បញ្ហា​នៅ​អ៊ុយក្រែន​និង​ចិន​ បាន​ក្លាយ​ជា​របៀបវារៈ​កំពូល​របស់​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ីអាគេ្នយ៍

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចូលរួមកិច្ចសន្ទនាមួយក្រោយថ្លែងសុន្ទរកថានៅវិមាន Guildhall ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។

ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ — នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ Fumio Kishida​ កាលពី​សប្តាហ៍​កន្លង​ទៅ ​បាន​ប្រើ​ប្រាស់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ និង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ជប៉ុន នៅ​ក្នុង​ការ​ការពារ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​

ដោយ​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​វៀតណាម​ និង​ថៃ​ នៅ​ពាក់​កណ្ដាល​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ដំបូង​របស់​លោក​ លោកKishida​ បាន​ដើរ​តាម​គន្លង​របស់​អ្នក​កាន់​តំណែង​ពីរ​នាក់​មុន​លោក​ គឺ ​លោក​ Shinzo Abe ​និង​លោក Yoshihide Suga។​

លោក ​Hsi-hsun Tsai ​សាស្ត្រាចារ្យ​រង​នៅ​សាកល​វិទ្យាល័យ​ Tamkang ​នៅ​កោះ​តៃវ៉ាន់​ បាន​ពន្យល់​ថា៖ «ទស្សន​កិច្ច​ទៅ​ប្រទេស​ថៃ​ ទំនង​ជា​ដោយសារ​ហេតុផល​សេដ្ឋកិច្ច។​ ពីមុន​លោក​ Suga​ បាន​ទៅ​ទស្សនកិច្ច​តែ​ប្រទេស​វៀតណាម ​និង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ។​ លើក​នេះ ​លោក​ Kishida ​បាន​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ វៀតណាម ​និង​ថៃ។ ​ក្នុង​នោះ ​ឥណ្ឌូណេស៊ី ​និង​វៀតណាម​ មាន​ព្រំដែន​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង ​និង​លើក​កម្ពស់​សេរីភាព​នាវាចរណ៍»។​

ទោះ​ជា​យ៉ាងណា​ ខុស​ពី​នាយក​រដ្ឋមន្ត្រី​មុនៗ លោក​ Kishida មមាញឹក​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ផង​និង​អាកប្បកិរិយា​របស់​ចិន​នៅ​ក្នុង​តំបន់​ដែន​ទឹក​អាស៊ី​ផង។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ដែល​ចេញ​តែមួយ​ថ្ងៃ​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ​កុម្ភៈ​ ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដោយ​គ្មាន​ការ​បង្ក​រឿង​នោះ​ ថា​ជា​ទង្វើ​ដែល​ «ធ្វើ​ឱ្យ​រង្គោះ​រង្គើរ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ ​មិនត្រឹម​តែ​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​នៅ​អាស៊ី​ផង​ដែរ»។

លោក ​Kei Koga ​សាស្ត្រាចារ្យរង​នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ​ក្នុង​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា​ គោល​បំណង​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ Kishida​ គឺ​ដើម្បី​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រួបរួម​គ្នា​ប្រឆាំង​នឹង​ទង្វើ​ឈ្លានពាន​បែប​នេះ។​

លោក​បាន​ប្រាប់ ​VOA ​ថា៖ «ប្រទេស​ទាំង​បី​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សមាគម​អាស៊ាន​ ដូច្នេះ​លោក​ Kishida ចង់​ប្រើ​ដំណើរទស្សនកិច្ច​នេះ​ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំងនេះ ឱ្យ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​រុស្ស៊ី​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​អន្តរជាតិ»។​

រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ថតរូបនៅក្នុងកិច្ចប្រជុំមួយនៅវិមាន Bogor នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២។

ប្រទេស​ឥណ្ឌូណេស៊ី​មាន​សារៈ​សំខាន់​ ជាពិសេស​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​នៃ​ក្រុម​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ ២០ ​នាឆ្នាំ​នេះ។​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ Joko Widodo ​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​និង​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​ឱ្យចូល​រួម​កិច្ច​ប្រជុំ​កំពូល​ G-20​ នៅឆ្នាំ​នេះ​ នៅ​ទីក្រុង​ហ្សាកាតា​ បើទោះ​បីជា​មាន​សម្ពាធ​ពី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ​មិន​ឱ្យ​អញ្ជើញ​លោក​ Putin ​ក៏ដោយ។​

