ការចាប់ខ្លួនជាបន្តបន្ទាប់កាលពីខែកក្កដា និងខែកញ្ញា ចំពោះក្រុមអ្នកតវ៉ាអហិង្សាជាច្រើននាក់ក្នុងប្រទេសកម្ពុជាដែលកំពុងជាប់ក្នុងកំណត់ត្រាមិនល្អរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយរងការថ្កោលទោសនោះ បានបើកចំហឲ្យមានការរិះគន់និងទាមទារជាអន្តរជាតិជាថ្មីទៀត ដើម្បីឲ្យមានការស្តារឡើងវិញនូវការគោរពសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ក្រោយការចាប់ខ្លួនមេដឹកនាំសហជីព លោក រ៉ុង ឈុន ពីបទញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គមទាក់ទងបញ្ហាបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម កាលពីចុងខែកក្កដា និងការតវ៉ាអហិង្សាបន្តបន្ទាប់ទៀតនោះ គេឃើញមានសកម្មជនជាង ២០ នាក់ ត្រូវបានចាប់ខ្លួន។ មន្ត្រីស.រ.អា មន្ត្រីអ.ស.ប និង សហភាពអឺរ៉ុប ហើយនឹងអង្គការក្រៅរដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិ បានចាត់ទុកថា ការចាប់ខ្លួនជាការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសិទ្ធិប្រមូលផ្តុំតវ៉ា។ អាជ្ញាធររាជរដ្ឋាភិបាលកម្ពុជានិយាយថា សកម្មភាពចាប់ខ្លួនចុងក្រោយ គឺជាការអនុវត្តន៍ច្បាប់ ក្នុងប្រទេសប្រកាន់របបនីតិរដ្ឋ និងប្រជាធិបតេយ្យ។ តែសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួននៃគណបក្សនយោបាយធំៗទាំងពីរ បានចូលរួមរិះគន់ និងថ្កោលទោសអំពីនិន្នាកាចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីនៅកម្ពុជានៅពេលថ្មីៗនេះដោយហៅថាជាការរំលោភសិទ្ធិមនុស្ស។
លោក Steve Chabot សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយ៉ូ (Ohio) បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិចអ៊ីមែលថា ការចាប់ខ្លួនកាន់តែខ្លាំងឡើងចំពោះក្រុមសកម្មជនជាយុវជនក្នុងប្រទេសកម្ពុជា គឺជារឿងធ្លាក់ចុះថ្មីទៀតសម្រាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជារឿងសហគមន៍អន្តរជាតិមិនអាចព្រងើយកន្តើយចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់ឡើងនៅកម្ពុជាទេ។ លោកថ្លែងតាមប្រសាសន៍ដើមថា៖
«នេះគឺជារឿងសំខាន់ដែលសហគមន៍អន្តរជាតិធ្វើការលើកកម្ពស់សិទ្ធិពលរដ្ឋកម្ពុជា ជាពិសេស គឺនៅពេលដែលរដ្ឋាភិបាលរបស់ពួកគេមិនធ្វើដូច្នោះ។ នេះជាហេតុផលដែលខ្ញុំក្នុងឋាន:ជាសហប្រធាន ក្រុមសមាជិកសភាចម្រុះគណបក្ស ដែលគិតគូពីបញ្ហាកម្ពុជា (The Congressional Caucus of Cambodia) បានធ្វើសេចក្តីស្នើច្បាប់ដែលអាចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ហើយចាប់ឲ្យរបបលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះការបង្រ្កាបម្តងហើយម្តងទៀតនេះ»។
លោក Alan Lowenthal សមាជិកសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័ញ៉ា និងជាសហប្រធានក្រុមសមាជិកសភាចម្រុះគណបក្ស ដែលគិតគូពីបញ្ហាកម្ពុជា (The Congressional Caucus of Cambodia) បានថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជននិងក្រុមជំទាស់ ហើយបង្ហាញឲ្យឃើញពីវិធានការពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបប្រាប់ VOA ថា៖
