សារមន្ទីរ​ជាតិអាមេរិក​ធំៗ​​ដាក់​តាំង​ពិព័រណ៌​រូបដិមា​ពាន់ឆ្នាំ​និង​​ដែន​គិរី​ស័ក្តិសិទ្ធិ​របស់​កម្ពុជា

ទិដ្ឋភាពកំពូលភ្នំដា នៅខេត្តតាកែវ ប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៩។ (រូបថតដោយ Konstanty Kulik/សារមន្ទីរសិល្បៈ Cleveland)

ភ្នំពេញ — រូប​បដិមា​ព្រះក្រឹស្ណទ្រ​ភ្នំគោវធ៌ន​ដែល​មាន​អាយុកាល​ជាង ១.៥០០ ឆ្នាំ របស់​ប្រទេស​កម្ពុជា ទទួល​បាន​កិត្តិយស​និង​តម្លៃ​ជា​អន្តរជាតិ នៅ​ពេល​សារមន្ទីរ​អាមេរិក​ចំនួន​ពីរ រៀបចំការ​តាំង​ពិព័រណ៌ 3D ទំនើប​នៅ​រដ្ឋ Ohio និងរដ្ឋធានីវ៉ាស៊ីនតោន។​

ដោយ​ចំណាយ​ថវិកា​និង​ធនធាន​ជា​ច្រើន​ការ​តាំងពិព័រណ៌​នេះផ្តល់​បទពិសោធន៍ 3D ​ដ៏​ពិសេស​មួយ​ដល់​អ្នក​ទស្សនា​ឲ្យ​បានធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅកាន់ប្រទេស​កម្ពុជា ជា​ទី​កន្លែង​កំណើត​នៃប្រវត្តិអស្ចារ្យ​របស់​រូបបដិមាព្រះក្រឹស្ណទ្រ​ភ្នំគោវធ៌នដ៏​មហិមា​នេះ។

​អ្នកស្រី Sonya Rhie Mace គទានុរក្ស​ប្រចាំ​សារៈមន្ទីរ​សិល្បៈ Cleveland នៅ​ទីក្រុង Cleveland រដ្ឋ​Ohio សហរដ្ឋ​អាមេរិក គឺជា​អ្នក​ដឹកនាំ​និង​រៀបចំ​ពិព័រណ៌ «លាត​ត្រដាង​ព្រះក្រឹស្ណ៖ ដំណើរ​ទៅកាន់​ដែន​គិរី​ស័ក្តិសិទ្ធិ​នៃ​កម្ពុជា» ឬ​ (Revealing Krishna: Journey to Cambodia's Sacred Mountian)។

អ្នកស្រី​បាន​ប្រាប់​ VOA​ ថា ពិព័រណ៌​នេះ​ត្រូវបាន​រៀបចំ​ឡើង​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ និង​បាន​បិទ​បញ្ចប់​ទៅ​ កាលពី​ចុង​ខែ​មករា ឆ្នាំ ២០២២។ ពិព័រណ៌នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​ដើម្បី​រៀបរាប់​អំពីប្រវត្តិ​នៃ​ការ​អភិរក្ស​រូប​ព្រះ​ក្រឹស្ណ​ទ្រ​ភ្នំគោវធន៌។ ហើយ​នៅ​ចុង​ខែ​មេសា ឆ្នាំ ២០២២ នេះ សារមន្ទីរ​ជាតិ​សម្រាប់​សិល្បៈ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិល្បៈ Smithsonian នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន នឹង​បើក​ពិព័រណ៌​ដដែល​នេះ ជូន​ដល់​សាធារណជន​ទស្សនា រហូត​ដល់​ខែ​កញ្ញា។

នេះ​គឺជា​ឱកាស​ដ៏​កម្រ​និង​ពិសេស​មួយ ដែល​រូប​បដិមា​ដែល​មាន​អាយុកាល​ដ៏​យូរលង់​របស់​កម្ពុជា រួម​ជាមួយ​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​យក​មក​ធ្វើ​ជា​ប្រធានបទ​ដ៏​សំខាន់​នៅ​ក្នុង​ពិព័រណ៌​ខ្នាត​ធំ​និង​បែប​ច្នៃប្រតិដ្ឋ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ ដោយ​សារមន្ទីរ​ធំៗ​ទាំងពីរ​នេះនៅ​សហរដ្ឋ​អាមេរិក។

