គណបក្ស​ជំទាស់​ជួប​មន្ត្រី​អង់គ្លេស​និយាយ​អំពីដំណោះស្រាយ​នយោបាយ

លោក​ហ៊ូហ្គោ ស្វៃអ័រ ​(Hugo Swire) មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​។

មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ នឹង​ជំរាប​ជូន​មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​ពីគោល​ជំហរ​របស់​ខ្លួន​ចំពោះ​ដំណោះ​ស្រាយ​នយោបាយ​ក្នុង​ប្រទេស កម្ពុជា ​ក្នុងពេល​ជួបប្រជុំ​នៅថ្ងៃ​រសៀល​នេះ។​ មន្ត្រី​ការទូត​កំពូល​របស់​អង់គ្លេស​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ផង​ដែរ​ ដើម្បី​ស្ទាបស្ទង់​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ជាប់គាំង។​ ​

មេដឹកនាំ​គណបក្ស​ជំទាស់​ និង​មន្ត្រី​រដ្ឋាភិបាល​ រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ្រោង​នឹង​ទទួល​ជួប​ជាមួយ​នឹង​អនុរដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស ​ហ៊ូហ្គោ ស្វ័រអ័ ​នៅ​ថ្ងៃ​នេះ​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​លោក​ចង់ដឹង​អំពី​ស្ថាន​ការណ៍​នយោ បាយ​ជាប់គាំង​ក្នុង​ប្រទេស​កម្ពុជា​ពេលនេះ។​ នេះជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​កម្ពុជា។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ជំទាស់​ បាន​អះអាង​ថា​ បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ បញ្ហា​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​ប្រធាន​បទ​នៃ​ការ​ជម្រាប​ជូន​ដល់​មន្ត្រី​អង់គ្លេស​ដែរ​ ខណៈពេល​ដែល​មន្ត្រី​រដ្ឋា ភិបាល​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ មិន​ទំនង​ជាមាន​អ្វីដែល​អាច​ប្រែប្រួល​ជំហរ​នោះ​ទេ។​

លោកយឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ​លោក​ ប្រធាន​ស្តីទី​កឹម សុខា​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ជួប​ ជាមួយ​លោក​ហ៊ូហ្គោ ស្វៃអ័រ ​(Hugo Swire) ​នៅរសៀល​ថ្ងៃសុក្រ​នេះ​ដើម្បី​ ជម្រាប​អំពី​ជំហរ​ចុង​ក្រោយ​ដែលអាច​ឈាន​ទៅរក​ដំណោះ​ស្រាយ​នយោបាយ​បាន។​

«ហើយជា​ឱកាស​ដែលយើង​បាន​ជម្រាប​អំពី​មូលហេតុ​នៃការ​ជាប់គាំង​នយោ បាយ​ហើយនឹង​ដំណោះ​ស្រាយ​ត្រូវដោះ​ស្រាយ​យ៉ាងម៉េច​ក្នុងគោល​ជំហរ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ។ ​ដូចដែល​យើងបាន​បញ្ជាក់​សព្វដង​គឺ​ថា ​យើង​នឹង​ ជម្រាប​ជូនអំពី​គោល​បំណង​របស់​យើង​អំពីការ​បោះឆ្នោត​មុនអាណត្តិ​ ការបោះ ឆ្នោត​ឡើង​វិញ​ ហើយ​នឹង​ការកែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) ​ហើយនឹង​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត។ ​នេះជា​សំណូមពរ​ដ៏ទទូច របស់​ម្ចាស់​ឆ្នោត​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ជាពិសេស​គឺជា​មធ្យោបាយ​ដែល​យើង​អាចបញ្ចប់​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី​ ហើយនឹង​រកយុត្តិធម៌​ជូន​ម្ចាស់​ ឆ្នោត»។​

