តី។ ​ការណ៍នេះ ​អ្នក​សង្កេត​ការណ៏​និង​អ្នកជំនាញ​ខ្លះ​ជំរុញ​ឱ្យ​តុលាការ​បញ្ចប់​ការងារ​របស់​ខ្លួន​និង​រៀបចំ​ផែនការ​បញ្ចប់​តុលាការ ក្នុង​អន្តរកាល​នេះ​ឲ្យបាន​រលូន​ដល់​ទីបញ្ចប់​ជាពិសេស​សំណុំ​រឿង​ដែល​នៅ​សល់ ហើយ​ត្រូវ​រដ្ឋាភិបាល​ជំទាស់​យ៉ាង​ខ្លាំង​នោះ។

លោក ​Daniel McLaughlin ​មន្រ្តី​កិច្ចការ​ច្បាប់​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​យុត្តិធម៌និង គណនេយ្យភាព​ដែល​អង្គការ​របស់​លោក​ជួយ​ជន​រងគ្រោះ​ជនជាតិ​អាមេរិកាំង​ដើម កំណើត​ខ្មែរនៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​ក្នុងការ​តតាំង​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម ដើម្បី​យុត្តិធម៌​នៅក្នុង​តុលាការ ​បានប្រាប់​ VOA ​តាម​អ៊ីម៉េល​ថា​តុលាការ​មិនអាច​ទុក ចោល​សំណុំ​រឿង​សេសសល់​ដទៃ​ទៀត​ដែលថា​មិនអាច​កាត់ទោស​បាន​នោះ​ទេ។

«ជាបញ្ហា​បឋម​យើង​មិនគួរ​ទទួល​យក​ការសន្មត​ជាកត្តា​សត្យានុម័ត​ដែលថា​តុលាការ ខ្មែរក្រហម​កំពុង​ឈានដល់​ទីបញ្ចប់​ដោយ​គ្មាន​សំណុំ​រឿងណា​ដែល​នៅ​សេសសល់ (០០៣ ០០៤ ​និង ​០០៤/២) ​ត្រូវកាត់​ទោស​នោះទេ។ ​ការធ្វើ​ដូច្នេះ​នឹងក្លាយ​ទៅជា​ ការ ចុះចាញ់​នឹងការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។ ​មានភាព​ស្ងៀមស្ងាត់​គួរឱ្យ​កត់​សម្គាល់​ពី អង្គការ​សហ​ប្រជាជាតិ​សហគមន៍​អ្នកផ្តល់​ជំនួយ​និង​ពីអង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ដោយ​ផ្ទាល់​ទាក់ទង​ទៅនឹង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បានបង្គាប់​ថា​ការបញ្ចប់​សកម្មភាព​តុលាការ​គឺត្រូវ​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង ដែលនៅ​សេស​សល់‍»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ភាពស្ងៀម​ស្ងាត់នោះ​បាន​ធ្វើឱ្យ​ខកចិត្ត​និងការ​ខូចខាត​ពិតប្រាកដ​ចំពោះ​ជន​រងគ្រោះ ដែល​បាន​ប្រគល់​រឿងរ៉ាវ​និងក្តី​សង្ឃឹម​របស់​ពួកគេ​ទៅដល់​តុលាការ​ខ្មែរក្រហម​ដែល​បន្ត មុខងារ​ជាស្ថាប័ន​អព្យាក្រឹត្យ​និង​ឯករាជ្យ‍»។

រូបឯកសារ៖ នួន​ ជា ​មាន​វត្តមាន​ក្នុង​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