«សភាសហរដ្ឋអាមេរិកបានធ្វើសេចក្តីព្រាងច្បាប់ចម្រុះគណបក្សមួយនៅសភាទាំងពីរថ្នាក់ គឺសភានិងព្រឹទ្ធសភា រួមទាំងសេចក្តីស្នើច្បាប់របស់ខ្ញុំស្តីពីពាណិជ្ជកម្មកម្ពុជា (Cambodia Trade Act) ដែលជាលទ្ធផលកើតចេញពីការរំលោភសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ សហភាពអឺរ៉ុបបានចាត់វិធានការដកពន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម។ រឿងនេះវាសេ្រចលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចថា តើការច្បាមអំណាចផ្ទាល់ខ្លួនរបស់លោក ធ្វើឲ្យតួនាទីកម្ពុជាជោគជ័យក្នុងឋាន:ជាសមាជិកសហគមន៍អន្តរជាតិ ឬទេ»។
លោកបានបន្តពីការប៉ះទង្គិចដល់អនាគតរបស់កម្ពុជាចំពោះសិទ្ធិសរីភាព និងលទ្ធិប្រជាធិបតេយ្យតាមខ្លឹមសារដើមថា៖
«ការចាប់ខ្លួនទាំងនេះ គឺជារឿងយាយីដល់លទ្ធិប្រជាធិបតេយ្យដែលផ្តល់សិទ្ធិសេរីភាពដល់ពលរដ្ឋកម្ពុជាគ្រប់រូបក្នុងរដ្ឋធម្មនុញ្ញ តែជាពិសេសទៅទៀតនោះ គឺពលរដ្ឋកម្ពុជាក្មេងៗជំនាន់ក្រោយ។ ក្រុមយុវជនទាំងនេះ ចូលរួមអនុវត្តន៍សិទ្ធិនយោបាយនិងសកម្មភាពសង្គមស៊ីវិលដែលជាការស្រឡាញ់ដល់ប្រទេសជាតិរបស់គេ។ ជំនួសដល់ការអនុញាតដល់ពលរដ្ឋក្មេងៗជំនាន់ក្រោយដើម្បីចូលរួមកែប្រែអនាគតប្រទេសកម្ពុជា លោក ហ៊ុន សែន និងរបបរបស់គាត់ គាបសង្កត់សំឡេងក្រុមជំទាស់ទៅវិញ ដើម្បីបន្តក្តោបក្តាប់អំណាច»។
លោកសមាជិកសភា ថេត យ៉ូហូ (Ted Yoho) ខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋហ្ល័រីដា ដែលបានតាក់តែងសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាកាលពីពាក់កណ្តាលឆ្នាំ២០១៩ ពុំអាចទាក់ទងដើម្បីអត្ថាធិប្បាយបានទេ តែមន្ត្រីនាំពាក្យម្នាក់របស់លោក គឺលោក Brian Kaveney បានថ្លែងប្រាប់ VOA ក្នុងសារអ៊ីមែលមួយថា៖
«ក្នុងពេលដែលលោកបន្តកិច្ចការនៅសភា លោកសមាជិកសភា ថេត យ៉ូហូ បានគាំទ្រការគាំពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានជំរុញពលរដ្ឋកម្ពុជា ឲ្យអនុវត្តន៍សិទ្ធិតវ៉ាដោយសន្តិវិធីដើម្បីទាមទារអ្វីៗដែលជាការល្អប្រសើរពីតំណាងដែលពួកគេបានបោះឆ្នោតជូន»។
លោក Kaveney បានបន្តតាមខ្លឹមសារដើមថា៖
«លោកសមាជិកសភា ថេត យ៉ូហូ គឺជាអ្នកតាក់តែងច្បាប់ប្រជាធិបតេយ្យកម្ពុជា ដែលអាចដាក់ទណ្ឌកម្មលើក្រុមមន្ត្រីកម្ពុជា ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋក្នុងប្រទេសកម្ពុជា។ សេចក្តីស្នើច្បាប់នេះ បានអនុម័តដោយសភាដោយជោគជ័យហើយកាលពីឆ្នាំទៅ ហើយពេលនេះកំពុងរង់ចាំការគិតពិចារណារបន្តពីព្រឹទ្ធសភា»។
ក្រោយពេលដែលមានការចាប់ខ្លួនជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា សកម្មជនក្រៅប្រទេសដែលមានឈ្មោះថា «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ»បានទទូចដល់សហរដ្ឋអាមេរិកឲ្យដើរតួនាទីសម្របសម្រួលឲ្យដោះលែងសកម្មជនសហគមន៍ដែលអាជ្ញាធរបានចាប់ខ្លួនថ្មីៗនេះ ដោយសារការតវ៉ានានា ដែលគេចាត់ទុកថា ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមច្បាប់។