ទន្ទឹម​នឹង​នេះ ​ប្រទេស​ថៃ​គឺ​ជា​ប្រធាន​នៃ​វេទិកា​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​នេះ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា។​ លោក ​Putin ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​កាល​ពី​ឆ្នាំ​មុន​ តាម​រយៈ​សន្និសីទ​តាម​អ៊ីនធើណិត ​ប៉ុន្តែ​មិន​បាន​ប្រកាស​អំពី​ផែនការ​សម្រាប់​ឆ្នាំ​នេះ​នៅ​ឡើយ​ទេ។​

ទាំង​ប្រទេស​ថៃ ​និង​ឥណ្ឌូណេស៊ី​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាត់​វិធាន​ការ​បន្ថែម​ទៀត។​

ចំណែក​វៀតណាម​វិញ ​បាន​បោះឆ្នោត​អនុប្បវាទ​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ហើយ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ​ដែល​ជា​ប្រភព​សំខាន់​នៃ​អាវុធ​យោធា​របស់​ខ្លួន។​ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​Stockholm ​បាន​ឱ្យ​ដឹង​ថា ​ចាប់ពី​ឆ្នាំ​ ២០០០ ​ដល់​ឆ្នាំ ២០១៩ ​ជាង​ 80%​ នៃ​ការ​នាំចូល​អាវុធ​របស់​វៀតណាម​ គឺ​បាន​មក​ពី​ប្រទេស​រុស្ស៊ី។​

ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​វៀតណាមកំពុង​ជាប់ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ដ៏​យូរ​អង្វែង​ជាមួយ​ប្រទេស​ចិន​ ទាក់​ទងនឹង​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​គេ​មិន​ដឹង​ច្បាស់​ទេ​ថា ​តើ​បទ​បញ្ជា​ផ្អែក​លើ​ច្បាប់​សកល​ អាច​ជាប់​គាំង​ឬយ៉ាងណា។ ​នេះ​បើ​យោង​តាម​លោក ​Tsu-chaing Huang ​ សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ ​National Taiwan Normal University។​

បន្ទាប់ពី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក​ Pham Minh Chinh ​នៅ​ទីក្រុង​ហាណូយ​ កាល​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Kishida ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោក​និង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម «បាន​យល់​ស្រប​គ្នា​ប្រឆាំង​ដាច់ខាត​រាល់​ការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​កម្លាំង​យោធា»។​

នាយក​រដ្ឋមន្ត្រី​ទាំងពីរ ​ក៏​បាន​យល់​ព្រម​បង្កើន​កិច្ច​សហប្រតិបត្តិការសន្តិសុខ​ដែន​សមុទ្រ​របស់​វៀតណាម ​និង​កង​កម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ ដោយ​ជួយ​ប្រទេស​វៀតណាម​ពង្រឹង​ជំនាញ​សន្តិសុខ​តាម​អ៊ីនធើណិត។​ នេះបើ​យោង​តាម​សេវា​ព័ត៌មាន​ Kyodo ​របស់​ជប៉ុន។​

លោក​ Tsai សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ ​Tamkang ​បាន​និយាយ​ថា​ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ជួយ​វៀតណាម​នៅ​ក្នុង​ការ​កសាង​សមត្ថភាព​យោធា​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​ក្នុងគោល​ដៅ​ប្រឆាំងនឹងការ​គំរាម​កំហែង​នានា​នៅ​ដែន​សមុទ្រ​ដោយ​ប្រទេស​ចិន។​

រូបឯកសារ៖ យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសឥណ្ឌូណេស៊ី ហោះលើនាវាចម្បាំងឥណ្ឌូណេស៊ី ក្នុងអំឡុងពេលប្រតិបត្តិការមួយដែនសមុទ្រ Natuna ក្បែរដែនសមុទ្រចិនខាងត្បូង នៅប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០។ (Antara Foto/M Risyal Hidayat/via REUTERS)

ថ្មីៗ​នេះ ​កប៉ាល់​ហ្វឹកហ្វឺន​ពីរ​គ្រឿង​មក​ពី​កងកម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​របស់​ជប៉ុន​ បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កំពង់ផែ ​Tien Sa​ នៅ​វៀតណាម​ កាលពី​ខែ​កុម្ភៈ។​

លោក​ Kishida​ ក៏បាន​ប្រកាស​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ថ្មី​មួយ​ជាមួយ​ប្រទេស​ថៃ​ផង​ដែរ ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មុន​ពេល​លោក​បាន​បន្ត​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​អ៊ីតាលី​ និង​អង់គ្លេស នៅ​ទ្វីប​អឺរ៉ុប។ ​