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​មួយរូប​ បាន​អះអាង​ថា​ ការ​ជួបជា​ផ្លូវ ការ​ជាមួយ​គណបក្ស​ទាំងពីរ​នេះ​ជាការ​ជជែក​លើ​បញ្ហា​ជាច្រើន​ រាប់​ទាំង​កិច្ច សហប្រតិ​បត្តិការ​រហូត​ដល់បញ្ហា​នយោបាយ​ដែល​កើត​ចេញ​ពីវិវាទ​លទ្ធផល​ បោះ​ឆ្នោត​នោះ។​

«ខ្ញុំ​ជឿ​ថា​ មិនមែន​គ្រាន់តែ​ជា​ការងារ​ប៉ុណ្ណឹង​ទេ ​ក៏ប៉ុន្តែ​ហាក់បី​ដូចជា​គេ​អាច​មក​ និយាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ឲ្យ​ទៅ​ទទួល​កាតព្វ​កិច្ច​របស់​ខ្លួន​នៅ​ ក្នុង​សភា​តំណាង​រាស្ត្រ​នេះ​ឯង។​ នេះ​បើ​តាម​ខ្ញុំ​យល់។​ ចំពោះ​ជំហរ​រាជ​រដ្ឋាភិបាល ​សម្តេច​(ហ៊ុន សែន) ​លោក​បាន​បញ្ជាក់​ហើយ​ថា​ លោក​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន។​ លោក​រក្សា​មហាក្សត្រ​របស់ខ្លួន​ លោក​រក្សា​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន។ ​ដូច្នេះ​គ្មាន​ជំហរណា​ដើម្បី​ពលិកម្ម​ចោល​ បោះបង់​ចោល​អ្វីៗ​ដែល​ជា​អធិបតេយ្យ ​ពលិកម្ម​អ្វីៗ​ដែលជា​មរតក​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ នីតិរដ្ឋ​ដែល​យើង​កំពុងតែ​ពង្រឹង​ដើម្បី​ការងារ​ដទៃ​ទៀត​នោះ​ទេ»។​

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បានពហិកា​មិន ចូល​រួម​ប្រជុំ​សភា​និង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ការ​គៃបន្លំ​សន្លឹកឆ្នោត​ដែល​ខ្លួន​ បាន​ឈ្នះ។​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ថា ​គណបក្ស​ជំទាស់​បាន​ទទួល​អាសនៈ​៥៥ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ។ ​គណបក្ស​គ្រប់គ្រង​ប្រទេស​បានច្រាន​ចោល​សំណើរបស់​គណបក្ស​ជំទាស់​ដែល​បាន​ទាមទារ​ឲ្យមាន​ការ​បោះ​ឆ្នោត​ឡើងវិញ ​ហើយ​ទទូច​ឲ្យ​គណបក្ស​ជំទាស់​ចូលរួម​ប្រជុំ​សភា​ និងវិល​មក​កាន់​តុចរចា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​លោក​ ហ៊ូហ្គោ ស្វៃ ​អនុរដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​អង់គ្លេស​ បាន​អះអាង​ថា​ លោក​រីករាយ​ណាស់​ក្នុងការ​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា​គឺដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ជាង​នេះ​អំពី​ទិដ្ឋភាព​ និង​ការ​ប្រឈមមុខ​ផ្នែក​នយោបាយ​បច្ចុប្បន្ន​ដែល​នៅ​បន្ត​ ដើម្បីអនាគត​ប្រកប​ដោយ​សន្តិភាព​ ស្ថិរភាព​និង​ប្រជាធិប​តេយ្យ»។

លោក​ ហ៊ូហ្គោ ស្វៃ​គ្រោង​នឹង​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង​ដែរ។​

លោកបាន​អះអាង​ឲ្យ​ដឹង​ថា​ ទស្សន​កិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​ រួមទាំង​កម្ពុជា​នេះ​គឺ​ដើម្បី​ពង្រឹក​កិច្ច​សហប្រតិ​បត្តិការ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​អង់គ្លេស​ ជា​មួយ​នឹង​តំបន់​អាស៊ី៕​