​នួន ជា ​អាយុ ​៩២ ឆ្នាំ​ ជាបង​ធំទី២​ បន្ទាប់​ពីប៉ុល ពត​ និង​ខៀវ សំផន​ប្រមុខរដ្ឋ​អាយុ ៨៧ ឆ្នាំ ​មកដល់​ឆ្នាំ​ ២០១៨​នេះ​ ត្រូវបាន​ផ្តន្ទាទោស​ចំនួន​២​លើក​ឲ្យជាប់​ពន្ធនាគារ អស់​មួយ​ជីវិត​ដូចគ្នា​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ក្រោម​បទចោទ​ថាបាន​ប្រព្រឹត្តិ​ទៅលើ​ជនជាតិ​ភាគតិច​រួមទាំង​ជនជាតិ​វៀតណាម​និង​ចាម ​ហើយនឹង​ជនជាតិ​ខ្មែរ​នៅពាស ពេញ​ប្រទេស។​ ថ្វីបើ​សំណុំ​រឿង​នេះ​ត្រូវបាន​បញ្ចប់​ក្ដី​ ក៏តុលាការ​នៅតែ​មាន​សំណុំ​រឿង បី​បន្ថែម​ទៀត​ គឺ​សំណុំ​រឿង​០០៣ ​និង​០០៤ ​ហើយនឹង​០០៤/២ដែល​នៅ​មាន​ជនសង្ស័យ​៣នាក់ ​ដែល​ជាកម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល ​គឺ ​លោក ​យឹម ទិត្យ ​ហៅតាទិត​ លោក​អោ ​អាន ​ហៅតា អាន​និង​ លោក ​មាស មុត ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​មុនពេល​រៀបចំ​យុទ្ធ សាស្រ្ត​បញ្ចប់​តុលាការ។​ ករណី​ទាំងនោះ​ត្រូវបាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​រាជរដ្ឋា ភិបាល​កម្ពុជា។ ​មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​និង​លោក​ឧបនាយក រដ្ឋមន្ត្រី​ស ខេង ​ម្តងម្កាល​បាន​ថ្លែងជា​សាធារណៈ​ពីការ​មិនចង់​ឲ្យមាន​មេដឹកនាំ​ខ្មែរ ក្រហម​បន្ថែម​ទៀត​នៅក្នុង​សំណុំ​រឿង​សេសសល់​ ត្រូវ បាន​ស៊ើបអង្កេត​និង ​កាត់​ទោស​ទេ ​ដើម្បី​អ្វីមួយ​ដែល​រដ្ឋាភិបាល​អះអាង​ថាថ្នូរ​និង​សន្តិភាព ​ហើយនឹង​ការបង្រួប​បង្រួម ជាតិ។​ តែ​ក្រុម​អ្នកឃ្លាំ​មើល​សាលាក្តី ​ចាត់ទុក​ថានេះ​ជាការ​ជ្រៀតជ្រែក​ដល់​ដំណើរ​ការ តុលាការ។

លោក ​Daniel McLaughlin ​បាន​បន្ថែម​សេចក្តី​ថា៖

«មិនថា​ពេល​វេលា​នៃការ​បិទទ្វារ​របស់​តុលាការ​ខ្មែរក្រហម​ទេ​ សាលា​ក្តីនេះ​ចាំបាច់​ត្រូវ បង្កើត​យុទ្ធសាស្រ្ត​ចាកចេញ​ឲ្យបាន​ច្បាស់លាស់។ ​យុទ្ធសាស្ត្រ​នោះ​គួរតែ​មាន ​តម្លាភាពបង្កើន​លទ្ធភាព​ឲ្យ​សាធារណជន​អាចចូល​មើល​ឯកសារ​និង​សំណុំ​រឿង​របស់​សាលាក្តី ខ្មែរក្រហម ​និង​ ជនរងគ្រោះ ​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​និង​អតិថិជន​របស់​ពួកគេ ចាំបាច់​ត្រូវ​អនុញាត​ឲ្យ​ចូលរួម​នៅក្នុង​ការពិភាក្សា​ដែល​កំពុង​បន្ត​ ស្តីពី​យុទ្ធសាស្រ្ត​នៃការ ចាកចេញ​របស់​តុលាការ​ខ្មែរក្រហម ​ដែល​តុលាការ​ពិតជា​មិនទាន់​បាន​ធ្វើរបៀប​នោះ​នៅ​ឡើយ‍។​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាពិសេស​មេធាវី​កម្ពុជា​ដែល​ធ្វើការ​នៅ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវផ្តល់​ការគាំទ្រ ​ពីសាលាក្តី​ខ្មែរក្រហម ​និង​សហគមន៍​ម្ចាស់ ជំនួយ​ដើម្បី​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការ​រៀបចំ​យុទ្ធសាស្រ្ត​នៃការ​ចាកចេញ​ដើម្បី​ឱ្យ​គេគិតគូរ​យ៉ាងពេញ​លេញ​អំពី​តម្រូវការ ​អតិថិជន​របស់​ពួកគេ‍»។