នៅក្នុងលិខិតដាច់ដោយឡែកពីគ្នាចំនួន៣ច្បាប់ផ្ញើជូនមន្ត្រីស្ថាប័នអាមេរិកកំពូលចំនួនបីរូប សកម្មជនក្រៅប្រទេសដែលមានឈ្មោះថា «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ» ស្នើសុំឲ្យមានតួនាទីសម្របសម្រួលពីសហរដ្ឋអាមរិកដើម្បីដោះលែងសកម្មជនយ៉ាងតិច៧នាក់ ដែលត្រូវចាប់ខ្លួនថ្មីៗទាក់ទងនឹងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានចុះហត្ថលេខានៅក្នុងសារលិខិតទាំងបី ទៅកាន់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងលោក Lindsey Graham សមាជិកព្រឹទ្ធសភា ហើយនឹងលោក Alan Lowenthal សមាជិកសភា បានបញ្ជាក់ថា ការចាប់ខ្លួនទាំងនេះមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលចែងពីសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ ហើយនឹងសេចក្តីថ្លែងការណ៍អំពីសិទ្ធិមនុស្សជាសកលនោះទេ។ លោកបានស្នើដល់ឥស្សរជនទាំងបីដាច់ដោយឡែកពីគ្នានៅក្នុងលិខិតដូចគ្នាដោយដូរតែឈ្មោះនោះថាទឹកចិត្តពលរដ្ឋកម្ពុជាមើលឃើញសហរដ្ឋអាមេរិក គឺជាអ្នកជួយរំដោះឲ្យកម្ពុជាមានសេរីភាព និងថាសហរដ្ឋអាមរិកមានតួនាទីដ៏សំខាន់បំផុតក្នុងការជួយកម្ពុជា។ សារលិខិតនោះបានបញ្ជាក់ថា៖
«យើងស្នើសុំដល់សហរដ្ឋអាមេរិកឲ្យធ្វើជាអាជ្ញាកណ្តាលដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនទាំងអស់ដោយឥតលក្ខខណ្ឌ រួមមានព្រះតេជគុណ កើត សារ៉ាយ លោក មាន ព្រហ្មមុនី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក រ៉ុង ឈុន អ្នកស្រី ជឿន ដារ៉ាវី លោក ហ៊ុន វណ្ណ: កញ្ញា ស កន្និកា លោក សួង សោភណ្ឌ លោក ធុន រដ្ឋា កញ្ញា ភន កែវរស្មី កញ្ញា ឡុង គន្ធា និងសកម្មជនដទៃទៀត»។
នៅក្នុងសារលិខិតដែលរៀបរាប់លម្អិតពីសកម្មភាពចាប់ខ្លួនសកម្មជនក្នុងប្រទេសកម្ពុជាចុងក្រោយដដែលនោះ លោក ទូច វិបុល បានបន្ថែមការស្នើសុំឲ្យសហរដ្ឋអាមេរិកនាំមុខគេ ដើម្បីផ្តួចផ្តើមការបង្កើតក្រុមទំនាក់ទំនងកម្ពុជា ដែលមានសមាជិកភាគីហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលរួមមាន សហរដ្ឋអាមរិក ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង អង់គ្លេស ហើយនឹងដៃគូដ៏មានសក្តានុពល គឺអាល្លឺម៉ង់ និងស៊ុយអែត ដើម្បីជួយការពារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពក្នុងការបញ្ចេញទស្សន: សេរីភាពនៃការផ្សព្វផ្សាយ ហើយនឹងជំរុញដល់ការកែទម្រង់លទ្ធិប្រជាធិបតេយ្យ។ លោកបានបញ្ជាក់ប្រាប់ VOA បន្ថែមថា៖
«ក្តីសង្ឃឹមរបស់យើង គឺយើងចង់ឃើញសហរដ្ឋអាមេរិកឲ្យមានទំនាក់ទំនងឲ្យកាន់តែច្រើនជាងមុនក្នុងការជម្រុញឲ្យកម្ពុជាគោរពដើរតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងធ្វើយ៉ាងណាធ្វើឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ជាការឆ្លើយតបនឹងលិខិតរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោកសមាជិកសភា Alan Lowenthal បានអះអាងពីសារ:សំខាន់នៃការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការអនុវត្តន៍សិទ្ធិសេរីភាព លើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
«ការរិះគន់រដ្ឋាភិបាល គឺជារឿងចាំបាច់សម្រាប់ការរីកលូតលាស់លទ្ធិប្រជាធិបតេយ្យ។ ដូចជាយើងបានដឹងច្បាស់លាស់ នៅពេលមានការចាប់ខ្លួនសកម្មជនទាំងនេះ ពេលខ្លះក៏ប្រឈមមុខនឹងការឆ្លើយតបបែបហិង្សាពីអាជ្ញាធរ ឬ រងការធ្វើទារុណកម្មផងដែរ។ សកម្មជនទាំងនេះ គួរត្រូវគេអបអរ មិនមែនត្រូវចាប់ដាក់គុកនោះទេ»។
ប្រតិកម្មសមាជិកសភាអាមេរិកកើតឡើងក្នុងពេលដែលមន្ត្រីក្រសួងការបរទេសអាមេរិក មន្ត្រីសិទ្ធិមនុស្សអ.ស.ប និងសហភាពអឺរ៉ុប បានទាមទារឲ្យមានការដោះលែងក្រុមសកម្មជន ដែលត្រូវចាប់ខ្លួនទាំងឡាយដោយគ្មានលក្ខខណ្ឌ។