រូបបដិមាព្រះក្រឹស្ណទ្រភ្នំគោវធ៌ន ក្រោយការអភិរក្សនៅឆ្នាំ ២០២០។ (រូបថតដោយសារមន្ទីរសិល្បៈ Cleveland)

(a) រូបបដិមាព្រះក្រឹស្ណទ្រភ្នំគោវធ៌ន នាឆ្នាំ ១៩៧៣ ពេលសារមន្ទីរសិល្បៈ Cleveland បានទទួលយករូបបដិមានេះមកអភិរក្ស។ (b) ក្រោយពេលអភិរក្សរួច ក្នុងអំឡុងឆ្នាំ ១៩៧៨ - ១៩៧៩។ (c) រូបភាពផ្គុំជាមួយបំណែកដែលត្រូវបានរកឃើញដោយបច្ចេកវិទ្យា 3D នៅឆ្នាំ ២០២១។ (d) រូបបដិមាព្រះក្

អ្នកស្រី​ Sonya Rhie Mace បាន​បកស្រាយ​ប្រាប់ VOA នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ខែ​មីនា​ថា​កាលពី​ឆ្នាំ ១៩៧៣ សារមន្ទីរ​សិល្បៈ​Cleveland បាន​ទិញ​រូប​បដិមា​ព្រះ​ក្រឹស្ណ​ទ្រ​ភ្នំគោវធ៌ន។ ក្នុង​អំឡុង​ពេល​នោះ រូប​បដិមា​នេះ មាន​តែ​ដង​ខ្លួន​និង​ព្រះកិស្ហ​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ដៃ​ និង​ជើង​នោះ​ទេ។ ក្នុង​អំឡុងពេល​ជិត ២ ទសវត្សរ៍​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក សារមន្ទីរ​សិល្បៈ Cleveland ធ្វើការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សារមន្ទីរជាតិ​កម្ពុជា នៅ​ក្នុង​កិច្ចការ​អភិរក្ស​រូបបដិមា​នានា​នៅ​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​នៅ​ឆ្នាំ ២០១៥ សារមន្ទីរ​សិល្បៈ Cleveland បាន​រក​ឃើញ​ថា បំណែក​ខ្លះ​នៃ​រូប​បដិមា​ព្រះក្រឹស្ណ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​យក​ទៅ​ផ្គុំ​នឹង​រូប​ព្រះក្រឹស្ណ​មួយ​ទៀត​ដែល​ជា​កម្មសិទ្ធិ​របស់សារមន្ទីរ​ជាតិ​កម្ពុជា រីឯ​បំណែក​ខ្លះ​នៃ​រូបព្រះក្រឹស្ណនៅ​កម្ពុជា​មានវត្តមាន​នៅ​សារមន្ទីរ​សិល្បៈ​Cleveland ឯណោះ​វិញ។ ការ​រកឃើញ​នេះ​បាន​ក្លាយ​ទៅ​ជា​ចំណុច​ផ្តើម​នៃ​ចំណង​មិត្តភាព​និង​ទំនាក់ទំនង​ដ៏​សកម្ម​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរសិល្បៈ Cleveland នៅក្នុង​ការ​បង្កើត​ជា​ពិព័រណ៌​«លាតត្រដាង​ព្រះ​ក្រឹស្ណ»​នេះ។ ដោយ​សហការ​រួមគ្នា​សារមន្ទីរ​ទាំងពីរ​បាន​ធ្វើ​ឲ្យ​រូប​បដិមា​ព្រះ​ក្រឹស្ណ​ទាំងពីរដែល​រង​ការ​បែកបាក់ ទទួល​បាន​ការ​អភិរក្ស​ដ៏​ល្អ​ឥតខ្ចោះ​តាម​តែ​អាច​ធ្វើ​បាន។