លោកថា​តុលាការ​ត្រូវគិតគូរ​ពីការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ផងដែរ​ក្នុងការ​ពិភាក្សា រឿងការ​បញ្ចប់​របស់​តុលាការ។

«ជន​រងគ្រោះ​ចាំបាច់​ត្រូវបាន​គេជូន​ដំណឹង​អំពីការ​បញ្ចប់​នៃ​តុលាការ ​មូលហេតុ​នៃការ បញ្ចប់ ​ក៏ដូចជា​អ្វីដែល​ជាអត្តន័យ​ សម្រាប់​ការដាក់​ពាក្យ​សុំតាំង​ខ្លួន​ជាដើម​បណ្តឹង រដ្ឋប្បវេណី​ ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលរួម​ក្នុង​សំណុំ​រឿង ​០០៣, ​០០៤ ​និង ០០៤/២ ។ ​ជន​រងគ្រោះ​ត្រូវតែ​មាន​លទ្ធភាព​បញ្ចេញ​សំឡេង​របស់ខ្លួន​នៅពេល​និយាយ​ពីការ​រៀបចំ​ទីតាំង​និង​របៀប​ដែល​ឯកសារ ​ដែល​សម្រាប់​ពួកគេ​អាច​ចូលមើល​បាន ហើយ​មិនគ្រាន់​តែជូន​ដំណឹង​ក្រោយពេល​ដែល​បញ្ចប់​តុលាការ​នោះទេ‍»។

រូបឯកសារ៖ ខៀវ សំផន មាន​វត្តមាន​ក្នុង​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

លោក ​Daniel McLaughlin​បាន​លើក​ឡើង​ពីការ​ដែល​សាលាក្តី​ត្រូវ​គោរព​បំណង​ប្រាថ្នា​របស់​ជន​រងគ្រោះ។

«ជា​ចុងក្រោយ​នៅក្នុង​សេចក្តី​សម្រេចថ្មីៗ​បំផុត​នៃ​សំណុំរឿង​ ០០៤/១ ​ទាំង​ចៅក្រម កម្ពុជា​និង​អន្តរជាតិ​បាន​បើក​លទ្ធភាព​ដែលថា​ការ​ផ្តន្ទាទោស​ឧក្រិដ្ឋ​អាច​កើត​ឡើង ចំពោះ ​ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរក្រហម​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាតិ។ ​ខណៈពេល​ដែល មនុស្ស​ភាគច្រើន​យល់ស្រប​ថា​កាលៈទេសៈ​នៅកម្ពុជា​សព្វថ្ងៃ​នេះគឺ​មិន​សម​ស្រប សម្រាប់​ការ​ផ្តន្ទាទោស​ទាំងនេះ ​ខ្ញុំគិតថា​វាជាការ​សំខាន់​ក្នុងការ​កត់សម្គាល់​លទ្ធភាព នេះ ​ថាជា​គោលដៅ​នាពេល​អនាគត ​ដែលអាច​មាន​សក្តានុពល ​ប្រសិន​បើវាឆ្លុះ​បញ្ចាំង ពីបំណង​ប្រាថ្នា​របស់​ជន​រងគ្រោះ‍»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​លោក​ ឆាំង យុ​ ដែល​ផ្តល់​ឯកសារ​ខ្មែរ​ក្រហម​រាប់ សែន​ទំព័រទៅ​តុលាការ​បាន​និយាយថា​មានការ​ពិភាក្សា​អំពីការ​បញ្ចប់​សាលាក្តី​ខ្មែរ ក្រហម។

