បេក្ខនារី​ប្រធានាធិបតី​តែ​ម្នាក់​គត់​របស់​ប្រទេស​អ៊ូហ្គាន់ដា​និយាយ​ថា​ គួរ​ផ្លាស់​ប្តូរ​ភាព​ដឹកនាំ

រូបឯកសារ៖ ពលរដ្ឋ​អ៊ូហ្គាន់ដា​នាំ​គ្នា​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ថ្នាក់​​មូលដ្ឋាននៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​តំបន់ Kamwokya នៃ​ទីក្រុង​កំប៉ាឡា ​ដែល​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ចំនួន​ទាប កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​ស្រី ​Nancy Kalembe ​បេក្ខនារី​ប្រធានាធិបតី​អ៊ូហ្គាន់ដា​ជា​ស្ត្រី​តែ​ម្នាក់​គត់​ ដែល​ប្រកួត​ប្រជែង​នឹង​បុរស​១០​នាក់​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​នេះ។​

លោក​ស្រីនិយាយ​ថា​មាន​ការ​ខ្វះ​ខាត​ការ​ថែទាំ​សុខភាព​ ការសិក្សា​អប់រំ​ ហេដ្ឋារចនាសម្ព័ន្ធ​និង​ការងារ​ធ្វើ។​

លោកស្រី​បន្ទោស​លោក​ប្រធានាធិបតី​ Yoweri Museveni ​ដែល​បាន​កាន់​អំណាច​ចាប់តាំង​ពី​ឆ្នាំ​១៩៨៦​ ហើយ​ថា​ លោក​ធ្វើ​ដូច​ពួក​អ្នក​កាន់​អំណាច​ផ្តាច់ការ​ដែល​លោក​បាន​ជួយ​ទម្លាក់​ពី​តំណែង។​

អ្នកស្រី​ថ្លែងថា៖​

«លោក​ Yoweri Museveni ​បាន​និយាយ​ថា​ ​សកម្មភាព​សប្បុរស​និង​សេចក្តី​ស្រឡាញ់​ដំបូង​របស់​លោក​ចំពោះ​ប្រទេស​នេះ​គឺ​ចូល​ព្រៃ​ហើយ​ប្រយុទ្ធ​ដើម្បី​សេរីភាព​យើង​គឺ​ប្រជារាស្ត្រ អ៊ូហ្គាន់ដា។ ​នៅ​ពេល​នោះ​ ខ្ញុំ​អាយុ​៦ឆ្នាំ។ ​មតិខ្ញុំ​គឺ​ថាសកម្មភាព​ល្អ​បំផុត​បន្ទាប់​គឺ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី»។​

ក៏​ប៉ុន្តែ​លោក ​Museveni ​មាន​ការ​គាំទ្រ​ច្រើន​ក្នុងប្រទេស​អ៊ូហ្គាន់ដា ​សូម្បី​នៅ​តំបន់​ Busoga ​ដែល​ជា​កន្លែង​កំណើត​របស់​លោក​ស្រី ​Kalembe ​ផង​ដែរ។​

លោកស្រី​បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​ជីវភាព​មិន​បាន​ល្អ​ជាង​មុននៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Museveni។​

ការ​ស្ទង់មតិ​គ្រួសារ​អ៊ូហ្គាន់ដា​កាល​ពី​ឆ្នាំ​២០១៧​បង្ហាញ​ថា ​៧៥%​នៃ​ប្រជាជន​តំបន់​ Busoga មាន​ជីវភាព​ក្រីក្រ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រជាជនដែល​មាន​ជីវភាព​មធ្យមភាគ​ចំនួន​ ៦៣% នៅ​ទូទាំង​ប្រទេស។​

អ្នក​ស្រី​ Mutesi Aida ​ចូល​ចិត្ត​ការ​អំពាវ​នាវ​របស់​លោក​ស្រី Kalembe។​

អ្នក​ស្រី​ Mutesi​ និយាយ​ថា៖​

«យើង​ជា​ស្ត្រី​មេម៉ាយ​ថែទាំ​កូន​តែ​ម្នាក់​ឯង។ កូន​យើង​ទៅ​រៀន​ តែ​យើង​មិន​អាច​ធ្វើ​អ្វី​បន្ថែម​ដើម្បី​ឱ្យ​អនាគត​ពួក​គេ​បាន​ល្អ​ប្រសើរ​ជាង​នេះ។​ ដូច្នេះ​ខ្ញុំ​អំពាវ​នាវ​ដល់​ស្ត្រី ​អ៊ូហ្គាន់ដា​ទាំង​អស់។ នេះជា​ឱកាសយើង។​ យើង​មាន​សំឡេង​ស្ត្រី ​យើង​គួរ​មាន​ប្រធានាធិបតី​ស្ត្រី​ដែរ»។​

កាល​ពី​ឆ្នាំ​១៩៩៤​ប្រទេស​អ៊ូហ្គាន់ដា​បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក​ ដែល​មាន​អនុ​ប្រធានាធិបតី​ស្រី្ត ​ហើយ​លោក​ស្រី ​Kalembe ​ជា​ស្ត្រី​ទី​បួន​ដែល​បាន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ខ្ពស់​បំផុត​នៃ​ប្រទេស​នេះ។​

ក៏​ប៉ុន្តែ​ការ​ស្ទង់​មតិ​មួយ​របស់​អង្គការ​ Research World International ​កាល​ពី​ឆ្នាំ២០១៦​បង្ហាញ​ថា​ ​មតិ​៥៣%​នៃ​ពួក​អ្នក​ឆ្លើយ​តប​ការ​ស្ទង់​មតិ​និយាយ​ថាប្រទេស​អ៊ូហ្គាន់ដា​មាន​សុវត្ថិភាព​នៅ​ពេល​បុរស​កាន់​តំណែង​ប្រធានាធិបតី។​

ពួក​អ្នក​វិភាគ​និយាយ​ថា​ ត្រូវការ​ពេល​យូរ​ទៀត​ទើប​ប្រជាជន​អ៊ូហ្គាន់ដា​ទទួល​យក​លទ្ធភាព​ឲ្យ​ស្រី្ត​ធ្វើ​ប្រធានាធិបតី។

អ្នកស្រី ​Perry Aritua​ នាយិកា​ប្រតិបត្តិ​នៃ​បណ្តាញ​ ស្ត្រី​ប្រជាធិបតេយ្យ ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា ថ្លែងថា៖

«មិន​សំខាន់​ទេ​បុរស​ឬ​ស្ត្រី​ជាប់​ឆ្នោត​នោះ​ តែ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​បោះឆ្នោត​គឺ​តើ​អ្នក​ជាប់​ឆ្នោត​ធ្វើការ​បែប​ណា។ ​តើ​ពួក​គេ​អាច​កែប្រែ​ជីវភាព​ប្រជារាស្ត្រ​ដែល​បាន​បោះឆ្នោត​ឱ្យ​ពួក​គេ​ធ្វើ​តំណាងដោយប្រើ​អំណាច​ដែល​ពួក​គេ​មាន​ឬ​ទេ?»​

ទោះ​ណា​ជា​មិន​ធ្លាប់​មាន​បេក្ខនារី​ណា​ម្នាក់​ជិត​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ អ៊ូហ្គាន់ដា​ក៏​ដោយ​ ក៏​លោក​ស្រី ​Kalembe ​សង្ឃឹម​ថា​ ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​របស់​លោក​ស្រី​ យ៉ាង​ហោច​ណាស់ ​ក៏​នឹង​រក្សា​គំនិត​នៃ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ក្នុង​ការ​ដឹកនាំ​ដែរ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