អ្នកស្រី Sonya Mace ថ្លែង​ថា៖ «នៅ​ពេល​នោះ​ហើយ​ដែល​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​កិច្ចការ​អភិរក្ស​ជា​ច្រើន​លើ​រូប​បដិមា​ដ៏​មហិមា​និង​សំខាន់​ទាំង​ពីរ​នេះ គឺ​មួយ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា និង​មួយ​នៅ​សារមន្ទីរ​សិល្បៈ Cleveland។ ហើយ​យើង​គិត​ថា យើង​គួរ​រៀបចំ​ឲ្យ​មាន​ពិព័រណ៌​ដ៏​ធំ​មួយ ដើម្បី​ពន្យល់អំ​ពី​ប្រវត្តិ​នៃ​ការ​អភរិក្ស​រូប​បដិមា​អំពី​ការ​ស្រាវជ្រាវ​ថ្មី​អំពី​រូបបដិមា​និង​អំពី​ទីកន្លែង​ដើម​របស់​រូប​បដិមា​ទាំង​នេះ»។

នៅ​សារមន្ទីរ​សិល្បៈ Cleveland ពិព័រណ៌​ដ៏​ប្លែក​ភ្នែក​និង​ពោរពេញ​ដោយ​ទស្សនីយភាព​ដ៏​ស្រស់បំព្រង​នៃ​ប្រទេស​កម្ពុជា​ហើយ​ដែល​ត្រូវបាន​បញ្ចប់​ហើយ​នោះ បាន​ផ្តល់​នូវ​បទពិសោធន៍​ដ៏​កម្រ​មួយ​ដល់​អ្នក​ទស្សនា ដោយប្រើ​ឧបករណ៍​ទស្សនា​រូបភាពបែប 3D និង​ស្តាប់​សូរ​សំឡេង​ដើម​នៅ​ប្រទេស​កម្ពុជា ដូចជា​ព្រៃព្រឹក្សា ទន្លេ​បឹងបួរ​ហើយ​ឆ្ពោះទៅ​កាន់​រូង​ភ្នំ​ដា នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ជា​ទីកន្លែង​ដើម​នៃ​រូប​ព្រះក្រឹស្ណ​ទ្រ​ភ្នំ​គោវធ៌ន។

ផ្ទាំងរូបភាពជាវីដេអូនិងសំឡេងស្តីអំពីប្រវត្តិកាលរបស់«ព្រះបដិមានៃភ្នំដា៖ ដំណើរសកលលោក» បង្ហាញពី​ការរកឃើញ និងការផ្គុំបំណែកផ្សេងៗនៃរូបបដិមាចំនួន ៨ របស់ភ្នំដា បន្ទាប់ពីរូបបដិមាដ៏ធំទាំងនេះត្រូវបានរក​ការ​ខូចខាតដោយសារតែព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក និងត្រូវបានអភិរក្សដោយសារមន្ទីរ។ (រូបថតដោយសារមន្ទីរសិល្បៈ Cleveland)

អ្នកស្រី Sonya Mace បាន​ថ្លែង​ថា៖ «នៅ​ពេល​អ្នក​ទស្សនា​ទៅ​ដល់​កន្លែង​តាំង​រូប​ព្រះក្រឹស្ណ ពួកគេ​មាន​អារម្មណ៍​រំភើប ហើយ​ក្តុកក្តួល​ក្នុង​អារម្មណ៍​ច្រើន ដោយ​ពួកគេ​បាន​ដឹង​ថា រូប​បដិមា​មួយ​នេះ​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ច្រើន ហើយ​ពិសេស​ពួកគេ​បាន​យល់ដឹង​ពី​ដំណើរ​ប្រវត្តិ​ទាំងស្រុង​នៃ​រូប​បដិមា​នេះ។ ហើយ​ក្រោយ​មក​ពួកគេ​ក៏​បាន​ឃើញ​រូប​បដិមា​នេះ​ដោយ​ផ្ទាល់និង​តាម​រូបភាព​ឌីជីថល អម​ជាមួយ​នឹង​រូប​បដិមា​ផ្សេងៗ​ទៀត​ដែល​មាន​ប្រវត្តិ​ស្ថិត​នៅ​ទីតាំង​តែ​មួយ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «នេះ​គឺ​ដោយ​សារ​តែ​យើង​បាន​រៀបរាប់​ពី​ប្រវត្តិទាំង​ស្រុង​នៃបំណែក​ផ្សេងៗ​របស់​រូប​បដិមា​នេះ​ដែល​ត្រូវបាន​រកឃើញ​ក្នុង​ពេល​ខុសៗ​គ្នា និង​អំពី​ការ​ផ្គុំ​ខុស​នៃ​បំណែក​ដើមដៃ​ជើង​ ម្រាមដៃ និង​ម្រាមជើង​របស់​រូបបដិមា​នេះ និង​អំពី​សេចក្តី​អំណត់​របស់​ [អ្នក​អភិរក្ស] ​ដើម្បី​កំណត់បំណែក​ពិតប្រាកដ​នៃ​រូប​ព្រះក្រឹស្ណ​នេះ នៅ​សារមន្ទីរ Cleveland ក្នុង​អំឡុង​ពេល​ [សារមន្ទីរ]​ មិន​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កម្ពុជា ដោយសារ​តែ​ប្រទេស​កម្ពុជាត្រូវបាន​កាត់ផ្តាច់​ពី​ពិភពលោក​ក្នុង​សម័យ​របប​ខ្មែរ​ក្រហម»។