«តុលាការ​បានគិត​អំពី​បញ្ហានេះ​ ហើយ​បើសិន​ជា​យើង​ពិនិត្យ​ឲ្យកៀក​ទៅវ័យ​របស់​នួន ជា ​និង​ ខៀវ សំផន​កាន់តែ​ជ្រេខ្លាំង​ឡើង ​អីចឹង​គេក៏​បាន​គិត​អំពី​បញ្ហា​នេះ​ដែរ។ ​ចំពោះ កេរ្តិ៍តំណែល​នៃតុលាការនេះ ​ខ្ញុំគិត​វានឹង​ឲ្យមក​ដោយ​ខ្លួនឯង​ នៅពេល​ដែល​តុលាការ នេះ ​បញ្ចប់​ថាវា​នឹង​ដើរទៅ​ផ្លូវណា?​ មាន​ទម្ងន់​ប៉ុណ្ណា?‍»។

រូបឯកសារ៖ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ពន្យល់​អំពី​រឿងរ៉ាវ​មួយ​ចំនួន​ក្នុង​របប​ខ្មែរក្រហម ដល់​អ្នកចូលរួម។ (ស៊ុន ណារិន/VOA)

លោកបាន​បន្ត​ថា ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ គ្រោង​នៅក្នុង​រយៈពេល​៣ឆ្នាំ​នេះ​នឹង​ដាក់​ផ្សព្វផ្សាយ​ឯកសារ​ជាង​១លាន​ទំព័រ​ទៅលើ​គេហទំព័រ​ថ្មី ​ហើយ​ដែល​មនុស្ស​ទាំង អស់​ក្នុង​ពិភពលោក​អាច​ទាញ​យក​បាន ​ហើយ​យើង​រំពឹង​ថានេះ​គឺជា​គម្រោង​មួយ នៅក្នុងការ​ដែល​ហៅថា​យុត្តិធម៌​ដែរ‍។

លោកក៏​បាន​ទទូច​ដែរថា​សំណុំ​រឿង០០៣​ និង​០០៤​ គួរ​ត្រូវ​បញ្ចប់​ដោយ​គ្មាន​ការ​ពន្យា ពេល​តែបញ្ចប់​ទៅតាម​ពេល​វេលា​តុលាការ។

«សំណុំរឿង​០០៣​ និង០០៤ ​ចៅក្រម​គួរតែ​ផ្អែក​ទៅលើ​ភស្តុតាង​និង​បែបបទ ​ដែល​ខ្លួន មាន ហើយ​មក​ទល់​សព្វ​ថ្ងៃនេះ​គ្មាន​នរណា​គេទៅ​ជ្រៀត​ជ្រែក​ទេ​ ហើយ​ក៏គ្មាន​នរណា គេឃាត់​ឃាំង​ដែរ​ តែ​ខ្ញុំ​គិតថា​តុលាការ​បាន​បាត់បង់​ការគាំទ្រ​មួយចំនួន​ពី​ប្រជាជន ដោយ​សារថា​ការ​ទំនាក់ទំនង ​ការ​ផ្សព្វផ្សាយ​ហ្នឹង​វាហាក់​ដូចជា​មានការ​កាត់​បន្ថយ ហើយ​មាន​ពេលខ្លះ​ទៀត ​ការពន្យល់​ធ្វើឲ្យ​មាន​ការភាន់​ច្រឡំ‍»។

លោក ​ឆាំង យុ​ បន្តថា​កាត់​ទោសឌុច ​ជាប់គុក​មួយជីវិត​ ហើយ​១ឆ្នាំ​ក៏ត្រូវ​ជាសាក្សី ហើយ​រឿង​ទួលស្លែង​ត្រូវកាត់​ម្តងទៀត។​ ពួកគាត់​ជាច្រើន​មិន​យល់​ពីរឿង​នេះ។