លោក Robert A. Destro ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ បានសរសេរសារនៅលើទំព័រ Twitter របស់លោកចំពោះការចាប់ខ្លួនសកម្មជននៅកម្ពុជាតាមខ្លឹមសារដើមថា៖
«សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការជួបជុំតវ៉ាត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនអ្នកដែលអនុវត្តសេរីភាពទាំងនេះ ហើយយើងទទូចឲ្យរដ្ឋាភិបាលដោះលែងពួកគេជាបន្ទាន់ និងអនុញ្ញាតឲ្យពួកគេអាចបញ្ចេញមតិបាន»។
អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើនបានទទួលទូរស័ព្ទគំរាមកំហែង ដោយរួមមានទាំងការគំរាមសម្លាប់ផងដែរ។ អ្នកស្រីនិយាយថា អ្នកការពារសិទ្ធិមនុស្សជាច្រើនកំពុងតែលាក់ខ្លួនដោយភ័យខ្លាចចំពោះការចាប់ខ្លួន។
អ្នកស្រី Shamdasani បានថ្លែងក្នុងសម្ដីដើមនៅសប្តាហ៍ថ្មីៗនេះថា៖
«យើងក៏បានឃើញមានការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ និងមិនចាំបាច់ពីសំណាក់កងកម្លាំងសន្ដិសុខ ទៅលើក្រុមបាតុករជាស្ត្រីនៅក្នុងហេតុការណ៍យ៉ាងហោចណាស់ចំនួន ៥ លើកផ្សេងៗគ្នា(នៅសប្ដាហ៍ថ្មីៗនេះ)..។ យើងក៏បានចងក្រងឯកសារអំពីការគំរាមកំហែងទៅលើអ្នកទាំងឡាយណា ដែលចូលរួមបាតុកម្មតាមសន្ដិវិធី ដោយរួមមានទាំងក្រុមបាតុករដែលស្នើឲ្យចាត់វិធានការនានាដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ទៅលើជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាសកម្មជនបរិស្ថាន និងអ្នកដែលទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានឃុំខ្លួនផងដែរ»។
អ្នកស្រី Shamdasani និយាយថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះបង្ហាញពីការមិនអត់ឱនរបស់រដ្ឋាភិបាលកាន់តែខ្លាំងទៅលើក្រុមអ្នកប្រឆាំង។ អ្នកស្រីបានថ្លែងប្រាប់ VOA ថា ការិយាល័យរបស់អ្នកស្រីបានសម្ដែងការព្រួយបារម្ភទៅកាន់រដ្ឋាភិបាលកម្ពុជាប៉ុន្មានដងរួចមកហើយ ប៉ុន្តែគ្មានលទ្ធផល។ អ្នកស្រី Shamdasani និយាយថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានឆ្លើយតបទៅនឹងការចោទប្រកាន់នានា ពាក់ព័ន្ធនឹងករណីចុងក្រោយទាំងនេះទេ។
លោកស្រី រីរ៉ូណា ស្មីត ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាង៥ឆ្នាំមកហើយនោះ បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការបន្តចាប់ខ្លួនសកម្មជនការពារបរិស្ថាន និងបុគ្គលមួយចំនួនទៀតនាពេលថ្មីៗនេះ។ លោកស្រីលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសថា លោកស្រីមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះ អំពីការចាប់ខ្លួនសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស និងបង្កើតភាពវឹកវរនៅក្នុងសង្គម និងបុគ្គលមួយចំនួនទៀត រាប់ទាំងព្រះសង្ឃមួយអង្គ។
លោកស្រីបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជាឲ្យធានាថា សិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ»។
កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) ដែលរកស៊ីនៅប្រទេសកម្ពុជាក្នុងទឹកប្រាក់ប្រមាណ៣៨០០ លានដុល្លារ ក្រោមហេតុផលនៃការរឹបអូសយកដីធ្លី និងបំផ្លាញលំនៅដ្ឋានពលរដ្ឋកម្ពុជា នៅខេត្តកោះកុង។