កិច្ច​ព្រមព្រៀង​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​សម្ភារៈ​ និង​បច្ចេក​វិទ្យា​ការពារ​ជាតិ​របស់​ជប៉ុន​ ឱ្យ​ប្រទេស​ថៃ​ផង​ដែរ។​ ជប៉ុន​មាន​កិច្ច​ព្រម​ព្រៀង​ដូច​គ្នា​នេះ​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​រួច​ហើយ ​រួម​មាន​ហ្វីលីពីន ​វៀតណាម ​ម៉ាឡេស៊ី ​និង​ឥណ្ឌូណេស៊ី។​

លោក ​Huang ​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ ​National Taiwan Normal University​ បាន​និយាយ​ថា​ ខណៈ​ស្វាគមន៍​ជំនួយ​បែប​នេះ ​ ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​មួយ​ចំនួន​ ប្រហែល​ជា​ចង់​រក្សា​គម្លាត​ពី​ប្រទេស​ជប៉ុន​ ដោយសារ​តែ​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ដ៏​ជិត​ស្និទ្ធ​របស់​ជប៉ុន​ជាមួយ​សហរដ្ឋ​អាមេរិក។​

លោក​បាន​និយាយ​ថា ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​បារម្ភ​ពី​ការ​រក្សា​ និង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋ​អាមេរិក​ផង​ និង​ចិន​ផង​ ស្របពេល​ដែលការ​ប្រជែង​គ្នា​រវាង​មហា​អំណាច​ទាំង​ពីរ ចិន​និង​អាមេរិក ដែល​កំពុង​តែ​កើន​កាន់​តែ​ខ្លាំង​ឡើង។​

លោក​ Huang ​បាន​និយាយ​ថា៖ «ប្រសិន​បើ​បណ្តា​ប្រទេស​អាស៊ាន​បរាជ័យ​ក្នុង​ការ​រក្សា​ជំហរ​មិន​ប្រែប្រួល​ នោះ​វា​នឹង​បណ្តាល​ឱ្យ​មាន​ចំហាយ​វិសាលភាព​នយោបាយ​ ហើយ​អតុល្យ​ភាព​ នឹង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន​ បាត់បង់​ភាព​បត់បែន​របស់​ខ្លួន​ ចំពោះសហរដ្ឋ​អាមេរិក​ និង​ចិន»។​

លោក ​Koga​ បាន​និយាយ​ថា ខណៈ​ប្រទេស​សមាគម​អាស៊ាន​ភាគ​ច្រើន​មាន​ទំនោរ​មិន​ចុះ​សម្រុង​ជាមួយ​សហរដ្ឋ​អាមេរិក​ ឬ​ក៏​ចិន​នោះ ​ប្រទេស​មួយ​ចំនួន​មាន​ចំណូល​ចិត្ត​យ៉ាង​ច្បាស់​រវាង​ប្រទេស​ទាំងពីរ​ ហើយ​ចង់​សាកល្បង​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

លោក ​Koga ​បាន​ថ្លែង​ថា៖ «ប្រទេស​ដូច​ជា​ហ្វីលីពីន​ សិង្ហបុរី​ វៀតណាម ​និង​ឥណ្ឌូណេស៊ី​ ដែល​មាន​សន្តិសុខ​កម្រិត​ខ្ពស់​ក្នុង​តំបន់ ​និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​នោះ​ នឹង​មាន​គោល​នយោបាយ​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក។​ ផ្ទុយទៅ​វិញ ​ប្រទេស​ដូច​ជា​ឡាវ ​និង​កម្ពុជា​ដែល​គ្មាន​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​អាមេរិក​ នឹង​មាន​ការ​រំពឹង​ទុក​តិចតួច​ពី​អាមេរិក»។

លោក​បាន​បន្ត​ថា ប្រទេស​អាស៊ាន​ផ្សេង​ទៀត​អាច​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ជប៉ុន។ ​ប្រទេស​ទាំង​នេះ ​មាន​ដូចជា ​កម្ពុជា ដែល​ជា​ទី​កន្លែង​ដែល​ជប៉ុន​អាច​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​ដ៏​មាន​ប្រសិទ្ធ​ភាព​ ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង​នេះ​កាន់តែ​ស៊ី​ជម្រៅ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ចិន ស្ថិតក្រោម​ការ​ត្រួត​ពិនិត្យ​ ហើយ​ពង្រឹង​ការ​ដាក់​ពង្រាយ​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ នៅ​ទូទាំង​ឥណ្ឌូប៉ាស៊ីហ្វិក៕

ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