លោកបាន​បន្ថែម​សេចក្តី​ថា​អង្គការ​លោក​បាន​ធ្វើការ​ស្ទង់មតិ​មួយ​ជាមួយ​នឹង​មនុស្ស ១៥០០នាក់​ ដែល​មាន​សាវតារ​រៀងខ្លួន ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ​ហើយ​លទ្ធផល នៃការ​ស្ទង់មតិ​អំពី​បញ្ហា​ទាក់ទង​នឹងការ​បញ្ចប់​តុលាការ​គឺកំពុង​ចងក្រង​និង​បោះពុម្ភ ផ្សាយ​ក្រោយ​ពីការ​ធ្វើកាលពី​ខែធ្នូ​ដល់​ខែ​មេសា។

«យើងបាន​ធ្វើការ​ស្ទាប់ស្ទង់​មតិនេះ​ថាតើ​ពេល​ដែល​តុលាការ​ចប់​ទៅតើ​ឯកសារ​របស់ តុលាការ​ហ្នឹង​គួរស្ថិត​នៅទីណា​ តើ​ប្រជាជន​អាចចូល​ទៅ​អាន​ ចូលទៅ​ស្រាវជ្រាវ​ដោយ វិធីណា ​ហើយថា​គួរផ្សព្វ​ផ្សាយ​យ៉ាង​ដូចម្តេច​ ហើយថា​តើគួរ​មាន​ស្ថាប័ន​ណា​ផ្សេង ទៀត​គួរ​ជា​អ្នក​បណ្តុំ​ឯកសារ​ទាំងអស់​នេះ ​ដើម្បី​ងាយ​ស្រួល​ដល់​ប្រជាជន​នៅ​តាម មូលដ្ឋាន​មិន​ប្រើប្រាស់​អ៊ីនធឺណិត​ហ្នឹង​អាច​ប្រើប្រាស់​បាន‍»។

លោក​ យុ ឆាំង​ បាន​បន្ថែម​សេចក្តី​ថា​តុលាការ​ មិនមែន​ជាស្ថាប័ន ​តែមួយ​គត់​ក្នុងការ រកយុត្តិធម៌​ទេ​ តែមាន​ស្ថាប័ន​អប់រំ​ ដូចជា​សាលា​រៀន​គឺជា​កន្លែង​បំពេញ​យុត្តិធម៌​ផង​ដែរ។

«ខ្ញុំថា​យុត្តិធម៌​យើង​បានប្រឹង​ប្រែង​អស់​លទ្ធភាព ​ហើយ​យើង​បាន​ស្គាល់​អំពី​តម្លៃ យុត្តិធម៌ ​និង​កម្រិត​ណា​ដែល​យុត្តិធម៌​អាច​រកបាន​ពីតុលាការ​ខ្មែរក្រហម​នេះ។ ​ហើយបើ​យើង​និយាយថា​ពេញ​ចិត្ត​ត្រឹមណា​ ខ្ញុំគិតថា​យើងដឹង​តាំង​ពីដំបូង​ គ្មានការ​ដាក់ទណ្ឌ​កម្ម ណាមួយ ​គ្មានចំនួន​ណាមួយ​ដែលយើង​យក​មក​កាត់ទោស​ហ្នឹង​វាអាច​សមស្មើ​ទៅនឹង អ្វីដែល​យើង​បាត់បង់​ទេ។​ អីចឹង​ខ្ញុំគិត​ថាអ្វី​ដែល​សំខាន់​គឺការ​យល់ដឹង​ដំណើរការ​មួយ ដែលវា​មានតម្លៃ​ក្នុងការ​ទទួល​ស្គាល់ ​ការឈឺចាប់​ដែលវា​បាន ​ហើយ​វាជា​មេរៀន សម្រាប់​ បន្តឲ្យ​យើង​ស្វែងរក​នៅក្នុង​គម្រោង​ផ្សេងៗ​ទៀត​ដូចជា​ការអប់រំ​តាម​សាលា រៀន​ តាមការ​ពិភាក្សា​ តាមការ​សំណេរ​ផ្សេងៗ‍»។