ហើយកាលពីថ្ងៃទី១២ ខែសីហាសហភាពអឺរ៉ុប បានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ ឬ Everything But Arms (EBA)» ដោយចាប់ផ្ដើមយកពន្ធចំនួន២០ភាគរយលើទំនិញកម្ពុជា ជាការឆ្លើយតបនឹងការ «រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតកាលពីឆ្នាំ២០១៨ ហើយនឹងដកសិទ្ធិនយោបាយពីមន្ត្រីចំនួន១១៨នាក់ មុនពេលមន្ត្រីមួយចំនួនចាប់ផ្តើមសម្រេចចិត្តចូលមកធ្វើនយោបាយវិញថ្មីៗនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំង ហើយជាបន្តបន្ទាប់ប្រឆាំងទៅនឹងការរិះគន់របស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាប្រទេសមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញារដ្ឋាភិបាលបានការពារថា កម្ពុជាគោរព និងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ និងសិទ្ធិប្រមូលផ្តុំដោយសន្តិវិធី ប៉ុន្តែបញ្ជាក់ថា វាត្រូវអនុវត្តទៅតាមច្បាប់។ រដ្ឋាភិបាលបានលើកមាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលថា ការប្រើប្រាស់សិទ្ធិ និងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការអនុវត្តសិទ្ធិនិងសេរីភាព គឺត្រូវអនុលោមទៅតាមច្បាប់»។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលបន្តថា៖ «ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំដែលបានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីត្រូវភ្ជាប់មកជាមួយនូវករណីកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ»។
រដ្ឋាភិបាលបញ្ជាក់បន្ថែមថា៖ «ការខកខានមិនបានបញ្ជាក់ឲ្យច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែបនេះសម្រាប់របៀបវារៈលាក់បាំងរបស់ពួកគេ»។
ក្រៅពីនេះក្រុមមន្ត្រីរដ្ឋាភិបាលក្នុងស្ថាប័នប៉ូលិស ក្រសួងយុត្តិធម៌ មន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល បានប្រតិកម្មនិងការពាររដ្ឋាភិបាលពីការចោទប្រកាន់របស់អន្តរជាតិ និងមន្ត្រីសង្គមស៊ីវិលជាតិនិងអន្តរជាតិផងដែរ។
នៅក្នុងសារថ្លែងទៅកាន់ក្រុមមេដឹកនាំពិភពលោកក្នុងពិធីរំឭកខួបទី៧៥របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆាំ្ន២០២០ តាមរយៈវីដេអូអនឡាញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសក្រីក្របានរងគ្រោះដោយសារការដាក់ទណ្ឌកម្មពីប្រទេសអភិវឌ្ឍន៍ ក្រោមហេតុផលសិទ្ធិមនុស្ស និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ជំនួសការទទួលបានការគាំទ្រជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានប្រែក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះ ស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាតក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម»។
លោកចាត់ទុកថា នេះជាមូលហេតុមួយនាំឲ្យមាន«ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»ដល់កិច្ចខិតខំប្រឹងប្រែងនៃការអភិវឌ្ឍរបស់ប្រទេសក្រីក្រ តាមរយៈ«ការយកបញ្ហាសិទ្ធិមនុស្សមកធ្វើជារឿងនយោបាយឲ្យស្របតាមរបៀបវារៈភូមិសាស្រ្តនយោបាយនៃប្រទេសអភិវឌ្ឍន៍មួយចំនួន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការប្រកួតប្រជែងគ្នារបស់ប្រទេសមហាអំណាច ក៏ជាឧបសគ្គនៃសិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជ្រើសរើសយកឯករាជ្យនិងអធិបតេយ្យភាពផងដែរ៕