គទានុរក្ស​ប្រចាំ​សារៈមន្ទីរ​សិល្បៈ Cleveland រូប​នេះ ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៌​បែប​នេះ​មិន​ត្រូវបាន​ធ្លាប់​ធ្វើ​ពីមុន​នោះ​ទេ នៅ​សារមន្ទីរ​នេះ។ ហើយ​ជោគជ័យ​នៃ​ពិព័រណ៌​នេះ​ក៏​មាន​ការ​ចូលរួម​យ៉ាង​សកម្មពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​អភិរក្ស​នៃ​សារមន្ទីរជាតិ​កម្ពុជា​ផងដែរ។

ហើយ​នា​ពេល​ខាង​មុខ​នេះ ពិព័រណ៌​ «Revealing Krishna: Journey to Cambodia's Sacred Mountain» នឹង​បើក​ជា​សាធារណៈ​ម្តង​ទៀត​នៅ​សារមន្ទីរ​ជាតិ​ដើម្បី​សិល្បៈ​អាស៊ី (National Museum of Asian Art) ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី Emma Natalya Stein ជំនួយការ​គទានុរក្ស​នៃ​សារមន្ទីរជាតិ​ដើម្បី​សិល្បៈ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិល្បៈ Smithsonian បាន​ប្រាប់​VOA ថា ពិព័រណ៌​នៅ​រដ្ឋធានីវ៉ាស៊ីនតោន នឹង​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះៗ​ពី​ពិព័រណ៌​នៅ​ទីក្រុង Cleveland រដ្ឋ Ohio ដោយ​ប្រើ​ផ្ទាំង​រូបភាព​ធំៗ សិល្បៈ​និទាន​រឿង និងភាពយន្ត​ឯកសារ​ជាដើម។

អ្នកស្រី​បានរៀបរាប់ថា៖ «យើង​ប្រើ​រូបភាព​ពី​ប្រទេស​កម្ពុជា និង​ទីកន្លែង​នានា​ដែល​បង្ហាញ​ពី​ប្រវត្តិ​ទីកន្លែង​ដើម​របស់​រូប​បដិមា និង​រូប​ចម្លាក់​ផ្សេងៗ​ទៀត ហើយ​យើង​ក៏​ប្រើ​ប្រព័ន្ធ​សំឡេង​ដើម្បី​ឲ្យ​អ្នក​[ទស្សនា]អាច​ទទួល​បាន​បទពិសោធន៍​ដោយ​ផ្ទាល់​មួយ​ដូច​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​មែន​ទែន ហើយ​ក៏​មាន​ការ​ចាក់​បង្ហាញ​រូបភាព​ផ្សេងៗ​ទៀត​ផង​ដែរ។

ទិដ្ឋភាពភ្នំដាហ៊ុមព័ទ្ធដោយទឹកអូរប្រឡាយនៅខេត្តតាកែវ ប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ ២០១៩។ (រូបថតដោយ Konstanty Kulik/សារមន្ទីរសិល្បៈ Cleveland)

ទិដ្ឋភាពនៃពិព័រណ៌ «ដំណើរទៅកាន់ភ្នំដា» បង្ហាញផ្ទាំងរូបភាពធំៗជាវីដេអូនិងសំឡេង ដែលថតតាមរយៈការធ្វើដំណើរដោយកាណូត និងដោយឌ្រូន ដោយធ្វើឲ្យអ្នកទស្សនាទទួលបានបទពិសោធន៍ដ៏ពិសេស។ (រូបថតដោយសារមន្ទីរសិល្បៈ Cleveland)