លោកបាន​អះអាង​ថា​មកដល់​ពេលនេះ​មាន​និស្សិត ​ថ្នាក់ទី៧ ​ដល់​ថ្នាក់ទី​១២​កំពុង​តែង រៀនពី​ប្រវត្តិសាស្ត្រ​នេះ។

បើតាម​ឯកសារ​តុលាការ​ដែល ​VOA ​មាន​ស្តីពី​គម្រោង​បញ្ចប់​ផែនការ​សាលាក្តី​ខ្មែរ ក្រហម​លើកទី​២០ ​ដែលចុះ​ថ្ងៃទី៣១ ​មីនា​ ឆ្នាំ ​២០១៩​ បានឲ្យ​ដឹង​ពី​ដំណើរការ​សំណុំ រឿង ​០០២, ​០០៣ ​និង​០០៤​ ទាក់ទង​នឹង​បញ្ហា​ជាច្រើន ​រួមទាំង​ការស៊ើប​អង្កេត ​ការ​សម្រេច​របស់​អង្គ​បុរេ​ជំនុំជម្រះ​ ថាតើ​ការខ្វែង​គំនិត​គ្នារវាង​សហ​ចៅក្រម​ជាតិ​និង​អន្តរជាតិ ត្រូវច្រាន​ចោល​ឬបន្តការ​កាត់ទោស​សំណុំ​រឿង​សេសសល់​ឬ​យ៉ាងណា។​ ឯកសារ តុលាការ​នៅត្រង់​ចំណុច​មួយ​បាន​បញ្ជាក់​តាមខ្លឹមសារ​ដើម​ថា៖

«នៅក្នុង​សំណុំរឿង​០០៣ ​សំណុំ​រឿង​០០៤/០២​និង​សំណុំ​រឿង​០០៤ ​ព្រឹត្តិការណ៍​សំខាន់ ដាច់ដោយ​ឡែក​ត្រូវបាន​កំណត់​សម្រាប់​ដំណាក់​កាល​ស៊ើបសួរ​ដែល​នៅសេស​សល់ ហើយក្នុង​ករណី​មានការ​ចោទប្រកាន់​នោះ ​នឹងមាន​ព្រឹត្តិការណ៍​សំខាន់​បន្ថែម​ទៀត សម្រាប់ ​ដំណាក់​កាល​ជំនុំជម្រះ​និង​បណ្តឹង​សាទុក្ខ‍»។

ឯកសារ​តុលាការ​ខ្មែរក្រហម​ឬហៅ​ថា​ អ.វ.ត.ក ​ដដែល​បាន​បន្ថែម​ថា៖

«ឯកសារ​នេះ​ផ្តោតជា​ពិសេស​លើការ​វិវត្តន៍​នាពេល​ថ្មីៗនេះ ​នៅក្នុង​សំណុំ​រឿង​ដែល​នៅ សេសសល់​ទាំងបី​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំពោះ​មុខ ​អ.វ.ត.ក​ និង​ផ្តល់​នូវ​ព័ត៌មាន អំពី​ប្រភេទ​នៃរឿងក្តី​ ព្រមទាំង​ស្ថានភាព​នៃសំណុំ​រឿង​ទាំងនោះ ​ព្រមទាំង​ជំហាន​នានា ដែល​ត្រូវ​បំពេញ ​មុន​ពេល​កិច្ច​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​ទាក់ទិន​នឹង​សំណុំ​រឿង កំពុង​រង់ចាំ​បច្ចុប្បន្ន​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ​(អ.វ.ត.ក )​បញ្ចប់​ជា​ស្ថាពរ​តាម ផ្លូវច្បាប់។​ សហ​ព្រះរាជអាជ្ញា​បានថ្លែង​ជា​សាធារណៈ​ថានឹង​ពុំមាន​សំណុំ​រឿង​បន្ថែម ទៀតទេ​ បន្ទាប់​ពីសំណុំ​រឿង​០០៣ ​និង​០០៤។​ ហេតុនេះ ​សំណុំ​រឿង​ដែល​មាន​នា​ពេល នេះគឺ​ជា​សំណុំ​រឿង​សរុប​ដែល​ អ.វ.ត.ក ​ត្រូវចាត់​ការតាម​នីតិវិធី​ច្បាប់‍»។

តាមការ​ឲ្យដឹង​របស់​សាលាក្តី​បាន​ឲ្យដឹង​ថា​គិតមក​ត្រឹម​ចុងខែមីនា​ សាលាក្តី​មាន គម្រោង​បញ្ចប់​ដំណើរការ​សំណុំ​រឿង​ទាំងអស់​នៅដើម​ឆ្នាំ​២០២០។

លោក ​នេត្រ ភត្រ្តា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​អះអាង​ថា​សាលាក្តី​បាន ជជែក​អំពី​ផែនការ​បញ្ចប់​តុលាការ​រៀងរាល់​៣​ខែម្តង។

«ចំពោះ​ដំណើរការ​នេះ ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​បានរៀបចំ​នូវផែនការ​សកម្មភាព របស់​ខ្លួន​ក៏ដូច​ជា​មាន​ផែនការ​នៃការបញ្ចប់ ​គេហៅ​ថា ​(Completion plan ) ​ដែល​ត្រូវ បាន​ update ​(ធ្វើបច្ចុប្បន្នភាព) ​នៅរៀង​រាល់​ត្រីមាស ​ដែល​កិច្ចការងារ​នេះ​គឺយើង​ទទួល បាន​(ព័ត៌មាន)​ពីភាគី​ពាក់ព័ន្ធ​ក្នុង​តុលាការ​ថា​តើការ​ប្រមើល​មើល​នៃការ​បញ្ចប់​សកម្ម ភាពរបស់​ខ្លួន​ របស់​ការិយាល័យ​នីមួយៗ​ហ្នឹង ​គឺនៅ​ដំណាក់​កាល​ណា ​ដោយ​យោង​ទៅ​លើ​ការងារ​ដែលមាន​នៅក្នុង​ដៃ‍»។

រូបឯកសារ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

លោកបាន​បន្ថែម​ទៀត​ថា​សំណុំ​រឿង ​០០២/២ ​នៃ​នួន ជា​និង​ខៀវសំផន​ស្ថិត​នៅក្នុង ដំណាក់​កាល​នៃបណ្តឹង​ឧទ្ធរណ៍​បន្ទាប់​ពីសាលក្រម​និង​សំណុំ​រឿង​ ០០៣ និង ​០០៤ កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​ឧទ្ធរណ៍​និង ​សេចក្ដី​សម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ។

លោក​ នេត្រ ភត្រ្តា ​បាន​បន្ថែម​ថា៖

«ឆ្លើយតប​ទៅនឹង​ការទន្ទឹង​រង់ចាំ​របស់​ប្រជាពលរដ្ឋ​គឺ ​យន្តការ​របស់​យើង​សម្រាប់ តុលាការ ​គឺយើង​ស្វែងរក​យុត្តិធម៌​និងការ​ពិត​សម្រាប់​ប្រជាជន​កម្ពុជា ​ប៉ុន្តែ​ក្រោយពី ការបញ្ចប់​បេសកកម្ម​នេះថា​តើ​តុលាការ​ត្រូវធ្វើ​យ៉ាងដូច​ម្តេច, ​តើយើង​ត្រូវបន្ត​ការងារ យ៉ាងម៉េច,​ រឿង​ហ្នឹង​គឺយើង​មិនទាន់​បាន​សម្រេច​យ៉ាងណាទេ​ គឺ ​ទុកឱ្យ​ភាគីកម្ពុជា​និង អង្គការ ​សហប្រជាជាតិ​ជាអ្នក​បង្កើត​តុលាការ​ ពួកគាត់​ពិនិត្យ​និងធ្វើការ​សម្រេច​បន្ត‍»។

រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍» (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