អ្នកស្រី​ Emma Stein ក៏​បាន​គូស​បញ្ជាក់​ថា ការ​រៀបចំ​ពិព័រណ៌​បែប​នេះ​គឺ​ដើម្បី​នាំ​អ្នក​ទស្សនា​ទៅ​ទីកន្លែង​ដើម​នៃ​រូប​ព្រះបដិមា​ដ៏​មហិមា​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «គោល​បំណង​ចម្បង​នៃ​ពិព័រណ៌​នេះ​គឺ​ដើម្បី​នាំ​អ្នក​ទស្សនា​ទៅ​កាន់​ទឹកដី​ស័ក្តិសិទ្ធិ​នៃ​កម្ពុជា និង​ស្នាដៃ​សិល្បៈ​និង​វត្ថុស័ក្តិសិទ្ធិ​នានា​ដែល​ត្រូវ​បានបង្កើត​ឡើងសម្រាប់​ទេសភាព​និងតម្រូវការ​ក្នុង​ទឹកដី​ស័ក្តិសិទ្ធិ​នោះ។ ហើយ​ពិព័រណ៌​នេះ ក៏ផ្តល់​ឲ្យអ្នក​ទស្សនា​យល់ពី​ប្រវត្តិ​នៃ​រូប​បដិមា​ដ៏​មហិមា​មួយ ដែល​ចេញពី​ទឹកដី​ស័ក្តិសិទ្ធិ​នោះ តាំងពីពេល​ដែល​វាត្រូវ​ឆ្លាក់​ឡើង រហូត​ដល់​ពេល​បច្ចុប្បន្ន»។

សម្រាប់​ពិព័រណ៌​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ អ្នក​ទស្សនា​ក៏​នឹង​មាន​ឱកាស​មើល​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ថ្មីមួយ​ឈ្មោះ «សាធុ» ដែល​ត្រូវបាន​ដឹកនាំ​និង​ផលិត​ដោយ​លោក លី ប្រាជ្ញ (Prach Ly)។ អ្នកស្រី Emma Stein បាន​បកស្រាយ​ថា​ ការ​ដាក់​បញ្ចូល​ខ្សែភាពយន្ត​ឯកសារ​ខ្នាត​ខ្លី «សាធុ» ទៅ​ក្នុង​ការ​តាំង​ពិព័រណ៌​ដ៏​ធំមួយ​នេះ ​គឺ​ដើម្បី​«ប្រើ​ភាពយន្ត​ឯកសារ​នេះ​ជា​ឱកាសធ្វើ​ឲ្យ​ពិព័រណ៌នេះ​ផ្តោត​លើ​វប្បធម៌​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​ខ្មែរ»។

នៅ​ក្នុង​បទសម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ជាមួយ​វីអូអេ លោក លី ប្រាជ្ញ បាន​បញ្ជាក់​ថា៖ «ផ្នែក​មួយ​នៃ​ពិព័រណ៌​នេះ​គឺ​ផ្តោត​លើ​សាសនា​នៅ​កម្ពុជា អំពី​ប្រជាពលរដ្ឋ​កម្ពុជា និង​អំពី​សាសនា​និង​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក»។

«សាធុ» ជា​ភាពយន្ត​ឯកសារ​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ចំនួន ៤ នាក់ និង​អំពី​ជំនឿ​និង​សាសនា​របស់​ពួកគេ។

ពិព័រណ៌ «លាត​ត្រដាង​ព្រះក្រឹស្ណ៖ ដំណើរ​ទៅកាន់​ដែន​គិរី​ស័ក្តិសិទ្ធិ​នៃ​កម្ពុជា» ឬ​ (Revealing Krishna: Journey to Cambodia's Sacred Mountian) នៅ​សារមន្ទីរ​ជាតិ​ដើម្បី​សិល្បៈ​អាស៊ី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នឹង​បើក​ជា​ផ្លូវការ​ជូន​សាធារណជន​នៅ​ថ្ងៃទី ៣០ ខែ​មេសា​ខាង​មុខ​នេះ ហើយ​អ្នក​ទស្សនា​នឹង​បាន​ឃើញ​រូប​ព្រះក្រឹស្ណ​ទ្រភ្នំ​គោវធ៌ន​ដ៏​មហិមា​របស់​ប្រទេស​កម្ពុជា ដោយ​ផ្ទាល់នឹង​ភ្នែក៕