សាស្ត្រាចារ្យ ​អាមេរិក​ផ្នែកច្បាប់​និង​សង្គ្រាម ​លោក ​Peter Maguire ​ដែលជា​អ្នក​និពន្ធ​សៀវភៅ​របស់​ខ្មែរក្រហម ​ប្រឈមមុខ​នឹងការ​ស្លាប់​នៅ​កម្ពុជា ​បាន​អះអាង​ថា​ជំហរ របស់​អង្គការ​សហប្រជាជាតិ​នៅកម្ពុជា​មាន​ភាព​ទន់ខ្សោយ​រឿង​បញ្ហា​ តុលាការ​កូន កាត់​មួយ​នេះ។

«ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​មិន​ចង់ក្លាយ​ទៅជា​ផលិតកម្ម​នយោបាយ​អន្ដរជាតិ​ថ្មី របស់​តារា​ចម្រៀង​ល្បីល្បាញ​របស់​អាមេរិក​គឺនាង ​Tammy Wynette ​នោះ ​អ.ស.ប. ​ចាំ បាច់​ត្រូវ​ប្រាប់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ថា​ អ.ស.ប.​នឹង​លែង​ឈរ​ជាមួយ លោក​ហើយ​ រួច​ប្រកាស​កាល​បរិច្ឆេទ​ចាកចេញ។ ​សំណុំ​រឿង ​០០៣ ​និង ​០០៤ ​នឹង មិនកើត​ឡើង​ទៅ​ទេ‍»។

លោក​បាន​បន្ថែម​ថា៖

«សាលាក្តី​ខ្មែរក្រហម ​ទំនង​ជាដូចគ្នា​នឹង​គ្រប់​កិច្ចប្រឹង​ប្រែង​ពីមុន​ដែរ​ បាន​បង្ហាញ​ជា ថ្មីម្តង​ទៀតថា​នយោបាយ​គឺជា​ផ្នែក​ដែល​មិនអាច​លុប​ជ្រះមួយ​ពីការ​កាត់ក្តី​ឧក្រិដ្ឋកម្ម សង្គ្រាម។​ ហេតុអ្វី​បានជា​ការ​ជំនុំជម្រះ​បាន​ពន្យារ​ពេល​អស់​បី​ទសវត្សរ៍?​គឺ​នយោបាយ។ ហេតុអ្វី​របប​ប្រល័យ​ពូជសាសន៍​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ជា​តំណាង​កម្ពុជា​នៅក្នុង​អង្គការ​សហប្រជាជាតិ? ​នយោបាយ។ ហេតុអ្វី​បាន​ជា​សាលាក្តី​ខ្មែរក្រហម​មិនព្រម​ស៊ើប​អង្កេត ការសម្លាប់​រង្គាល​នៅ ​អាង យ៉ាង​ (An Giang)​ ប្រទេស​វៀតណា? ​គឺនយោបាយ។ ហេតុអ្វី​បានជា​តុលាការ​ខ្មែរក្រហម​ បដិសេធ​មើល​ពីការ​ទម្លាក់​គ្រាប់បែក​សម្ងាត់​របស់ សហរដ្ឋ​អាមេរិកមក​លើ​ប្រទេស​កម្ពុជា​ដែលត្រូវ​បានដឹកនាំ​ដោយ​លោក ​Henry Kissinger ? ​គឺនយោបាយ‍»។

បន្ថែម​ពី​លើ​ការស៊ើប​អង្កេត​ក្នុង​បញ្ហា​ដ៏ស្មុគស្មាញ​ដែល​អ្នកស្រាវ​ជ្រាវ​ដ៏ក្លាហាន​ ជា​ច្រើនរូប​បាន​បន្សល់​ទុកនូវ​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជាច្រើន​ជំនាន់។​ លោក​ បានចាត់ ទុករឿង​ថាជា​ជោគជ័យ​ដោយ​ចំអក​ដល់​អ.ស.ប.ថា​ត្រូវប្រកាស​ឲ្យដឹង​អំពី​ការ​កាត់ ទោស​សាលាក្តី​ខ្មែរក្រហម​ជាចុង​ក្រោយ ​រួចប្រកាស​ចាកចេញ​ពី​កម្ពុជា៕